ផ្ទះ​ថ្ពក់​ខ្លួន​នឹង​ជញ្ជាំង​ភ្នំ បែរ​មុខ​ទៅ​រក​សមុទ្រ

សង់ផ្ទះតាមបែបធម្មជាតិ និងយកគំនិតតាមសត្វសមុទ្រ ដែលអាចតោងវារ ឡើងតាមជញ្ជាំងថ្ម ឬបង្អោងងើបពីទឹក ... តើមនុស្សអាចធ្វើបានឬទេ? នេះជាអ្វីដែលស្ថាបត្យករមួយរូប បានសម្រេចធ្វើបាន នាមាត់សមុទ្រនៃប្រទេសអូស្ត្រាលី។
  • ដោយ: ដ. កែវ ដោយ ដ. កែវ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១១ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 11, 2014
  • ប្រធានបទ: ស្ងាបត្យកម្មចម្លែក
  • អាន និងបញ្ចេញយោបល់

ស្ថាបត្យករមួយក្រុម ដែលដាក់ឈ្មោះខ្លួនឯងថា ម៉ូដស្កេប (Modscape) ក្នុងក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានរកឃើញពីគំនិតនេះ ហើយបានផ្ដល់គម្រោងនេះ ទៅឲ្យអតិថិជនរបស់ខ្លួន ដែលចង់បានលំនៅ​ដ្ឋាន​នៅ​ក្នុងតំបន់ឆ្នេរ។ ស្ថាបត្យករទាំងនោះ បាននិយាយថា ខ្លួនបានសាងសង់ផ្ទះនោះ ដោយដកស្រង់តាម «កាយ​វិការរបស់សត្វបង្កងសមុទ្រ តោងឡើងគែមកាណូត»។

លំនៅដ្ឋានបែបថ្មី ដែលមានប្រាំជាន់នេះ មិនបានសង់ឡើងនៅពីលើកូនភ្នំនោះទេ តែវាត្រូវបានសង់ឡើង ដោយថ្ពក់ខ្លួននឹងជញ្ជាំង បែរមុខទៅរកសមុទ្រដ៏ល្វឹងល្វើយ។ ក្រុមស្ថាបត្យករបានថ្លែងទៀតថា៖ «សំណង់​ផ្ទះ ដែលពួកយើងបានសង់ ជាការបណ្ដុះបន្ថែមទិដ្ឋភាពរបស់ជញ្ជាំងសមុទ្រ ប៉ុន្តែមិនបានប៉ះពាល់អ្វីទៅលើ​ទេសភាពធម្មជាតិទេ។ រស់នៅដោយផ្ទាល់ជាមួយសមុទ្រ ជាអ្វីដែលយើងចង់បាន។»

ច្រកចូលរបស់ផ្ទះ ធ្វើនៅផ្ទៃខាងលើនៃកូនភ្នំ ដែលជាដំបូលនៃអាគារទាំងមូល ហើយក៏អាចចតរថយន្ដ​បាន​ពីរ​គ្រឿងដែរ។ គេបានបង្កើតឡើង នូវទោងយន្ដមួយ ដើម្បីចុះឬឡើងនៅតាមជាន់នីមួយៗ ដោយមិន​បាន​ភ្លេចផងទេ ពីជណ្ដើរដើរដោយជើង។ ផ្នែកខាងក្នុងនៃលំនៅដ្ឋាន គេនៅមិនទាន់ឃើញការរៀបចំលំអរអ្វី ឲ្យ​បានប្រសើរខ្លាំងនៅឡើយ តែបានបំពាក់នូវសម្ភារៈដែលសំខាន់ៗជាច្រើន បូករួមនឹងទិដ្ឋភាពបែរទៅ​រក​សមុទ្រ តាមបង្អួចកញ្ចក់ធំៗ នៅគ្រប់ជាន់។

ក្រុមស្ថាបត្យកររបស់ ម៉ូដស្កេប មិនបាននិយាយឲ្យដឹងពីតម្លៃ ដែលត្រូវសាងសង់ផ្ទះនេះ ថាអស់ប៉ុន្មាន​នោះ​ទេ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments