អតីត​ស្ត្រី​ទី​មួយ​បារាំង ចេញ​សៀវភៅ​ស្រាត​ខោ ប្រធានាធិបតី ហូឡង់

ភ្នំភ្លើង​បាន​ផ្ទុះ​ឡើង នៅវិមាន​ប្រធានាធិបតី​បារាំង។ អតីត​ស្ត្រី​ទី​មួយ​បារាំង លោកស្រី វ៉ាឡេរី ទ្រីីអើវ៉ៃល័រ (Valérie Trierweiler) បាន​ចេញ​សៀវភៅ​មួយ ដែល​មាន​ចំណង​ជើង​ថា «អរគុណ សម្រាប់​រយៈពេល​នោះ (Merci pour ce moment)» នៅ​ថ្ងៃ​ព្រហស្បត្ត៍ ទី០៤ ខែ​សីហា​នេះ ដោយ​បាន​និយាយ​បើក​កកាយ​ឡើង​វិញ ពី​រយៈពេល​កន្លង​មក ដែល​លោក​ស្រី​បាន​រស់​នៅ ជា​គូរ​កំណាន់​របស់​បុរស​ម្នាក់ លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដែល​បាន​ក្លាយ​ជា និង​កំពុង​កាន់​តំណែង​ជា ប្រធានាធិបតី នៃ​សាធារណៈរដ្ឋ​បារាំង។ ការ​ចេញ​សៀវភៅ ដែល​ធ្វើ​ឲ្យ​រំជួយ ដល់​រូបភាព​របស់​ប្រធានាធិបតី​បារាំង ជា​ពិសេស​ក្នុង​ខណៈ​ពេល ដែល​ប្រធានាធិបតី​រូប​នេះ កំពុង​មាន​ប្រជាប្រិយភាព​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នោះ​ផង។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៤ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 04, 2014
  • ប្រធានបទ: បញ្ជីស្នេហ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើមានអ្វីខ្លះ ដែលលោកស្រី វ៉ាឡេរី ទ្រីីអើវ៉ៃល័រ (Valérie Trierweiler) អតីតស្ត្រីទីមួយ របស់ប្រទេសបារាំង បានសរសេរ​នៅក្នុងសៀវភៅ «អរគុណ សម្រាប់រយៈពេលនោះ» របស់​លោកស្រី? សៀវភៅនេះ ត្រូវ​បាន​លោកស្រី ដែល​មាន​អាជីព ជាអ្នកសារព័ត៌មានដ៏ល្បីឈ្មោះផងនោះ សរសេរឡើង​យ៉ាង​សម្ងាត់ មុននឹងយក​ទៅបោះពុម្ភ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដើម្បីបញ្ជៀសនូវការបែកធ្លាយជាយថាហេតុ​ណា​មួយ នៅ​ក្នុង​ប្រទេស​បារាំង។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់​នូវ​វគ្គ​សំខាន់ៗ មួយចំនួន ដែលត្រូវបានចារទុក បង្កជា​បន្ទុះភ្នំភ្លើង ដើម្បីដុតកំឡោច ខោរបស់លោក ហ្វ្រង់ស៊័រ ហូឡង់ ប្រធានាធិបតីបារាំង ក្នុងសម័យកាលនេះ ឲ្យឆេះខ្លោចរោលជាផ្សែងឡើង។

ទោះជាលោក ហូឡង់ បានបែកចេញពីលោកស្រី សេហ្គូឡេន រ៉ូយ៉ាល់ (Ségolène Royal - គូរកំណាន់​របស់​លោក ហូឡង់ មុនលោកស្រី ទ្រីីអើវ៉ៃល័រ) អស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ តែសម្រាប់​ក្រសែ​ភ្នែក​របស់លោកស្រីអតីតស្ត្រីទីមួយបារាំង មិនអាចជៀសផុតពីការ«ប្រច័ណ្ឌ»ឡើយ ជាពិសេស នៅពេលដែល​លោកស្រី បានឃើញលោក ហូឡង់ ឡើងទៅចាប់ដៃស្និតស្នាល ជាមួយនឹងលោកស្រី រ៉ូយ៉ាល់។ លោកស្រី ទ្រីអើវ៉ៃល័រ បានចាត់ទុកថា នោះជា«អារម្មណ៍ក្រៀមក្រំ» ដែលលោកស្រី«មិនអាចគ្រប់គ្រងខ្លួនឯងបាន»។ លោកស្រីសរសេរថា៖ «ខ្ញុំមិនអាចនៅឈរមើល ពួកគេទាំងពីរចាប់ដៃគ្នាយ៉ាងជិតស្និត នៅលើវេទិកាប្រជុំ​អញ្ចឹងទេ ... ខ្ញុំមានសភាព ដូចជាទន់ខ្លួនទាំងស្រុង នៅចំពោះមហិច្ឆតារួមបែបនេះ ជាពិសេសនៅពេល​ដែល​ខ្ញុំឃើញពួកគេទាំងពីរនាក់ នៅឈរជិតគ្នា»។

លោកស្រី ទ្រីអើវ៉ៃល័រ បានសរសេរថា ឥរិយាបទរបស់លោកប្រធានាធិបតី ហូឡង់ នៅវិមាន​ប្រធានាធិបតី កាន់តែមានភាពតឹងតែងឡើង។ លោកស្រីបានរំលឹកមកវិញ នៅយប់មួយនៅមុនការទទួលអាហារផ្លូវរដ្ឋ ជាមួយនឹងភ្ញៀវអន្តរជាតិដ៏សំខាន់នោះ លោក ហូឡង់ បានសួរទៅលោកស្រីថា «តើអូនត្រូវការ​ពេលវេលា​ច្រើនដល់ម្លឹង ដើម្បីតុបតែងខ្លួនឲ្យស្អាតបែបនេះឬ?»។ អតីតស្ត្រីកំណាន់រូបនេះ បានឆ្លើយទៅវិញថា៖ «ចាំ ត្រូវការបន្តិចបន្តួចដែរ»។ លោក ហូឡង់ បានពោលបន្តទៀតថា៖ «តែក្នុងពេលនេះ គ្មាននរណា​ចង់ឲ្យអូន​ឯង ធ្វើអ្វីនោះទេ»។

សម្រាប់អតីតស្ត្រីទីមួយបារាំង លោកប្រធានាធិបតីមិនមានកាយវិការ ឬសម្ដីរបស់លោក ជារបៀបលេង​សើចនោះទេ។ លោកបានបញ្ចេញកាយវិការ និងសម្ដីសម្ដៅ យ៉ាង«ត្រជាក់» ហើយមិនសើចសូម្បីបន្តិច។ តែលោកស្រី ទ្រីអើវ៉ៃល័រ បានសរសេរក្នុងសៀវភៅថា៖ «ខ្ញុំត្រូវលើកតម្លៃរូបភាពឲ្យគាត់ តែខ្ញុំគ្មាន​តម្លៃ​សម្រាប់​ខ្លួន​ឯងទេ»។

ប្រធានាធិបតីចេញពីគណបក្សសង្គមនិយមបារាំង និងប្រជាជនក្រីក្រ ...

លោកស្រី វ៉ាឡេរី ទ្រីអើវ៉ៃល័រ បានសរសេរក្នុងសៀវភៅនោះ រៀបរាប់ពីពេលបរិភោគអារហារឯកជនមួយ ដោយបរិហាពីប្រធានធិបតី ដែលចូលចិត្តអួតខ្លួន នៅក្នុងឆាកនយោបាយថា «ជាបុរសដែលស្អប់អ្នក​មាន។ តែតាមការពិត ប្រធានាធិបតីរូបនេះ មិន​ចូល​ចិត្តអ្នកក្រឡើយ។ រដ្ឋបុរសដែលជាប់ឆ្នោត ចេញពីគណបក្ស​សង្គមនិយមរូបនេះ ធ្លាប់បាននិយាយ​ជា​ឯកជន ហៅអ្នកក្រថា ជាក្រុមមនុស្ស"គ្មានចង្កូម (ឬមានន័យថា ជា​មនុស្សល្ងង់ ក្នុងអក្សរសាស្ត្របារាំង)"។ គាត់មានមោទនភាព នឹងសម្ដីកំប្លែងរបស់គាត់ណាស់។»

បន្ថែមពីលើនេះ អតីតស្ត្រីទីមួយបារាំង បានសរសេររៀបរាប់យ៉ាងច្រើន ពីជម្រៅបេះដូងរបស់​លោកស្រី​ដែលធ្លាប់មាន នៅពេលលោកស្រីបានរួមរស់ជាមួយលោក ហ្វ្រង់ស៊័រ ហូឡង់ ក្នុងនោះបានរៀបរាប់ពី​ភាព​ប្រច័ណ្ឌ និងជីវិតប្រចាំថ្ងៃជាច្រើនទៀត ដែលបានបង្កឲ្យមានផលរមាស់ ចូលទៅរំខានដល់​ជម្រៅ​ស្នេហ៍​របស់អ្នកទាំងពីរ មុននឹងឈានទៅដល់ការលែងលះគ្នា កាលពីដើមឆ្នាំកន្លងមក។ លោកស្រី ទ្រីអើវ៉ៃល័រ បានសរសេរអះអាងបន្តថា បន្ទាប់ពីបានបែកបាក់គ្នារួចមក លោក ហូឡង់ បានព្យាយាម​ជួសជុល ផ្សះ​ផ្សារ​ចំណងបេះដូងឡើងវិញ។ លោកបានផ្ញើរសារ SMS ទៅក្នុងទូរស័ព្ទដៃរបស់លោកស្រី យ៉ាងច្រើនហូរហៀរ រហូតដល់ទៅ ២៩SMS ក្នុងមួយថ្ងៃ។

«សាររបស់គាត់ បាននិយាយពីសេចក្ដីស្នេហា។ គាត់បានសរសេរថា ខ្ញុំជាជីវិតទាំងមូលរបស់គាត់ ហើយ​ថាគាត់មិនអាចធ្វើអ្វីបានទេ បើគ្មានខ្ញុំ។ (...) គាត់និយាយថា គាត់ត្រូវការខ្ញុំ។ ជារៀងរាល់រាត្រី គាត់ចង់​សុំខ្ញុំ​មកទទួលទានបាយល្ងាចជាមួយគាត់។» នេះជាការដកស្រង់សំនេរ របស់លោកស្រី វ៉ាឡេរី ទ្រីអើវ៉ៃល័រ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...