របាយការណ៍៖ កម្ពុជាជាជំរកសុខដម​រម្យនា សំរាប់ឧក្រិដ្ឋជន?

តាមបណ្ដោយដងទន្លេមេគង្គ ឧក្រិដ្ឋជនដែលចង់រត់គេចពីច្បាប់ ហើយចង់បានជំរកនោះ គេគ្រាន់តែប្រើប្រាស់លុយកាក់ បន្តិចបន្តួច វាគ្រប់គ្រាន់នឹងសំរាប់ការពារពួកគេ បើទោះជាពេលខ្លះមានរយៈពេលខ្លីក៏ដោយ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: September 26, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមបណ្ដោយដងទន្លេមេគង្គ ឧក្រិដ្ឋជនដែលចង់រត់គេចពីច្បាប់ ហើយចង់បានជំរកនោះ គេគ្រាន់តែប្រើប្រាស់លុយកាក់ បន្តិចបន្តួច វាគ្រប់គ្រាន់នឹងសំរាប់ការពារពួកគេ បើទោះជាពេលខ្លះមានរយៈពេលខ្លីក៏ដោយ។ នេះ ជាការលើកឡើង របស់កាសែតបារាំង គួរីយេ អាំងទើណាស៊ីយ៉ូណាល់ (Courrier internationnal) ដែលបានធ្វើសេចក្ដីរាយការណ៍មួយ ពីបញ្ហាអស់ទាំងនេះ។ មនោរម្យព័ងអាំងហ្វូសូមដកស្រង់ របាយការណ៍នោះ យកមកបង្ហាញជូន ដូចតទៅ៖

ថ្មីៗនេះ សាលាក្រុងភ្នំពេញ បានដាក់ផ្លាកអំពូលភ្លើងបំភ្លឺជាច្រើនខ្សែ ជាពិសេសនៅនឹងមាត់ផ្លូវស៊ីសុវត្តិ ដែលស្របតាម បណ្តោយទន្លេមេគង្គ និងជាកន្លែងដែលមនុស្សម្នានៅក្នុងទីក្រុង និយមទៅដើរកំសាន្ត។ អំពូលភ្លើងបានបង្ហាញជាអក្សរ មួយឃ្លា ដ៏ ស្រស់ឆើតឆាយថា «ភ្នំពេញ ទីក្រុងដ៏ស្រស់ប្រិមប្រិយ Phnom Penh, Charming City»។ តែផ្លាកភ្លើងបំភ្លឺនេះ ពុំបានធ្វើ អោយអ្នករស់នៅក្នុងទីក្រុងមួយនេះ មានការភ្ញាក់ផ្អើលប៉ុន្មាននោះទេ ប៉ុន្តែគេមើលទៅ ទំនងជាសាលាក្រុងចង់ ស្វែងរកការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរថ្មីពិសេសៗ ជាជាងភ្ញៀវទេសចរ ដែលស្គាល់ទីក្រុងនេះរួចហើយ។


«ភ្នំពេញ ទីក្រុងដ៏ស្រស់ប្រិមប្រិយ Phnom Penh, Charming City» នៅជិតវិមានឯករាជ្យ។

នៅប្រមាណជា ជាងមួយរយម៉ែត្រពីបដាភ្លើងនោះ មានភោជនីយដ្ឋានមួយឈ្មោះ កាឌីឡាក់ បារ (Cadillac Bar) ជាកន្លែង ដែលស្ថាបនិករួម នៃគេហទំព័រ ដឺ ផាយរេត បេ (The Pirate Bay - គេហទំព័រ សំរាប់ទាញយក ប៊ីត ថូរ៉ែន មានទីតាំងនៅ ប្រទេសស៊ុយអែត) គឺលោក ហ្កូតហ្វ្រ៊ីត ស្វាថម (Gottfrid Svartholm) តែងតែទៅញ៉ាំបាយល្ងាច ក្នុងពេលដែលលោក ព្យាយាមគេចខ្លួន ពីសំណាញ់តាមចាប់ខ្លួន របស់អាជ្ញាធរស៊ុយ អែត។ កាលពីថ្ងែទី១០ខែកញ្ញាកន្លងទៅនេះ លោកត្រូវ បានចាប់បណ្ដេញចេញពីប្រទេស ហើយបញ្ជូនខ្លូនទៅប្រទេសស៊ុយ អែតវិញ ដើម្បីទៅទទួលទោសជាប់ពន្ធនាគារ ដែលនៅសេសសល់ ពីបទរំលោភកម្មសិទ្ធិបញ្ញា។

សូមអានអត្ថបទមុនរបស់ មនោរម្យព័ងអាំងហ្វូ ដែលនិយាយពី ការចាប់បញ្ជូនខ្លួនដ៏ចំលែក នៃស្ថាបនិករួមរបស់គេហទំព័រ ដឺ ផាយរ៉េត បេនេះ។

អ្នកជំនាញខាងពត៌មានវិទ្យា អាយុ២៧ឆ្នាំរូបនេះ សំបុរសស្លាំង ហើយមានពុកចង្ការវែង ដែលមើលទៅ មិនមានលក្ខណៈ ជាឧក្រិដ្ឋជនកាចសាហាវ ហើយក៏មិនដូច ជាឧក្រិដ្ឋជនល្មោភកាមមួយចំនួន ដែលតែងតែទៅ«ទីកន្លែងនោះ» ដែរទេ។ «ទីកន្លែងនោះ» ឬអាចនិយាយបាន ជាប្រទេសកម្ពុជាទាំងមូលតែម្ដង ដែលគេបានសំលឹងឃើញថា ជាថានសួគ៌លោកិយ៍ របស់បណ្ដាឧក្រិដ្ឋជន ក្នុងការរត់គេចចេញពីសំណាញ់ច្បាប់ ជាពិសេសជនដែលមានជំនាញខាងដើរបន្លំបោកប្រាស់ និង អ្នកជួញដូរអាវុធ ដោយមិនភ្លេចរាប់បញ្ចូល ទាំងភេវរជនអ៊ីស្លាម និងមេម៉ាហ្វីយ៉ាផងនោះទេ។

កាលពីខែកក្កដាកន្លងទៅនេះ ស្ថាបត្យករបារាំងម្នាក់ឈ្មោះ ប៉ាទ្រីក ដឹវីល័រ (Patrick Devillers) បានស្ម័គ្រចិត្តធ្វើដំណើរ ចេញពីផ្ទះរបស់លោកនៅទីក្រុងភ្នំពេញ ឆ្ពោះទៅប្រទេសចិន ដើម្បីផ្តល់នូវភស្ដុតាងជាច្រើន ទាក់ទងនឹងការស៊ើបអង្កេត មួយ លើសំនុំរឿងរបស់លោក បូ ស៊ីឡៃ (Bo Xilai) អតីតមេដឹកនាំកុម្មុយនីសដែលធ្លាក់ពីអំណាច ដោយសារតែជាប់ ទាក់ទងនឹងអំពើពុករលួយជាច្រើន។

ថានបរមសុខ សំរាប់អ្នកញៀនថ្នាំ អ្នកសេពសន្ថវៈជាមួយនឹងអនិតិជន និងឧក្រិដ្ឋជន ដែលស្ថិតក្នុងការស្វែងរក

នៅមុននេះបន្ដិច មានអ្នកជំនួញ ផ្នែកជួយមនុស្សដែលចង់ស្លាប់ (marchand d'euthanasie) តាមប្រព័ន្ធអ៊ីនធើរណែតម្នាក់ មានឈ្មោះថា រ៉ូហ្សេ ហ្ក្រាហាម (Roger Graham) ជាជនជាតិអាមេរិកកាំង បានមកដល់ប្រទេសកម្ពុជាកាលពី ឆ្នាំ២០០៣ តែត្រូវបានបណ្ដេញចេញពីប្រទេស នៅ៣ឆ្នាំក្រោយមក។ ក្រុមអាជ្ញាធរ បានចោទជននេះ ថាបានប៉ះពាល់ ដល់រូបភាពរបស់ប្រទេស ដោយហេតុមកពី បានប្រមូលអតិថិជនដែលចង់សម្លាប់ខ្លួន មកចូលរួមជាមួយនឹងផែនការរបស់ ជននេះ ដោយប្រើប្រព័ន្ធគេហទំព័រ ជាមធ្យោបាយកណ្ដាលមួយដើម្បីពន្យល់។ ក្រោយពេលដែលជននេះបានត្រូវចាប់ខ្លួន ជនជាតិអាមេរិកាំងរូបនេះ បានប្រកាសថា «អ្វីដែលខ្ញុំចង់បាន គឺមានហាងកាហ្វេមួយ ដើម្បីបញ្ចប់ជីវិតចុងក្រោយរបស់ខ្ញុំ ដោយសុខស្រួល។ ខ្ញុំមានបំណង នឹងស្លាប់នៅទីនេះ»។

កាសែតបារាំងបានបញ្ជាក់ថា តែមិនមានអ្នកណាផ្សេងទៀត មានបំណងមកស្លាប់នៅប្រទេសកម្ពុជាទេ ប៉ុន្តែក៏មានដែរ ថ្ងៃអង្សាររបស់អ្នកខ្លះ ជាពិសេសអ្នកញៀនថ្នាំទាំងឡាយ ដែលបានធ្វើដំណើរមកកាន់ទីនេះ ដោយសារតែថ្នាំញៀន ឬថ្នាំប្រភេទមេតាមផេតាមីន (métamphétamine) មិនពិបាកក្នុងការរក ហើយមានតំលៃថោកផងនោះ។

មនុស្សក្នុងពិភពលោក រាប់ទាំងអ្នកដែលមានឈ្មោះល្បីខ្លះៗផង បានមកដល់ទីក្រុងភ្នំពេញ ​​ដើម្បីស្វែងរកការរួមភេទ​ជាមួយ​កុមារខ្មែរ ដោយសារតែប្រទេសនេះ មិនទាន់គ្រប់គ្រងអោយមានប្រសិទ្ថិភាព ទៅលើចរាចរណ៍ផ្លូវភេទនៅឡើយ បើទោះជាមាននីតិវិធីបានបង្កើតឡើង ដើម្បីហាម និងការពារអនីតិជនរងគ្រោះក៏ដោយ។

កម្ពុជា ជាប្រទេសមួយ ដែលនៅតែល្បីខាងនិទណ្ឌភាព បើទោះជារដ្ឋាភិបាលបានប្រកាស និងធ្វើអោយគេឃើញជា ច្រើនលើកច្រើនគ្រា ពីការគោរពអនុវត្តច្បាប់ក៏ដោយ។ គួររំលឹកថា អតីតប្រធានសភាពាណិជ្ជកម្ម លោក ថេង ប៊ុនម៉ា ធ្លាប់បានសំដែងការមិនសប្បាយចិត្តរបស់លោក ចំពោះក្រុមហ៊ុនអាកាសចរមួយ ដែលកាលនោះលោកបានបាញ់ ទម្លាយកង់យន្ដហោះ របស់ក្រុមហ៊ុននោះ ដោយគ្មានក្រែងរអាអ្វីសូម្បីតែបន្តិច។ ប៉ុន្មានខែក្រោយមកទៀត មហាសេដ្ឋី រូបនេះដដែលបានដកអាវុធ យកមកដាក់ជិតយន្ដហោះមួយទៀត ដើម្បីគម្រាម បំណងចង់ពន្យឺតពេលការហោះហើរ ដោយសារតែលោកនៅរងចាំមិត្តភក្តិ ដែលធ្វើដំណើរយឺត មកឡើងយន្តហោះ។

ជីវិតដែលត្រូវគេស្វែងរកចាប់ខ្លួន ក៏អាចក្លាយជាមានភាពរីករាយមួយបានដែរ ប្រសិនបើគេមានទំនាក់ទំនងល្អ ជាមួយ អ្នកមានអំណាច រឺគ្រាន់តែមានលុយ។ ជាករណីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា (Thaksin Shinawatra) អតីត នាយករដ្ឋមន្រ្តីនៃប្រទេសថៃ ដែលត្រូវគេធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាចកាលពីឆ្នាំ២០០៦ ហើយភៀសខ្លួនទៅ រស់នៅក្រៅប្រទេស តាំងពីពេលដែលលោក ត្រូវតុលាការក្នុងប្រទេសថៃកាត់ទោស ពីបទប្រព្រឹត្តិអំពើពុករលួយនោះមក។ លោកទទួលបានការតែងតាំង ពីលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ដែលជាមិត្តភក្តិរបស់លោក អោយឡើងជាទីប្រឹក្សា សេដ្ឋកិច្ចពិសេសរបស់រដ្ឋាភិបាល និងទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រី ។


លោក ហ្កូតហ្វ្រ៊ីត ស្វាថម (Gottfrid Svartholm) ស្ថាបនិករួម នៃគេហទំព័រ ដឺ ផាយរេត បេ។

អ្នកជំនួញធំដុំម្នាក់ទៀតជនជាតិរុស្ស៊ី លោក អាឡិចសិនដ័រ ត្រូហ្វ៊ីម៉ូវ (Alexander Trofimov) បានចូលមកកម្ពុជាកាលពី ឆ្នាំ២០០៥ ហើយបានអភិវឌ្ឍន៍មជ្ឈមណ្ឌលកំសាន្ដមួយ ក្នុងទឹកប្រាក់ ២០លានអ៊ឺរ៉ូ នៅលើកោះពស់ នាទិសអគ្នេយ៍នៃ ប្រទេស។ បន្តិចម្ដងៗ លោកបានធ្វើខ្លួន អោយស្ថិតនៅក្នុងចំណោម«អ្នកមានខ្មែរ» ហើយថែមទាំងធ្វើខ្លួនអោយលេច ធ្លោជាងគេ នៅក្នុងចំណោមនោះទៀតផង។ តែលោកបានជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានឃាត់ខ្លួនកាលពីឆ្នាំ២០០៧ និងនៅក្រោយពេលដែលតុលាការខ្មែរ បានរកឃើញថា លោកមានកំហុស ពីបទរំលោភ​​សេព​សន្ថវៈ​ ទៅលើអនីតិជន ចំនួន១៧នាក់ ដែលក្នុងនោះ មានកុមារម្នាក់អាយុ៦ឆ្នាំ។ តែការជាប់ពន្ធនាគារនេះ មានរយះពេលតែ៤ឆ្នាំប៉ុណ្ណោះ ដោយលោកត្រូវបានគេដោះលែង អោយមានសេរីភាពវិញ កាលពីខែធ្នូ ឆ្នាំ២០១១ ជាមួយនឹងការលើកលែងទោស ពីសំណាក់ព្រះមហាក្សត្រខ្មែរ។ មិនយូប៉ុន្មានក្រោយមក លោកត្រូវបានគេឃើញ ថាបាននៅជាមួយនឹងក្មេងស្រី អាយុ ប្រមាណជា១១ឆ្នាំទៀត។ ដោយសារអំពើ ដ៏ជ្រុលហួសហេតុនេះ  លោកត្រូវបានបណ្តេញចេញជាស្ថាពរ ពីប្រទេស កាលពីខែមិថុនាកន្លងទៅនេះ។

នៅពេលដែលមានទំនាក់ទំនង ធ្វើជំនួញជាមួយរដ្ឋាភិបាលកម្ពុជា គេគួរប្រយ័ត្នប្រយែងចំពោះរឿងរ៉ាវ ដែលនឹកស្មាន មិនដល់ទាំងឡាយ ដែលអាចកើតមានឡើង។ ប្រសិនបើឧក្រិដ្ឋជនណាម្នាក់ ប្រើ«ទឹកប្រាក់»ដើម្បីអាចទិញសេរីភាព និងការការពាររបស់ខ្លួនបាននោះ «ទឹកប្រាក់»នេះដដែល ក៏អាចត្រឡប់ទៅបង្កបញ្ហាអោយឧក្រិដ្ឋជននោះវិញបានដែរ។ អ្នកតាមដានព្រឹត្តិការណ៍បាននិយាយថា លោក ហ្កូតហ្វ្រ៊ីត ស្វាថម (Gottfrid Svartholm) នឹងមិនទាន់បាន ត្រលប់ទៅ ដល់ប្រទេសស៊ុយអែតវិញទេ នៅក្នុងពេលនេះ ប្រសិនបើរដ្ឋាភិបាលទីក្រុង ស្តុក ខម (Stockholm) មិនបានផ្ដល់ជំនូយ «៤៥លានអ៊ឺរ៉ូ» ផ្ដល់ទៅអោយរដ្ឋាភិបាលទីក្រុងភ្នំពេញ ដើម្បី«លើកស្ទួយលិទ្ធិប្រជាធិបតេយ្យ» នៅកម្ពុជាទេនោះ៕

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...