អ្នក​ទោស​ប្រហារ​ជីវិត ដែល​«ស្លាប់​ពិបាក»​ជាង​គេ ធ្វើ​ឲ្យ​ផ្អើល​អាមេរិក

អ្នកទោសដែលតុលាការសម្រេចផ្ដន្ទាទោស ដោយទោសប្រហារជីវិត ចូសេហ្វ វូដ (Joseph Wood) ត្រូវបានសម្រេច​ប្រហារជីវិត កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ នៅរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក ជាមួយនឹងនិតិវិធី​មួយដែលខុសពីធម្មតា។ អ្នកទោសរូបនេះ ទទួលចាក់ថ្នាំសម្លាប់រហូតដល់ទៅ១៥ដង និងបានប្រើរយៈពេល​ដល់​ទៅ​ជិត២ម៉ោង ខណៈកន្លងមកអ្នកទោសប្រហាជីវិតជាទូទៅ បានស្លាប់តែក្នុងរយៈពេលជាង១០នាទីប៉ុណ្ណោះ។

អ្នកទោសដែលតុលាការសម្រេចផ្ដន្ទាទោស ដោយទោសប្រហារជីវិត ចូសេហ្វ វូដ (Joseph Wood) ត្រូវបានសម្រេច​ប្រហារជីវិត កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ នៅរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក ជាមួយនឹងនិតិវិធី​មួយដែលខុសពីធម្មតា។ អ្នកទោសរូបនេះ ទទួលចាក់ថ្នាំសម្លាប់រហូតដល់ទៅ១៥ដង និងបានប្រើរយៈពេល​ដល់​ទៅ​ជិត២ម៉ោង ខណៈកន្លងមកអ្នកទោសប្រហាជីវិតជាទូទៅ បានស្លាប់តែក្នុងរយៈពេលជាង១០នាទីប៉ុណ្ណោះ។


គ្រែមួយប្រភេទ សម្រាប់ប្រហារជីវិតអ្នកទោស នៅសហរដ្ឋអាមេរិក។ (រូបភាពឯកសារ)

ទោសប្រហារជីវិត - មេធាវីរបស់ជនមានទោស លោក ដាលី ប៊េឆ (Dale Baich) បានសរសេរនៅក្នុង​សេចក្ដី​ប្រកាសព័ត៌មានមួយថា៖ «វិធីសាស្ត្រក្នុងការប្រហារជីវិត នៅរដ្ឋអារីហ្សូណា បានចែងថា អ្នកទោសត្រូវបាន​ប្រហារ​ជីវិត ដោយទទួលការចាក់ថ្នាំ អីដ្រូម័ហ្វូន (Hydromorphone) និងមីដាហ្សូឡាម (Midazolam) ក្នុងកម្រិត៥០​មីលីលីត្រ។ ប៉ុន្តែរបាយការណ៍នៃការប្រហារជីវិត ដែលបានផ្សាយជាសាធារណៈ កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយអាជ្ញាធរទទួលបន្ទុករបស់រដ្ឋអារីហ្សូណា បានបង្ហាញថា វិធីសាស្ត្រដែលធ្លាប់ធ្វើនេះ មិនមានប្រសិទ្ធិភាព ដូច​អ្វីដែលបានគ្រោងទុកទេ។»

ដោយសារភាពមិនប្រក្រតីនេះ លោកមេធាវីរូបនេះ បានស្នើសុំឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ទៅលើករណី​ប្រហារជីវិតនៃកូនក្ដីរបស់លោក ដែលបានស្លាប់ទៅហើយ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះដដែល លោក​មេធាវីបានសរសេរទៀតថា៖ «ជំនួសឲ្យការចាក់ថ្នាំមួយម្ជុល ដូចអ្វីដែលវិធីសាស្ត្រលើកឡើងនោះ អាជ្ញាធរទទួល​បន្ទុក បានចាក់ថ្នាំប្រហារជីវិត រហូតដល់ទៅ១៥ម្ជុលផ្សេងគ្នា បង្កឲ្យការប្រហារជីវិតមានភាពយូរហួសប្រមាណ និង​បានក្លាយជាការប្រហារជីវិត ដែលយូរជាងគេក្នុងប្រវត្តិសាស្ត្រកន្លងមក»។

ការប្រហារជីវិតអ្នកទោស ចូសេហ្វ វូដ អាយុ៥៥ឆ្នាំ ត្រូវបានអនុវត្តកាលពីថ្ងៃទី២៣ ខែ​កក្កដា កន្លងមក តាមដីការ​សម្រេច  បន្ទាប់ពីតុលាការបានរកឃើញថា ចូសេហ្វ វូដ មានកំហុសធ្ងន់ធ្ងរ ក្នុងឃាតកម្មលើអតីតសង្សារបស់លោក និងឪពុករបស់​នាងផង តាំងពីឆ្នាំ១៩៨៩។ ប៉ុន្តែរយៈពេលនៃការប្រហារជីវិត មានពេលយូររហូតដល់ ១ម៉ោង ៥៧នាទី ខណៈការប្រហារជីវិតលើអ្នកទោសក្នុងពេលកន្លងមក ប្រើរយៈពេលតែជាង១០នាទីប៉ុណ្ណោះ។ ក្នុង​រយៈ​ពេលនៃការប្រហារជីវិតនោះ អ្នកទោស ចូសេហ្វ វូដ បានដង្ហក់ និងប្រកាច់ ដោយប្រើរយៈពេលដល់ទៅ ១ម៉ោង​និង​៤០នាទី។ នេះបើតាមការអះអាង របស់មេធាវីដដែល នៅពេលដែលលោកបានចេញ ពីពិនិត្យមើលការប្រហារជីវិត​នោះ។

ប្រធានមជ្ឈមណ្ឌលប្រហារជីវិត បានថ្លែងអះអាងថា ការចាក់បន្ថែមនូវថ្នាំទាំងនេះ រហូតដល់ទៅ១៥ម្ជុលនោះ មិន​មានបំណងអ្វី ក្រៅពីដើម្បីឲ្យអ្នកទោសធ្វើដំណើរទៅ ដោយស្ងប់ស្ងៀមនោះទេ។ ប៉ុន្តែវេជ្ជបណ្ឌិតដែលមាន​ជំនាញ​ខាងថ្នាំសន្លប់ បាននិយាយតបវិញថា៖ «នៅពេលដែលដងខ្លួនមនុស្សទទួលបានថ្នាំសន្លប់ ឬថ្នាំប្រហារជីវិត​គ្រប់​គ្រាន់ហើយ ទោះអ្នកចាក់បន្ថែម៥០០ម្ជុល ឬ៥លានម្ជុលទៀត ក៏វាគ្មានប្រយោជន៍អ្វីជាងនេះដែរ ព្រោះវាមិនអាច​សន្លប់ឬស្លាប់ ៥០០ដង ឬ៥លានដងនោះឡើយ»។

សភាពមុនពេលស្លាប់ របស់អ្នកទោស ចូសេហ្វ វូដ បានបង្កឲ្យមានប្រតិកម្មយ៉ាងផុលផុស នៅសហរដ្ឋអាមេរិក ក្នុង​ប៉ុន្មានថ្ងៃក្រោយមក។ សូមបញ្ជាក់ដែរថា កាលពីចុងខែមេសា នៅក្នុងរដ្ឋ អូក្លាអូម៉ា (Oklahoma) អាជ្ញាធរក៏បាន​ប្រើ​រយៈពេលយូរគួរសមដែរ រហូតដល់ទៅ៤៣នាទី បន្ទាប់ពីបានចាក់ថ្នាំបីប្រភេទលាយបញ្ចូលគ្នា ដើម្បីប្រហារជីវិត​អ្នកទោសម្នាក់ទៀត នៅទីនោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments