ដើម្បី​តុលាការ​អាច​ប៉ះ​តំណាង​រាស្ត្រ​បាន តើ​មាន​និតិវិធី​អ្វី​ខ្លះ?

តើតំណាងរាស្ត្រនៅប្រទេសកម្ពុជា​ អាចនឹងត្រូវបានតុលាការនៃប្រទេសនេះ ធ្វើការចោទប្រកាន់ ឬមន្ត្រីនគរបាល​យុត្តិធម៌ចាប់ឃាត់ខ្លួន នៅពេលណា និងយ៉ាងដូម្ដេច? អត្ថបទនេះ នឹងបកស្រាយជូន ដោយត្រួសៗ។
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 21, 2014
  • ប្រធានបទ: យុត្តិធម៌
  • អាន និងបញ្ចេញយោបល់

អភ័យឯកសិទ្ធតំណាងរាស្ត្រ - លើក​លែង​តែ​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង ដូច​ជា​«ចោរ​កម្ម បង្ក​របួស​ស្នាម ឃាតកម្ម ឬ​ការ​បំពារ​បំពាន​​ដោយ​​ផ្ទាល់ (ចាប់​រំលោភ ...)» តំណាង​រាស្ត្រ​មួយ​រូប នឹង​មិន​ត្រូវ​បាន​តុលាការ ធ្វើ​ការ​​ចោទ​ប្រកាន់ ឬ​មន្ត្រី​នគរបាល​យុត្តិធម៌ ធ្វើការ​ចាប់​ចង​ស្រេច​នឹង​ចិត្ត​នោះ​ទេ។ ប៉ុន្តែ​​ក្នុង​ករណី​មួយ​ចំនួន ដូច​ជា​​តំណាង​​​រាស្ត្រ​​នោះ មាន​ជាប់​ទាក់​ទង​នឹង​ការ​​រត់​គ្រឿង​ញៀន ឬ​ការ​លាង​សម្អាត​លុយ​កខ្វក់​ជា​ដើម (ដែល​ជា​បទល្មើស​​មិន​ផ្ទាល់) តុលាការ​អាច​បើក​ការ​​ស៊ើប​​អង្កេត ប៉ុន្តែ​នៅ​តែ​មិន​អាច​ចាត់​និតិវិធី ចោទ​ប្រកាន់ ឬ​ចាប់​ចង​តំណាង​​រាស្ត្រ​​រូប​នោះ បាន​ឡើយ។

ច្បាប់រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា មាត្រា​៨០ បាន​ចែងថា៖

«តំណាង​រាស្ត្រ មាន​​អភ័យ​ឯកសិទ្ធិ​សភា។ តំណាង​រាស្ត្រ​រូប​ណា​ក៏​ដោយ មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​​ខ្លួន​ឬ​ឃុំ​ខ្លួន ដោយ​​ហេតុ​ពី​បាន​សំដែង​យោបល់ ឬ​បញ្ចេញ​មតិ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ។

ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែ​មានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យ​ប្រជុំ​នៃរដ្ឋសភា វៀរ​លែង​តែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមាន​សមត្ថកិច្ចត្រូវ​ធ្វើសេចក្ដី​រាយ​ការណ៍​ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ ដើម្បី​សម្រេច។

សេចក្ដីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បី​អនុម័ត​តាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទ​ប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិ ឱ្យផ្អាកតាមមតិភាគច្រើន​បីភាគបួន នៃ​ចំនួនសមាជិករដ្ឋសភាទាំងមូល។»

នៅក្នុងវាក្យខណ្ឌទីពីរខាងលើ បើទោះជានៅក្នុងករណីបទល្មើសជាក់ស្ដែង ដែលបានសេចក្ដីថា តំណាងរាស្ត្រ​ជាប់​ពិរុទ្ធរូបនោះ ត្រូវបានចាប់ខ្លួនហើយក៏ដោយ ក៏ចាំបាច់ត្រូវក្រសួងមានសមត្ថកិច្ច (ដូច​ជា​ក្រសួងមហាផ្ទៃ ដែលគ្រប់​គ្រងមន្ត្រីនគរបាល ឬក្រសួងយុត្តិធម៌ ដែលស្និតនឹងស្ថាប័នតុលាការជាដើម)  រាយការណ៍ជូន​រដ្ឋសភា ដើម្បីសម្រេច​លើ​ការដកចេញនូវអភ័យឯកសិទ្ធតាមក្រោយដែរ។

មតិមួយចំនួន បាននិយាយនៅក្រោយព្រឹត្តិការណ៍ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ពីការចាប់ខ្លួនមន្ត្រី​គណបក្ស​ប្រឆាំង ច្រើនរូប ថាជាករណីបទល្មើស«ជាក់ស្ដែង» បើទោះជាមន្ត្រីទាំងនេះ រាប់ជាតំណាងរាស្ត្រ​ពេញ​សិទ្ធិ​ក៏​ដោយ ដោយ​សារតែក្រុម​បាតុករតវ៉ា ក្រោមការដឹកនាំរបស់មន្ត្រីបក្សប្រឆាំង បានតដៃធ្វើការវាយ​សំពង បក​ទៅ​លើ​កង​សន្តិសុខ​ស៊ី​ឈ្នួលវិញ ធ្វើ​ឲ្យ​មានរបួសច្រើននាក់។

សកម្មភាពរបស់មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិទាំងនោះ ជាបាតុកម្មតវ៉ាបញ្ចេញមតិ។ ដូច្នេះគេ​ត្រូវយក​ច្បាប់ ស្ដីពីការធ្វើ​បាតុកម្ម​ដោយសន្តិវិធី របស់ប្រទេសកម្ពុជា មកមើលនិងអនុវត្ត។ មាត្រាមួយ នៅក្នុង​ច្បាប់នេះ បាន​ចែងថា៖ «ប្រសិន​បើ​ដំណើរ​ការ​ នៃការធ្វើបាតុកម្ម​ដោយ​សន្តិវិធី បង្កជាអំពើហិង្សា បណ្ដាលឲ្យ​អន្តរាយ ដល់​ទ្រព្យ​សម្បត្តិ​ឯកជនក្តី ឬ​ទ្រព្យសម្បត្តិ​សាធារណៈក្តី ការ​ជួស​ជុល​ការខូចខាត ត្រូវជាបន្ទុក​របស់​ជន​ល្មើស​ និងអ្នកសម​គំនិត។ មួយវិញទៀត ជនណា​ដែល​បានប្រព្រឹត្តល្មើស បណ្ដាល​ឲ្យអាជ្ញាធរមាន​សមត្ថកិច្ច ឬបាតុករ ឬបុគ្គលដទៃ​ទៀតមានរបួសស្នាម ឬ​បណ្ដាល​ឲ្យ​ស្លាប់ ជននោះ (ជនល្មើស​ និងអ្នកសម​គំនិត) នឹង​ត្រូវ​ផ្ដន្ទា​ទោស​តាមច្បាប់​ព្រហ្មទណ្ឌជាធរមាន។»

តើឃ្លា«ត្រូវជាបន្ទុករបស់ជនល្មើស និងអ្នកសមគំនិត» អាចត្រូវយកមកបកស្រាយ ដើម្បីដាក់បន្ទុកលើ មន្ត្រី​គណបក្សប្រឆាំងទាំង​នោះបានឬទេ? តើមានមនុស្សបានឃើញ និងមានភស្ដុតាងបង្ហាញថា មន្ត្រីទាំងនោះជា​ជនដៃដល់ (ដែលអាចចោទ ជា​ករណីបទល្មើសជាក់ស្ដែង) ឬជាអ្នកបញ្ជា ឬអ្នកគ្រោងរៀបចំឲ្យមាន​ការវាយ​តប់ (ដែលអាចចោទ ជាករណីបទផ្សំ​គំនិត) ហើយ​ឬនៅ? នេះគេនៅមិនទាន់រាប់បញ្ចូន នូវករណីវាយ​តប់​នោះ ថាជាប្រតិកម្មតបតរ ឬការការពារខ្លួន​របស់​ក្រុមអ្នកតវ៉ា នៅបន្ទាប់ពីក្រុមមន្ត្រីសន្តិសុខ​ស៊ីឈ្នួល បាន​បើក​​ការ​វាយតប់មកលើពួកគេមុន នោះផង។ សូមរំលឹកដែរ​ថា មន្ត្រីសន្តិសុខស៊ីឈ្នួលទាំងនោះ មិនមាន​យុត្តិកម្ម​ខាង​ផ្លូវច្បាប់សូម្បីបន្តិចឡើយ ក្នុងការមកធ្វើអន្តរាគម នៅពេល​មានបាតុកម្មសម្ដែងមតិ​របស់​ពលរដ្ឋ។

ប៉ុន្តែការពន្យល់បកស្រាយច្បាប់ ដោយមហាបណ្ឌិតមកកពីទើសមេឃណាក៏ដោយ វានឹងមិនអាចទៅរួចទេ នៅពេលដែល​ការ​ចាប់​ចង់តំណាងរាស្ត្រណាម្នាក់ ត្រូវបានធ្វើដោយសារមូលហេតុ«នយោបាយ»។ ជា​​ពិសេស​នៅពេលដែល ស្ថាប័នបក​ស្រាយ និងយល់ពីច្បាប់ ត្រូវបានធ្វើឲ្យ«ឃ្លោង»ឬ«អណ្ដែត» ដោយ​សារ​តែ​«នយោបាយ»ដែរនោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments