ពលរដ្ឋ​នៅ​តែ​និយាយ​ថា សង្គម​រាស្រ្ត​និយម​រុង​រឿង​ជាង​សម័យ​តេជោ

«លោកដើរផ្លូវល្អ យើងដើរតាមផ្លូវលោកទៅ វាល្អហើយថ្ងៃក្រោយ»។ នេះជាការលើករបស់ប្រជាពលរដ្ឋ ដែល​បាន​មកចូលក្នុងកម្មវិធីដង្ហែព្រះបរមអដិ្ឋ ព្រះករុណាព្រះបរមរតនកោដ្ឋ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤នេះ ដោយ​ប្រៀប​ធៀបពីភាពរុងរឿង និងសេចក្តីរបស់ប្រជាជន ក្នុងសម័យសង្គមរាស្រ្តនិយម ដែលគ្របគ្រងដោយព្រះបាទ នរោត្តម សីហនុ។ ក្រុមពលរដ្ឋទាំងនោះ បានលើកឡើងថា ដើម្បីឱ្យមានសុខសន្តិភាព អ្នកដឹកនាំគួរយកព្រះអង្គជាគំរូ។
ពលរដ្ឋ​នៅ​តែ​និយាយ​ថា សង្គម​រាស្រ្ត​និយម​រុង​រឿង​ជាង​សម័យ​តេជោ
ព្រះឆាយាល័ក្ខ របស់ព្រះអតីតមហាវីរក្សត្រ នរោត្ដម សីហនុ។ (រូបថត MONOROOM.info/ C. Nita)

ស្នារព្រហស្ថ - ថ្វីត្បិតតែ អតីតព្រះមហាក្សត្ររបស់ប្រទេសកម្ពុជា ព្រះករុណាព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ បានយាងឃ្លាតឆ្ងាយពី ប្រជាពលរដ្ឋ កូនចៅ ចៅទួត ក៍ពិតមែន ប៉ុន្តែស្នាមព្រហស្ថរបស់ព្រះអង្គ​ នៅតែ​បន្សល់​ទុកក្នុងក្រអៅដួងចិត្ត របស់កូនចៅជំនាន់ក្រោយ មិនអាចបំភ្លេចបាន។

ក្នុងពេលរម្លឹកអនុស្សាវរីយ៍ និងសកម្មភាពល្អៗ របស់ព្រះបាទ នរោត្តម សីហនុ លោកយាយ ញៅ ញឺន អាយុ៦៨ បានប្រាប់ថា បើមើលពីជីវភាព នៃការរស់នៅរបស់ប្រជាជននៅជំនាន់នេះ មិនអាចប្រៀបផ្ទឹមបានទៅនឹងសម័យ​សង្គមរាស្រ្តនិយម ដែលគ្រប់គ្រងដោយ ព្រះបាទនរោត្តម សីហនុ នោះឡើយ។ ជំនាន់មុន គឺរុងរឿងសំបូរ​សប្បាយ​ណាស់។

ដូនចាស់ដែលខំស្វះស្វែង មកពីខេត្តតាកែវ ដើម្បីបានចូលរួមការប្រារព្ធព្រះរាជពិធីដង្ហែព្រះបរមអដិ្ឋ ព្រះករុណា​ព្រះបរមរតនកោដ្ឋរូបនេះ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរៈក្សត្រ សូមឱ្យព្រលឹងវិញាណក្ខន្ធ​ព្រះអង្គ​ជួយថែរក្សាទឹកដីខ្មែរ ឱ្យបានគង់វង្ស កុំឱ្យបាត់បង់ទៅណា។ លោកយាយបានបន្ថែមថា ក្រោយពីបាត់បង់ព្រះអង្គ​ទៅនេះ មិនដឹងកូនចៅជំនាន់ក្រោយ នឹងទៅជាយ៉ាងណានោះទេ។

ចំណែកស្រ្តីវ័យចំណាស់ម្នាក់ទៀត បាននិយាយយ៉ាងដូច្នេះដែរ៖ «សម័យសង្គមរាស្រ្តនិយមមានគ្រប់សព្វ មាន​តាំងពីរោងចក្រធ្វើនេះធ្វើនោះ កូនចៅអត់មានចំណាកស្រុក ទៅធ្វើការនៅប្រទេសគេ ហើយកូនចៅ​មានការងារ​ធ្វើគ្រប់គ្នា រោងចក្រអីក៏មាន អីក៏មានដែរ។ ហើយសម័យឥលូវនេះ ដូចឃើញស្រាប់ហើយ ចំណាកស្រុកទៅស្រុកគេ គេសម្លាប់ចោលរាប់រយនាក់ រដ្ឋាភិបាលអត់មាននឹកអើពើទេ ហើយត្រលប់មកវិញអត់មានការងារធ្វើទៀត។»

ដូនចាស់ ដែលមានលំនៅដ្ឋាននៅទីក្រុងភ្នំពេញរូបនេះបាន ធ្វើការប្រៀបធៀបពីប្រព័ន្ធយុត្តិធម៌ជាបន្តថា នៅក្នុង​សម័យដែលដឹកនាំដោយព្រះបាទ នរោត្តម សីហនុ ប្រព័ន្ធតុលាការកម្ពុជាគឺយុត្តិធម៌ណាស់ ការពិតគឺជាការពិត មិនមែន​សទៅជាខ្មៅ ខ្មៅទៅជាសនោះទេ ដែលខុសពីសម័យបច្ចុប្បន្ន ដែលតុលាការមិនឯករាជ្យ។

ស្ត្រីចំណាស់ដដែល ដែលនិយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះរូបនេះ បានបង្ហាញនូវអ្វីដែលជាអនុស្សាវរីយ៍ ជាមួយព្រះអង្គថា ព្រះអង្គមានការស្និតស្នាលជាមួយប្រជាពលរដ្ឋទាំងអស់ ដោយមិនកាន់រើសអើងអ្វីនោះទេ។ ម្យ៉ាងទៀត សកម្មភាពរបស់ព្រះអង្គគឺល្អណាស់ នៅពេលមានសមាជជាតិម្តងៗ កូនចៅណាមានជម្លោះរឿងដីធ្លី ឬបញ្ហាអ្វីផ្សេង ព្រះអង្គតែងដោះស្រាយសម្រុះសម្រួលគ្នាឱ្យត្រូវគ្នាវិញ។ លោកយាយបញ្ជាក់បន្ថែមថា៖ «ខ្ញុំមាន​ការសោកស្តាយជាទីបំផុត បើអាចជប់បាន ក៏នឹងជប់ព្រះអង្គឱ្យរស់ឡើងវិញ ឱ្យលោកដឹកនាំប្រទេសជាតិ ដូចដែល​ព្រះអង្កដឹកនាំនៅក្នុងសម័យសង្គមរាស្រ្តនិយម»។

រីឯលោកយាយ យ៉ុង វ៉ាន អាយុ៧៦ឆ្នាំ បានបន្ទរបន្ថែមប្រហាក់ប្រហែលគ្នាដែរថា កាលពីសម័យដែល​ព្រះអង្គ​គ្រប់​គ្រង់ប្រទេស ប្រទេសជាតិមានការរីចំរើនរុងរឿងណាស់ មិនសូវភ័យព្រូយដូចសម័យនេះទេ ទោះជាសម័យ​គ្មាន​ឡាន ផ្លូវល្អហូហែរ ដូចសម័យឥលូវក៏ដោយ ប៉ុន្តែការធ្វើដំណើរមានសុវត្តិភាពមានសន្តិសុខល្អណាស់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់