​ទិញ​ភូមិ​មួយ​ទាំង​មូល​នៅ​អ៊ីតាលី ថ្លៃ​ស្មើ​ផ្ទះ​វិឡា​មួយ​នៅ​ខ្មែរ​?

ហេតុអ្វីត្រូវចំណាយលុយ ទិញផ្ទះវិឡាមួយនៅរាជធានីភ្នំពេញ បើអ្នកអាចមានលទ្ធភាព ទិញភូមិមួយទាំងមូលបាន នៅក្នុងប្រទេសអ៊ីតាលីនោះ?

ពីនេះពីនោះ - កុំថាឡើយដល់ទៅមហាសេដ្ឋី បើសូម្បីត្រឹមអ្នកមានទ្រព្យធន់ល្មមៗ ក៏អាចមានលទ្ធភាពទិញ​ផ្ទះ​វិឡា​ដ៏ស្ដុកស្ដម្ភមួយ ក្នុងតម្លៃរាប់ម៉ឺនដុល្លារ ដើម្បីរស់នៅដែរ។ តែនោះគ្រាន់តែជាផ្ទះវិឡា និងហ៊ំព័ទ្ធទៅដោយ​ដីឡូ​មួយ​ដុំជុំវិញប៉ុណ្ណោះ ខណៈពេលនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបង្ហាញពីអចលនៈវត្ថុមួយទៀត ដែលគួរឲ្យចាប់​អារម្មណ៍ជាង។

ភូមិ កាសាស៊ីយ៉ូ (Calsazio) ដែលដាក់លក់ឡាយឡុងនេះ ស្ថិតនៅក្បែររមណីយដ្ឋានធម្មជាតិ «ថានសួគ៌ធំធេង» ប្រមាណជា៨០គីឡូម៉ែត្រ ពីក្រុង តួរ៉ាំង (Turin) ប្រទេសអ៊ីតាលី។ ភូមិមួយទាំងមូល ត្រូវបានប្រកាសដាក់លក់ នៅ​លើគេហទំព័រ អ៊ីប៊េ (Ebay) ក្នុងតម្លៃតែ ៣៥៦ ០០០ដុល្លារអាមេរិកប៉ុណ្ណោះ។

ប៉ុន្តែកុំទាន់អាលអ ព្រោះផ្ទះទាំង១៤ខ្នង នៅក្នុងភូមិ ដែលត្រូវបានបោះបង់ចោលនោះ អាចនឹងមានតម្លៃ​ថ្លៃ​ខ្ពស់កប់​ពពកក្នុងការជួសជុល ដើម្បីអាចរស់នៅបានឡើងវិញ។ ហើយម្យ៉ាងទៀត អ្នកដែលអាចទិញបាន ត្រូវសន្យារក្សា​រូបភាពដើមដដែលនៃភូមិនេះ ទៅតាមច្បាប់នគរោបនីយកម្ម របស់តំបន់ ចង់និយាយថា បើឃើញភូមិនេះយ៉ាង​ម៉េច នៅពេលនេះ ត្រូវអភិរក្សវានៅដដែល។

តាមពិតទៅ មិនមែនជាលើកទីមួយទេ ដែលភូមិទាំងមូលបែបនេះ ត្រូវបានដាក់លក់។ កាលពីប៉ុន្មានខែមុន ភូមិ អា បាស្សា (A Barca) នៅក្នុងប្រទេសអេស្ប៉ាញ ត្រូវបានប្រគល់ឲ្យ ដោយមិនគិតតម្លៃអ្វីទាំងអស់។ រីឯភូមិមួយទៀត នៅក្នុងតំបន់ ប្រាតារីស៊ីយ៉ា (Pratariccia) នៃប្រទេសអ៊ីតាលីដែរ ត្រូវបានលក់ដាច់ក្នុងតម្លៃ៣,១លានដុល្លារអាមេរិក កាលពីពីរឆ្នាំមុន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments