«អង្គរវត្ត» ជាប់​លេខ​៩ នៃ​ទិសដៅ​ទេសចរណ៍​ក្នុង​លោក ឆ្នាំ២០១៤

គេហទំព័ររៀបចំដំណើរទេសចរណ៍ (កក់សណ្ឋាគារ ជួលរថយន្ដ ទិញសំបុត្រយន្ដហោះ ...) នៅតាមបណ្ដាញ​អ៊ិនធើណែត ដែលមានឈ្មោះថា ទ្រីពវ៉ាយស៊័រ (TripAdvisor) បានចេញរបាយការណ៍កាលពីពេលថ្មីៗនេះ បង្ហាញ​ពីចំណាត់ថ្នាក់ថ្មី នៃទិសដៅទេសចរណ៍របស់ពិភលោក សម្រាប់ឆ្នាំ២០១៤នេះ ហើយបង្កឲ្យមានការចាប់​អារម្មណ៍​ជាទូទៅមួយ សម្រាប់បណ្ដាជន ដែលចូលចិត្តធ្វើដំណើរកំសាន្ដ។ ពីក្នុងចំណោមចំណាត់ទាំង១០ ដែលគេហទំព័រ ទ្រីពវ៉ាយស៊័រ ​បានបញ្ចេញផ្សាយនោះ ប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា បានជាប់​ចំណាត់​ថ្នាក់ទី៩។
«អង្គរវត្ត» ជាប់​លេខ​៩ នៃ​ទិសដៅ​ទេសចរណ៍​ក្នុង​លោក ឆ្នាំ២០១៤
ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ (រូបថត MONOROOM.info/ D. KEO)

ទេសចរណ៍ - ទិសដៅដើរកំសាន្តបានផ្លាស់ប្ដូរយ៉ាងច្រើន នៅក្នុងរយៈពេលចុងក្រោយនេះ។ ប្រាសាទបូរាណធំៗ នៅក្នុងប្រទេសជាច្រើន ដូចយ៉ាងប្រាសាទពីរ៉ាមីដ នៅប្រទេសអេហ្សីព ជាដើម លែងជាទិសដៅ​ទេសចរណ៍របស់​ពិភលោកទៀតហើយ។ ផ្ទុយទៅវិញរដ្ឋធានីធំៗដូចយ៉ាង ប៉ារីស (បារាំង) ឡុងដ៍ (អង់គ្លេស) រ៉ូម (អ៊ីតាលី) ឬប៉េកាំង (ចិន) ជាដើម នៅតែរក្សាចំណាត់ថ្នាក់របស់ខ្លួន ថាជាទីកន្លែងដែលបណ្ដាជន ដែលចង់ទៅទស្សនាច្រើនជាងគេ​ដដែល។

សម្រាប់ប្រទេសកម្ពុជា គេមិនបាននិយាយដល់រាជធានីភ្នំពេញ ដែលក្រុមមេដឹកនាំរបស់ប្រទេសនេះ តែងហៅ​រាជធានីខ្លួនឯងថា ជា«ទីក្រុងគុជ»នោះទេ។ ផ្ទុយទៅវិញ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ទៅម៉ិញ អង្គភាព​ស្រាវជ្រាវ​សេដ្ឋ​កិច្ច​​ (The Economist Intelligence Unit) ដែល​​ជា​ក្រុម​ជំនាញ​វាយតម្លៃ​ ទៅលើ​ទីក្រុង​លើ​​ពិភព​លោក បានចាត់​​រាជធានី​ភ្នំពេញ​ ទៅក្នុង​ចំណាត់​ថ្នាក់​​លេខ​​៤ ក្នុង​ចំណោម​ទីក្រុង​១០​ ​ដែល​«មិន​គួរ​ឲ្យ​ចង់​រស់នៅ»​លើ​លោក​​។​ ជា​សំណាងល្អ ដែលកម្ពុជានៅមានប្រាសាទអង្គរវត្ត។ ប្រាសាទជាព្រលឹងជាតិ ដែលនៅតែឈរត្រដែតត្រដឹម និងត្រូវ​បានគេហទំព័រ ទ្រីពវ៉ាយស៊័រ ដាក់ចំណាត់ថ្នាក់ ថាជាទិសដៅទី៩ ដែលបណ្ដាជនអ្នកទេសចរណ៍ ចង់ទៅទស្សនា​កំសាន្ដជាងគេ។

ការចាត់ចំណាត់ថ្នាក់របស់គេហទំព័រនេះ ត្រូវបានវាស់ស្ទង់ទៅតាមយោបល់ និងការវាយតម្លៃរបស់អ្នក​ទេសចរណ៍​រាប់លាននាក់ បន្ទាប់ពីពួកគេបានធ្វើដំណើរ ទៅកាន់តំបន់ទេសចរណ៍គ្រប់ទិសទីទាំងអស់ ក្នុងពិភពលេោក​កាល​ពីឆ្នាំ២០១៣កន្លងមក។ គេហទំព័រដ៏ធំមួយនេះ ដែលមានទីស្នាក់ការកណ្ដាលនៅក្រុង ញ៉ូតុន (រដ្ឋម៉ាស្សាឈូសេត, អាមេរិក) បានបញ្ជាក់ថា យោបល់និងការវាយតម្លៃនោះ បានធ្វើទៅលើ​គុណភាព​សណ្ឋាគារ ការទាក់ទាញ ចំណី​អាហារ និងគុណភាពនៃការទទួលភ្ញៀវ តែមិនបានឈរ​ទៅលើចំនួន​អ្នកទេសចរណ៍ពិតប្រាកដ ដែលចូលទៅកាន់​តំបន់ទាំងនោះទេ។

នៅទ្វីបអាស៊ី ប្រាសាទអង្គរ​វត្ត នៅក្នុងខេត្តសៀមរាប ស្ថិតក្នុងចំណោមទិសដៅទាំងប្រាំ ដែលគេចង់ទៅលេង ក្នុង​នោះ រដ្ឋធានីប៉េកាំង (ចិន) ជាប់លេខ៤ រដ្ឋធានីហាណូយ (វៀតណាម) ជាប់លេខ៨ និងក្រុងសៀងហៃ (ចិន) ជាប់​លេខ១០។

សូមទស្សនារូបភាព នៃចំណាតថ្នាក់ទាំង១០នេះ ដែលសូមរាយពីលេខ១០ ចុះទៅលេខ១ ដូចតទៅ៖

១០.ទីក្រុង សៀងហៃ (ប្រទេសចិន)៖

៩. ក្រុងសៀមរាប - អង្គរវត្ត (ប្រទេសកម្ពុជា)៖

៨. រដ្ឋធានីហូណូយ (ប្រទេសវៀតណាម)៖

៧. រដ្ឋធានីប៉ារីស (ប្រទេសបារាំង)៖



៦. ទីក្រុង ម៉ារ៉សគេឆ (ប្រទេសម៉ារ៉ុក)៖

៥. រដ្ឋធានីប្រាក (ប្រទេសឆែក)៖

៤. រដ្ឋធានីប៉េកាំង (ប្រទេសចិន)៖

៣. រាជធានីឡុងដ៍ (ប្រទេសអង់គ្លេស)៖

២. រដ្ឋធានី រ៉ូម (ប្រទេសអ៊ីតាលី)៖

១. ក្រុងអ៊ីស្តាំប៊ូល (ប្រទេសទួគីរ)៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់