ឆ្នាំង​សាក​ថ្ម​ថោក បាន​ផ្ដាច់​ជីវិត​ម្ចាស់​ទូរស័ព្ទ ពេល​កំពុង​ទូរស័ព្ទ

រឿងដែលអ្នកធ្លាប់តែឮគេនិយាយ និងផ្សាយតាមបណ្ដាញហ្វេសប៊ុក ឥឡូវនេះ បានកើតមានពិតប្រាកដ។ ស្ត្រី​មួយ​រូប ដែលទើបនឹងក្លាយជាម្ដាយ នៅក្នុងគ្រួសារមួយ ត្រូវបានគេរកឃើញស្លាប់ ដោយឆេះមួយចំហៀងមុខ ក្នុង​លំនៅ​ដ្ឋានរបស់ខ្លួន ស្ថិតនៅក្រុង ហ្គូសហ្វ័ដ (Gosford) នៃប្រទេសអូស្ត្រាលី។ ការវិភាគភិនភាគដំបូងបានឲ្យដឹងថា នាង​ត្រូវបានអគ្គិសនី«ឆក់» នៅក្នុងពេលដែលនាងកំពុងទូរស័ព្ទ ទៅកាន់មិត្តស្រីមួយរូប។
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 06, 2014
  • ប្រធានបទ:
  • អាន និងបញ្ចេញយោបល់

រឿងដែលអ្នកធ្លាប់តែឮគេនិយាយ និងផ្សាយតាមបណ្ដាញហ្វេសប៊ុក ឥឡូវនេះ បានកើតមានពិតប្រាកដ។ ស្ត្រី​មួយ​រូប ដែលទើបនឹងក្លាយជាម្ដាយ នៅក្នុងគ្រួសារមួយ ត្រូវបានគេរកឃើញស្លាប់ ដោយឆេះមួយចំហៀងមុខ ក្នុង​លំនៅ​ដ្ឋាន​របស់ខ្លួន ស្ថិតនៅក្រុង ហ្គូសហ្វ័ដ (Gosford) នៃប្រទេសអូស្ត្រាលី។ ការវិភាគភិនភាគដំបូងបានឲ្យដឹងថា នាង​ត្រូវ​បាន«ឆក់»ដោយអគ្គិសនី នៅក្នុងពេលដែលនាងកំពុងទូរស័ព្ទ ទៅកាន់មិត្តស្រីមួយរូប។


នាងសេរីស ថតនៅឆ្នេរសមុទ្រ មុនពេលកើតហេតុការណ៍។ (រូបថតផ្តិតពីវីដេអូ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ស្លាប់នឹងទូរស័ព្ទ - ហេតុការណ៍ដែលអ្នកធ្លាប់តែឃើញ តាមរូបភាពឬដំណកស្រង់ផ្សេងៗ តាមបណ្ដាញ​អាំងធើណែត ឬបណ្ដាញសង្គមនោះ បានកើតមានមែននៅក្នុងប្រទេសអូស្ត្រាលី។ ហេតុការណ៍នេះ ត្រូវបាន​សារព័ត៌មានក្នុងប្រទេសអូស្ត្រាលី យកមកធ្វើសេចក្ដីរាយការណ៍ យ៉ាងព្រោងព្រាត បង្កឲ្យមានការភ្ញាក់ផ្អើល​ដ៏​ខ្លាំងមួយ កាលពីសប្ដាហ៍កន្លងទៅនេះ។ នាង សេរីល អេ (Sheryl A.) ដែលមានបុត្រពីរនាក់ ត្រូវបាន​សម្លាប់នៅ​ពេលដែលនាង កំពុងទូរស័ព្ទទៅកាន់មិត្តស្រីរបស់នាង។ ប្រដាប់បញ្ចូលថ្មទូរស័ព្ទ ឬឆ្នាំងសាក ដែលគ្មានយីហោ​ត្រឹមត្រូវ ហើយបានខូច ទំនងជាមូលហេតុនៃមរណភាពនេះ។

តាមពិតទៅ មរណភាពនេះ បានកើតឡើងតាំងពីខែមេសាមកម្លេះ តែអាជ្ញាធរនៃប្រទេសអូស្ត្រាលី ទើបនឹងបញ្ចេញ​ហេតុការណ៍នេះ មកផ្សាយជាសាធារណៈ កាលពីសប្ដាហ៍មុន ក៏ព្រោះតែមានគោលបំណងចង់ ពញ៉ាក់អារម្មណ៍​អ្នកទិញឆ្នាំងសាកបញ្ជូលថ្ម ដែលមានតម្លៃថោកៗ តែមិនស្របតាមបច្ចេកទេស ឲ្យដឹងពីទំហំនៃគ្រោះថ្នាក់។

នៅមុនហេតុការណ៍កើតឡើង នាង សេរីល អាយុ២៨ឆ្នាំ ដែលជាគ្រូពេទ្យជាតិហ្វីលីពីនម្នាក់នោះ ទើបនឹង​ទទួល​បានលិខិតស្នាមរស់នៅ ក្នុងប្រទេសអូស្ត្រាលី។ ស្វាមីរបស់នាង និងកូនទាំងពីរនាក់ទៀតរបស់នាង ត្រៀមនឹង​ទៅ​រស់នៅក្នុងក្រុង ហ្គូសហ្វ័ដ ជាមួយនាង។ ប៉ុន្តែទីបំផុតទៅ គឺក្រុមនគរបាលទេ ដែលបានទៅរកឃើញ​សាកសព​របស់នាងមុនគេ ដោយមានពាក់កាសស្ដាប់នឹងត្រជៀក និងមានទូរស័ព្ទកាន់ជាប់នឹងដៃ។ ទូរស័ព្ទនេះ មានដោត​ជាប់នឹងឆ្នាំងសាកបញ្ចូលថ្ម ដោយប្រើបច្ចេកវិទ្យា យូអេសប៊ី (usb)។

ស្វាមីរបស់នាង បានពន្យល់ប្រាប់សារព័ត៌មានរបស់ប្រទេសអូស្ត្រាលី ដេល្លី តេលេគ្រាហ្វ៍ (Daily Telegraph) ថានាងកំពុងទូរស័ព្ទទៅរកមិត្តស្រីរបស់នាងម្នាក់ នៅក្រុងឌុយប៊ៃ ប្រទេសអារ៉ាប់រួម ហើយនាង​ត្រូវបាន​«ឆក់»​ដោយកម្លាំងអគ្គិសនីដ៏ខ្លាំងមួយ។ ចរន្ដភ្លើងដែលមានកម្លាំង២៤០វ៉ុល បានឆេះកម្ទេចដើមទ្រូង និងត្រជៀកទាំង​សងខាងរបស់នាង។ ការស៊ើបអង្កេតរបស់អាជ្ញាធរអូស្ត្រាលី បានកំពុងបន្តធ្វើនៅឡើយ។ ប៉ុន្តែសហគ្រាស​ដែល​បានលក់ឆ្នាំងសាកនេះ ទំនងជាត្រូវបានក្រុមអ្នកស៊ើបអង្កេតរកឃើញហើយ ថាមានទីតាំងនៅក្នុងក្រុងស៊ីដនី។ ក្រុមអ្នកគ្រប់គ្រងសហគ្រាស អាចនឹងជាប់ទោសរហូតដល់ ២ឆ្នាំក្នុងពន្ធនាគារ និងបង់ការផាកពិន័យប្រមាណជា ៨៧៥ ០០០ដុល្លា៕

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកវិញនៅក្នុងអត្ថបទក្រោយរបស់ខ្លួន ដើម្បីជម្រាបជូនថា តើត្រូវធ្វើ​យ៉ាង​ណា ដើម្បីការប្រើប្រាស់ទូរស័ព្ទ ប្រកបដោយសុវត្ថិភាព។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments