កម្ពុជា៖ បន្ទាប់ពីគល់ឈើមានសិល្ប៍ ឥឡូវដល់ «ដូងទេព»ម្ដង

មនោរម្យព័ងអាំងហ្វូ សូមលើកយកដើមដូងទិព្វមួយទៀត ដែលអ្នកភូមិមានជំនឿថា មានមហិទ្ធិរិទ្ធអាចព្យាបាលជំងឺ យ៉ាងសាកសិទ្ធ ហើយពីដំបូងឡើយ គឺវាបានព្យាបាលម្ចាស់របស់វាតែម្ដង។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: August 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើមដូងដ៏ចំលែក ទំនងជាអាចផ្ដល់វេទមន្ដ ដែលបានព្យាបាលជំងឺតម្កាត់ទាំងឡាយ អោយជាសះស្បើយ តែគួរអោយស្ដាយ ដូងទេពនេះ មិនបានផ្ដល់ជាលេខឆ្នោត ឬ«កន្ទុយលេខ» ដែលនឹងអាចទាក់ទាញហ្វូងមនុស្ស ដូចជាគល់ឈើមានសិល្ប៍ លើកមុន នោះឡើយ។


ដើមដូងទេព មានគល់១៨។ រូបថត ភ្នំពេញប៉ុស្ដ៍

និយាយអោយមែនទែនទៅ នៅកម្ពុជា បើគេចាត់ទុកថា រុក្ខជាតិនោះ អាចមានសិល្ប៍ មហិទ្ធិរិទ្ធអ្វីមួយ ទោះជារុក្ខជាតិនោះ មានសភាពយ៉ាងដូចម្ដេចក៏ដោយ ក៏គេនាំគ្នាទៅគោរពបូជាដែរ។ កាលពីខែកក្កដាកន្លងទៅ មនោរម្យព័ងអាំងហ្វូ បានចុះ ផ្សាយម្ដងរួចទៅហើយ អំពីគល់ឈើមានសិល្ប៍ មួយនៅខេត្តពោធិ៍សាត់ ដែលអាចបញ្ចេញមហិទ្ធិរិទ្ធបានជាច្រើន ដូចជា អាចព្យាបាលជំងឺអោយជាសះស្បើយ អាចផ្ដល់ជាកន្ទុយលេខ ដើម្បីយកទៅចាក់ឆ្នោតឡូតូបានថែមទៀត។ ប៉ុន្ដែក្នុង អត្ថបទលើកនេះ មនោរម្យព័ងអាំងហ្វូ សូមលើកយកដើមដូងទេពមួយទៀត ដែលអ្នកភូមិមានជំនឿថា មានមហិទ្ធិរិទ្ធអាច ព្យាបាលជំងឺ យ៉ាងសាកសិទ្ធ ហើយពីដំបូងឡើយ គឺវាបានព្យាបាលម្ចាស់របស់វាតែម្ដង។ ដើមដូងទេពនេះ មានលក្ខណៈ ជាកូនដើមដូង ដែលមានគល់ចំនួន១៨ ដុះក្នុងទីធ្លានៃភូមិមួយ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពី ប្រាសាទបន្ទាយឆ្មារ របស់ខ្មែរ សង់កាលពីសតវត្ស ទី១២ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នោះទេ។

ម្ចាស់ដី ឈ្មោះ  សរ យក់ អាយុ៧៥ឆ្នាំ មានជំងឺពិការអវះយវះ ដើរមិនរួច តាំងពី៣ឆ្នាំកន្លងមកហើយ។ គាត់អាចធ្វើដំណើរ ទៅណាមកណាបាន គឺដោយសារតែ មានជំនួយពីឈើច្រត់របស់គាត់ និងកិលនៅលើដីតែប៉ុណ្ណោះ។ គាត់បានចំណាយ ពេល១ថ្ងៃក្នុងការរៀបចំសែនព្រេន សំពះដើមដូងរបសគាត់ដែលដុះនៅក្នុងទីធ្លាផ្ទះរបស់គាត់ ហើយតាំងពីពេលនោះមក គាត់ចាប់ផ្ដើមងើបដើរ ដោយមិនមានជំនួយពីឈើច្រត់ទៀតទេ។ លោកបានពន្យល់ប្រាប់កាសែតក្នុងស្រុក ភ្នំពេញប៉ុស្ត៍ ថា «មានគ្រូទាយចេះតែប្រាប់ខ្ញុំថា ត្រូវសែនថ្វាយដើមដូងនេះ នូវចំណីអាហារ ទានធូប និងប្រាក់កាក់ ដើម្បីទទួលបាន នូវ មហិទ្ធិរិទ្ធក្នុងការព្យាបាលជំំងឺ។» លោកបន្ថែមថា «ឥឡូវនេះ ខ្ញុំអាចដើរបាន និងញ៉ាំបានច្រើន។ ឥឡូវនេះ មិនដូចមុនទេ គិតចាប់តាំងពីពេលដែលខ្ញុំសំពះសែន ដើមដូងនេះរួចមក។ »

ដីដែលមានដើមដូងដុះពីលើនេះ បានក្លាយជាទីសក្ការះ នៅពេលមានព្រះសង្ឃជាច្រើនអង្គ ដែលគង់នៅវត្តមួយក្បែរនោះ បាននិមន្ដមកប្រោះព្រំអោយធម៌។ ទីធ្លាដែលមិនធំប៉ុន្មាន នៅជុំវិញកូនដូងនេះ  បានពេញប្រៀប ដោយហ្វូងមនុស្ស និងអ្នកជំងឺ ដែលចូលខ្លួនមកបន់ស្រន់ និងរងចាំ ការសំដែងរិទ្ធរបស់ «ដូងទេព»។

លោកមេភូមិ នៅទីនោះ លោក វ៉ាន់ សំអូន លោកមិនបានគិតថា វាជាការបំភ័នភ្នែកនោះទេ តែលោកក៏មិនចង់លើកទឹកចិត្ត អោយបណ្ដាជន ត្រូវធ្វើទំនុកចិត្ត ជឿជាក់ទៅលើដើមឈើរបៀបនេះដែរ។ លោកបញ្ជាក់ប្រាប់កាសែតដដែលថា «ជាសិទ្ធិ របស់ពួកគាត់ ក្នុងជំនឿទៅលើព្រលឹងបែបនេះ។​ ខ្ញុំមិនអាចហាមឃាត់ពួកគេបានឡើយ។»

នៅប្រទេសកម្ពូជា ជំនឿ​ទៅលើអរូបី នៅតែដិតដាមជាប់ជានិច្ច នៅក្នុងសន្ដានចិត្តរបស់ប្រជារាស្រ្តខ្មែរ ជាពិសេសទៅលើ វត្ថុ ឬសត្វអ្វីមួយ ដែលមានលក្ខណៈខុសពីធម្មជាតិ។ នៅក្នុងករណីដើមដូងទេពនេះ បណ្ដាជនដែលបានមកបន់ស្រន់ សុទ្ធសឹងជាបណ្ដាជន ដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកខ្លះទៀតមានជីវភាពក្រលំបាក មិនអាចមានលទ្ធភាព អាចនឹងមើល ព្យាបាលជំងឺបាន។

គេបានលើកជាសំនួរថា ចុះបើប្រទេសកម្ពុជា មានសេវាពេទ្យមួយដែលល្អ និងពូកែ ទទួលព្យាបាល ដោយមិនរើសមុខ និងមិនរើសធនធានទ្រព្យសម្បតិ្ត តើបណ្ដាជនដែលជាអ្នកជំងឺទាំងនោះ នៅតែមានជំនឿស៊ប់ដដែល ទៅរូបភាពអរូបី បែបនេះ ឬយ៉ាងណា?

--------------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...