ផ្សារទំនើប អេអនម៉ល មនុស្ស​ម្នា​ភ្លូក​ទឹក​ភ្លូក​ដី នាំ​គ្នា​ទៅ​មើល

មិនទាន់ទាំងសម្ភោធជាផ្លូវការផង ផ្សារទំនើប អេអន ម៉ល បានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាជាខ្លាំង ដូចជាកាលពីចុងសប្ដាហ៍កន្លងទៅនេះ មនុស្សបានភ្លូកទឹកភ្លូកដីបាននាំគ្នាទៅមើល ដោយសារល្បីថា ផ្សារទំនើប​មួយនេះកំពុងក្លាយជាមជ្ឈមណ្ឌល លក់ទំនិញ (Shopping) ដ៏ទំនើបបំផុត ប្រមូលផ្ដុំដោយហាងឥវ៉ាន់ រោងភាពយន្ត​លំដាប់​អន្តរជាតិដ៏ប្រណិតគ្មានពីរ និងអាហារល្បីៗ។

មិនទាន់ទាំងសម្ភោធជាផ្លូវការផង ផ្សារទំនើប អេអន ម៉ល បានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាជាខ្លាំង ដូចជាកាលពីចុងសប្ដាហ៍កន្លងទៅនេះ មនុស្សបានភ្លូកទឹកភ្លូកដីបាននាំគ្នាទៅមើល ដោយសារល្បីថា ផ្សារទំនើប​មួយនេះកំពុងក្លាយជាមជ្ឈមណ្ឌល លក់ទំនិញ (Shopping) ដ៏ទំនើបបំផុត ប្រមូលផ្ដុំដោយហាងឥវ៉ាន់ រោងភាពយន្ត​លំដាប់​អន្តរជាតិដ៏ប្រណិតគ្មានពីរ និងអាហារល្បីៗ។


ផ្សារទំនើប អេអនម៉ល មើលនៅខាងក្នុង។ (រូបថត MONOROOM.info/ O. Vary)

ផ្សារទំនើប - ផ្សារទំនើប អេអន ម៉ល (AEON Mall) បាននឹងកំពុងបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រជាជន​នៅ​ភ្នំពេញ។ ផ្សារទំនើបស្ដង់ដារអន្តរជាតិមួយនេះ នឹងសម្ពោធផ្លូវការនៅថ្ងៃទី៣០មិថុនាខាងមុខ។ ប៉ុន្តែគ្រាន់តែបើក​ដំណើរការ ជាបបណ្ដោះអាសន្នប៉ុន្មានថ្ងៃដំបូងប៉ុណ្ណោះ តែមានមនុស្សដ៏ច្រើនភ្លូកទឹកភ្លូកដី សម្រុកទៅកាន់ទីនោះ។

បើតាមបុគ្គលិកផ្នែកបំរើអតិថិជន ក្នុងផ្សារទំនើបមួយនេះ ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវសុធារស ជាប់ទូត រុស្ស៊ីនោះ បានប្រាប់ឱ្យដឹងថា ក្នុងពេលបើកសាកល្បងប៉ុន្មានថ្ងៃនេះឃើញថា មានមនុស្សគ្រប់វ័យចាប់អារម្មណ៍ ទៅ​ទស្សនា ដោយសារតែវាជាផ្សារទំនើបលំដាប់អន្តរជាតិ និងធំជាងគេនៅក្នុងស្រុកខ្មែរ។ ជាងនេះទៅទៀត លក្ខណៈ​ពិសេសរបស់ផ្សារនេះ គឺទំនិញសុទ្ធតែមានគុណភាពខ្ពស់ ដែលមានយីហោ និងនាំចូលពីប្រទេសធំៗ​មួយ​ចំនួន​ដូច​ជាអាមេរិក តៃវ៉ាន់ អ៊ីតាលី អូស្រ្តាលី ហុងកុង សឹង្ហបុរី ចិន និងជប៉ុនជាដើម។ រីឯកន្លែងកំសាន្តវិញ ដូចជា​រោង​ភាពយន្ដ កន្លែងជិះស្គីទឹកកកជាដើម មានទំហំទូលាយជាងកន្លែងផ្សេងៗទាំងអស់។ បុគ្គលិករូបនោះ បាន​បន្ត​ថា៖ «ខ្ញុំឃើញ​មួយរយៈហ្នឹង ឃើញគាត់ដើរមើលគ្រប់កន្លែងទាំងអស់ មិនច្បាស់លាស់ថា កន្លែងណាមួយឱ្យ​ច្បាស់​នោះទេ ដូច​កន្លែង​កំសាន្ត ហាងទំនិញ និងកន្លែងញ៉ាំអី»។

ចំណែកលោក សុវណ្ណ ដែលបានទៅទស្សនាផ្សារទំនើបនេះដែរ បាននិយាយថា លោកមកទីនេះ ដោយសារល្បីតាម​គ្នាថាផ្សារនេះ ទំនើប​ជាង​ផ្សារនានាទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ព្រោះការវិនិយោគទុនមានកម្រិតខ្ពស់​រហូតដល់ ២០០លានដុល្លា។ ចំពោះទិដ្ឋភាពខាងក្នុងផ្សារវិញ ពលរដ្ឋរូបនេះ បាននិយាយថា ផ្សារនេះ​មើលទៅមានការរៀបចំ​តាម​បែប​ជប៉ុន ប៉ុន្តែគ្រាន់ទំនិញភាគច្រើនសុទ្ធតែថ្លៃៗ ទាល់លំដាប់គ្រួសារអភិជនតែប៉ុណ្ណោះ ទើបមានលទ្ធភាព​ទិញ។ លោកព្រលយមាត់ថា៖ «កុំថាឡើយអ្នកក្រ សូម្បីតែអ្នកដែលមានជីវភាពមធ្យម ក៏បានត្រឹមតែដើរមើលដែរ។ សូម្បីតែកន្លែងសម្រាប់ក្មេងលេង អ្នកខ្លះគ្មានលទ្ធភាពឱ្យកូនចូលលេងផង»។

រីឯនៅលើបណ្តាញហ្វេសប៊ុកវិញ អ្នកបានទៅទស្សនា សុទ្ធតែសរសើរពីផ្សារទំនើបនេះថា ឡួយទំនើបអស្ចារ្យ ទីតាំង​ខាងក្នុងទូលំទូលាយល្វឹងល្វើយ។ បន្ទាប់ពីបានត្រឡប់មកវិញ យុវតីម្នាក់បាន​សរសេរ​លើ​ទំព័រហ្វេសប៊ុកខ្លួនថា៖ «មនុស្សម្នាក់ៗនាំគ្នាទៅកំសាន្ត និងទិញ របស់ភ្លុកទឹកភ្លុកដី ខ្លះយកទាំងកូនពីរបីខែ មកជាមួយ ចាស់ក្មេង ប្រុស​ស្រីទៅគ្មានរំលងវ័យណាឡើយ»។

ខុសពីមនុស្សមួយចំនួន ដែលសរសើរពីទិដ្ឋភាពនៅក្នុងផ្សារនេះ យុវតីរូបនេះបានសរសេររិះគន់ថា៖ «មិនដឹងខុស​បច្ចេកទេសឬយ៉ាងណា ចំណតស្ទះ ស្ទើរសឹងដកខ្លួនមិនរួច ជណ្តើរយន្តមានត្រឹមម្ខាង មិនមានជណ្តើរឡើងធម្មតា បន្ទប់ទឹកក៏មិនគ្រប់គ្រាន់ គ្រាន់តែចង់ បត់ជើងតូច ក៏ត្រូវតំរង់ជួរគ្នាចូលដែរ។ តើវាជាវប្បធម៌ឬយ៉ាងណា អោយតែ មានអ្វីថ្មី នាំគ្នាជ្រួលជ្រើមទៅមើល? ហាហា ក្នុង ចំណោមនោះ រួមទាំងខ្ញុំដែរ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments