សម្លេង​ពីរ​ភាគ​បី ជា​​កត្តា​​គន្លឹះ​ក្នុង​កំណែ​ទម្រង់​នៃ​ការ​បោះឆ្នោត

ក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរ បានសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយ លើការកំណែទម្រង់​ការបោះឆ្នោត តែឧបសគ្គស្នូល បានរំលេចឲ្យឃើញពីការខ្វែងគំនិតជាគ្នាជាថ្មី ព្រោះក្រុមការងារបច្ចេកទេស​ខាង​គណបក្សសង្រ្គោះជាតិ ទាមទារសំឡេងចំនួនពីរភាគបី រីឯក្រុមការងារបច្ចេកទេស ខាងគណបក្សប្រជាជនកម្ពុជា ទាមទារសំឡេងហាសិបបូកមួយ ដើម្បីអនុម័ត សមាសភាព សមាជិកគណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប)។
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 12, 2014
  • ប្រធានបទ:
  • អាន និងបញ្ចេញយោបល់

ក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរ បានសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយ លើការកំណែទម្រង់​ការបោះឆ្នោត តែឧបសគ្គស្នូល បានរំលេចឲ្យឃើញពីការខ្វែងគំនិតជាគ្នាជាថ្មី ព្រោះក្រុមការងារបច្ចេកទេស​ខាង​គណបក្សសង្រ្គោះជាតិ ទាមទារសំឡេងចំនួនពីរភាគបី រីឯក្រុមការងារបច្ចេកទេស ខាងគណបក្សប្រជាជនកម្ពុជា ទាមទារសំឡេងហាសិបបូកមួយ ដើម្បីអនុម័ត សមាសភាព សមាជិកគណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប)។


លោក ព្រំ សុខា ប្រធានក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ U. Bory)

គ.ជ.ប - លោក ព្រំ សុខា ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា បានអះអាងថាគណបក្ស​ប្រជាជនកម្ពុជា បានធ្វើសម្បទានច្រើនណាស់ ចំពោះដំណោះស្រាយនយោបាយ ហើយថាចុងក្រោយនេះគណបក្ស​ប្រជាជនកម្ពុជា ថែមទាំងធ្វើតាមសំណើ របស់គណបក្សសង្រ្គោះជាតិ ដោយឯកភាពឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទំនងជាចែងនៅជំពូកទី១៥ថ្មី នៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឲ្យមានបញ្ញត្តិ អំពីអង្គការរៀបចំការបោះឆ្នោត។

តែលោក គួយ ប៊ុនរឿន ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សសង្រ្គោះជាតិ ក្រោយជំនួបជាមួយក្រុមការងារ​បច្ចេកទេស ខាងគណបក្សប្រជាជនកម្ពុជា នៅវិមានព្រឹទ្ធសភា ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ បាន ថ្លែងប្រាប់អ្នក​សារព័ត៌មានថា ភាពទន់ខ្សោយ និងការខ្វះភាពជឿទុកចិត្ត លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  បានជំរុញ​ឲ្យមានភាពជាប់គាំងផ្នែកនយោបាយ ដែលកើតចេញពីការបោះឆ្នោត ក្រោយការបោះឆ្នោត ជាច្រើនអាណត្តិ។

ប្រធានក្រុមការងារបច្ចេកទេស របស់គណបក្សប្រឆាំងរូបនេះ បានសង្កត់ធ្ងន់ថា៖ «យើងចង់ឲ្យស្ថាប័នរៀបចំ​ការ​បោះឆ្នោតនៅកម្ពុជា ឯករាជ្យពិតប្រាកដ មានអំណាចពិតប្រាកដ ហើយមានលទ្ធភាពពិតប្រាកដ។ (...) អញ្ចឹង​ហើយ​បានទាមទារឲ្យគណបក្ស ដែលមានតំណាងប្រជាពលរដ្ឋ នៅក្នុងសភាជជែកគ្នាឲ្យបានគត់ហ្មត់ ដើម្បីយើងរៀបចំឲ្យ​បាន​ល្អប្រសើរទៅថ្ងៃអនាគត។»

លោក យ៉ែម បុញ្ញប្ញទ្ឋិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ នេះថា យោងលើស្មារតីរបស់ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ ធ្លាប់បានសម្រេចថា យកសំឡេង«ឯកឆ័ន្ទ» នៅក្នុងដំណើការកំណែទម្រង់ការបោះឆ្នោត។ លោកយ៉ែម បុញ្ញប្ញទ្ឋិ ពន្យល់ថា៖ «ខ្ញុំគិតថា អាចយល់ពី សំឡេង ឯកឆ័ន្ទបានហើយ។ ដូច្នេះពីរភាគបីហ្នឹង ជាកម្រិតមួយតូចជាង​ឯកឆ័នផង។ តែវាមិនមែនជារឿងផ្ទុយគ្នាទេ គ្រាន់តែយើងកំពុងពិនិត្យ លើជំពូកទី១៥ថ្មី។»

តែសម្រាប់លោក ព្រំ សុខា ប្រធានក្រុមការងារបច្ចេកទេស ខាងគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជាបទ​ពិសោធន ការសម្រេចយកសំឡេងពីរភាគបី បានបង្កភាពស្មុគស្មាញ ដល់ការសម្រេចចិត្ត និងជំរុញឲ្យមានភាព​ជាប់គាំង ដល់ការបង្កើតរដ្ឋាភិបាល ដូចមុនឆ្នាំ២០០៦។

លោក ព្រំ សុខា ដែលទំនងជាបដិសេធសំឡេងពីរភាគបី ដែលស្នើឡើងដោយគណបក្សសង្រ្គោះជាតិ បានអះអាង ថាសំឡេងពីរភាគបី មិនត្រឹមតែធ្វើឲ្យជាប់គាំងដល់ការបង្កើត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នោះទេ តែ​វាក៏អាចបណ្តាលឲ្យមានភាពជាប់គាំង ផ្នែកនយោបាយផងដែរ។ ប្រធានក្រុមការងារបច្ចេកទេស ខាងគណបក្ស​ប្រជាជនកម្ពុជា រូបនេះ បញ្ជាក់ថា៖ «បើសំឡេងពីរភាគបីល្អទៅ ធ្វើ តែ(នេះ)សំឡេងពីរភាគបី ធ្វើឲ្យជាប់គាំង៕»


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments