ក្រុមចរចា ផ្តើម​លម្អិត​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ស្អែក

ក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នាជាថ្មីថា នឹងជួប​ជជែកគ្នាលម្អិត លើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។

ក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នាជាថ្មីថា នឹងជួប​ជជែកគ្នាលម្អិត លើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)

ការបោះឆ្នោត - ការបង្ហាញភ្លើងខៀវរបស់នាយករដ្ឋមន្ត្រី និងអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន ឯកភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដាក់ស្ថាប័ន (គ.ជ.ប) ជាស្ថាប័នធម្មនុញ្ញ និងព្រលយឲ្យគណបក្សសង្រ្គោះជាតិ អាចបង្កើតស្ថានីយទូរទស្សន៍ បានផ្តល់ឱកាសជាថ្មី ដល់ក្រុមការបច្ចេកទេសរបស់គណបក្សទាំងពីរ ដើម្បីជួបជជែក​គ្នា លម្អិតទាក់ទងនឹងសំណុំរឿងទាំងនោះ។

មន្រ្តីអ្នកនាំពាក្សគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ២០១៤ នេះថា នៅម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ក្រុមការងារបច្ចេកទេសរបស់​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នឹងជួបជជែកគ្នាជាផ្លូវការនៅវិមានព្រឹទ្ធសភា។ លោក យ៉ែម បុញ្ញឬទ្ធិ បានលើកហេតុផលថា៖ «ដោយមានព័ត៌មានពីគណបក្សប្រជាជនថា គាត់ឯកភាព ដាក់ស្ថាប័នជាតិរៀបចំ​ការ​បោះ​ឆ្នោត ក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះយើងនឹងសិក្សាលម្អិត ពីវិសោធនកម្ម។»

ការជួបនេះមានសមាសភាពប្រាំមួយរូប បីរូបមកពីគណបក្សសង្គ្រោះជាតិ មានលោក សុន ឆ័យ លោក គុយ ប៊ុនរឿន និងលោក ញ៉ែម ប៉ុញ្ញារិទ្ធ និងបីទៀតពីគណបក្សប្រជាជនកម្ពុជា មានលោក ព្រំ សុខា លោកកើត ឆែ និងលោក សក់ សេដ្ឋា។

បន្ទាប់ពីវិបត្តិនយោបាយកម្ពុជា បន្តអូសបន្លាយជិតមួយឆ្នាំ បើគិតចាប់ពីការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០១៣​មក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្នុងពេលចុងក្រោយនេះ ហាក់ដូចជាមានជំហរនយោបាយ​ត្រូវគ្នាច្រើន ពិសេសលើការកែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រព័ន្ធផ្សព្វផ្សាយ​ជា​ដើម។

តែចំណុចគន្លឹះ គឺការកំណត់ពេលបោះឆ្នោត ដើម្បីឈានទៅបញ្ចប់វិបត្តិនយោបាយទាំងស្រុង ត្រូវបានគេមើល​ឃើញ​ថា​គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរបដិសេធដាច់ខាត។ ដោយសំអាងថាជាការ រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ បានបញ្ជាក់ថាគ្មាន​ការបោះឆ្នោតឡើងវិញ មុនការបញ្ចប់អាណត្តិនោះទេ ការបោះឆ្នោតចាំបាច់ត្រូវរង់ចាំដល់ឆ្នាំ២០១៨។

សម្រាប់លោកយ៉ែម បុញ្ញឬទ្ធិ មន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ជាគណបក្សដែលធ្លាប់ទាមទារ​បោះឆ្នោត​ឡើង​វិញត្រឹមឆ្នាំ២០១៦ ឬ២០១៧ បានបញ្ជាក់ទៀតថា៖ «បើមានការឯកភាពគ្នា លើចំណុចអស់ហ្នឹងហើយ (ការកែ​ទម្រង់) បានថ្នាក់ដឹកនាំកំពូលគាត់ឯកភាពគ្នា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ដូច្នេះវាមានជំហានៗ ហើយជំហាន​ចូលប្រជុំសភា នៅមិនទាន់ចូលរបៀបវារៈ នៅឡើយទេ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments