សង្គមស៊ីវិល៖ បក្ស​ប្រជាជន​​ផ្តល់​សំណូក​ដល់​អ្នក​គាំទ្រ​ តាម​រូបភាព​ថ្មី

ដើមខែមេសានេះគណបក្សប្រជាជនកម្ពុជាកំពុងតែ បើកយុទ្ធនាការជះទឹកប្រាក់ជាង១លានដុល្លារអាមេរិក ដល់សកម្មជនរបស់ខ្លួន ដូចដែលបានគ្រោងទុកកាលពីពាក់កណ្តាលខែកុម្ភៈ។ តែសម្រាប់អង្គការសង្គមស៊ីវិលមួួយចំនួន បានរិះគន់ថា គោលនយោបាយផ្តល់ប្រាក់ មិនមែនជាការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ លើផ្លូវវែងឆ្ងាយទេ តែជាការសណ្តំចិត្តអ្នកគាំទ្រ និងប្រជាពលរដ្ឋ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា ត្រូវការការគាំទ្រពីពួកគេ ជាចាំបាច់។

ដើមខែមេសានេះគណបក្សប្រជាជនកម្ពុជាកំពុងតែ បើកយុទ្ធនាការជះទឹកប្រាក់ជាង១លានដុល្លារអាមេរិក ដល់​សកម្មជនរបស់ខ្លួន ដូចដែលបានគ្រោងទុកកាលពីពាក់កណ្តាលខែកុម្ភៈ។ តែសម្រាប់អង្គការសង្គមស៊ីវិលមួួយចំនួន បានរិះគន់ថា គោលនយោបាយផ្តល់ប្រាក់ មិនមែនជាការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ លើផ្លូវវែងឆ្ងាយទេ តែជា​ការសណ្តំចិត្តអ្នកគាំទ្រ និងពលរដ្ឋ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា ត្រូវការការគាំទ្រពីពួកគេជាចាំ​បាច់។


សកម្មភាពឃោសនារកសម្លេងឆ្នោត របស់យុវជនគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

អំពើពុករលួយ - មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា លោក សន ជ័យ បានអត្ថាធិប្បាយថា វាមិនមែនជាដំណោះស្រាយល្អនោះទេ ការដែលគណបក្សនយោបាយ​មួយកំពុង​គ្រប់គ្រង​ប្រទេស ហើយផ្តល់ប្រាក់បន្តិចបន្តួច ក្នុងកាលៈទេសៈកេងចំណេញ ដល់សកម្មជនខ្លួន ដោយបន្តទុកឲ្យសកម្មជន ឬមន្រ្តីទាំងនោះ រស់នៅក្នុងភាពក្រីក្រ ដោយមិនបានទទួលបា្រក់បៀវត្យសមរម្យ។

លោក សន ជ័យ បានពន្យល់ប្រាប់ទស្សនាវដ្តីមនោម្យ.អាំងហ្វូ នៅថ្ងៃទី០៩ មេសា ថា៖ «យើងចង់ឃើញ គាត់មាន​ប្រាក់បៀវត្យសមរម្យ។ វាអត់មានអីផ្តល់ផលប្រយោជន៍វែងឆ្ងាយ ដល់មន្រ្តីរាជការ ឬអ្នកនយោបាយនៅមូលដ្ឋានទេ ហើយការផ្តល់ឲ្យបែបនេះ វាជារូបភាពមួយ ដូចជាការលួងលោមចិត្ត នៅមុនបោះឆ្នោត ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ខណ្ឌ។ វាជាប្រភេទសំណូកបែបថ្មីមួយ ដែលយើងអាចមើលឃើញ ក្នុងសង្គមមួយ ដែលកំពុងពង្រឹងតម្លាភាព។»

កាលពីពាក់កណ្តាលខែកុម្ភៈ លោក សាយ ឈុំ ប្រធានគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បាន​ចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឲ្យប្រធានគណៈកម្មាធិការគណបក្ស រាជធានី-ខេត្ត ឧបត្ថម្ភ ដល់ សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងម្នាក់ៗ ចំនួន៥០ម៉ឺនរៀល ឬ១២៥ដុល្លារ។

សេចក្តីជូនដំណឹងដដែលនោះ បានឲ្យដឹងទៀតថា ថវិកានោះនឹងត្រូវផ្តល់ឲ្យសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់ គណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៨.២៩២នាក់ ដែលសរុបទៅខ្ទង់​ចំណាយ​ប្រហែលជា ជាង១លានដុល្លារ នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ពោល គឺប្រហែលជា មានរយៈពេលជិត១ខែ មុនការ​បោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែឧសភា។

លោក គល់ បញ្ញា នាយកប្រតិបត្តិ គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel) បានអត្ថាធិប្បាយថា នៅប្រទេសប្រជាធិបតេយ្យ និងមានការអភិវឌ្ឍន៍ខ្លាំង គឺសកម្មជន ឬអ្នកគាំទ្រជាអ្នកផ្តល់ប្រាក់ ក្នុងការទ្រទ្រង់ ដំណើរការរបស់គណបក្ស។ តែនៅកម្ពុជា គណបក្ស ឬមន្រ្តីជាន់ខ្ពស់របស់គណបក្ស ជាអ្នកផ្តល់​ប្រាក់ដល់សកម្មជន និងអ្នកគាំទ្រនៅរដូវបោះឆ្នោតទៅវិញ នោះប្រហែលជាគណបក្សនយោបាយនៅកម្ពុជា «មាន»​ជាងប្រជាពលរដ្ឋ ឬអ្នកគាំទ្រ។

នាយកប្រតិបត្តិរូបនេះបញ្ជាក់ថា៖ «បើផ្តល់ប្រាក់ ក្នុងពេលឃោសនា បោះឆ្នោត ឬពេលបោះឆ្នោត គឺត្រូវបានគេ​ចាត់ទុកថា ទិញសន្លឹកឆ្នោត តែបើសម្រេចថាផ្តល់ និងផ្តល់ ឲ្យមុនពេលឃោសនា គឺមិនមានបញ្ហាអ្វីនោះទេ។ បើឲ្យ​មុនគេ មិនចាត់ទុកថា ទិញសន្លឹកឆ្នោតទេ តែក៏នូវតែមានបញ្ហា ដែរ កាលដែលឲ្យលុយ ជិតដល់ពេលបោះឆ្នោត គ្រាន់តែច្បាប់ មិនអាចចោទប្រកាន់បាន។»

មិនអាចទំនាក់ទំនងមន្ត្រីជាន់ខ្ពស់ ដែលជាអ្នកទទួលខុសត្រូវរបស់គណបក្សប្រជាជន ដើម្បីបកស្រាយបន្ថែម ពីក្នុងករណីនេះបានទេ៕

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ មេសា ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments