រូបភាព​«ដំបូង»​នៃ​ភាពយន្ដ «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ»

រូបភាពដំបូងគេបង្អស់ ដែលទស្សនិកជនរង់ចាំ យ៉ាងអន្ទះសារ ពី​ភាពយន្ត​ «មុន​​ដំបូង ​ខ្មែរ​​ក្រហម​​បាន​​សម្លាប់​ប៉ា​របស់​​ខ្ញុំ» បាន​បង្ហោះ​ចេញ​ឲ្យទស្សនាហើយ។ ជារូបភាព ដែលនិយាយពីបច្ចេកទេសថត គំនិត​គោល​​របស់​សមិទ្ធិករ និង​រូបភាព​ពិសេសៗ​មួយ​ចំនួន។
រូបភាព​«ដំបូង»​នៃ​ភាពយន្ដ «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ»
រូបភាពផ្តិតពីវីដេអូ ដែលបង្ហាញពីរូបភាពមួយចំនួន នៅក្នុងភាពយន្ដ «មុន​ដំបូង​ ខ្មែរ​ក្រហម​បាន​សម្លាប់​ប៉ា​របស់​ខ្ញុំ»។
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី១៤ មករា ២០១៧
  • កែប្រែចុងក្រោយ: January 14, 2017
  • ប្រធានបទ: ភាពយន្ដ
  • អាន និងបញ្ចេញយោបល់

វីដេអូ ដែលផ្តល់ពីរូបភាពដំបូងគេ នៃភាពយន្ដ «មុន​ដំបូង​ ខ្មែរ​ក្រហម​បាន​សម្លាប់​ប៉ា​របស់​ខ្ញុំ (ជា​ភាសា​​អង់គ្លេស First They Killed My Father/ ជាភាសាបារាំង D'abord ils ont tué mon père)» ត្រូវ​បាន​បង្ហោះ នៅ​លើ​ទំព័រ​ផ្លូវការ របស់ភាពយន្ដ នៅបណ្ដាញសង្គមហ្វេសប៊ុក។ នៅក្នុង​វីដេអូ​នោះ គេ​ឃើញ​សមិទ្ធិករ​ភាពយន្ដ​ទាំងពីររូប គឺកំពូលតារាហូលីវូដ នាង អេនជឺលីណា ជូលី (Angelina Jolie) និង​សមិទ្ធិករ​ភាពយន្ដ ​ខ្មែរ-បារាំង លោក ប៉ាន រីទ្ធី បានចេញមកពន្យល់ ពីគំនិតគោល របស់ភាពយន្ដ និង​បាន​ថ្លែង​បញ្ជាក់ ពី​បច្ចេកទេស​ថត រួមទាំង​ការ​ដឹកនាំ​សំដែង ទៅកាន់​តារា​ជនជាតិខ្មែរ​ទាំងអស់ នៅក្នុង​ភាពយន្ដ​នោះផង។

នៅអមនឹងវីដេអូនោះ មានសរសេរពន្យល់ខ្លីប៉ុន្មានឃ្លា ដូច្នេះថា៖

«មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាការចងចាំ ដ៏ឈឺចាប់ របស់​អ្នកនិពន្ធសៀវភៅ និង​សកម្មជន ការពារសិទ្ធមនុស្ស អ្នកស្រី លឿង អុឹង ដែលបានរួចផុតជីវិត ពីរបបខ្មែរ​ក្រហម យ៉ាង​សាហាវ​យង់ឃ្នង នៅ​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ១៩៧៨។ ព្រឹត្តិការណ៍នេះបានកើតឡើង នា​ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច កាលពីអ្នកស្រី​នៅអាយុ ៥ ឆ្នាំ រហូតដល់ ៩ ឆ្នាំ។ ខ្សែ​ភាពយន្ត​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្មារតី​យ៉ាង​មោះមុត និង​ការតស៊ូ​យ៉ាង​ប្តូរផ្តាច់ របស់​គ្រួសារ​អ្នកស្រី លឿង អុឹង ដើម្បី​បានរស់នៅ​ជា​មួយ​គ្នា យ៉ាង​វេទនា អំឡុង​សម័យ​ខ្មែរក្រហម។

ភាពយន្ដនេះ នឹងចេញបញ្ចាំងដំបូងគេ នៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខ នៅក្នុងខេត្តសៀមរាប ទី​កន្លែង​ដែល​ភាពយន្ដ​បាន​ថត។ បន្ទាប់មកភាពយន្ដ នឹងបន្តបញ្ចាំង នៅពាសពេញ​ព្រះរាជា​ណាចក្រ បើ​សូម្បី​នៅ​តាម​វត្តអារាម និង​ទី​ជនបទ​ឆ្ងាយៗ។ នៅក្នុងរោងភាពយន្ដមួយចំនួន ទស្សនិកជន​នឹង​អាច​ចូលរួម​ពិភាក្សាដោយ​ផ្ទាល់ ជាមួយ​នឹង​នាង អេនជឺលីណា ជូលី និងតួសម្ដែងសំខាន់ៗ​ផ្សេងទៀត។

សម្រាប់ទស្សនិកជនទាំងឡាយ នៅក្នុងពិភពលោក (ក្រៅពីប្រទេសកម្ពុជា) ត្រូវ​រង់ចាំ​រយៈ​ពេល​យ៉ាង​ហោច ៧ខែ​​ទៀត ដើម្បី​ទស្សនា​ខ្សែ​ភាយន្ដ​នេះ នៅលើ​គេហទំព័រ «Netflix» ដែល​ផ្ដល់​សេវា​កំសាន្ដ ខាង​ភាពយន្ដ​ និង​វីដេអូ។ គេហទំព័រ​នេះ នឹងដាក់បង្ហោះភាពយន្ដ «មុន​ដំបូង ​ខ្មែរ​ក្រហម​​សម្លាប់​ប៉ា​របស់​ខ្ញុំ» ចាប់​ពី​ថ្ងៃ​ទី១៥ ខែកញ្ញា​​តទៅ តែ​​ទស្សនិកជន​ត្រូវបង់ប្រាក់ (ដូចទិញសំបុត្រ ចូលមើល​ភាពយន្ដ នៅ​តាម​រោង) ដើម្បី​​បាន​​ទស្សនា៕

» រូបភាពដំបូង នៃភាពយន្ដ «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ»



Loading...

អត្ថបទទាក់ទង


មតិ-យោបល់