«ដាក់​គ.ជ.ប ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ» គ្រាន់​ជា​ក្ដីសុបិន្តប៉ុណ្ណោះ?

បើទោះជាការចរចា របស់គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត បានឯកភាពគ្នាលើក្របខ័ណ្ឌ កែទម្រង់​ការ​បោះឆ្នោតជាបន្តបន្ទាប់ក៏ដោយ ក៏ការចរចាក្នុងពេលចុងក្រោយនេះ បានបង្ហាញថាការខ្វែងគំនិតគ្នាជាថ្មី បានកើត​ឡើងជាថ្មីទៀត ដោយសារតែគណៈបក្សសង្រ្គោះជាតិ នៅតែទាមទារដាក់ស្ថាប័នបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ តែ​ការស្នើសុំនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា បន្តបដិសេធយ៉ាងម៉ឺងម៉ាត់។ តើការ«ដាក់ស្ថាប័ន​បោះឆ្នោតទៅក្នុង​រដ្ឋធម្មនុញ្ញ» ដែលជាការលើកឡើងរបស់គណបក្សសង្គ្រោះជាតិនេះ គ្រាន់តែជាក្ដីសុបិន្តប៉ុណ្ណោះឬ?

បើទោះជាការចរចា របស់គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត បានឯកភាពគ្នាលើក្របខ័ណ្ឌ កែទម្រង់​ការ​បោះឆ្នោតជាបន្តបន្ទាប់ក៏ដោយ ក៏ការចរចាក្នុងពេលចុងក្រោយនេះ បានបង្ហាញថាការខ្វែងគំនិតគ្នាជាថ្មី បានកើត​ឡើងជាថ្មីទៀត ដោយសារតែគណៈបក្សសង្រ្គោះជាតិ នៅតែទាមទារដាក់ស្ថាប័នបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ តែ​ការស្នើសុំនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា បន្តបដិសេធយ៉ាងម៉ឺងម៉ាត់។ តើការ«ដាក់ស្ថាប័ន​បោះឆ្នោតទៅក្នុង​រដ្ឋធម្មនុញ្ញ» ដែលជាការលើកឡើងរបស់គណបក្សសង្គ្រោះជាតិនេះ គ្រាន់តែជាក្ដីសុបិន្តប៉ុណ្ណោះឬ?


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លើសពីការមិនចេញសេចក្តីថ្លែងការណ៍រួម ហើយបានធ្វើសន្និសីទកាសែតដាច់​ដោយ​ឡែក​ពីគ្នា លោក សុន ឆ័យ ប្រធានក្រុមការងារច្ចេកទេសរបស់គណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់អ្នក​សារព័ត៌មាន ក្រោយការចរចា នៅវិមានព្រឹទ្ធសភា ថ្ងៃទី២៤ មីនា នេះថា ករណីដាក់ស្ថាប័នបោះឆ្នោត​ទៅក្នុង​រដ្ឋធម្មនុញ្ញ គឺជា​ប្រធានបទអាទិភាព ដែលគណបក្សសង្រ្គោះជាតិ មិនអាចរំលងបាន។

ប្រធានក្រុមការងារច្ចេកទេសខាងគណបក្សជំទាស់ដដែលនេះ បន្តថា ប្រសិនបើការកំណត់អាទិភាព​ស្ថាប័ន​បោះ​ឆ្នោត​នៅបន្តអូសបន្លាយ គណបក្សសង្រ្គោះជាតិ មានការព្រួយបារម្ភពីស្ថាប័នបោះឆ្នោត ។ លោក សុន ឆ័យ បញ្ជាក់​ថា៖ «ការកែទម្រង់ស្ថាប័នបោះឆ្នោតសំខាន់ណាស់ មិនអាចប្រកែកបានជាដាច់ខាត មុនទៅសម្រេចកិច្ចការផ្សេងៗ ហើយបើតំណាងខាងគណបក្សប្រជាជនកម្ពុជា មិនអាចម្រេចបាន ក៏គួរយកបញ្ហាហ្នឹងទៅឲ្យថ្នាក់ដឹកនាំកំពូល របស់​បក្សទាំងពីរសម្រេចទៅ»។

សម្រាប់លោក ប៊ិន ឈិន ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងទៅកាន់​អ្នក​សារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ដាច់ដោយឡែកថា ការដាក់ស្ថាប័នបោះឆ្នោត​ទៅក្នុងរដ្ឋធម្មនុញ្ញ​មិនមែន​ជា​ហេតុផលចាំបាច់ សម្រាប់ក្របខ័ណ្ឌកែទម្រង់ការបោះឆ្នោតនោះទេ ហើយបើស្ថាប័នរៀបចំបោះឆ្នោតថ្មី មិនអាច​ដំណើរការបាន គឺមានតែស្ថាប័នបោះឆ្នោតចាស់ដែលត្រូវបន្តដំណើរការ។

គណបក្សប្រជាជនកម្ពុជា «មិនខ្លាច»កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតទេ

ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា បន្តថាគណបក្សប្រជាជនកម្ពុជា មិនមានការព្រួយ​បារម្ភចំពោះការកែទម្រង់ស្ថាប័នបោះឆ្នោតនោះទេ តែត្រូវកែទម្រង់លើផ្លូវត្រឹមត្រូវ។ លោក ប៊ិន ឈិន ពន្យល់ថា៖ «កុំថាគណបក្សប្រជាជនកម្ពុជា ខ្លាចការកែទម្រង់ស្ថាប័នបោះឆ្នោត មិនខ្លាចទេ។ ឲ្យរៀបទាំងអស់ ប៉ុន្តែរៀបឲ្យ​ដើរ​បាន។ រៀបមកចង មិនមែនចងតែគណបក្សប្រជាជនកម្ពុជាទេ គឺចងប្រទេសកម្ពុជា ឬស្ថាប័នបោះឆ្នោត មិនឲ្យ​ដើរ​បាន។»។

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោកកែម ឡី កន្លងមកបានលើកឡើងថា ការដាក់ស្ថាប័ន​បោះឆ្នោតទៅ​ក្នុង​រដ្ឋធម្មនុញ្ញ មិនមានផលចំណេញដល់គណបក្សនយោបាយណាមួយ នោះទេ ព្រោះនយោបាយមានការប្រែប្រួល តាមរយៈការបោះឆ្នោត ហើយការដាក់ស្ថាប័នបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ គឺបានផ្តល់ផលប្រយោជន៍ពិតប្រាកដ​ដល់ពលរដ្ឋម្ចាស់ឆ្នោត ព្រោះវាធានាបាននៅភាពឯរាជ្យពិតប្រាកដរបស់ស្ថាប័នបោះឆ្នោត។

ទន្ទឹមនឹងនេះអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា ដដែលនេះ ក៏បានអះអាងដែរថា ការចរចារវាងគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សសង្រ្គោះជាតិ គម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំកំពូលឲ្យមានការមូលមាត់គ្នាជាមុនសិន មុននឹង​ឈានទៅដល់ការចរចាផ្នែកបច្ចេកទេស ដែលមានលក្ខណៈស្មុគស្មាញ និងអូសបន្លាយពេលយូរ។ លោកកែម ឡី បន្ថែមថា គណបក្សសង្រ្គោះជាតិ គម្បីចូលប្រជុំសភា ហើយគណបក្សប្រជាជនកម្ពុជា គួរផ្តល់ការសន្យា​បោះឆ្នោត​មុនបញ្ចប់អាណត្តិ ក្រោយការកែទម្រង់ការបោះឆ្នោត៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មីនា ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments