គល់ បញ្ញា៖ បោះ​ឆ្នោត​មេ​ភូមិ កុំ​ឲ្យ​មេ​ភូមិ​ជា​មនុស្ស​របស់​គណបក្ស

នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាលោក គល់ បញ្ញា បាន​លើក​ឡើងថាការបោះឆ្នោតជ្រើសរើសមេភូមិ នឹងនាំឲ្យមេភូមិកែសម្រួលឥរិយាបថ ក្រោមឥទ្ធិពលគណបក្សនយោបាយ ទៅជាមេភូមិដែលបំរើផលប្រយោជន៍ពិតប្រាកដ ដល់ប្រជាពលរដ្ឋ។

នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាលោក គល់ បញ្ញា បាន​លើក​ឡើងថាការបោះឆ្នោតជ្រើសរើសមេភូមិ នឹងនាំឲ្យមេភូមិកែសម្រួលឥរិយាបថ ក្រោមឥទ្ធិពលគណបក្សនយោបាយ ទៅជាមេភូមិដែលបំរើផលប្រយោជន៍ពិតប្រាកដ ដល់ប្រជាពលរដ្ឋ។


ការចូលរួមបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២កន្លងទៅ។

បោះឆ្នោតឃុំសង្កាត់ - គល់ បញ្ញា ដែលជានាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង​យុត្តិធម៌នៅកម្ពុជា បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៨ មីនា ថា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋាភិបាលដែលដាក់ឲ្យអនុវត្តកន្លងមក ហើយមិនទទួលបានប្រសិទ្ធភាពនោះ ក៏ដោយ​សារ​បញ្ហាមួយចំនួន បានបង្កឡើងដោយមេភូមិ។

នាយកប្រតិបត្តិដដែលនេះ បញ្ជាក់ថា៖ «បោះឆ្នោតមេភូមិ កុំឲ្យមេភូមិជាមនុស្សរបស់គណបក្សអី ឲ្យគាត់ជាមនុស្ស​របស់ប្រជាពលរដ្ឋក្នុងភូមិទៅ ព្រោះឥឡូវមេភូមិជារបស់គណបក្សនយោបាយ រើសឡើងតាមរយៈមេឃុំ។ មេភូមិ​បម្រើតែបក្សនយោបាយ មិនសូវបានបម្រើប្រជាពលរដ្ឋ(...)។ ការអនុវត្តតួនាទីរបស់មេភូមិបង្កលក្ខណៈស្មុគស្មាញ ដល់ពលរដ្ឋនៅក្នុងភូមិ អភិបាលកិច្ចមិនល្អ មានការរើសអើងនយោបាយជាដើម។»

ការលើកឡើងរបស់លោក គល់ បញ្ញា បានធ្វើឡើងបន្ទាប់ពីគណៈកម្មការចម្រុះ កែទម្រង់ការបោះឆ្នោតរបស់​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ មីនា បានបន្តសម្រេចឯកភាពគ្នា ១៤ចំណុច​បន្ថែម​​​ទៀត ដើម្បីដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌកែទម្រង់ការបោះឆ្នោត ហើយនៅក្នុងនោះ ក៏មានចំណុចមួយ កំណត់​ពីការបោះឆ្នោតមេភូមិផងដែរ។

ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានថ្លែងប្រាប់អ្នកការសែត ក្រោយ​ការ​ចរចាថ្ងៃទី១៧ មីនា ថា ដល់ពេលហើយដែលប្រទេសកម្ពុជាគួរផ្តល់ឱកាសឲ្យបានច្រើន តាមតែអាចធ្វើបាន ដល់​ប្រជាពលរដ្ឋសម្រេចជ្រើសរើសមេដឹកនាំរបស់ខ្លួន រាប់ចាប់ពីរថ្នាក់កំពូលដល់មូលដ្ឋាន។

លោក សុន ឆ័យ បញ្ជាក់ថា៖ «ការបោះឆ្នោតភូមិគឺជាកត្តាមួយដែលមានសារៈសំខាន់ ហើយអាចធ្វើបានងាយស្រួល (...)។ ជាមូលដ្ឋាននៃលិទ្ធិប្រជាធិបតេយ្យ មិនគម្បីតែតាំងមនុស្សតាមតែបក្សទេ វាគួរតែឲ្យពលរដ្ឋមានសិទ្ធិរើស​មនុស្ស​ដែលមានសមត្ថភាព បម្រើពលរដ្ឋ និងសង្គមនៅមូលដ្ឋាន៕»។

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មីនា ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments