ស្ប៉ត​សែលកាត រើស​អើង​មនុស្ស​ភេទ​ទី​៣ នៅ​តែ​បន្ត​ផ្សាយ

បន្ទាប់ពីមានការទទូច ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឲ្យបញ្ឈប់ការផ្សាយ ហើយក៏មិនមានការឆ្លើយតប​ពីភាគីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល (Mobitel) និងស្ថានីយទូរទស្សន៍មក ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទម៉ូប៊ីថែល ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ នៅតែបន្តផ្សាយនៅលើកញ្ចក់​ទូរទស្សន៍​ រហូត​មកដល់​ពេលនេះ។

បន្ទាប់ពីមានការទទូច ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឲ្យបញ្ឈប់ការផ្សាយ ហើយក៏មិនមានការឆ្លើយតប​ពីភាគីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល (Mobitel) និងស្ថានីយទូរទស្សន៍មក ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទម៉ូប៊ីថែល ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ នៅតែបន្តផ្សាយនៅលើកញ្ចក់​ទូរទស្សន៍​ រហូត​មកដល់​ពេលនេះ។


ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ម៉ូប៊ីថែល នៅតាមបណ្ដោយវិថី ព្រះសីហនុ រាជធានីភ្នំពេញ។ (រូបថត សហការី)

រើសអើង - គិតត្រឹមថ្ងៃទី១៣ ខែមីនា នេះ ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល  របស់​លោក​ឧកញ្ញ៉ា គិត ម៉េង ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ ត្រូវបានគេមើលឃើញថា នៅតែបន្តចាក់ផ្សាយ​លើ​កញ្ចក់ទូរទស្សន៍មួយចំនួននៅឡើយទេ។ ការបន្តផ្សាយនេះ ត្រូវបានមជ្ឈដ្ឋានទូទៅសម្តែងការព្រួយបារម្ភថា វាធ្វើ​ឲ្យប៉ះពាល់ដល់ផ្លូវចិត្ត របស់ក្រុមមនុស្សភេទទី៣ បើទោះជាពួកគេមានចំនួនភាគតិចក្នុងសង្គមក៏ដោយ។

លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានអត្ថាធិប្បាយ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៣ ខែមីនានេះថា បើក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល  នៅតែបន្តផ្សាយស្ប៉តដែលឆ្លុះបញ្ចាំង​ពីការរើសអើង​មនុស្ស​ភេទ​ទី៣ ក្រុមហ៊ុនក៏ត្រូវតែសួរទឹកចិត្តក្រុមមនុស្សភេទទី៣ផងដែរ ថាតើពួកគាត់មានអារម្មណ៍យ៉ាងដូចម្តេច?

ប្រធានអង្គការតម្លាភាពកម្ពុជាដដែលនេះបន្តថា បើគិតទៅលើផ្នែកសិទ្ធិមនុស្ស ស្ប៉តរបស់ក្រុមហ៊ុនប្រព័ន្ធ​ទូរស័ព្ទ​ម៉ូប៊ីថែល ពិតជាមានការរើសដល់ភេទទី៣ប្រាកដមែន ព្រោះបានបង្ហាញពីការខកចិត្ត។ លោក ព្រាប កុល បញ្ជាក់​ថា៖ «ការស្នើសុំរបស់មជ្ឈមណ្ឌសិទ្ធិមនុស្សគឺជារឿងត្រឹមត្រូវ ដូច្នេះក្រុមហ៊ុនម៉ូប៊ីថែល គួរតែ​ពិចារណា​សំណើរហ្នឹង (...)។ បើគាត់គោរពសិទ្ធិមនុស្ស មិនរើសអើង គាត់គួរពិចារណាថតស្ប៉តពាណិជ្ជកម្មថ្មី»។

កាលពីថ្ងៃទី០៥ ខែមីនា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវដល់បណ្តាញស្ថានីយ៍​ទូរទស្សន៍​ទាំង​អស់ បញ្ឈប់ការចាក់ផ្សាយស្ប៉តពាណិជ្ជកម្មយៈពេល៦០វិនាទី ដែលបង្ហាញពីអតិថិជនពីរនាក់ ប្រើប្រាស់ប្រព័ន្ធ​ទូរស័ព្ទ​ខុសគ្នា គឺ ប្រព័ន្ធសែលកាត (Cellcard) របស់ក្រុមហ៊ុនម៉ូប៊ីថែល និងប្រព័ន្ធផ្សេងមួយទៀត។ តែ​ការអំពាវ​នាវ​របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហាក់មិនមានប្រតិកម្មតប ពីមជ្ឈដ្ឋានទាំងនោះ​នៅឡើយ​ រហូត​មកដល់​ពេលនេះ ខណៈស្ប៉តពាណិជ្ជកម្មនោះ នៅតែបន្តចាក់ផ្សាយដូចគ្មានរឿងអ្វីកើតឡើងដូច្នេះ។

ក្នុងស្ប៉តពាណិជ្ជកម្មនោះ បានពិពណ៌នាថា យុវជនម្នាក់ដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទផ្សេងពី សែលកាត បានខក​ចិត្ត​យ៉ាងខ្លាំង នៅពេលដែលខ្លួនណាត់ជួបមនុស្សស្រ្តីដែលខ្លួនស្គាល់ តាមទូរស័ព្ទជាលើកដំបូង ព្រោះនារី​ម្នាក់នោះ ជាមនុស្សភេទទី៣។ ចំណែកយុវជនម្នាក់ទៀត ដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទសែលកាត បានសម្តែង​មោទនភាព​ថា៖ «ខ្ញុំប្រើប្រព័ន្ធសែលកាត ! ដូច្នេះ ខ្ញុំមិនទទួលបានលទ្ធផលខកចិត្តដូចនេះ​ទេ»។ មិនខក​ចិត្តព្រោះនារីដែល​បាន​ណាត់​ជួបនោះ ជាស្រីស្អាតពេញលក្ខណៈ ដោយមិនមែនជាភេទទី៣ នោះទេ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ មីនា ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments