កំណាព្យលោកតា តឹក ផាន រំលឹកបញ្ហាកម្ពុជាពីឆ្នាំ១៩៧៥ ដល់បច្ចុប្បន្ន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 08, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកតា តឹក ផាន បានចាក់ចេញពីស្រុកកំណើរ ពីគ្រួសារ ពីប្រពន្ធកូន ឡើងមកកាន់រាជធានីភ្នំពេញ អស់រយៈពេលជាច្រើនខែកន្លងមកហើយ ជាមួយនឹងការចូលរួម និងរង់ចាំធ្វើបាតុកម្ម ជាបន្តរបន្ទាប់ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរក«សន្លឹកឆ្នោត»របស់លោកតា ដែលបានបាត់បង់ទៅក្រោយការបោះឆ្នោតថ្ងែទី២៨ ខែកកក្កដា ឆ្នាំ២០១៣។
លោកតា តឹក ផាន ពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង។ (រូបថត MONOROOM.info/ O. Vary)
ជាតិនិងជីវិត - លោកតាមានកូនពីរនាក់ និងចៅបួននាក់ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងលោកយាយត្រូវជាប្រពន្ធរបស់លោកតាផងដែរ។ ឃ្លាតឆ្ងាយពីស្រុកកំណើតលោកតា រូបនេះបានបញ្ជាក់ថា បច្ចុប្បន្នលោកតាស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ហើយនឹងបន្តរការចូលរួមធ្វើបាតុកម្មជានិច្ចក្នុងការស្វែងរកសន្លឹកឆ្នោត ទោះបីជីវិតត្រូវក្ស័យដោយប្រការណាមួយក៏មិនខ្លាច និងរាថយដែរ។
ជាមួយនឹងការចូលរួមយ៉ាងសកម្ម ក្នុងមហាបាតុកម្មដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ នាពេលកន្លងមក លោកតាតែងបានឡើងសូត្រនូវកំណាព្យ ដែលលោកតាពេញចិត្តជាងគេ ពីក្នុងចំណោមកំណាព្យជាច្រើន។ កំណាព្យដែលលោកតាគិតថា ជាកំណាព្យមួយអាចនឹងផ្តល់នូវយុត្តិធម៌សម្រាប់សន្លឹកឆ្នោតនោះ លោកតាមិនបានបញ្ជាក់ប្រាប់ពីចំណងជើងឡើយ ដោយទុកឲ្យអ្នកអានជាអ្នកពិចារណា ក្នុងការស្វែងរកនូវទិសដៅ និងអត្ថន័យពិតប្រាកដរបស់កំណាព្យនោះ។
ក្នុងអាយុ ៨០ឆ្នាំ លោកតាបានសូត្រនូវកំណាព្យនេះឡើងវិញ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដូច្នេះថា៖
«ខ្ញុំសូមវាចារប្រាប់រឿងពិត សូមកូនខ្មែរពិនិត្យទាំងអស់គ្នា
រឿងទុករឿងសោកខ្មែរទេវេទនា គ្រាំគ្រាហិនហោចច្រើនខែឆ្នាំ។
ពីថ្ងៃ១៧ ខែមេសា ព្រាយប្រែក្រឡាត្រូវចងចាំ
អស់បីលាននាក់ជាងបីឆ្នាំ ខ្មែររស់រងកម្មព្រោះកុម្មុយនីស។
ល្បិចកលត្របាក់លេបទឹកដី ឲ្យខ្មែរក្សិណក្ស័យក្លាយជាផេះ
នេះហើយល្បិចកលពួកកុម្មុយនីស ខ្មែរត្រូវត្រិះរិះពិចារណា។
ពី៩៧ដល់សព្វថ្ងៃ គ្រោះកាចចង្រៃឥតគណនា
អស់ទឹកអស់ដីព្រៃព្រឹក្សា អស់ហ្វូងមច្ឆាគ្មានសេសសល់។
នេះហើយ គំនិតយូន និងចិន ចូលមកបង្ហិនប្រើល្បិចកល
ឲ្យខ្មែរអន្តរាយទុក្ខអំពុល ចិនយួនមិនខ្វល់ចូលតាមចិត្ត។
ឯពួកចិនប្រឹងយករ៉ែក្នុងដី ឯយួនអប្រិយចូលគ្មានគិត
រស់លើដីខ្មែរច្រើនសន្ធឹក គំនិតឈ្លានពានយកដីខ្មែរ។
ក្នុងជួររាជការយើងសព្វថ្ងៃ មានយួនការលៃមកបង្វែរ
ការពិតខ្លួនយួនខោអាវខ្មែរ ស័ក្តមិនតូចទេមានដល់ផ្កាយ។
បើគណបក្សទេវតាតប្រាំឆ្នាំ ខ្មែរច្បាស់រងកម្មទុក្ខអន្តរាយ
អស់ទឹកអស់ដីព្រៃទាំងឡាយ ធម្មជាតិរលាយខ្មែរសាបសូន្យ។ (...)»
តាមការអះអាងរបស់អ្នកស្រី នាង សំអាត អាយុ៥១ ឆ្នាំ មានស្រុកកំណើតភូមិត្រពាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ថាលោកតាខាងលើ មិនបានត្រឡប់ទៅផ្ទះ នៅខេត្តកំពង់ឆ្នាំងវិញទេ ដោយរង់ចាំចូលរួមធ្វើបាតុកម្ម ទាមទារសន្លឹកឆ្នោតរបស់គាត់មកវិញ មិនខុសណាពីរូបអ្នកស្រី ដែលមិនបានត្រឡប់ទៅវិញដូចគ្នា ដោយសារតែការរត់គេចចេញ ពីការឃ្លាំមើលរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជា ក្នុងភូមិស្រុកជាមួយ ដែលតែងតែលបចាំធ្វើបាប៕
ទស្សនាកិច្ចសម្ភាសផ្ទាល់របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយលោកតា តឹក ផាន ដូចតទៅ៖
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៧ មីនា ២០១៤