ដោះ​លែង​ស្ត្រី​បី​នាក់​ បន្ទាប់​ពី​ផ្តិត​ម្រាម​ដៃ​ទាំង​១០​ និង​ថត​រូប​ទុក

«គេថាពួកខ្ញុំអត់មាន​ខុសអីទេ យូរនិងឆាប់គេព្រលែងទៅវិញ» នេះជាការថ្លែងបញ្ជាក់ របស់អ្នកស្រី សាត ថា ស្រ្តី​អតីតអ្នកភូមិបឹងកក់​មួយរូប ពីចំណោមស្ត្រីទាំងបីនាក់ បន្ទាប់ពីត្រូវបានដោះលែងវិញ ក្រោយពីការសាកសួរ​របស់​ស្នងការនគរបាលរាជធានីភ្នំពេញ។

«គេថាពួកខ្ញុំអត់មាន​ខុសអីទេ យូរនិងឆាប់គេព្រលែងទៅវិញ» នេះជាការថ្លែងបញ្ជាក់ របស់អ្នកស្រី សាត ថា ស្រ្តី​អតីតអ្នកភូមិបឹងកក់​មួយរូប ពីចំណោមស្ត្រីទាំងបីនាក់ បន្ទាប់ពីត្រូវបានដោះលែងវិញ ក្រោយពីការសាកសួរ​របស់​ស្នងការនគរបាលរាជធានីភ្នំពេញ។


ស្ត្រីអ្នកតវ៉ា ដែលមកពីសហគមន៍បឹងកក់ រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

ដីធ្លី - ស្រ្តីអតីតអ្នកភូមិបឹងកក់បីនាក់ ដែលបានចាប់ខ្លួនកាលពីម៉ោង ៨ព្រឹកមិញនេះ ត្រូវបានស្នងការនគរបាល​រាជធានីភ្នំពេញដោះលែងវិញមកហើយ នៅម៉ោង ១១ និង៤០នាទីថ្ងៃដដែលនេះ។ អ្នកស្រី អ៊ីម ស្រីទូច ខណៈពេល​ដែលត្រូវបានដោះលែងមកវិញនោះ បានអោយដឹងថា បន្ទាប់ពីស្នងការនគរបាលរាជធានីបានសាកសួររួចរាល់ គេ​បានថតរូបដើម្បីបញ្ជាក់ជាភស្តុតាង និងអោយអ្នកស្រីផ្តិតមេដៃម្រាមទាំងដប់ ទៅលើលិខិតមួយ តែអ្នកស្រីមិនដឹង​ថាលិខិតនោះ ជាលិខិតអ្វីទេ ព្រោះអ្នកស្រីមិនចេះអក្សរ។

ស្រ្តីរូបនេះ បានអោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងទៀតថា «ដោយសារតែគ្មានជម្រើស ព្រោះគាត់គ្រាន់​តែថា​អោយពួកខ្ញុំទទួលស្គាល់ ថាខ្លួនឯងពិតជាមានឈ្មោះអញ្ចឹងមែន។ តែបើគាត់យកមេដៃរបស់ខ្ញុំ ទៅធ្វើអ្វីផ្សេងគឺខ្ញុំ​មិន​ទទួលស្គាល់នោះទេ។»

មន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានបញ្ជាក់ថាអាជ្ញាធរកំពុងតែអនុវត្ត​នូវការងាររបស់ខ្លួនទាំងបំពាន និងរំលោកសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ បើទោះបីជាមានការចាប់ខ្លួនដោះលែងមកវិញក្តី នេះជាការរំលោភទៅលើសិទ្ធិមនុស្ស ឬបទដ្ឋានដែលមានចែងពីសិទ្ធិមនុស្ស។

ចំពោះករណីដែលអាជ្ញាធរ បានអោយស្រ្តីទាំងបីនាក់ផ្តិតមេដៃទាំងដប់ ព្រមទាំងការថតរូបជាភស្តុតាងផងនោះ មុននឹងដោះលែង មន្រ្តីសង្គមស៊ីវិលរូបនេះបានពន្យល់ថា «បើការផ្តិតមេដៃដើម្បីដោះលែង វាមិនមែនជាបញ្ហាទេ។ តែបើផ្តិតមេដៃ ដើម្បីបង្កើតនូវបញ្ហាណាមួយផ្សេងទៀត គឺខុសច្បាប់ទាំងស្រុង។»

ដោយឡែកលោក ចាន់ សូវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្ស អាដហុក បានពន្យល់​ថា​នៅក្នុងក្របខ័ណ្ឌនៃការផ្តិតមេដៃ គឺដើម្បីបញ្ជាក់អោយបានច្បាស់ ព្រោះនៅក្នុងនិតិវិធី នៃការផ្តិត​មានពេលខ្លះគេផ្តិត​មួយឬពីរ និងពេលខ្លះគេផ្តិតរហូតទៅដល់ម្រាមដប់។ លោកសង្កត់ធ្ងន់ទៀតថា «និតិវិធីនេះ ក៏អាចក្លាយជាចំណែក​មួយ​ នៃការបំភិតបំភ័យដែរ ដែលវាសរបញ្ជាក់ថា ទោះជាចង់បន្លំក៏មិនបានដែរ»។

បើតាមអ្នកស្រី ស៊ា ណារ៉េត ស្រ្តីម្នាក់ទៀតពីចំណោមស្ត្រីទាំង៣នាក់នេះ បានអះអាងថា ការដែលពួកអ្នកស្រីទៅមុខ​សាលារាជធានីនៅថ្ងៃនេះគឺដើម្បីចង់សួរលោក ប៉ា សុជាតិវង្ស រកដំណោះស្រាយ ដែលលោកបានអោយបំពេញ​លើ​សាលាកប័ត្រ។

បើទោះបីជាមានជាការចាប់ខ្លួននៅព្រឹកនេះក៏ដោយ ស្រ្តីនោះនៅតែរក្សាជំហរថា នឹងទៅតវ៉ានៅមុខសាលា​រាជធានី​ភ្នំពេញបន្តទៀត «ពួកខ្ញុំនឹងទៅសាលារាជធានីបន្តទៀត នៅរសៀលនេះ»។

អ្នកស្រី ស៊ា ណារ៉េត បានសំណូមពរទៅកាន់រដ្ឋាភិបាល ដែល​មាន​លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីផងដែរថា សូមឲ្យ«សម្ដេចគោរពអនុសាសន៍»ទាំងឡាយ ដែលបានប្រកាសឲ្យដកការបម្រាមនោះផង ជាពិសេសមន្ត្រីថ្នាក់​ក្រោមរបស់«សម្ដេច»។ បើ«សម្តេចគ្រាន់តែនិយាយ អោយបានបិទភ្នែកជាមួយអ្នកកាសែតជាតិ និងអន្តរជាតិ​ប៉ុណ្ណោះ​ទេ មិនបានធ្វើជាក់លាក់ អោយថ្នាក់ក្រោមគាត់គោរពអនុសាសន៍របស់គាត់ (សម្ដេច)នោះទេ៕»

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៥ មិនា ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments