សុខ ទូច ថា​កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ ដោយ​យោង​លើ​៣​ចំណុច

ចាប់ពីក្រោយការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣មក គណបក្សប្រជាជនកម្ពុជាបានអះអាងថា ប្រទេសកម្ពុជា​មិនមាន ភាពជាប់គាំងនយោបាយនោះទេ។ រីឯគណបក្សសង្រ្គោះជាតិ បានអះអាងផ្ទុយពីនេះថា ប្រទេសកម្ពុជា​កំពុងមានភាពជាប់គាំងនយោបាយ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យបានលើកឡើងថា មានកត្តា៣សំខាន់ ដែលគេអាចវាយតម្លៃថា ប្រទេសកម្ពុជា កំពុងមានភាពជាប់គាំងនបោយ ដោយមិនអាចប្រកែកបាន។

ចាប់ពីក្រោយការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣មក គណបក្សប្រជាជនកម្ពុជាបានអះអាងថា ប្រទេសកម្ពុជា​មិនមាន ភាពជាប់គាំងនយោបាយនោះទេ។ រីឯគណបក្សសង្រ្គោះជាតិ បានអះអាងផ្ទុយពីនេះថា ប្រទេសកម្ពុជា​កំពុងមានភាពជាប់គាំងនយោបាយ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យបានលើកឡើងថា មានកត្តា៣សំខាន់ ដែលគេអាចវាយតម្លៃថា ប្រទេសកម្ពុជា កំពុងមានភាពជាប់គាំងនបោយ ដោយមិនអាចប្រកែកបាន។


អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាលោកបណ្ឌិត សុខ ទូច។ (រូបថត ហ្វេសប៊ុក)

នយោបាយកម្ពុជា - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាលោកបណ្ឌិត សុខ ទូច បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា ស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា មានភាពជាប់គាំង​នយោបាយ តាំងពីក្រោយការបោះឆ្នោតជាតិ ខែកក្កដា មកម្លេះ ហើយវិបត្តិនយោបាយនេះ នឹងត្រូវបិទបញ្ចប់នៅ​ពេលណា គឺអាស្រ័យលើការសម្រេចចិត្តផ្នែកនយោបាយរបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរ។ លោក សុខ ទូច ពន្យល់ថា ប្រទេសកម្ពុជា កំពុងមានវិបត្តិនយោបាយ គឺគេមើលទៅលើទិដ្ឋភាព៣សំខាន់ៗ ក្នុងនោះរួមមាន៖

ទី១. រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា«១» បានចែងច្បាស់ណាស់ថា ប្រទេសកម្ពុជាជាព្រះរាជាណាចក្រ ដែល​ព្រះមហាក្សត្រ​ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ សួរថា តើឥឡូវហ្នឹង​ប្រទេសកម្ពុជា មិនមានវិបត្តិនយោបាយ ហើយប្រទេសបានដើរតាមរដ្ឋធម្មនុញ្ញហើយឬនៅ? បើក្នុងសភា មាន​គណបក្សតែមួយ ហើយគណបក្សមួយទៀត មិនព្រមចូលសភា ហើយកំពុងតែបន្តការតវ៉ា។ គេបោះឆ្នោត​ឲ្យ​ពហុបក្ស តែឥឡូវមានតែគណបក្សមួយនៅក្នុងសភា ហើយថាមិនជាប់គាំងយ៉ាងម៉េច?

ទី២. គេត្រូវមើលលើសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឥឡូវនេះបណ្តាប្រទេសមួយចំនួន និងអង្គការ​មួយចំនួន ដែលជាដៃគូរសំខាន់ ក្នុងការផ្តល់ជំនួយ និងកម្ចី ដើម្បីដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា គេបានបង្កក​កិច្ចសន្យា ដោយសារគណបក្សប្រជាជកម្ពុជា និងគណបក្សសង្រ្គោះជាតិ មិនទាន់ត្រូវគ្នា។

ទី៣. គេត្រូវមើលលើទិដ្ឋភាពសង្គម ហើយទិដ្ឋភាពសង្គមកម្ពុជាបច្ចុប្បន្ននេះ បានប្រេះស្រាំតាំងពីថ្នាក់លើ​រហូត​ដល់ក្រោម។ អ្នកមាននិន្នាការទៅរកគណបក្សប្រជាជកម្ពុជា ត្រូវបានគេចោទប្រកាន់ថា«យួន» ឬមិនស្មោះត្រង់​នឹងប្រទេសជាតិ។ រីឯអ្នកមាននិន្នាការទៅរកគណបក្សសង្រ្គោះជាតិ ត្រូវគេចោទថា «ពួកប្រឆាំង»។ បញ្ហា និងវិវាទ ទាំងអស់ហ្នឹងហើយ ដែលបង្ហាញថា ប្រទេសកម្ពុជា កំពុងមានភាពជាប់គាំងផ្នែកនយោបាយ។

ជុំវិញករណីនេះទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែបើយោងលើ មន្រ្តីរបស់ស្ថាប័នទាំងនោះ រាប់ចាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអះអាង ជាបន្តបន្ទាប់ និងជារឿយៗថា ប្រទេសកម្ពុជា កំពុងដំណើរការ​ទៅមុខយ៉ាងរលូន ហើយមិនមានភាពជាប់គាំងផ្នែកនយោបាយនោះទេ។

តែការអះអាងរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវបានក្រុមមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែល​បានបន្តធ្វើពហិការ មិនចូលប្រជុំសភា តាំងពីក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ច្រានចោលជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ បានចោទប្រកាន់ រដ្ឋាភិបាល និងរដ្ឋសភា«ឯកបក្ស» បច្ចុប្បន្ន ថាត្រូវបានបង្កើតឡើង ដោយរំលោភរដ្ឋធម្មនុញ្ញ។

យ៉ាងណាក៏ដោយ ក៏វិបត្តិនយោបាយកម្ពុជា ត្រូវបានគេមើលឃើញថា ទំនងជាអាចទម្លាយភាពជាប់គាំងក្នុង​ពេលដ៏ខ្លីខាងមុខនេះ ព្រោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានផ្តើម ចរចាជាមួយគ្នា​ជាបន្តបន្ទាប់។ ហើយការចរចាជាថ្មី គ្រោង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយមានតំណាង​ម្ខាង៦នាក់ មកពីគណបក្សទាំងពីរ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ កុម្ភៈ ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments