យ៉ង់ គិមអេង៖ ការ​ប្ដេជ្ញា​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​«វែកចក»

ការប្ដេជ្ញាជាថ្មីរបស់លោក ហ៊ុន សែន ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបាននាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព ចាត់ទុកថា គ្រាន់តែជាការ «វែកចក» តែប៉ុណ្ណោះ។ វែកចក ក៏ព្រោះតែរយៈពេលជិត៣០ឆ្នាំ នៃការកាន់អំណាចរបស់លោក ហ៊ុន សែន ប្រព័ន្ធនិតិរដ្ឋ និងការអនុវត្តច្បាប់មិនត្រូវបានគេមើលឃើញថា មានការ​យកចិត្តទុកដាក់ពង្រឹងនោះទេ។

ការប្ដេជ្ញាជាថ្មីរបស់លោក ហ៊ុន សែន ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបាននាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព ចាត់ទុកថា គ្រាន់តែជាការ «វែកចក» តែប៉ុណ្ណោះ។ វែកចក ក៏ព្រោះតែរយៈពេលជិត៣០ឆ្នាំ នៃការកាន់អំណាចរបស់លោក ហ៊ុន សែន ប្រព័ន្ធនិតិរដ្ឋ និងការអនុវត្តច្បាប់មិនត្រូវបានគេមើលឃើញថា មានការ​យកចិត្តទុកដាក់ពង្រឹងនោះទេ។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថត​ពី​វីដេអូទូរទស្សន៍វៀតណាម)

នយោបាយកម្ពុជា - លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្ដេជ្ញាកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ជាបន្តបន្ទាប់​ក្រោយ​ពីគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ទទួលបាន៩០អាសនៈ កាលពីអាណត្តិទី៤ ធ្លាក់មកត្រឹម៦៨អាសនៈ នៅអាណត្តិទី៥។ ចុងក្រោយនេះលោក ហ៊ុន សែន អំពាវនាវ និងជំរុញ ឲ្យមន្រ្តីក្រោមឱវាទ ត្រូវបំរើសេវាសាធារណៈ ឲ្យបានល្អជូនប្រជាពលរដ្ឋ។

លោក យ៉ង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានអត្ថាធិប្បាយប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២១ ខែកុម្ភៈ នេះថា សេវាសាធារណៈនៅកម្ពុជា ក្នុងពេលសព្វថ្ងៃនេះ មានការ​លំបាក និងស្មុគស្មាញ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងមានការជឿជាក់។ ហើយសេវាទាំងនោះ ក៏មានកម្រិត​ទាប​ណាស់ដែរ បើធ្វើការប្រៀបធៀប ទៅនឹងសេវាសាធារណៈ របស់ប្រទេសជិតខាង។

នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បន្តទៀតថា គេគួរតែអបអរសាទរ ចំពោះការអំពាវនាវ និងការជំរុញ របស់លោក ហ៊ុន សែន ដែលជាប្រមុខរដ្ឋាភិបាលកម្ពុជា តែក៏គួរឲ្យសោកស្កាយ  ព្រោះការអំពាវនាវ និងអនុសាសន៍ទាំងនោះ តែងបញ្ចប់ទៅវិញដូចភ្លើងចំបើង ហើយបញ្ហាក៏ចេះតែកើតមានជាបន្តបន្ទាប់។

លោក យ៉ង់ គិមអេង បញ្ជាក់ថា៖ «មន្រ្តីមួយចំនួន ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងវិស័យសេវាសាធារណៈ។ រដ្ឋាភិបាលគួរពិនិត្យលើច្បាប់ ដាក់ទោសទណ្ឌឲ្យបានម៉ឺងម៉ាត់ និងធ្ងន់ធ្ងរ។ ហើយត្រូវសហការជាមួយប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាដើម។ កុំយល់ថាមតិរិះគត់ ជាការបំភ្លើស ហើយបដិសេធរហូតនោះទេ។ បើមិនញ្ចឹងទេដូចវែកចកញ្ចឹង វែកហើយមកវិញដដែល។ គ្រាន់តែប្រមុខរដ្ឋាភិបាលមានប្រសាសន៍ទៅ បាត់មួយ​ភ្លែតទៅ តែក៏មកវិញដដែល។»

ការលើកឡើងរបស់លោក យ៉ង់ គិមអេង នៅពេលនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពេលចុង​ក្រោយនេះ បានពន្យល់ទៅកាន់អ្នកចូលរួម ក្នុងកម្មវិធីមួយ ថា សមិទ្ធិផលដែលរដ្ឋាភិបាលបានធ្វើ មានច្រើនណាស់ នៅពេញផ្ទៃប្រទេស ប៉ុន្តែការឆកល្វែង នៃសេវាសាធារណៈពិតមែនតែ មានភាពតូចតាច ប៉ុន្តែរឿងទាំងអស់នេះ​វា​ប្រមូលផ្តុំ ដូចជាកម្ទេចភ្លើងក្លាយទៅជាអគ្គីភ័យ។

លោក ហ៊ុន សែន បញ្ជាក់ថា៖ «ឯកឧត្តម លោកជំទាវមេត្តាផ្តល់សេវាសាធារណៈជូនប្រជាពល រដ្ឋឲ្យបានល្អ ព្រោះវា​មិនតម្រូវឲ្យមានការបង់ថ្លៃនោះទេ ប៉ុន្តែទាមទារឲ្យ ធ្វើត្រឹមត្រូវតាមការកំណត់នៃច្បាប់ ហើយការផ្លាស់ប្តូរឥរិយាបថ​នៅទីនេះគឺពិតជាសំខាន់ណាស់ ដែលខ្ញុំសង្កត់ធ្ងន់ទៅលើប្រសិទ្ធភាពនៃសេវាសាធារណៈ ហើយធ្វើដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ហើយត្រូវចាំថា យុទ្ធសាស្ត្រចតុកោណមានតែ ៤ ទេ គឺកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព»។

ពាក់ព័ន្ធករណីនេះអ្នកតាមដានស្ថានការណ៍សង្គម និងអ្នកវិភាគឯករាជ្យកម្ពុជា បានកត់សម្គាល់ បញ្ហាសេវា​សាធារណៈ អំពើពុករលួយ បក្សពួកនិយម អយុត្តិធម៌សង្គម និងភាពក្រីក្រ ជាដើម ជាដើមហេតុនាំគណបក្ស​ប្រជាជនកម្ពុជា របូតបាត់២២អាសនៈ ក្នុងការបោះឆ្នោតជាតិ អាណត្តិទី៥ កាលពីខែកក្កដា ឆ្នាំ២០១៣។ មិនត្រឹម​តែប៉ុណ្ណោះ ក្រុមគណបក្សប្រឆាំងបានចោទថា អាសនៈដែលគណបក្សប្រជាជនកម្ពុជា ឈ្នះបាននៅពេលនេះ បានមកពីការលួចបន្លំនៅក្នុងការបោះឆ្នោតនោះ ថែមទៀត។

យ៉ាងណាក៏ដោយ ក៏ការបាត់បង់អាសនៈយ៉ាងគំហុកនេះ បានជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ចាំបាច់ត្រូវតែធ្វើការកែទម្រង់«ស៊ីជម្រៅ»ជាបន្តបន្ទាប់ ក្រោមក្រសែភ្នែកម្ចាស់ឆ្នោត។ លទ្ធផល ឬ​ប្រសិទ្ធភាព​យ៉ាងណានោះ គេនឹងរងចាំមើលនៅក្នុងពេលអនាគត៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments