បក្ស​សង្រ្គោះ​ជាតិ ថ្កោល​ទោស​ការ​សម្លាប់​ជន​ជាតិ​វៀតណាម​ នៅ​ចាក់​អង្រែ​លើ

បើទោះជាមិនបង្ហាញឲ្យចំបញ្ហា ក៏គណបក្សសង្រ្គោះជាតិបានសម្តែងការសោកស្តាយ ចំពោះអំពើហិង្សាមាន​លក្ខណៈរើសអើងពូជសាសន៍ ដែលបណ្តាលឲ្យជនជាតិវៀតណាមម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងជម្លោះក្រោយ​គ្រោះថ្នាក់ចរាចរណ៍មួយ ហើយបានថ្កោលទោសចំពោះការប្រើអំពើហិង្សា និងទទូចឲ្យបញ្ឈប់វប្បធម៌ហិង្សា ដើម្បីការគោរពសិទ្ធិមនុស្ស និងការកសាងវប្បធម៌សន្តិភាព។

បើទោះជាមិនបង្ហាញឲ្យចំបញ្ហា ក៏គណបក្សសង្រ្គោះជាតិបានសម្តែងការសោកស្តាយ ចំពោះអំពើហិង្សាមាន​លក្ខណៈរើសអើងពូជសាសន៍ ដែលបណ្តាលឲ្យជនជាតិវៀតណាមម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងជម្លោះក្រោយ​គ្រោះថ្នាក់ចរាចរណ៍មួយ ហើយបានថ្កោលទោសចំពោះការប្រើអំពើហិង្សា និងទទូចឲ្យបញ្ឈប់វប្បធម៌ហិង្សា ដើម្បីការគោរពសិទ្ធិមនុស្ស និងការកសាងវប្បធម៌សន្តិភាព។


បណ្ដាជនវៀតណាម រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

ប្រកាន់ពូជសាសន៍ - តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៧ ខែ កុម្ភៈ នេះ គណបក្សសង្រ្គោះជាតិបាន អត្ថាធិប្បាយថា សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បញ្ចប់នូវវប្បធម៌ហិង្សា ក្នុងសង្គមគ្រប់ប្រភេទ ងាកមកប្រើវប្បធម៌ នៃការគោរពសិទ្ធិមនុស្ស ចេះគោរពស្រលាញ់អត់ឱន អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ហើយ​សម្តែងការគោរពចំពោះអាយុជីវិត និងសេចក្តីថ្លៃថ្នូរដល់ជនគ្រប់រូប ដោយមិនប្រកាន់ជាតិសាសន៍ ដើម​កំណើត ទោះ​ជាខ្មែរក្តី បរទេសក្តី សាសនា ឬនិន្នាការនយោបាយអ្វីក៏ដោយ។

សេចក្តីថ្លែងការណ៍បានបន្តថា មានតែវប្បធម៌នៃការគោរពសិទ្ធិមនុស្ស និងការគោរព យោគយល់​អធ្យាស្រ័យគ្នា​ទៅវិញទៅមកទេ ទើបបង្ហាពីវប្បធម៌ និងអរិយធម៌ ដ៏រុងរឿងរបស់ខ្មែរជំនាន់ដើម ហើយនឹងនាំឲ្យខ្មែរចេះ​គោរព​ស្រលាញ់គ្នា រួមសាមគ្គីគ្នា រកសុខសន្តិភាពពិតប្រាកដជូនសង្គមកម្ពុជាបច្ចុប្បន្ន។

«បន្ទាប់ពីបានទទួលដំណឹងអំពីឃាតកម្មយ៉ាងព្រៃផ្សៃ តាមដងផ្លូវសាធារណៈ ក្នុងពេលថ្មីៗនេះ គណបក្សសង្រ្គោះ​ជាតិ សូមប្រកាសថ្កោលទោស ចំពោះការប្រើអំពើហិង្សា សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់តាមគ្រប់រូបភាព ដែលនេះ​ជាវប្បធម៌ហិង្សា (...)»។

គួរកត់សម្គាល់ថា ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់នៅពេលនេះ គឺបានកើតឡើង ក្រោយពេលបុរសជនជាតិវៀតណាមម្នាក់ ឈ្មោះ ង្វៀង យ៉ាំងង៉ុក អាយុ ២៨ឆ្នាំ មុខរបរ ជាង​ជួស​ជុលតុទូ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ត្រូវបានមនុស្សមួយក្រុម ព្រួតវាយនឹងដុំថ្ម-ដំបង ហូតដល់​ស្លាប់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវជាតិលេខ ២ ក្នុងភូមិព្រែកតានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។

យោងប្រភពពីសមត្ថកិច្ច និងសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការព្រួត​វាយជន​រងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិត គឺបន្ទាប់ពីមានជម្លោះក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ រវាងភាគីជាជនជាតិខ្មែរ និង​ភាគីជនជាតិយួន ហើយមានមនុស្សមួយក្រុមនៅទីនោះស្រែកតៗគ្នាថា មានយួនវាយខ្មែរ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments