របាយការណ៍​ពី​ឃុំ​បឹង​ប្រាំ៖ អ្នក​មាន​ដី​គ្មាន​ប្លង់ ឯ​អ្នក​មាន​ប្លង់​គ្មាន​ដី

«អ្នកមានប្លង់អត់ដី អ្នកមានដីអត់ប្លង់។ (…) ពួកខ្ញុំកំពុងអាស្រ័យផល គេមិនបានធ្វើប្លង់ឲ្យទេ គេបែរជាធ្វើឲ្យ​អ្នក​ដែល​គ្មានដី។ ដីសម្បទានសង្គមកិច្ចរបស់រដ្ឋ(វា) ប៉ះពាល់នឹងដីរបស់ប្រជាពលរដ្ឋ។ (…) ប្រជាពលរដ្ឋ​អាស្រ័យផលនៅ​កន្លែងណា គឺចង់រស់នៅកន្លែងនោះ»។ នេះជាការលើកឡើងរបស់តំណាងប្រជាពលរដ្ឋឈ្មោះ អ៊ុល យ៉ាន់ ភូមិបឹង​ប្រាំ អតីតអ្នកឃុំអំណិលប្រាំដើម។

«អ្នកមានប្លង់អត់ដី អ្នកមានដីអត់ប្លង់។ (…) ពួកខ្ញុំកំពុងអាស្រ័យផល គេមិនបានធ្វើប្លង់ឲ្យទេ គេបែរជាធ្វើឲ្យ​អ្នក​ដែល​គ្មានដី។ ដីសម្បទានសង្គមកិច្ចរបស់រដ្ឋ(វា) ប៉ះពាល់នឹងដីរបស់ប្រជាពលរដ្ឋ។ (…) ប្រជាពលរដ្ឋ​អាស្រ័យផលនៅ​កន្លែងណា គឺចង់រស់នៅកន្លែងនោះ»។ នេះជាការលើកឡើងរបស់តំណាងប្រជាពលរដ្ឋឈ្មោះ អ៊ុល យ៉ាន់ ភូមិបឹង​ប្រាំ អតីតអ្នកឃុំអំណិលប្រាំដើម។


រូបភាពរបស់ លោក សុធន ពីឃុំបឹងប្រាំ បង្ហាញពីក្រុមការងារកំពុងចុះអង្កេតមើលដីធ្លី នៅទីនោះ។

សិទ្ធិដីធ្លី - «អ្នកមានកម្មសិទ្ធិ គ្មានដីធ្លី និងអ្នកមានដីធ្លី បែរជាគ្មានកម្មសិទ្ធិទៅវិញ» នេះជាការត្អូញត្អែររបស់លោក អ៊ុល យ៉ាន់ តំណាងពលរដ្ឋទាំង១៩២ គ្រួសារ ក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដែល​មានបញ្ហា​ប្រឈម ពាក់ព័ន្ធជម្លោះដីធ្លី ជា​មួយនឹងអាជ្ញាធរឃុំបឹងប្រាំ ក្នុងការបន្តគ្រប់គ្រងដីរបស់ខ្លួននោះ។

តំណាងរូបនេះ បានថ្លែងពីមូលហេតុនៃបញ្ហាថា «សម័យសមាហរណកម្ម (...) សម្តេចហ៊ុនសែន​បានអនុញ្ញាតឲ្យ​ប្រជាជនគ្រប់ៗគ្រួសារ (មករស់នៅលើដីទីនោះ) ក្នុងឆ្នាំ១៩៩៨, ១៩៩៩។ (…) នៅឆ្នាំ២០០៥ ដល់២០០៦ អំឡុង​ពេលបង្កើតឃុំបឹងប្រាំថ្មី ទើប​មានបញ្ហ ដោយមានប្រជាពលរដ្ឋចំណាកស្រុក សម្រុកចូលមករស់នៅលើដី ដែលជា​កម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។ (…) អាជ្ញាធរមិនបានធ្វើប័ណ្ណកម្មសិទ្ធិ ដល់ម្ចាស់ដីពិតទេ ហើយធ្វើប័ណ្ណឲ្យទៅអ្នក ដែលទើបមកនៅលើដីបឹងប្រាំ ដែលមានម្ចាស់កម្មសិទ្ធិរួចទៅវិញ។»

លោក មាស សំណាង ជាតំណាងប្រជាពលរដ្ឋ និងក៏ជាប្រជាពរដ្ឋដែលកំពុងរងគ្រោះ ដោយបញ្ហាបាត់ដីក្នុង​ភូមិ​បឹងប្រាំនេះ ក៏បានផ្តល់កិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមានដីជាកម្មសិទ្ធិដែល​ចែកដោយ​លោក ឈឹម សារ៉ុន អតីតថ្នាក់ដឹកនាំខ្មែរក្រហម ក្រោយពីធ្វើសមាហរណកម្មខ្មែរក្រហម លោកបានចែកដីនៅតំបន់​បឹងប្រាំ​នេះ​ដល់ប្រជាពលទាំងអស់ដែលក្រីក្រ និងអតីតយុទ្ធជនពិការ។ លោកបន្តរថា លោកក៏បានទិញដីពីប្រជា​ពលរដ្ឋ​ជាបន្តបន្ទាប់ចំនួន១៦គ្រួសារ បន្ថែមលើដីដែលមានស្រាប់ មានឯកសារ សាក្សីគ្រប់គ្រាន់ និងក៏មានការ​ទទួលស្គាល់ពីសំណាក់លោក ឈឹម សារ៉ុន ដែលបច្ចុប្បន្ននេះជាលោកមេកងទ័ពប្រចាំតំបន់បឹងប្រាំនេះដែរ។

លោកមាស សំណាង បានបញ្ជាក់បន្ថែមថា លោកបានអាស្រ័យផលលើដីនេះ ជាដរាបរៀងមកដល់បច្ចុប្បន្ន តែ​មិនបានទទួលប្លង់កម្មសិទិ្ធគ្រប់គ្រងដីនៅឡើយនោះទេ។ ឯបញ្ហាដីធ្លីនៅតែបន្តមានវិវាទ មិនទាន់មាន​ដំណោះ​ស្រាយណាមួយសមរម្យនៅឡើយ។ លោកបានបង្ហាញពីមូលហេតុនៃការបាត់ដីនេះថា «ក្នុងឆ្នាំ២០១១ អាជ្ញាធរ​បានលើកឡើងថា ដីចំនួន៨០០ហិកតា ជាដីព្រៃគ្មានមនុស្សគ្រប់គ្រង។ តែតាមពិតដីនោះ មានកម្មសិទ្ធិកំពុងបន្តរ​គ្រប់គ្រងដោយពលរដ្ឋស្រាប់។ ក្នុងឆ្នាំ២០១១ មកមិនមានដីទំនេរឬដីព្រៃឡើយ ។ មានតែដើមឬស្សីតែនៅលើ​ក្បាលដីពលរដ្ឋតែប៉ុណ្ណោះ។ (វា) មិនមែនជាដីព្រៃទេ។»

ដោយឡែកលោក ជឿង យសវុឌ្ឍ មន្ត្រីកាន់គម្រោងដីធ្លីបឹងប្រាំមកពីអង្គការឌីស៊ីអេ/ស៊ីអេ (DCA/CA) របស់​សហភាពអឺរ៉ុប បានទទួលស្គាល់លើបញ្ហាមានវិវាទដីធ្លីក្នុងតំបន់បឹងប្រាំនេះថា ជាជម្លោះរវាង​ប្រជាពលរដ្ឋខាងក្រៅ​ឃុំបឹងប្រាំ និងប្រជាពលរដ្ឋក្នុងឃុំបឹងប្រាំ។ ពលរដ្ឋដែលបានចូលមកកាន់កាប់ និងទទួលបានប្លង់កម្មសិទ្ធិ​នោះថា​ជា«ដីព្រៃ» ឯប្រជាពលរដ្ឋដែលរស់នៅក្រៅឃុំបឹងប្រាំ ដែលអះអាងថាជាដីកម្មសិទ្ធិរបស់គាត់ តែមិនទទួកបាន​កម្មសិទ្ធិ​ថាមិនមែនជា«ដីព្រៃ»ទេ។ លោកបានបន្តរថា បញ្ហានេះកើតឡើង ព្រោះតែការដោះស្រាយដីធ្លីនេះ មួយ​ចំណែកអនុវត្តតាមច្បាប់ និងមួយចំណែកទៀតអនុវត្តតាមសេចក្តីសម្រេច ដែលជាមូលហេតុធ្វើឲ្យមាន​ជំលោះនេះ​កើតឡើង។

លោក ជឿង យសវុឌ្ឍ បានពន្យល់ដូច្នេះថា «ក្នុងដីសម្បាទានដីសង្គមកិច្ចមួយផ្នែក ដោះស្រាយតាមសេចក្តី​សម្រេច​០១ របស់សម្តេចនាយក (រដ្ឋមន្រ្តីហ៊ុន សែន) ហើយប្រជាពលរដ្ឋខ្លះក៏មិនសប្បាយចិត្តព្រោះតែបាត់ដី»។

លោកបានបង្ហាញតាមគោលការណ៍ច្បាប់ថា «ចំពោះដីសម្បទានសង្កមកិច្ច មានចែងឡើងដោយច្បាប់ ហើយ​អនុក្រិត្យ​ជាអ្នក​យកមកធ្វើការអនុវត្ត។ កាលណាធ្វើការបែងចែកដីសម្បាទានសង្គមកិច្ច មានជំហានរបស់វា​រហូត​ដល់ដប់ជំហាន ដើម្បីឲ្យមានតម្លាភាព និងមានយុត្តិធម៌។ (…) ក៏ប៉ុន្តែនៅពេលសេចក្តីសម្រេច០១ចេញមក អាជ្ញាធរ​បែរជាយកសេចក្តីសម្រេចនេះ ទៅដោះស្រាយលើដីសម្បទានសង្គមកិច្ច។ សេចក្តីសម្រេចនេះ មិនមែនជាច្បាប់ទេ បែរជាមានឥទ្ធិពលលើដីសម្បទានសង្គមកិច្ច ដែលនាំឲ្យមានបញ្ហាប្រទាំងប្រទើស មួយផ្នែកដោះស្រាយតាម​អនុក្រិត្យ ឯផ្នែកសល់ដោះស្រាយតាមសេចក្តីសម្រេច០១ ហើយនាំឲ្យមានភាពមិនស្មើគ្នា ដែលធ្វើឲ្យមានជម្លោះ។»

លោក ឈា នី មេឃុំបឹងប្រាំ មិនអាចទំនាក់ទំនង ដើម្បីសុំបទបង្ហាញលើបញ្ហាខាងលើនេះបានទេ ដោយទូរស័ព្ទ​របស់​លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន។

តែលោក ឈឹម សារ៉ុន អតីតចៅហ្វាយស្រុកសម័យខ្មែក្រហម និង​ក្រោយពីធ្វើសមាហរណកម្ម លោកជាមេទ័ព​ប្រចាំ​តំបន់ ដែលជាអ្នកធ្វើការចែកដីដោយផ្ទាល់ទៅឲ្យពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋកងពលទ័ព បានថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ តាមទូរស័ព្ទយ៉ាងដូច្នេះថា «ដីទាំងអស់​ជារបស់ប្រជាពលរដ្ឋ។ លោក ចៅហ្វាយខេត្ត អ៊ុយ រី ក៏បាន​ដឹងដែរថា ជាដីពលរដ្ឋនៅពេលលោកចុះពិនិត្យផ្ទាល់ និងបានបញ្ជាឲ្យប្រគល់ដីនោះទៅពលរដ្ឋវិញ។ តែដល់​ពេល​លោកត្រឡប់ទៅវិញ បែរជាធ្វើមិនដឹងមិនលឺ​រហូត​មក​ទល់ពេលនេះ។ (…) ខ្ញុំសូមអះអាងថា ដីទាំង​អស់​នេះមិនមែន​ជាដីព្រៃទេ ជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ព្រោះពួក​គាត់មានផ្ទះនៅទីនោះស្រាប់ និងត្រូវបានចែកឲ្យ​ប្រជាពលរដ្ឋ​ដោយខ្លួនខ្ញុំផ្ទាល់អំឡុងឆ្នាំ១៩៩៨-១៩៩៩។ (…) តែ​ឥឡូវនេះ អ្នកមិនមែនជាម្ចាស់ដីទៅជាមានប្លង់ ឯអ្នកម្ចាស់ដី​ពិត​ទៅជាមិនមានប្លង់។»

ឯលោក ម៉េង លី តំណាងសមាគមអាដហុកប្រចាំខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ពី​ដើមហេតុនៃទំនាស់ដីនេះថា ដីចំនួន៣៦៣៨ហិកតានេះ ជាដីដែលមានអនុក្រិត្យរបស់រាជរដ្ឋាភិបាលក្នុងការ​ធ្វើ​សម្បទានសង្គមកិច្ចឲ្យប្រជាពលរដ្ឋ និងយោធិនរំសាយ។ លោកបន្តរថា អំឡុងពេលដែលកំពុងអនុវត្តដី​សម្បទាន​សង្គមកិច្ចបទបញ្ជាលេខ០១ ក៏ចេញមកផ្ទួនគ្នាទៀត ដែលធ្វើឲ្យតំបន់នេះមានការអនុត្តពីរ។ លោកបន្តរថា​ការអនុវត្ត​តាម០១ នោះវាមិនស្មើគ្នា ព្រោះថាបើពលរដ្ឋណាម្នាក់ដែលបានធ្វើស្រែ ឬចំការលើដីណាមួយ តែប៉ុន្មាននាទីមុន​បទបញ្ជាលេខ០១នេះចេញ នោះត្រូវតែធ្វើការវាសវែងឲ្យគាត់ទាំងអស់ ដែលធ្វើឲ្យប៉ះពាល់ដល់ដី​សម្បទាន​សង្គមកិច្ច។ ជាមួយគ្នានេះមានប្រជាពលរដ្ឋមួយចំនួនធំ ដែលមិនទទួលបានដីធ្លី។

លោក ម៉េង លី បានបន្តរទៀតថា បទបញ្ជាលេខ០១ អាចអនុវត្តបានដោយដំៗ ព្រោះតែអាជ្ញាធរអះអាងថាជា​ដីព្រៃ​របស់រដ្ឋ មិនមែនជាដីរបស់ប្រជាពលរដ្ឋបានកាន់កាប់ទេ។ លោកបានបន្តរថា នៅលើផ្ទៃដី៨០០ហិកតា អាជ្ញាធរ​ទាំងនោះមិនបានចុះទៅវាសវែងដោយផ្ទាល់ទេ តែវាសតាមជីភីអេស និងអង្កន់តាមកុំព្យូទ័រ។

ចំពោះ លោក ជឿង យសវុឌ្ឍ ក្នុងនាមជាម្ចាស់ជំនួយបានបន្ថែមថា មិនចង់ឲ្យប្រជាពលរដ្ឋណាម្នាក់ជាប់គុក ឬបាត់​បង់ដីធ្លី ដោយសារតែការអនុវត្តនូវគម្រោងអភិវឌ្ឍន៍នោះទេ។ បញ្ហានេះទើបសម្រេចបង្កើតគណកម្មការ​ចម្រុះ​ឯករាជ្យមួយដើម្បីពិនិត្យ និងស្រាវជ្រាវនិងដោះស្រាយថា តើប្រជាពលរដ្ឋខាងក្រៅ ដែលអះអាងជាដីរបស់គាត់​នោះមែន ឬមិនមែន។ ប្រជាពលរដ្ឋដែលគ្មានដី តើរដ្ឋាភិបាលនិងជួយពួកគាត់ដោយវិធីណា? លោកក៏បានស្នើឲ្យ​អាជ្ញាធរ​ថ្នាក់ជាតិយកចិត្តទុកដាក់ ដើម្បីអាចដោះស្រាយបញ្ហានេះចេញបាន។

សូមរម្លឹកថា នៅភូមិបឹងប្រាំ ឃុំបឹងប្រាំ ស្រុកបវិល ខេត្តបាត់ដំបង ជាឃុំមួយដែលទើបតែបង្កើតថ្មីក្នុងឆ្នាំ២០១២ និង​ពីមុនជាតំបន់ស្វ័យត។ ក្រោមជំនួយឧបត្ថមពីអង្គការឌីស៊ីអេ/ស៊ីអេ (DCA/CA) របស់សហភាពអឺរ៉ុប និងអង្គការ​នានាក្នុងគម្រោងជាច្រើន។ ក្នុងនោះរួមមានគម្រោងសុវត្ថិភាពនៃការកាត់បន្ថយបញ្ហាដីធ្លី (ដីសម្បទានសង្គមកិច្ច និងដីអនុវត្តដោយសេចក្តីសម្រេចលេខ០១ របស់ប្រមុខរាជរដ្ឋាផិបាល)ការចិញ្ចឹមមាន់និង ត្រី តាមបច្ចេកទេស, សួន​ដំណាំជាលក្ខណៈគ្រួសារ និងជំនាញបណ្ដុះផ្សិត។ ឃុំបឹងប្រាំ ក្នុងស្រុកបវិល ខេត្តបាតើដំបង មានចំនួនប្រាំពីរភូមិ នៅជាប់នឹងឃុំអំពិលប្រាំដើម ដែលមានមានគ្រួសារសរុបចំនួន ១.៧៣៦គ្រួសារ និងអតីតមន្រ្ដីសង្គមកិច្ច​ចំនួន២៥០​គ្រួសារ៕


រូបភាពរបស់ លោក សុធន ពីឃុំបឹងប្រាំ បង្ហាញពីក្រុមការងារកំពុងចុះអង្កេតមើលដីធ្លី នៅទីនោះ។

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments