អត្ថាធិប្បាយ​ច្បាប់៖ អ្វី​ទៅ​ជា​សន្ធិសញ្ញា​អន្តរជាតិ?

នៅក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ ប្រទេសនានាតែងតែប្រតិបត្តិ តាមបទដ្ឋានអន្តរជាតិដែលខ្លួនជា រដ្ឋហត្ថលេខី ឬជាសមាជិក(....)។ លិខិតបទដ្ឋានអន្តជាតិមានច្រើនប្រភេទ តែនៅពេលនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ​ នឹងនាំ​ប្រិយមិត្តអ្នកអានឲ្យដឹងថា អ្វីទៅជាសន្ធិសញ្ញាអន្តរជាតិ (International Treaty)។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ ប្រទេសនានាតែងតែប្រតិបត្តិ តាមបទដ្ឋានអន្តរជាតិដែលខ្លួនជា រដ្ឋហត្ថលេខី ឬ​ជាសមាជិក។ ដោយសារតែលិខិតបទដ្ឋានអន្តជាតិមានច្រើនប្រភេទ នៅពេលនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ​ សូម​នាំប្រិយមិត្ត​អ្នកអានឲ្យដឹងថា អ្វីទៅជាសន្ធិសញ្ញាអន្តរជាតិ (International Treaty)។


រូបចំលាក់ឧទ្ទិសទៅសន្ធិសញ្ញាអន្តរជាតិមួយ បញ្ឈប់ការរត់ពន្ធអាវុធ និងអំពើហិង្សា នៅខាងក្រៅបរិវេណអង្គការ​សហប្រជាជាតិ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ (រូបថត ឯកសារ)

ច្បាប់អន្តរជាតិ - នៅក្នុងអនុសញ្ញាទីក្រុងវីយ៉េន ស្តីពីច្បាប់សន្ធិសញ្ញាឆ្នាំ១៩៦៩ បានឲ្យនិយមន័យថា៖ «សន្ធិសញ្ញា គឺជាកិច្ចសន្យាអន្តរជាតិដែលធ្វើឡើងរវាងរដ្ឋ និងរដ្ឋនៅក្នុងទំរង់ជាលាយលក្ខអក្សរ ហើយស្ថិតនៅក្រោមច្បាប់​អន្តរជាតិ»។ គេអាចពន្យល់បានទៀតថា សន្ធិសញ្ញា ជាកិច្ចព្រមព្រៀងរវាងភាគីពីរឬច្រើន​ ដែលជាប្រធាន​នៃពីធី​ចុះហត្ថលេខានេះ សំដៅបង្កើតឲ្យមានឥទ្ធិពលខាងផ្លូវច្បាប់ និងស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់​ ពីច្បាប់​អន្តរជាតិ ទៅលើករណីអ្វីមួយ។

ដូចនេះ សន្ធិសញ្ញា ត្រូវបានកើតឡើងដោយការស្ម័គ្រចិត្តរវាងគូភាគីទាំងអស់ ដែលក្នុងន័យនេះ សន្ធិសញ្ញាអាចត្រូវ​បានចាត់ទុកថាជាកិច្ចសន្យាគតិយុត្តិ (កិច្ចសន្យាច្បាប់) ដែលមានកំលាំងអានុភាព អនុវត្តតាមផ្លូវច្បាប់ជាលក្ខណៈ បង្ខំចំពោះគ្រប់ភាគីទាំងអស់ ហើយដែលមានភាពខុសប្លែក ពីសេចក្តីប្រកាសធម្មតា។

នៅក្នុងសៀវភៅ«ច្បាប់ការទូត« រៀបរៀងដោយ អនុបណ្ឌិត នួន សុធិមន្ត បានលើកមកបង្ហាញពីនីតិវិធីនៃការបង្កើត និងការចុះហត្ថលេខាលើសន្ធិសញ្ញា ដូច្នេះថា៖

១. ការតាក់តែង
ការចរចា ត្រូវបានចាត់ទុកថាជាដំណាក់កាលដំបូងបំផុត នៃការបង្កើតសន្ធិសញ្ញាអន្តរជាតិ។ ការចរចានេះ ត្រូវធ្វើ​ឡើង​ដោយបុគ្គលដែលជាអ្នកតំណាងឲ្យរដ្ឋនីមួយៗ ឬភាគីមួយ ហើយជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការ​អនុម័ត​សន្ធិសញ្ញានេះ មានជាអាទិ៍ ប្រធានាធិបតី នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកអគ្គរដ្ឋទូត ឬបុគ្គលផ្សេងៗទៀត​ដែល​បានទទួលអភ័យឯកសិទ្ធិស្របច្បាប់ ពីរដ្ឋាភិបាល ឬពីរដ្ឋ។

២. ការយល់ព្រមអនុម័តពីបណ្តាប្រទេសហត្ថលេខី
ការអនុម័តពីបណ្តាប្រទេសហត្ថលេខី ត្រូវបានធ្វើឡើងតាមរយៈការចុះហត្ថលេខា ដ៏មហោឡារិក។ ការចុះហត្ថលេខា​មានន័យថា អត្ថន័យនៃសន្ធិសញ្ញា មានលក្ខណៈត្រឹមត្រូវតាមច្បាប់។ ការចុះហត្ថលេខា ក៏ត្រូវបានចាត់ទុក​ជាការ​សន្យាតាមផ្លូវសីលធម៌របស់រដ្ឋជាហត្ថលេខី ហើយប្រែក្លាយការសន្យានេះ ទៅជាការសន្យាជាស្ថាពរ នៅពេល​វេលា​នៃការឲ្យសច្ចានុម័ត (ការទទួលយក ឬការទទួលស្គាល់ពីភាពស្របច្បាប់)។

៣. ការបញ្ចូលសន្ធិសញ្ញាទៅក្នុងបទដ្ឋានជាតិ
ជាទូទៅសន្ធិសញ្ញាអន្តរជាតិ នឹងអាចយកទៅអនុវត្តបាន លុះត្រាតែត្រូវបានគេប្រកាសចូលជាធរមាន។ ទន្ទឹមនឹង​នេះ​រដ្ឋហត្ថលេខីទាំងអស់ មិនត្រូវធ្វើអ្វីដែលនាំឲ្យខូចខាត ដល់អត្ថន័យឬខ្លឹមសារនៃសន្ធិសញ្ញាឡើយ មុនពេលដែល​សន្ធិសញ្ញានេះ ត្រូវបានប្រកាសឲ្យប្រើប្រាស់ លើកលែងតែប្រទេសនោះ ប្រកាសទទួលខុសត្រូវនៅលើអំពើនេះ។

គួរកត់សម្គាល់ថា កាតព្វកិច្ចខាងលើនេះ ត្រូវបានគេយកទៅអនុវត្តទៅលើប្រទេសហត្ថលេខីណា ដែលមិន​ទាន់​ឲ្យ​សច្ចានុម័តលើសន្ធិសញ្ញា ឬនៅមានការស្ទាក់ស្ទើរ។

ឧទាហរណ៍ នៃសន្ធិសញ្ញារួមមាន៖
- សន្ធិសញ្ញាបារាំង-សៀម ក្នុងឆ្នាំ១៩០៤-១៩០៧ ស្តីពីការកំណត់ខ្សែរព្រំដែនខ្មែរ និងសៀម។
- សន្ធិសញ្ញាទីក្រុងប៉ារីស ស្ដីពីសន្ថិភាពសម្រាប់ប្រទេសកម្ពុជា ឆ្នាំ១៩៩១
- សន្ធិសញ្ញា សម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការណ៍ នៅតំបន់អាស៊ីអាគ្នេយ៍ ។
- សន្ធិសញ្ញា សម្រាប់ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍ រវាងប្រទេសហ្គេតតាម៉ាឡា និងប្រទេសអ៊ីតាលី​ជាដើម។

ការបញ្ចូលខ្លួនទៅក្នុងសន្ធិសញ្ញាមួយ អាចធ្វើបាន តែនៅក្នុងប្រភេទនៃសន្ធិសញ្ញានោះ មានលក្ខណៈជាពហុភាគី និង​កិច្ចព្រមព្រៀងមានសរសេរ ពីការត្រៀមបម្រុងសម្រាប់ភាគីផ្សេងតៀត អាចចូលជាសមាជិកនៃសន្ធិសញ្ញានេះបាន។ រដ្ឋឬភាគី ដែលមិនមានវត្តមាននៅពេលចរចា ឬពេលចុះហត្ថលេខា អាចសម្ដែងពីបំណងរបស់ខ្លួន ដើម្បីចូល​ជា​សមាជិកនៃសន្ធិសញ្ញានេះ ដោយអនុវត្តទៅតាមនីតិវិធីដូចមានចែងរួចហើយ នៅក្នុងអនុសញ្ញាទីក្រុងវីយ៉េន។

ចំពោះការកែប្រែទៅលើខឹមសារ ឬការលុបចោលសន្ធិសញ្ញាណាមួយ ភាពខុសគ្នារវាងសន្ធិសញ្ញា និងកិច្ចព្រមព្រៀង​នោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់​មកបង្ហាញជូនវិញ នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...