សម្ភាស កែម ឡី៖ កុំ​«តម្លើង​ផ្កាយ» ដើម្បី​លើក​ទឹក​ចិត្ត​នៃ​ការ​ប្រើ​ហិង្សា

ប្រសិនបើការតម្លើងឋានៈផ្អែកលើជំនាញ ផ្អែកលើបទពិសោធ ការគ្រប់គ្រងយោធាបានល្អ លើភាពចាស់ទុំ​នៃ​យោធា នោះជាការត្រឹមត្រូវ។ តែបើការតម្លើង ដោយផ្អែកលើស្នាដៃនៃការបង្ក្រាប ស្នាដៃនៃការធានា​សន្តិសុខ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម កុប្បកម្មវាមិនទាន់គ្រប់ជ្រុងជ្រោយទេ។ បើរដ្ឋាភិបាលពិតជាមានការតម្លើងឋានន្តរសក្តិនេះ ដោយផ្អែក​ទៅ​តាមស្ថានភាពនោះ នេះជាការលើកទឹកចិត្តឲ្យមានការប្រើប្រាស់អំពើហិង្សាលើជន«ស៊ីវិល» ដោយកងកម្លាំង​ប្រដាប់​អាវុធទៅវិញ។ នេះជាការលើកឡើង របស់លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគឯករាជ្យនៅ​ក្នុងប្រទេសកម្ពុជា។

ប្រសិនបើការតម្លើងឋានៈផ្អែកលើជំនាញ ផ្អែកលើបទពិសោធ ការគ្រប់គ្រងយោធាបានល្អ លើភាពចាស់ទុំ​នៃ​យោធា នោះជាការត្រឹមត្រូវ។ តែបើការតម្លើង ដោយផ្អែកលើស្នាដៃនៃការបង្ក្រាប ស្នាដៃនៃការធានា​សន្តិសុខ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម កុប្បកម្មវាមិនទាន់គ្រប់ជ្រុងជ្រោយទេ។  បើរដ្ឋាភិបាលពិតជាមានការតម្លើងឋានន្តរសក្តិនេះ ដោយផ្អែក​ទៅ​តាមស្ថានភាពនោះ នេះជាការលើកទឹកចិត្តឲ្យមានការប្រើប្រាស់អំពើហិង្សាលើជន«ស៊ីវិល» ដោយកងកម្លាំង​ប្រដាប់​អាវុធទៅវិញ។ នេះជាការលើកឡើង របស់លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគឯករាជ្យនៅ​ក្នុងប្រទេសកម្ពុជា។


បណ្ឌិតកែម ឡី អ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ នៅក្នុងសន្និសីទការសែតថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារ​អ៊ីមភើរៀល។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក កែម ឡី ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាថ្ងៃទី៦ ខែកុម្ភៈនេះ បាន​បង្ហាញនូវការសោកស្តាយ ចំពោះបទពិសោធកន្លងមករបស់កម្ពុជា នៃអតិផរណា«សក្តិ» ឬ«ផ្កាយ»។ លោកបាន​ធ្វើ​ការរម្លឹកថា រដ្ឋាភិបាលបានធ្វើការតម្លើងផ្កាយ និងសក្តិច្រើនពេក ហើយក៏បានធ្វើការបញ្ចុះនូវសក្តិទាំងនោះមកវិញ។ លោកបានផ្តល់ជាឧទាហរណ៍ថា អ្នកធ្លាប់ពាក់ផ្កាយមួយមកពាក់សក្តិបួន ឯអ្នកធ្លាប់ពាក់ផ្កាយបីមក មកពាក់ផ្កាយ​មួយជាដើម។ ករណីនេះលោកបានគូសបញ្ជាក់ថា ជារូបភាពមួយមិនល្អ ហើយរដ្ឋាភិបាលគួតែធ្វើការប្រុងប្រយ័ត្ន ពិសេសអ្នកដែលត្រូវតម្លើងដល់ផ្កាយបី ឬផ្កាយបួន ដែលចាំបាច់គោរពតាមគោ​លការណ៍ប្រាំយ៉ាង​ក្នុងការ​តម្លើង​នេះ។

អ្នកវិភាគរូបនេះ បានធ្វើការពន្យល់នូវគោលការណ៍ប្រាំយ៉ាង នៃការតម្លើងទាំងនោះថា ទីមួយត្រូវមាន​ជំនាញពិត​ប្រាកដ ទីពីរត្រូវមានបទពិសោធខ្ពស់ ទីបីត្រូវមានការរៀនសូត្រពីផ្នែកយោធាឲ្យបានច្បាស់លាស់ ទីបួនត្រូវមាន​សីលធម៌ល្អក្នុងការប្រតិបត្តិការងារ និងទីប្រាំត្រូវមានស្នាដៃក្នុងការរក្សាសន្តិភាព សន្តិសុខសង្គម និងការកសាង​សមត្ថភាពដោយខ្លួនឯង។ ជាមួយគ្នានេះ លោកក៏ស្នើសុំឲ្យជៀសវាងនូងការលក់ដូរ ក្នុងការតម្លើងឋានៈនេះ​ ដែល​ជាមុខ​របរសម្រាប់រកផលចំណេញ និងជៀសវាងនូវបក្សពួកនិយម ធ្វើយ៉ាងណាឲ្យមាន«សុច្ចរិតភាព»សង្គម។

ការតម្លើងឋានន្តរសក្តិ ដល់នាយទាហានជាន់ខ្ពស់ទាំងនេះ បន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាកងកម្លាំងប្រដាប់អាវុធ ឬ​ទាហានបង្ក្រាបលើក្រុមកម្មករ ដែលទាមទារតម្លើងប្រាក់ខែនាពេលកន្លងមក។ ការបង្ក្រាបដូចជានៅតាមផ្លូវលេខ៤ ផ្លូវវ៉េងស្រេង នៅទីលានប្រជាធិបតេយ្យ និងនៅមុខក្រសួងព័ត៌មានជាដើម។ ទាំងនេះអ្នកវិភាគ កែម ឡី លោកបាន​បញ្ជាក់ទៅតាមស្ថានភាពចុងក្រោយនេះថា រដ្ឋាភិបាល ឬអ្នកមានសមត្ថកិច្ចទាំងនោះ លែងប្រើប្រាស់​នូវ«ច្បាប់»​ទម្លាប់ទៅហើយ ដោយជំនួនមកវិញនូវការប្រើប្រាស់អារម្មណ៍ ការប្រើប្រាស់កំហឹង ប្រើប្រាស់ការផ្ចាញ់ផ្ចាល ឬការ​ឌឺដង ទៅជាការគ្រប់គ្រងប្រទេសទៅវិញ។

លោកបញ្ជាក់ដូច្នេះថា «គ្មានច្បាប់ ក៏ដូចមាត្រាណាមួយ ដែលចង្ហុលបង្ហាញឲ្យកងកម្លាំងប្រដាប់អាវុធទាំងនោះ ប្រើ​ដំបងវាយលើបាតុករ ប្រើកាំភ្លើងបាញ់គេបាញ់ឯងយ៉ាងដូច្នេះទេ ដែលនេះមិនមែនជាការសមស្របឡើយ។ (…) ប្រទេសណាក៏ដូចប្រទេសណា រដ្ឋាភិបាលមានសិទ្ធិក្នុងការគ្រប់គ្រង នៅពេលស្ថានភាពប្រទេសជាតិមានអសន្តិសុខ អសុវត្ថិភាព គ្មានសណ្តាប់ធ្នាប់។ តែសិទ្ធិហ្នឹង ត្រូវបានប្រើប្រាស់ដោយមានច្បាប់ចែងត្រឹមត្រូវ និងក្នុងរយៈពេល​មួយ​ខ្លីដូចជាមួយថ្ងៃ ឬពីថ្ងៃប៉ុណ្ណោះ។ (វា) មិនមែនជារៀងរហូតនោះទេ ដែលអាចប៉ះពាល់ជាមួយនិងច្បាប់ ក្រិត្យ ព្រះរាជក្រិត្យ ឬព្រះរាជក្រម ពិសេសការប្រទាំងប្រទើស ជាមួយនឹងការបង្ខំឲ្យមានការអនុវត្តកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ឬកតិការសញ្ញាទៅវិញ៕»

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments