ឈា ឌី បុរស​ពិការ​ជើង ទោះ​រង​ការ​បង្រ្កាប​ក៏​មិន​ចុះ​ចាញ់

«ខ្ញុំនៅតស៊ូរហូត ខ្ញុំត្រូវតែទាមទារ លុះត្រាតែបានសម្រេចទើបឈប់» នេះជាការអះអាងរបស់ លោក ឈា ឌី ជាជនពិការជើងម្នាក់ ដែលលោកបានចូលរួមបាតុកម្មតវ៉ាជាមួយ លោកម៉ម សូណង់ដូ បើទោះបីជាលោកបានរងនូវការបង្រ្កាបយ៉ាងខ្លាំងក្លា របស់សមត្ថកិច្ចក៏ដោយ ក៏លោកនៅតស៊ូទាមទារអោយបានសម្រេច។

«ខ្ញុំនៅតស៊ូរហូត ខ្ញុំត្រូវតែទាមទារ លុះត្រាតែបានសម្រេចទើបឈប់» នេះជាការអះអាងរបស់ លោក ឈា ឌី ជាជន​ពិការជើងម្នាក់ ដែលលោកបានចូលរួមបាតុកម្មតវ៉ាជាមួយ លោកម៉ម សូណង់ដូ បើទោះបីជាលោកបានរង​នូវការ​បង្រ្កាបយ៉ាងខ្លាំងក្លា របស់សមត្ថកិច្ចក៏ដោយ ក៏លោកនៅតស៊ូទាមទារអោយបានសម្រេច។


លោក ឈា ឌី ពលរដ្ឋម្នាក់មកពីខេត្តក្រចេះ មកចូលរួមធ្វើបាតុកម្មជាមួយលោក ម៉ម សូណង់ដូ។ (រូបថត MONOROOM.info/ O.Vary)

ជីវិត - កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ម្សិលមិញនេះ សមត្ថកិច្ចបានធ្វើការវាយបង្ក្រាបយ៉ាងហិង្សា ទៅលើ​បាតុករ ដែលមកចូលរួមបាតុកម្មជាមួយលោកម៉ម សូណង់ដូប្រធានវិទ្យុសំបុកឃ្មុំ ដើម្បីទាមទារឲ្យក្រសួងព័ត៌មាន ផ្តល់ការអនុញ្ញាត ឲ្យលោក តម្លើងកម្លាំងផ្សាយវិទ្យុបន្ត ទៅតាមខេត្ត និងហ្វ្រេកង់ សម្រាប់បង្កើតទូរទស្សន៍។ លោក ឈា ឌី ជាបាតុករ និងជាជនពិការដែលខំស្កាត់ មកពីខេត្តក្រចេះ ស្រុកស្នួល មកចូលរួមជាមួយគេដែរនោះ បាន​អះអាងថា បើទោះបីជាលោក និងបាតុករត្រូវបង្រ្កាបយ៉ាងណាក៏ដោយ ក៏លោកនៅតែតស៊ូ មិនព្រមចុះចាញ់ លុះ​ត្រាតែទទួលបានជោគជ័យ។

លោកបានបញ្ជាក់ថា មូលហេតុដែលលោកមកទាមទារ អោយមានវិទ្យុនៅតាមខេត្ត និងទូរទស្សន៍ ដោយសារ​លោកនៅស្រុកដាច់ស្រយ៉ាលឆ្ងាយ មិនអាចស្តាប់លឺការផ្សាយបាន ហេតុដូចនេះទើបលោកត្រដរមកចូលរូម «ព្រោះថាខ្ញុំនៅខេត្តក្រចេះ ខ្ញុំស្តាប់វិទ្យុ និងទូរទស្សន៍អត់មានលឺអីទាំងអស់ អញ្ចឹងខ្ញុំមកទាមទារអោយមានវិទ្យុ នឹងអោយវាលឺដល់ស្រុកខ្ញុំដែលជាស្រុកដាច់ស្រយ៉ាលឆ្ងាយពីក្រុង»។

ឆ្លើយតបនឹងសំណួរអ្នកកាសែតថា បន្ទាប់ពីជួបការបង្រ្កាបបែបនេះ តើនៅបន្តតស៊ូទៀតដែរឬទេ? បុរសពិការ​ជើង​ម្ខាងរូបនេះ បានឆ្លើយតបដោយទឹកមុខមាំថា «ខ្ញុំនៅតស៊ូរហូត ខ្ញុំអត់មានចុះចាញ់ អត់មានទន់ជ្រាយផ្លួវចិត្ត​ណា​មួយអីនោះទេ។ ខ្ញុំនៅតែធ្វើបន្តទៀត តែធ្វើដោយអហិង្សា ខ្ញុំត្រូវទាមទាររហូត លុះត្រាតែបានសម្រេចទើបឈប់។»

តម្លើងសម្លេងបែបកំហឹងបន្តិច ដោយទំនងជាទោមនស្សនឹងការសម្រេចរបស់ក្រសួងព័ត៌មាន ដែលមិនឲ្យវិទ្យុ​សម្បុកឃ្មុំបន្ថែមកម្លាំងផ្សាយនោះ បុរសពិការរូបនេះ បានសម្ដែងជាចំងល់ឡើងថា «ហេតុអីបានជា​រដ្ឋាភិបាល​មិន​អោយ? គ្រាន់សុំប៉ុណ្នឹងសោះ ហើយបើយួន និងចិនសុំអោយៗ។ ចុះហេតុអីយើងជាខ្មែរដូចគ្នាសុំ មិនអោយ?»

បើការទាមទារនៅតែមានការបង្រ្កាប តើធ្វើដូចម្តេចអោយមានប្រសិទ្ធភាព និងទទួលបានជោគជ័យ? ឆ្លើយ​តបនឹង​សំណួរបែបនេះ ពលរដ្ឋរូបនេះបានអោយដឹងថា «វាគ្មានដំណោះស្រាយអីល្អជាងជនជាតិខ្មែរ ក្នុងប្រទេសហ្នឹង ត្រូវ​ងើបឈរតវ៉ាជាមួយគ្នាបន្តទៀតនោះទេ ទោះបីជាវាធ្វើអីមកលើយើងក៏ដោយ។ ហើយបើវាប្រើហិង្សាលើ យើងកុំ​តបតអីជាមួយវា សុខចិត្តសំពះសុំអង្វរវាទៅ ព្រោះយើងអត់មានអាវុធ អត់មានអីដូចវាទេ។»

លោកបន្តទៀតថា «ប្រសិនបើយើងងើបឈរទាំងអស់គ្នាវាប្រាកដជាឈ្នះ ព្រោះថារដ្ឋាភិបាលមិនឈ្នះកំលាំង​ប្រជាជននោះទេ អញ្ចឹងប្រជាពលរដ្ឋត្រូវងើបទាំងអស់គ្នាទើបយើងអាចជួយជាតិយើងបាន។ យើងជាប្រជាពលរដ្ឋ​ចង់ទាមទារអ្វីក៏បានដែរ ព្រោះយើងមានសិទ្ធិ ជាប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីខ្មែរ។»

ទន្ទឹមនឹងនេះដែរលោកក៏ធ្វើការថ្កោលទោសចំពោះកងកម្លាំងដែលបានធ្វើការបង្រ្កាបទៅលើបាតុករអហិង្សា និង​សំណូមពរអោយរដ្ឋាភិបាលរកមុខជន ដែលបានបង្កហិង្សាមកកាត់ទោស «ខ្ញុំសូមអោយរដ្ឋាភិបាល នាំខ្លួន​អ្នក​ដែលបានអំពើអំពើហិង្សា លើបាតុករហិង្សានេះទៅកាត់ទោសនៅតុលាការ ហើយសូមអោយអង្គការ​សហប្រជាជាតិ​ជួយមើលថា តើការប្រើកម្លាំងមកលើបាតុករវាសមដែរឬទេ?»

បើទោះបីជាលោកពិការជើងម្ខាង ដោយអាងឈើច្រត់ជាជំនួយក៏ដោយ តែក្នុងពេលដែលសមត្ថកិច្ចធ្វើការបង្រ្កាប បុរសពិការជើងស្តាំតាំងពីសម័យសង្រ្គាមរូបនេះ មិនមានរងរបួសអ្វីនោះទេ។ នេះជាការអះអាងរបស់លោក «ខ្ញុំអត់​មានត្រូវត្រង់ណាទេ ព្រោះពេលដែរគេបោកគ្រាប់បែកផ្សែង និងពេលវារត់មកវាយ ខ្ញុំបានរត់លូនគេចរួចខ្លួន»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments