កែម ឡី លើក​ពី​ហេតុផល​​៥យ៉ាង ​ដែល​​ជំរុញ​រដ្ឋាភិបាល​ប្រើ​​កាំភ្លើង​​គ្រាប់​​ពិត​​បាញ់​​កម្មករ

ហេតុអ្វីបានជាកងកម្លាំង គ្រប់គ្រងដោយរដ្ឋាភិបាលលោក ហ៊ុន សែន បានជ្រើសរើសបំបែកកម្លាំងបាតុករជាកម្មករ តាម​រយៈ​ការប្រើប្រាស់កម្លាំង ជាមួយនឹងកាំភ្លើងគ្រាប់ពិត? អ្នកស្រាវ​ជ្រាវ​សង្គម​ លោក កែម ឡី ក្នុងសន្និសិទសារព័ត៌មានមួយ នៅ​សណ្ឋាគារ​អ៊ីមភៀរៀលនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ បានលើកឡើងថា «នោះដោយ​សារតែគណបក្ស​ប្រជាជនកម្ពុជា មាននូវហេតុផលប្រាំយ៉ាង»។
កែម ឡី លើក​ពី​ហេតុផល​​៥យ៉ាង ​ដែល​​ជំរុញ​រដ្ឋាភិបាល​ប្រើ​​កាំភ្លើង​​គ្រាប់​​ពិត​​បាញ់​​កម្មករ
កងកម្លាំងប្រដាប់ដោយអាវុធ«គ្រាប់ពិត» ត្រូវបានបញ្ជូនឲ្យមកបង្ក្រាបបាតុករដៃទទេ ថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវវេងស្រេង។ (រូបថត MONOROOM.info/ O.vary)

បាតុកម្ម និង​អំណាច - បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ជា​បន្ត​បន្ទាប់ តែ​គេ​សង្កេត​ឃើញ​​មាន​ទ្រង់​ទ្រាយ​ធំ ចាប់​តាំង​ពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ​នោះ​មក ជា​ពិសេស​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ។ ក្នុង​អំឡុង​ពេល​ដើម​​ឆ្នាំ​២០១៤ ចាប់​ពី​ថ្ងៃ​ទី​០២ ខែ​មករា​មក ឃើញ​ថា​កង​កម្លាំង​ការពារ​សន្តិសុខ​ជាតិ ដែល​ប្រើ​ប្រាស់​ដោយ​​គណបក្ស​​ប្រជាជន​កម្ពុជា​កំពុង​កាន់​​អំណាច​សព្វ​ថ្ងៃ​នេះ បាន​ដាក់​ពង្រាយ​ស្ទើ​គ្រប់​ទី​កន្លែង តាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​ក្នុង​​រាជធានី​ភ្នំពេញ មុន​នឹង​ឈាន​​​ទៅ​ដល់​ការ​បង្ក្រាប​យ៉ាង​រង្គាល ដោយ​កាំភ្លើងគ្រាប់​ពិត ទៅ​លើ​ក្រុម​បាតុករ​ដៃ​ទទេរ ធ្វើ​ឲ្យ​មាន​ស្លាប់​​និង​របួស​​រាប់​​សិប​នាក់។

» គ្រាប់កាំភ្លើងពិត ដែលត្រូវបានបាញ់ស្រោច មកលើក្រុមបាតុករ៖

អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក កែម ឡី បាន​បង្ហាញហេតុ​ផល​ប្រាំ​យ៉ាង ដែល​ជំរុញ​​ឲ្យ​​កង​​កម្លាំង​​គ្រប់​​គ្រង​​ដឹកនាំ​ដោយ​រដ្ឋាភិបាល លោក ហ៊ុន សែន ប្រើ​កាំភ្លើង​គ្រាប់​ពិត​បាញ់​តម្រង់​បាតុករ ដែល​​សុទ្ធ​សឹង​​ជា​​ជន​​ស៊ីវិល យ៉ាង​ដូច្នេះ​ថា៖

ហេតុផលទីមួយ៖ ការធ្វើបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃអាទិត្យដំបូងនោះ មាន​ចំនួន​​នៃ​បាតុករចូលរួម​ជាង​ដប់ម៉ឺននាក់។ និងថ្ងៃអាទិត្យបន្ទាប់មកទៀត ចំនួនបាតុករបាន​កើនឡើងជាងម្ភៃ​ម៉ឺននាក់ និងជាង​សាមសិប​ម៉ឺន​នាក់​ជាពីរដង បីដង និងបួនដង ជាមួយនឹងការផ្សារភ្ជាប់ជាមួយនឹងកម្មករ ជា​មួយនឹងគ្រូបង្រៀន ដែល​នាំឲ្យមានកម្លាំង​ប្រជាធិបតេយ្យពេញទូទាំងប្រទេសនេះ ឯរដ្ឋាភិបាលអាចនឹង​បរាជ័យ​ក្នុងការទប់ទល់ ជាមួយនឹង​កម្លាំង​ប្រជាធិបតេយ្យ។ នេះជាមូលហេតុទីមួយ ដែលរដ្ឋាភិបាលត្រូវ​បង្ខំ​ចិត្តបង្ក្រាបយ៉ាងសាហាវ ជាមួយនឹងការ​ប្រើប្រាស់​នូវអាវុធ (កាំភ្លើង) បាញ់ឥតប្រណី។

ហេតុផលទីពីរ៖ ដោយសារតែរដ្ឋាភិបាលចង់រៀបចំ ថ្ងៃប្រាំពីរមករាជាថ្ងៃប្រវត្តិសាស្ត្រ​របស់គាត់ (គណបក្ស​ប្រជាជន​កម្ពុជា) ជាមួយនឹងការបារម្ភខ្លាចមានបាតុកម្មនោះធំឡើងៗ ដែលជាការរំខានដល់ការរៀបចំ​ថ្ងៃ​៧មករា ដែល​នេះ​ជាភាពជាក់ស្តែង ដែលយើងបានមើលឃើញយ៉ាងដូច្នេះ។

ហេតុផលទីបី៖ ដោយសារតែពេលវេលាខាងមុខ នឹងមានគណៈប្រតិភូវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម ដែល​ជាសមភាគីនៃនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ប្រសិនបើមិនបង្ខំចិត្តបង្ហ្រាបទេ នោះបាតុកម្មអាច​នឹង​ហៀរ​ចូល​ទៅ​តាមថ្នល់។ ជាងនេះទៅទៀតប្រហែលជានឹងមិនអាចផ្គាប់ចិត្តមេដឹកនាំវៀតណាមបាន ដូច្នេះត្រូវ​សម្រេច​ចិត្តបង្ក្រាប។

ហេតុផលទីបួន៖ តាមភាពជាក់ស្តែងកន្លងមកនេះ ការបង្កៃគ្រាប់បែកប្រជាជនលែងខ្លាចហើយ ការថតដាក់​តាម​ទូរទស្សន៍ក៏លែងខ្លាច ការវាយក៏លែងខ្លាច ការចាប់ដាក់គុកដូចលោក ម៉ម សូណង់ដូ អ្នកបឹងកក់ ហើយ​ដល់​ពេល​ចេញមកវិញក៏លែងខ្លាច មានតែធ្វើបាតុកម្មលើសដើម។ ការបង្ក្រាបតាមរយៈការប្រើដំបង ខែល គ្រាប់ក្លែងក្លាយ ដំបងឆក់ ឬឡានទឹកជាដើមនោះ លែងខ្លាចហើយ ទើបសម្រេចចិត្តប្រើប្រាស់នូវគ្រាប់​កាំភ្លើង​ពិត ដែលជាក់ស្តែង​នៅស្ទឹងមានជ័យ និងតាមបណ្តោយផ្លូវវ៉េងស្រេង។

និងហេតុផលទីប្រាំចុងក្រោយ៖  ការអស់ទំនុកចិត្ត ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទៅតាមករណី​មួយ​ចំនួន​ដូចជា ប្រជាពលរដ្ឋ មន្រ្តីរាជការ ទាហាន ប៉ូលីស។ បន្ទាប់មកទៀត ក៏បាត់បង់នូវជំនឿចិត្តលើប៉ូលីស និង​ប៉េអឹម​ថែម​ទៀត ហើយមានទំនុកចិត្តតែលើក្រុមអង្គរក្សខ្លួនឯង។ ក្រោយមកទៀត ក៏លែងទុកចិត្តលើ​អង្គរក្ស ហើយ​ក៏​បាន​បង្កើត​នូវកម្លាំងមួយទៀត ដែលខ្លួនគិតថាមានភាពទុកចិត្តជាងគេនោះ។ ហើយបើកម្លាំង​មួយ​ចុង​ក្រោយនេះ នៅ​មិន​ទុក​ចិត្ត​ទៀតនោះ គណបក្សប្រជាជនកម្ពុជានឹងត្រូវចប់។

តាមករណីខាងលើ លោកបានលើកជាឧទាហរណ៍ថា ដូចជាសម័យខ្មែរក្រហម ដោយចោទបញ្ញាវ័ន្តអ្នកធ្វើរដ្ឋ​ប្រហារ​​ជំនាន់ លុន ណុល នោះ ក្រុមកុម្មុយនីសនិយមម៉ៅទាំងនេះ បានយកក្រុមបញ្ញាវ័ន្ដទៅសម្លាប់។ បន្ទាប់​មក​លែងទុក​ចិត្ត​អ្នកថ្មី សម្លាប់អ្នកថ្មី ចុងក្រោយលែងទុកចិត្តអ្នកចាស់ ក៏សម្លាប់អ្នក​ចាស់។ លែងទុកចិត្តគ្នាឯង លែងទុកចិត្តកូនឯង លែងទុកចិត្តម្តាយឪពុកឯង ក៏សម្លាប់ចោលទៀត។ លោកបាន​បន្តរ​ថា ចុងក្រោយជៀស​មិន​ផុតពីភាព​«បរាជ័យ​ក្នុង​ជិវិតនៃអ្នកដឹកនាំ»។

លោកបានបញ្ជាក់បន្ថែមថា ក្នុងហេតុការនៃការបាញ់ឲ្យមានមនុស្សស្លាប់នោះ លោកក៏មានពូនិងក្មួយ​ធ្វើជា​ប៉ូលីស នៅក្នុងហេតុការណ៍នៅផ្លូវវ៉េងស្រេងនោះដែរ។ លោកបានបន្តរថា «ក្រោយពេលបង្ក្រាបហើយ គេក៏​បានដក​កាំភ្លើង​យកទៅអស់ យកទៅស្កេន ដោះយកគ្រាប់ចេញ ព្រោះខ្លាចក្រោយពេលមានការតាមដាន និង​ត្រួតពិនិត្យទៅឃើញ​មានកាំភ្លើងហ្នឹង»។ ក្នុងស្ថានភាពបច្ចុប្បន្ន បើរដ្ឋាភិបាលចង់លាក់កំបាំងនូវ​ព័ត៌មានអ្វី​មួយនោះ លោកកែម ឡី បាន​ចាត់ទុកថា នោះជាការមួយ«ហួសសម័យ»ហើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់