មាជ សុវណ្ណារ៉ា បដិសេធ​ចលនា​ប្រដាប់​អាវុធ ថា​ជា​ការ​«លាប​ពណ៌»

ឆ្លើយបតទៅនឹងការសង្ស័យ ដែលថាមន្រ្តីគណបក្សសង្រ្គោះជាតិ មានជាប់ពាក់ព័ន្ធនឹងចលនាខុសច្បាប់​ផ្តួលរំលំ​រដ្ឋាភិបាល មន្រ្តីគណបក្សសង្រ្គោះជាតិ បានចេញមុខការពារខ្លួន និងគណបក្សសង្រ្គោះជាតិថា ពួកគេមិនមាន​ជាប់​ពាក់ព័ន្ធនឹងចលនាខុសច្បាប់ ណាមួយនោះទេ ហើយអ្វីដែលមានការសង្ស័យនោះ គឺជាការបំភ្លៃខុសពីការពិត ដែលអាចនាំឲ្យមានការបែកបាក់ជាតិ។

ឆ្លើយបតទៅនឹងការសង្ស័យ ដែលថាមន្រ្តីគណបក្សសង្រ្គោះជាតិ មានជាប់ពាក់ព័ន្ធនឹងចលនាខុសច្បាប់​ផ្តួលរំលំ​រដ្ឋាភិបាល មន្រ្តីគណបក្សសង្រ្គោះជាតិ បានចេញមុខការពារខ្លួន និងគណបក្សសង្រ្គោះជាតិថា ពួកគេមិនមាន​ជាប់​ពាក់ព័ន្ធនឹងចលនាខុសច្បាប់ ណាមួយនោះទេ ហើយអ្វីដែលមានការសង្ស័យនោះ គឺជាការបំភ្លៃខុសពីការពិត ដែលអាចនាំឲ្យមានការបែកបាក់ជាតិ។


ទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ផ្សាយពីការជាប់ពាក់ព័ន្ធរបស់លោក មាជ សុវណ្ណារ៉ា ក្នុងចលនាខុសច្បាប់។ (រូបថត ផ្ដិតចេញពីហ្វេសប៊ុក)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ លោក មាជ សុវណ្ណារ៉ា ជាបេក្ខជនតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ របស់គណបក្សសង្រ្គោះជាតិ បានពន្យល់ថា ប្រទេស​កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្តជូរចត់ច្រើនណាស់មកហើយ ដោយសារតែការផ្លាស់ប្តូរ​អំណាចគ្រប់គ្រងរដ្ឋ​តាម​រយៈការប្រើអំពើហិង្សា ហើយការផ្លាស់ប្តូរនោះភាគច្រើន បានធ្វើឲ្យប្រទេសកម្ពុជាមានការបែកបាក់​កាន់តែ​ជ្រាល​ជ្រៅ។

តំណាងរាស្រ្តគណបក្សជំទាស់រូបនេះ បន្តថា បច្ចុប្បន្នគឺជាដំណាក់កាលនៃការធ្វើនយោបាយរបៀបថ្មី ដោយ​ជៀស​វាងនូវការប្រើប្រាស់អំពើហិង្សា ហើយងាកមកធ្វើការទាមទារតាមរូបភាពអហិង្សា ផ្អែកតាមគោលការណ៍​លិទ្ធិ​ប្រជាធិបតេយ្យ ដើម្បីឈោងទៅចាប់យកផលប្រយោជ៍រួមរបស់ជាតិ។

ទាក់ទងនឹងការសង្ស័យថាគណបក្សសង្រ្គោះជាតិ ជាប់ពាក់ព័ន្ធនឹងចលនាខុសច្បាប់ លោក មាជ សុវណ្ណារ៉ា បាន​បញ្ជាក់ថា៖ «ការផ្លាស់ប្តូរមេដឹកនាំ គេមិនដែលធ្វើដោយកម្លាំងប្រដាប់អាវុធទេ គណបក្សសង្រ្គោះជាតិដោះស្រាយ គឺធ្វើតាមរយៈបាតុកម្មអហិង្សាទាមទារយុត្តិធម៌ ការចរចា តាមការទូតត្រឹមត្រូវ ដើម្បីផលប្រយោជន៍ជាតិរួម អ្នកណា​មកចោទខ្ញុំថាជួបជាមួយកម្លាំងប្រដាប់អាវុធ?(...)។ ខ្ញុំសូមថ្កោលទោស ហើយស្នើទៅរដ្ឋាភិបាលលោក ហ៊ុន សែន រកតែការពិត និងភស្តុតាង។ យើងចេះតែលាបពណ៌គ្នានឹងហើយ ដែលធ្វើឲ្យជាតិយើងបែកបាក់ជាង៣ទសវត្យរ៍ តើយើងចង់ឲ្យខ្មែរបែកបាក់ដល់ណាទៀត។»

ជុំវិញករណីនេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងមន្រ្តីរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បយ​បាន​នៅឡើយ។ តែចំពោះការសង្ស័យដែលថាគណបក្សសង្រ្គោះជាតិ ជាប់ពាក់ព័ន្ធនឹងចលានាខុសច្បាប់ គឺបានកើត​ឡើង​ក្រោយពេល គណនីហ្វេសបុក លោក ផែង វណ្ណៈ ដែលត្រូវគេដឹងថា ជាមន្ត្រីប៉ូលីសក្រសួងមហាផ្ទៃ បាន​សរសេរ​ថា៖ «ប្រភពព័ត៌មានពីរដ្ឋកាលីហ្វ័រនីញ៉ា បានអោយដឹងដឹងថា លោក សុខា ទី (Sokha Tee) ដែលជាមេ​បញ្ជាការ​កងទ័ព​ខុសច្បាប់ បង្កើតនៅអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរមក​ប្រទេសកម្ពុជា​ហើយថ្ងៃនេះ ។ សុខា ទី ធ្វើការងារជាមួយក្រុមលោក សូ ណារ៉ូ លោក សួន សេរីរដ្ឋា និង លោកមាជ សុវណ្ណារ៉ា តំណាងរាស្ត្រជាប់​ឆ្នោត​មណ្ឌលខេត្តបន្ទាយមានជ័យ របស់គណបក្សសង្គ្រោះជាតិ។»

ជុំវិញការលើកឡើងខាងលើរបស់ ទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ មិនអាចមានអំណះអំណាងណាមួយ​មក​បញ្ជាក់បាននៅឡើយ។ ប៉ុន្តែអ្នកស្រាវជ្រាវ និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានហៅការ​លើក​ឡើង​របស់ទំព័រហ្វេសប៊ុក ខាងលើ ថា«គ្មានមូលដ្ឋានច្បាស់លាស់»។ ក្រុមអ្នកស្រាវជ្រាវទាំងនោះ បាននិយាយថាសហរដ្ឋ​អាមេរិក មិនដែលអនុញ្ញាតឲ្យក្រុមណាមួយ ឬចលនាណាក៏ដោយ អាចមានលទ្ធភាពបង្កើតកងទ័ពប្រដាប់អាវុធ នៅ​លើទឹកដីរបស់ខ្លួន ឬក៏ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបញ្ជាចលនាប្រដាប់អាវុធណាមួយ នៅក្នុងប្រទេសដទៃទៀត​ក្នុងពិភពលោកនោះឡើយ។ ករណីនេះអាចបញ្ជាក់បាន ទៅលើសំនុំរឿង ឈុន យ៉ាសិទ្ធ ដែលធ្លាប់ត្រូវបាន​តុលាការ​ប្រទេសមហាអំណាចមួយនេះ ចាប់ដាក់ទោសពីបទប្រើប្រាស់ទឹកដីសហរដ្ឋអាមេរិក ដើម្បីបញ្ជាកងកម្លាំងប្រដាប់​អាវុធ​ឲ្យធ្វើការវាយប្រហានៅក្នុងប្រទេសកម្ពុជា ដែលជារដ្ឋមួយមានទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទងនឹងសំនុំរឿង លោក ឈុន យ៉ាសិទ្ធិ សូមចុចអាននៅទីនេះ

--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments