ហ្វេសប៊ុក ហ៊ុន សែន និយាយ​រឿង​មួយ តែ​«ធ្វើ​ភ្លេច»​រឿង​ប្រាំ

មួយថ្ងៃបន្ទាប់ពីអំពើហិង្សា នៃការបង្ក្រាបបាតុកម្មរបស់ក្រុមកម្មករ នៅតាមបណ្ដោយផ្លូវវេងស្រេង ទំព័រ​ហ្វេសបុក​មួយដែលដាក់ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ( សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា) បានសរសេរអត្ថបទខ្លីមួយ មានចំណងជើងថា​ «រាជរដ្ឋាភិបាលគាំទ្រ និង​ស្វាគមន៍សិទ្ឋិសេរីភាព​បាតុកម្ម​អហិង្សា» ហើយក៏បានសរសេរដែរ ពីដំណោះស្រាយ«មួយ»ដែលអាចធ្វើបាន។ ផ្ទុយពីអ្វីដែលមានសរសេរ នៅ​ក្នុង​អត្ថបទ​ខ្លីនោះ ម្ចាស់ទំព័រហ្វេសប៊ុកមួយនេះ ដូចជាបានភ្លេច ឬក៏«ធ្វើភ្លេច»នូវរឿងប្រាំផ្សេងទៀត។

មួយថ្ងៃបន្ទាប់ពីអំពើហិង្សា នៃការបង្ក្រាបបាតុកម្មរបស់ក្រុមកម្មករ នៅតាមបណ្ដោយផ្លូវវេងស្រេង ទំព័រ​ហ្វេសបុក​មួយដែលដាក់ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ( សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា) បានសរសេរអត្ថបទខ្លីមួយ មានចំណងជើងថា​ «រាជរដ្ឋាភិបាលគាំទ្រ និង​ស្វាគមន៍សិទ្ឋិសេរីភាព​បាតុកម្ម​អហិង្សា» ហើយក៏បានសរសេរដែរ ពីដំណោះស្រាយ«មួយ»ដែលអាចធ្វើបាន។ ផ្ទុយពីអ្វីដែលមានសរសេរ នៅ​ក្នុង​អត្ថបទ​ខ្លីនោះ ម្ចាស់ទំព័រហ្វេសប៊ុកមួយនេះ ដូចជាបានភ្លេច ឬក៏«ធ្វើភ្លេច»នូវរឿងប្រាំផ្សេងទៀត។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

ហ្វេសប៊ុកកម្ពុជា - ទំព័រហ្វេសប៊ុកនោះ បានចាប់ផ្ដើមនូវឃ្លាដំបូងដូច្នេះថា «ទាំងរាជរដ្ឋាភិបាល ទាំងអង្គការ​សហ​ប្រជាជាតិ គឺគាំទ្រជានិច្ចចំពោះបាតុកម្មអហិង្សា ទាមទារនូវអ្វីៗ ដែលអាចដោះស្រាយបានដោយសន្តិវិធី»។ តែនេះ ជាឃ្លាដែលធ្វើឲ្យអ្នកផងមិនយល់ថា ហេតុអ្វីក៏ចាំបាច់ភ្ជាប់អង្គការសហប្រជាជាតិ ចូលមកជាមួយរដ្ឋាភិបាលកម្ពុជា? តើស្ថាប័នកំពូលរបស់ពិភពលោកនេះ មានអ្វីត្រូវមកទាក់ទងជាមួយបាតុកម្មនៅក្នុងប្រទេសកម្ពុជា? ចំពោះពាក្យថា «គាំទ្រជានិច្ច»ដែលនៅក្នុងឃ្លាខាងលើនោះ សួរថាតើអង្គការសហប្រជាជាតិ ធ្លាប់គាំទ្រ«តែមួយភ្លែត»​ចំពោះ​បាតុកម្ម​អហិង្សាឬយ៉ាងណា?

តាមពិតទៅ ម្ចាស់ទំព័រហ្វេសប៊ុកនេះ ដែលមនុស្សភាគច្រើនជឿថា ជាលោក ហ៊ុន សែន នោះ ចង់ទាញភ្ជាប់អង្គការ​សហប្រជាជាតិ មកនិយាយនៅក្នុងឃ្លាសរសេរជាបន្ទាប់មកទៀត ដើម្បីឲ្យអ្នកផងយល់ថា រដ្ឋាភិបាលកម្ពុជានិង​អង្គការពិភពលោកនេះ មានជំហរតែមួយ ដូចជានៅក្នុងឃ្លាថា «ដំណោះស្រាយដែលអាចធ្វើបាន គឺមិនត្រូវដាក់​សំពាធកំហិតដាច់ខាត ប៉ុន្តែត្រូវមានការចូលរួមពីក្រសួងពាក់ព័ន្ឋ សាម៉ីក្រុមហ៊ុនផលិត និងនាំចេញ សហជីព និង តំណាងកម្មករ។ បក្សប្រឆាំងមិនត្រូវបន្តញុះញុង ដាក់សំពាធកំហិត អោយគេធ្វើតាមអំពើចិត្តរបស់ខ្លួន ដើម្បីកល​ល្បិច ផលប្រយោជន៍នយោបាយរបស់ខ្លួនឡើយ។»

បើទោះជាមិនយកអង្គការសហប្រជាជាតិ មកសរសេរជាមុនពីខាងលើមក ក៏ពីរឃ្លាកន្លងមកនេះ មិនមានអ្វីខុស​នោះ​ឡើយ ត្បិត«បញ្ហាសង្គម និងសេដ្ឋកិច្ច» វាចាំបាច់ត្រូវតែមានការចូលរួមដោះស្រាយ ពីភាគីពាក់ព័ន្ធ ហើយគេក៏មិន​ត្រូវ​យកបញ្ហានយោបាយមកឡូកឡំនោះដែរ។ ផ្ទុយទៅវិញ នៅក្នុងឃ្លានេះ នៅពេលម្ខាស់ទំព័រសរសេរថា «មិនឲ្យ​មានការដាក់សំពាធ«កំហិត»នោះ ម្ចាស់ទំព័រដូចជា«ធ្វើភ្លេច»ថា រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងាររបស់ខ្លួន បានកំហិតឲ្យក្រុមកម្មករ«ត្រូវតែ»ទទួលយក ប្រាក់ឈ្នួល ១០០ដុល្លាអាមេរិក ជំនួសការទាមទាររបស់កម្មករ ដែល​ស្នើសុំរហូតដល់ទៅ១៦០ដុល្លា។ ម្ចាស់ទំព័រហ្វេសប៊ុកនេះ ក៏ដូចជា«ធ្វើភ្លេច»ទៅទៀត ថាអ្នកជំនាញរបស់​ក្រសួង​ការងារ បានស្រាវជ្រាវរកឃើញថា កម្មករអាចមានជីវភាពត្រឹមត្រូវ លុះត្រាពួកគាត់ទទួលបានបៀវត្ស រវាងពី ១៥៧ ទៅ ១៦៧ដុល្លាអាមេរិក។

តាមគម្រោងរបស់ក្រសួងការងារ ការតម្លើងប្រាក់ខែរហូតដល់១៦០ដុល្លា អាចនឹងធ្វើទៅបាន តែត្រូវរងចាំ​៥ឆ្នាំ​ទៀត​សិន។ ដូច្នេះរវាងពីពេលនេះ ទៅបួនប្រាំឆ្នាំខាងមុខ កម្មករកម្ពុជាទាំងរាប់សិបម៉ឺននាក់នេះ ត្រូវតែទ្រាំរស់នៅ​ទាំង​វេទនា ត្រដរក្រខ្សត់សិន ព្រោះរដ្ឋាភិបាលដូចជា«ធ្វើភ្លេច»និយាយពីជីវភាពកម្មករ ដែលត្រូវប្រឈមនឹងការ​ចំណាយ​គ្រប់បែបយ៉ាង តែបែជាលើកមកនិយាយ តែពីសារៈសំខាន់នៃនយោជក តែមួយផ្នែកប៉ុណ្ណោះ។

និយាយជារួម ម្ចាស់ទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister ពិតជាមនុស្សម្នាក់​ដែល​ឆ្លាត​ជាទីបំផុត ដោយបានលើកមកសរសេរ នូវរឿងរ៉ាវតែមួយចំហៀង ហើយបាន«ធ្វើភ្លេច»រឿងដទៃទៀត ដែល​រដ្ឋាភិបាលកម្ពុជាមិនចង់និយាយ។ នេះគេនៅមិនទាន់យកមករំលឹក ទាក់ទងនឹងអំពើហិង្សា ដែលកើតចេញពី​ការ​ប្រឈមមុខគ្នារវាង បាតុករជាកម្មករ ជាមួយនឹងកងកម្លាំងអាជ្ញាធរបាញ់បោះគ្រាប់កាំភ្លើងពិត ហើយឈានធ្វើ​ឲ្យ​មានមនុស្សស្លាប់ របួសជាច្រើននាក់ កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅនេះផងទេ។

ពីពេលនោះ មកដល់ពេលនេះ ម្ចាស់ទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister ដូចជា​មិន​បានលើកមកនិយាយពីអ្នកស្លាប់ និងរបួសទាំងនេះ ឲ្យបានស៊ីជម្រៅពិតប្រាកដ ក្រៅតែពីហៅបាតុករថា ជាក្រុម​ជ្រុលនិយម និងឃ្លាដែលមានសរសេរថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មាន​ការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋ និងពលករ»ប៉ុណ្ណោះ។ មិន​បាន​«ស៊ីជម្រៅ» ឧទាហរណ៍ដូចជាសំនួរថា តើអ្នកណាជាអ្នកទទួលខុសត្រូវនៃអំពើបាញ់បោះ ដែលឈានទៅដល់​ការ​ស្លាប់និងរបួសទាំងអស់នេះ ម្ចាស់ទំព័រហ្វេសប៊ុក របស់បុរសខ្លាំង ទំនងជា«ធ្វើភ្លេច»ទៀត ថាមនុស្សទាំងអស់នោះ ក៏ជាពលរដ្ឋមានសាច់ឈាមដូចខ្លួនដែរ៕

---------------------------------------------
ដោយ៖ ក. សេងហុង ថ្ងៃ០៤ ខែមករា ឆ្នាំ ២០១៤
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments