យន្ដហោះទួរគី ត្រូវបានបាញ់ធ្លាក់៖ ទួរគីបន្តឹងសម្លេងដាក់ស៊ីរី

ប្រទេសទួរគីរបានធ្វើការចោទប្រកាន់ ប្រទេសស៊ីរី ថាបាន«បង្កអរិភាពកំរិតខ្លាំង»មួយ បន្ទាប់ពីបានបាញ់កម្ទេច យន្ដហោះ ចម្បាំងមួយរបស់ ប្រទេសទួរគី កាលពីថ្ងៃច័ន្ទទី២៥មិថុនាកន្លងទៅ។ ការចោទប្រកាន់នេះ បានធ្វើអោយមានការព្រួយបារម្ភ ជាទូទៅមួយ ពីវិបត្តិដែលអាចកើតមានបន្ថែមទៀតរវាង ប្រទេសជិតខាងទាំងពីរ នៅមុនបន្តិចតែប៉ុណ្ណោះ នៃការប្រជុំរបស់ អង្គការអូតង់។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 26, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសទួរគីរបានធ្វើការចោទប្រកាន់  ប្រទេសស៊ីរី ថាបាន«បង្កអរិភាពកំរិតខ្លាំង»មួយ បន្ទាប់ពីបានបាញ់កម្ទេច យន្ដហោះ ចម្បាំងមួយរបស់ ប្រទេសទួរគី កាលពីថ្ងៃច័ន្ទទី២៥មិថុនាកន្លងទៅ។ ការចោទប្រកាន់នេះ បានធ្វើអោយមានការព្រួយបារម្ភ ជាទូទៅមួយ ពីវិបត្តិដែលអាចកើតមានបន្ថែមទៀតរវាង ប្រទេសជិតខាងទាំងពីរ នៅមុនបន្តិចតែប៉ុណ្ណោះ នៃការប្រជុំរបស់ អង្គការអូតង់។


នាយករដ្ឋមន្ត្រី ទួរគី រ៉េសេប តាយីប អេរដូហ្គង់ (Recep Tayyip Erdogan)។

សង្គ្រាមពាក្យសំដី បានផ្ទុះឡើងខ្លាំងរវាងប្រទេសទួរគី និងស៊ីរី នៅក្រោយពេលដែល កងកម្លាំងការពារដែនអាកាសរបស់ ស៊ីរី​ បានបាញ់កំទេច កាលពីថ្ងៃសុក្រទី២២មិថុនា នូវយន្ដហោះចំបាំងមួយ ធុន F-4 Phantom របស់ប្រទេសទួរគី។ ទីក្រុង ដាម៉ាស បានអះអាងថា យន្ដហោះនោះបានហោះរំលោភចូល ក្នុងដែនដីរបស់ប្រទេសស៊ីរី ខណៈដែលទីក្រុងអង់ការា បានបញ្ជាក់ផ្ទុយពីនេះទៅវិញថា យន្ដហោះបានស្ថិតនៅក្នុងលំហអាកាសអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ប៊ុឡង់ អារីន្ច (Bülent Arinç) និងជាមន្ដ្រីនាំពាក្យរបស់រដ្ឋាភិបាល ប្រទេសទួរគី បាននិយាយថា «ការដែលយកយន្ដហោះមួយ ជាគោលដៅសំរាប់បាញ់កំទេច ដោយមិនបាននិយាយប្រាប់មុន ក្នុងលក្ខណៈបែបនេះ គឺជា ការ«បង្កអរិភាពកំរិតខ្លាំង»មួយ។» លោកបានលើកបន្ត ពីយន្ដហោះជួយសង្គ្រោះមួយទៀត ក៏បានទទួលគ្រាប់កាំភ្លើង ពីប្រទេសស៊ីរីដែរ ខណៈយន្ដហោះនេះចេញទៅ ក្នុងបំណងជួយ យន្ដហោះដែលត្រូវបានបាញ់ទម្លាក់នោះ ។ លោកបាន និយាយថា «មេទ័ពរបស់យើង បានហៅទៅប្រទេសទួរគី ហើយការបង្ករឿងហេតុនេះ បានបញ្ឈប់នៅពេលនោះភ្លាម។» ដើម្បីជាការឆ្លើយតប លោកបានគំរាមនឹងផ្អាកការផ្គត់ផ្គង់ ចរន្ដអគ្គិសនីរបស់ប្រទេសទួរគី ទៅអោយប្រទេសស៊ីរី បើទោះ ជាការគំរាមនេះនឹងប៉ះពាល់ ប្រជាជនស៊ីវិលដែលរងគ្រោះ តាំងតែពីជាង ១៥ខែមកហើយនោះក៏ដោយ។

ទីក្រុមដាម៉ាស បានត្រៀមទប់ទល់ រាល់ការចូលឈ្លានពាន ទៅលើទឹកដីរបស់ស៊ីរី ហើយបានចោទទីក្រុងអង់ការាថា ​មាន បំណងចង់«បញ្ឆេះភ្លើង»វិបត្តិ។ ខាងក្រសួងការបរទេស របស់ប្រទេសស៊ីរី បានបញ្ជាក់ថា «យន្ដហោះចម្បាំងរបស់ ប្រទេសទួរគី បានរំលោភលំហមេឃរបស់ស៊ីរី» ហើយបញ្ជៀសធ្វើមិនដឹងមិនលឺ ពីហេតុការដើម របស់មុខសញ្ញាដែល ប្រទេសខ្លួនបានបាញ់ទម្លាក់។

ប្រតិកម្មពីខាងបស្ចឹមលោក បានកើតឡើងភ្លាមៗដែរ នៅក្នុងវិបត្តិនេះ។ រដ្ឋលេខាធិការអាមេរិកាំង ទទួលបន្ទុកកិច្ចការ បរទេស លោក​ស្រី​ ហ៊ី​ឡា​រី គ្លីន​តុន  បានសន្យានឹងធ្វើការជាមួយទីក្រុងអង់ការា ទៅលើប្រតិកម្មស៊ីដ៏ជំរៅមួយ ទល់នឹង «ភាពអត់ខ្មាសអៀន»នេះ។

អង្គការអូតង់ នឹងជួបប្រជុំនៅទីក្រុងប៊្រុយស្សែល នៅថ្ងៃអង្គារទី២៦មិថុនានេះ តាមការស្នើសុំរបស់ប្រទេសទួរគី ដោយយោង លើ​ មាត្រាទី៤របស់សន្ធិសញ្ញា នៃសម្ព័នភាពនេះ ដែលបានចែងថា រដ្ឋជាសមាជិក អាចលើកបញ្ហាដាក់ជូនក្រុមប្រឹក្សា របស់អូតង់ នៅពេលដែលទឹកដី ឬសន្តិសុខរបស់រដ្ឋនោះ ទទួលរងនូវការគំរាមកំហែងណាមួយ។


យន្ដហោះចំបាំងធុន F-4 Phantom របស់ប្រទេសទួរគី។

ចំណែកឯខាងអ្នកជំនាញ របស់រូស្សី បានបញ្ជាក់តាម ទីភ្នាក់ងារពត៌មានរដ្ឋ រីយ៉ា ណូវ៉ូស្ទី (Ria Novosti) ថា យន្ដហោះចំបាំង F-4 Phantom ដែលត្រូវបានបាញ់ទំលាក់នោះ ទំនងជាចង់សាកល្បង នឹងខែលការពារអាកាសរបស់ប្រទេសស៊ីរី ដើម្បីដាក់ បង្ហាញជូនអូតង់។ តែថា​ ការបាញ់កំទេចយន្ដហោះនេះ បានបង្ហាញពីប្រសិទ្ធិភាព របស់ប្រព័ន្ធការពាររូស្សី ដែលបានបំពាក់ នៅប្រទេសស៊ីរី។

បន្ថែមពីលើវិបត្តិនេះ តាមប្រភពពីខាងមន្ដ្រីការទូតរបស់ ប្រទេសទួរគី បានលើកឡើងថា នាយទាហ៊ានម្នាក់ទៀត ដែលជា នាយទាហ៊ានទី១៣ហើយ របស់ប្រទេសស៊ីរី បានផ្ដាច់ខ្លួនពីរបបរបស់លោក បាឆា អាល់-អាសាដ (Bachar al-Assad) ហើយបាននាំក្រុមរបស់ខ្លួន ប្រមាណជា ២០០នាក់ រត់ភៀសខ្លួនចូលក្នុងប្រទេសទួរគី។

តាំងពីប្រទេសស៊ីរី ធ្លាក់ក្នុងវិបត្តិមក ប្រទេសទួរគី បានទទួលជនភៀសខ្លួន ស៊ីរី ប្រមាណជាជាង ៣៣ ០០០នាក់ រួមទាំង ក្បាលម៉ាស៊ីនដឹកនាំ របស់កងទ័ពសេរី និងក្រុមប្រឹក្សាជាតិរបស់ស៊ីរី ដែលសុទ្ធសឹងជាផ្នែកសំខាន់ៗ នៃក្រុមអ្នកបះបោរ។

របាយការណ៍មួយផ្សេងទៀត ពីអ្នកឃ្លាំមើលខាងសិទ្ធិមនុស្ស បានបន្ថែមទំងន់ដាក់ប្រទេសស៊ីរី ពីការទម្លាក់គ្រាប់បែក ដោយក្រុមទាហ៊ាន ប្រឆាំងទល់នឹងក្រុមអ្នកបះបោរ ជាពិសេសនៅទីក្រុង ហូម (Homs) ដែលបានសម្លាប់មនុស្ស ៩៥នាក់ ក្នុងនោះ ៦១ជាប្រជាជនសមញ្ញ ៣នាក់ជាក្រុមទាហ៊ានរដ្ឋាភិបាលរត់ចោលជួរ និង៣១នាក់ផ្សេងទៀតជា កងកំលាំង ប្រដាប់អាវុធរបស់ក្រុមអ្នកបះបោរ៕

--------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង AFP

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...