១០​ករណី​សង្ស័យ​ធំៗ ទៅ​លើ​ឃាតកម្ម​ប្រធានាធិបតី កេណឺឌី

៥០ឆ្នាំបន្ទាប់ពីឃាតកម្មបាញ់សម្លាប់ អតីតប្រធានាធិបតីអាមេរិកលោក ចន កេណឺឌី (John F.Kennedy) នៅ​ទីក្រុង​ដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកការស្រាវជ្រាវមួយ មក​ជម្រាប​ជូន​ប្រិយមិត្តអ្នកអាន ពីករណីសង្ស័យទាំង១០ ដែលអាចកើតមាននៅពីក្រោយ ឧក្រិដ្ឋកម្មដ៏ញាប់ញ័រពេញ​ពិភពលោក​នេះ។
១០​ករណី​សង្ស័យ​ធំៗ ទៅ​លើ​ឃាតកម្ម​ប្រធានាធិបតី កេណឺឌី
អតីតប្រធានាធិបតីអាមេរិក លោក ចន ហ្វ្រីដជេរ៉ាដ កេណឺឌី។ (រូបថត ឯកសារ)

ឧក្រិដ្ឋកម្ម - តើមានរឿងអ្វីទៅ ដែលបានកើត​ឡើង​នៅ​ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ១៩៦៣ នៅទីក្រុងដាឡាស រដ្ឋ​តិចសាស សហរដ្ឋអាមេរិក ទៅលើអតីត​ប្រធានាធិបតី​​អាមេរិក ដែល​នៅពេលនោះទើបនឹងជាប់ឆ្នោត​នោះ? របាយការណ៍ផ្លូវការ​ បានចេញផ្សាយឲ្យដឹងថា អតីតប្រធានាធិបតី​ដែល​​មាន​​ប្រជាប្រិយភាព​រូបនេះ ត្រូវ​បាន​លួច​បាញ់សម្លាប់ដោយ យុវជន​មានសតិមិននឹងនរម្នាក់ ឈ្មោះ លីហាវេ អូស្វាដ (Lee Harvey Oswal) ដែល​ត្រូវបាន​សម្លាប់​​នៅ៤៨ម៉ោង​​ក្រោយ​ឃាតកម្ម លើប្រធានាធិបតី ដោយ​បុរស​ម្នាក់​ទៀត​ឈ្មោះ ចាក់ រ៉ូឌី (Jack Ruby) នៅក្នុងស្នងការនគរបាល​ទីក្រុង។

ប៉ុន្តែ​របាយការណ៍ខាងលើ ត្រូវបានមនុស្សតិចណាស់ សម្ដែងការជឿជាក់។ ពលរដ្ឋអាមេរិកាំង ៦លើ១០នាក់ គិតថា​មាន​ការពិតផ្សេង​ពី​នេះ។ ហើយ​រហូតមក​ដល់​ថ្ងៃនេះ ដែលត្រូវជា៥០ឆ្នាំកន្លងទៅហើយ ការពិត​នៅ​មិន​ដែលបាន​គេ​បង្ហើប​ចេញ​មកឡើយ តែផ្ទុយទៅវិញ ករណីសង្ស័យច្រើន​បានកើត​ឡើង​ខុស​ប្លែក​ពីគ្នា។ យើង​សូម​យក​ករណី​​សង្ស័យ​​ចំនួន​១០ មក​ពិពណ៌នា​​ដូចខាងក្រោម៖

១- ក្រុមម៉ាហ្វីយ៉ា

ជាការសង្ស័យដែលមានហេតុផលត្រឹមត្រូវច្រើនជាងគេ ថាក្រុមម៉ាហ្វីយ៉ាជាអ្នករៀបចំធ្វើឃាត​អតីត​ប្រធានា​ធិបតី​​អាមេរិក កេណឺឌី។ នៅសម័យ​កាល​នោះ រដ្ឋបាលរបស់លោកប្រធានាធិបតី ជាពិសេសប្អូនរបស់​លោក​ប្រធានាធិបតី ដែលឡើងធ្វើ​ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងនោះ បានប្រកាសសង្គ្រាម​ប្រឆាំង​នឹង​ពួក​ម៉ាហ្វីយ៉ា​​អាមេរិក។ ឃាតករ ចាក់ រ៉ូឌី​ ដែលបាន​សម្លាប់ លីហាវេ អូស្វាដនោះ ធ្លាប់ជាអ្នកលេងមួយរូប ដែល​សាធារណៈ​មតិ​យល់​ថា មានទំនាក់​ទំនង​​យ៉ាង​ខ្លាំង ទៅនឹងបណ្ដាញ​របស់ពួកម៉ាហ្វីយ៉ាទាំងនោះ។ ការសម្លាប់ លីហាវេ អូស្វាដ ទំនងជាចង់បំបិទមាត់ មិនឲ្យ​ជន​នេះ​​អាច​និយាយ​បក​អាក្រាត​​អ្វីទាំងអស់ ពីក្រុមខ្លួន។ ប៉ុន្តែគ្មានការ​ស៊ើប​អង្កេត​ណា​មួយ និយាយពន្យល់ ឲ្យបាន​ក្បោះក្បាយ​ពី​បញ្ហា​នេះទេ។

២- ក្រុមស្ដាំនិយមជ្រុល

ឥទ្ធិពលនៃក្រុមស្ដាំនិយមជ្រុលអាមេរិក មានរូបរាងរីករាលដាលយ៉ាងធំ ប្រឆាំងនឹងអតីតប្រធានាធិបតី កេណឺឌី ដែល​ជា​ប្រធានាធិបតីដំបូងគេ មានបំណង​ចងដាក់ឲ្យដំណើរការ នូវសិទ្ធិស្មើភាពរបស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ នៅ​អាមេរិក។ ប៉ុន្តែមិនមែនមានតែប៉ុណ្ណឹងទេ ព្រោះលោក​ប្រធានាធិបតី កេណឺឌី ក៏​មាន​នយោបាយ​ទន់​ភ្លន់ ​ជាមួយ​នឹង​​ប្រទេស​គុយបា និងក្រុមកុម្មុយនីស ក្នុងសម័យកាលនោះដែរ។

គេត្រូវនិយាយថា លោក កេណឺឌី ដែលដាក់ជំហានរបស់លោក ជាន់លើទឹកដីតិចសាស ដែលពោរពេញ​ ទៅ​ដោយ​​បណ្ដា​ជនអភិរក្សនិយមនោះ មិនប្រាកដថា ត្រូវបានទទួលស្វាគមន៍​នោះឡើយ។ នៅពេលនោះ មាន​ក្រុម​ស្ដាំ​និយម​មួយ បាន​រង​ចាំទទួលលោក ជាមួយនឹងពាក្យ​ចោទ​ប្រកាន់​លោក​ប្រធានាធិបតីថា បាន​​«ក្បត់​​ប្រទេស​​​អាមេរិក»។ ប៉ុន្តែគ្មាន​ការ​ស៊ើបអង្កេត​ណាមួយ រកឃើញថា ករណីនេះ​ជាមូលហេតុ​នៃឃាតកម្ម ទៅ​លើ​លោក​​ប្រធានាធិបតី​​នោះ​ទេ។

៣- ក្រុមកុម្មុយនីស

បន្តាប់ពីក្រុមស្ដាំនិយមជ្រុល គេបានសង្ស័យ ទៅលើក្រុមឆ្វេងនិយម​ជ្រុល​វិញម្ដង។ លីហាវេ អូស្វាដ ជា​សកម្ម​ជន​មួយ​​រូប ដែលនិយមលោក ហ្វីដែល កាស្ត្រូ (មេដឹកនាំកុម្មុយនីស របស់ប្រទេសគុយបា) ហើយមាន​ចំណង​​យ៉ាង​ស្អិត​​រមួត​ជាមួយ សហភាពសូវៀត នៅពេលនោះ។ នៅពេលចាប់ឃាត់ខ្លួន ជននេះ​បានប្រកាសថា ខ្លួន​ជា​អ្នក​និយម​​លិទ្ធិ​ម៉ាក្ស កុម្មុយនីស។ គួរបញ្ជាក់​​ដែរថា ឃាតកម្មលើលោកប្រធានាធិបតី បានកើតឡើង​​ក្រោយ​បន្ទាប់​ពី​វិបត្តិ នៃ​គម្រោង​​តម្លើង​​កាំជ្រួច​ម៉ីស៊ីល របស់​សហភាពសូវៀតនៅប្រទេសគុយបា ដែលអាជ្ញាធរ​អាមេរិក​​បាន​ចាត់​ទុក​ជា​ការ​គម្រោម​ធ្ងន់ធ្ងរ។ គេ​បាន​សង្ស័យ​ថា លីហាវេ អូស្វាដ ជាភ្នាក់ងារចារកម្ម​​របស់​សហភាព​​សូវៀត ដែលបានបញ្ជូន​ជន​នេះ ចូលមក​សហរដ្ឋ​អាមេរិក ... ប៉ុន្តែ​នៅ​តែ​គ្មាន​ការ​ស៊ើបអង្កេតណា​មួយ អាច​​បញ្ជាក់​អះអាងបាននោះឡើយ។

៤- លីនដុន ប្រ៊ូស ចនសុន អនុប្រធានាធិបតីដែលទទួលតំណែងបន្ទាប់មក ជាប្រធានាធិបតី

ក្រោយពីឧក្រិដ្ឋកម្មណាក៏ដោយ គេសម្លឹងមើលឃើញភ្លាម ថាតើនរណាមួយ ដែលទទួលបានផ្លែផ្កាពីនោះ? ដូច្នេះ​ជា​រឿង​ធម្មតាមួយ ដែលគេសម្លឹង ទៅមើល​អនុប្រធានាធិបតី លោក លីនដុន ប្រ៊ូសចនសុន (Lyndon B.Johnson) បាន​ទទួល​តំណែង​ជាប្រធានាធិបតី បន្ទាប់ពីមរណភាពរបស់លោក កេណឺឌី។ ពាក្យចចាម​អារាម បាននិយាយ​ជា​ហូរហែ​​ចោទបុរស ដែលគេមិនសូវចូលចិត្តរូបនេះ ថាជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់ បន្ទាប់​ពី​ឃាតកម្ម។ នរណាៗ ក៏រិះគន់​លោក ចនសុន ដែរថា នឹងមិនអាចជាប្រធានាធិបតីអាមេរិក​បាន​ឡើយ ប្រសិន​បើ​ប្រធានាធិបតី​ កេណឺឌី មិនបាន​ស្លាប់​ដោយទាន់ហន់​ទេ​នោះ ដោយហេតុថា លោក កេណឺឌី បន្ទាប់​ពី​បាន​ជាប់​​ឆ្នោតជាថ្មី ទំនង​ជាចង់​ដាក់លោក ចនសុន ឲ្យ​ឆ្ងាយ​ពី​ខ្លួន។ តែករណី​នេះ នៅតែគ្មានអ្វី​មក​បញ្ជាក់​បាន សូម្បី​ស្លាក​ស្នាម​ណាមួយ​ក៏ដោយ។

៥- ឆ័ត្រដែលបាញ់ព្រួញពិស

តើវាមិនចម្លែកទេឬ ដែលបុរសម្នាក់កាន់ឆ័ត្របាំង ទាំងកណ្ដាលថ្ងៃក្ដៅយ៉ាងនេះ? បើគេសម្លឹងមើលរូបភាព នៅ​​អំឡុង​ពេល​​ឃាតកម្ម គេនឹងឃើញមានបុរសម្នាក់ បើកហើយបិតឆ័ត្រមួយ នៅពេលដែលក្បួនរថយន្ដ​របស់​​ប្រធានាធិបតី កេណឺឌី បាន​ទៅដល់។ គេបានសង្ស័យថា បុរសនោះជាគ្នីគ្នារបស់ លីហាវេ អូស្វាដ ដែល​មក​ឲ្យ​សញ្ញា​ដើម្បី​​បើកឲ្យ​មាន​ការបាញ់ប្រហារ​ពី​ចម្ងាយបាន។ មតិសង្ស័យបាននិយាយថា ឆ័ត្រនោះ​មានភ្ជាប់​ទៅ​ដោយ​ព្រួញពិស ដែលជា​គំនិត​ច្នៃ​ប្រឌិត​របស់ ក្រុម​ចារកម្មអាមេរិក (CIA)។ ហើយអ្នកកាន់ឆ័ត្រ​ទំនង​ជា​ចង់ បាញ់​​សណ្ដំ​​ប្រធានាធិបតី​​​ជាមុន​សិន ដើម្បី​ជួយ​សម្រួល ​ទៅដល់​ការបាញ់ប្រហារពីចម្ងាយ។ តែជាគំនិត​សង្ស័យ ដែលមិនដែល​​មានការបញ្ជាក់​​​ជា​ផ្លូវ​ការអ្វីសោះ។

៦- ក្រុមនិគមជនបារាំង

តើពិតជាមាន ឃាតករជាជនជាតិបារាំង នៅទីក្រុងដាឡាស ថ្ងៃនោះមែនឬ? ទោះមានឬគ្មានក៏ដោយ ក៏នៅ​ក្នុង​កំណត់​ហេតុ​​​របស់​ក្រុមចារកម្មអាមេរិក (CIA) នៅឆ្នាំ១៩៧៧ បានបង្ហាញប្រាប់​អ្នកស៊ើបអង្កេត ឲ្យដាក់ការ​សង្ស័យ​ទៅលើ​មនុស្ស​​មួយ​ក្រុម ដែលមានប្រភពពីប្រទេសបារាំង។ តាមពិត​ទៅ កំណត់ហេតុនេះ ត្រូវ​បាន​បញ្ជូន​​ទៅ​​អាមេរិក​​ដោយ ផ្នែក​ព័ត៌មាន​និង​​ចារកម្មបារាំង ដោយបញ្ជាក់ពីវត្តមាន នៃសមាជិកក្រុម «OAS» នៅ​ទីក្រុង​​ដាឡាស។ ប៉ុន្តែនោះ​គ្រាន់តែ​ជា​ការ​សង្ស័យ និង​ជា​​ផ្នែក​មួយ នៃការស៊ើបអង្កេតប៉ុណ្ណោះ។

៧- ឃាតករជាអ្នកបើករថយន្ដនៅពេលនោះ

រូបភាពវីដេអូ នៃឃាតកម្មលើ​អតីតប្រធានាធិបតី បានឲ្យឃើញថា អ្នកកាន់ចង្កូនរថយន្ដ​​បានងាក​មក​ក្រោយ នៅ​​ចំ​​ពេល​​​ដែលមាន​​ការ​​បាញ់​​ប្រហារ​នោះ។ មិនត្រឹមតែប៉ុណ្ណឹង ក្នុងអំឡុង​ពេលបាញ់ប្រហារ រថយន្ដដឹក​អតីត​ប្រធានាធិបតី បាន​បន្ថយល្បឿង ដែលធ្វើឲ្យមាន​ការម៉ៃគិតថា អ្នកបើកបរយានយន្ដ អាចជាសមជិក​ភ្នាក់ងារ​សម្ងាត់​​​របស់​​ស្ថាប័ន​​​​ណា​​មួយ ហើយ​បានរងចាំឱកាស ដើម្បីអនុវត្តន៍គម្រោងការរបស់ខ្លួន។ តែជាការសង្ស័យ ដែល​ត្រូវ​បានបដិសេធ ដោយ​សាក្សី​ជា​​ច្រើន​នាក់ រួមទាំងអ្នករួមដំណើរ នៅលើរថយន្ដនោះផង។

៨- អតីតប្រធានាធិបតីរងគ្រោះដោយចៃដន្យ

ការ«រាលកៃ»​របស់អង្គរក្សផ្ទាល់ខ្លួន នៃប្រធានាធិបតីអាមេរិក អាចជាការសង្ស័យមួយ ដោយសារ​តែ​អង្គរក្ស​រូប​នោះ​​​បាន​​ងើបឈរឡើង នៅក្នុងរថយន្ដមួយគ្រឿងទៀត ដែលរត់ពីខាងក្រោយ​របស់អតីតប្រធានាធិបតី ជា​មួយ​នឹង​កាំភ្លើង​​​នៅ​ក្នុង​ដៃ។ ការរាលកៃ អាចកើតឡើងដោយចៃដន្យ ដោយគ្រាប់កាំភ្លើងមួយ​គ្រាប់​បាន​បាញ់​ចេញ​​ទៅ ចំ​កណ្ដាល​ក្បាល​​​របស់​​អតីត​ប្រធានាធិបតី។ ការសង្ស័យនេះ អាចមានភាព​«មិនគ្រប់ទឹក» តែ​យ៉ាង​ហោច​ណាស់ ​ក៏​មាន​សារព័ត៌មាន និង​សៀវភៅ​​ជាច្រើន បានយកករណីសង្ស័យនេះ មកកត់ត្រា និងធ្វើការ​វិភាគ​យ៉ាង​ផុលផុស។ ពីក្នុងចំណោមនោះ មាន​ការបកស្រាយ​​​យ៉ាង​ដូច្នេះ​​ថា៖ «ភ្ញាក់ងាចារកម្ម​បានបន្លំខ្លួន ជា​អង្គរក្ស​​ប្រធានាធិបតី ដើម្បី​រកឱកាស​​សម្លះ​មុខសញ្ញា​របស់ខ្លួន ហើយ​រៀបចំ​រឿង​នេះ​​ ឲ្យ​​​ទៅ​​ជាករណី​រងគ្រោះ​ដោយ​​​ចៃដន្យ»។

៩- ហេតុផលនៃការស្រឡាញ់ភេទដូចគ្នា

រដ្ឋអាជ្ញាលោក ជីម ហ្គារីសុន (Jim Garrison) បានបើកសំនុំរឿងនេះ​ឡើងវិញ នៅឆ្នាំ១៩៦៧ ដើម្បី​ចង់​បាន​ការ​ពិត​ឲ្យ​ច្បាស់​​​ជាង​របាយការណ៍ផ្លូវការ។ លោក ហ្គារីសុន បានជឿជាក់ថា ប្រធានាធិបតីបានរងគ្រោះ នឹង​គម្រោង​ការរៀបចំ​ជា​មុន​មួយ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ យ៉ាង​ហោចណាស់ ក៏ករណីនេះ​​ជា​ចំណុច​រួម​រវាង ចាក់ រ៉ូឌី​ និងជន​សង្ស័យ​​ម្នាក់ទៀត​​​ឈ្មោះ ក្លេ ប៊ែរត្រង់ (Clay Bertrand ហៅក្រៅ Clay Shaw) ដែល​ត្រូវ​បាន​​ជាប់​អង្កេត នៅ​លើ​​សំណុំ​​​រឿង​​​នេះ​ដែរ។ មូលហេតុ​ ដែលត្រូវគេ​យក​មកបកស្រាយ នោះ​គឺ​ដោយ​សារ​តែ លោក កេណឺឌី ជាបុរស​ដែល​​សង្ហា​​ជាង​គេ ជា​បុរស​​​ដែល​មានចរិក​​លក្ខណៈ​គ្រប់ដប់ ដែល​អាច​ឲ្យ​​ក្រុម​អ្នក​ស្រឡាញ់​​​ភេទ​​​ដូច​គ្នា អត់ទ្រាំ​មិន​ប្រចណ្ឌ​មិន​​បាន។

១០- ករណីមនុស្សមកពីភពដទៃ

ការសង្ស័យនេះ អាចធ្វើឲ្យមនុស្ស​ក្នុងសម័យ​បច្ចុប្បន្ន​ផ្ទុះសំណើច។ តែនៅក្នុងអំឡុង​ទសវត្សន៍ឆ្នាំ៦០ និង៧០ ការគិត​ឃើញ​​​ពីមនុស្សពិភពខាងក្រៅ ជារឿងទូទៅមួយ​របស់បណ្ដាជនអាមេរិក។ មូលហេតុ​ដែល​​សម​ហេតុ​ផល​ជាង​គេ ពី​ករណី​សង្ស័យ​​​​ទៅលើ​មនុស្សពិភពដទៃនេះ ត្រូវបានបកស្រាយថា ដោយសារតែ​លោក​អតីត​ប្រធានាធិបតី មាន​​គម្រោង​​​នឹង​បក​អាក្រាត វត្តមាន​របស់ក្រុម​មនុស្សភព​ខាងក្រៅ ជាសាធារណៈ។ រឿង​មួយ​ដែល​​បាន​​កើត​​ឡើង​ នៅមុន​ការ​លួច​​ធ្វើ​ឃាត​នោះ គឺលោក កេណឺឌី បានស្នើសុំយកមកពីពិគ្រោះ នូវ​ឯកសារ​សម្ងាត់​ទាំងឡាយ ដែលនិយាយ​ពី​វត្តមាន​ នៃ​«ថាស​ហោះ» មក​ពី​ពិភព​​ខាង​​ក្រៅ៕

វីដេអូ​ដែលនិយាយឡើងវិញ ពីព្រឹត្តិការណ៍ ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ១៩៦៣៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់