ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន៖ នីទណ្ឌភាព​នៅ​កម្ពុជា ត្រូវ​តែ​បញ្ចប់

«យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន» ជាប្រធានបទមួយ ទាមទាឲ្យមានការបញ្ចប់បញ្ហានីទណ្ឌភាពនៅកម្ពុជា ពិសេសការសម្លាប់អ្នកសារព៏ត៌មានចំនួន១១នាក់ ក្នុងរយៈកាលជាង២០ឆ្នាំមកនេះ មិនទាន់បានរកយុត្តិធម៌សម្រាប់ពួកគាត់នៅឡើយទេ ហើយជនដៃដល់ ក៏កំពុងរស់នៅយ៉ាងសុខសប្បាយ ក្នុងឋានៈបុណ្យសក្ក័ និងមុខមាត់នៅឡើយដែរ។

«យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន» ជាប្រធានបទមួយ ទាមទាឲ្យមានការបញ្ចប់បញ្ហានីទណ្ឌភាពនៅកម្ពុជា ពិសេស​ការ​សម្លាប់អ្នកសារព៏ត៌មានចំនួន១១នាក់ ក្នុងរយៈកាលជាង២០ឆ្នាំមកនេះ មិនទាន់បានរក​យុត្តិធម៌សម្រាប់ពួកគាត់​នៅ​ឡើយ​ទេ ហើយជនដៃដល់ ក៏កំពុងរស់នៅយ៉ាងសុខសប្បាយ ក្នុងឋានៈបុណ្យសក្ក័ និងមុខមាត់នៅឡើយដែរ។


កម្មវិធី «យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន» របស់ក្រុមអង្គការសង្គមស៊ីវិល។ (រូបថត MONOROOM.info/ O. Vary)

នីទណ្ឌភាព - ក្រុមអង្គការសង្គមស៊ីវិល រួមជាមួយអ្នកសហគមន៍បឹងកក់ បូរីកីឡា ៣៤៧ ថ្មគោល និងសហគមដទៃទៀត បានរៀបចំឡើងនៅមុខ និងខាងក្រៅរបងស្តាតអូឡាំពិច។ ការជួបជុំនេះក្នុងគោលបំណង ចូលរួមជាមួយសហគម​អន្តរជាតិ​លើកទីបី ដើម្បីបញ្ចប់នីទណ្ឌភាព ពិសេសនីទណ្ឌភាពនៅកម្ពុជា ដែលនៅតែជាបញ្ហាធំ ដែលត្រូវធ្វើការដោះស្រាយ ក្នុង​ការពង្រឹងនូវនីតិរដ្ឋ ក៏ដូចជាការផ្តល់នូវភាពយុត្តិធម៌ សម្រាប់ប្រជាជនកម្ពុជាទាំងមូល។

លោក យ៉េង វីរៈ នាយប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៏ បានលើកឡើងថា លោកមានការសោកស្តាយ ចំពោះបញ្ហានីទណ្ឌភាពនៅកម្ពុជា ដែលមិនត្រូវបានយកចិត្តទុកដាក់ដោះស្រាយដោយរដ្ឋាភិបាល។ លោកបន្តរថា «អ្នក​តូចតែងតែលើកឡើងថា ធ្វើតាមបញ្ជាអ្នកធំ (មេ) តែមេបែរជាឆ្លើយថាមិនដឹង ទាំងនេះជាលេសនិង ជាមូលហេតុដែល​នាំ​ឲ្យអ្នកបញ្ជា និងអ្នកដែលប្រពឹត្តិបទល្មើសតែងតែរួចខ្លួន។ (...) ជនដៃដល់នៅមានសេរីភាពនៅឡើយ ឯតុលាការក៏មិនទាន់​បានស្វែងរកយុត្តិធម៌ សម្រាប់អ្នកស្លាប់ទាំងនោះនៅឡើយ។ (...) នេះជាភាពកំសោយនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការ​បណ្តែតបណ្តោយ ឲ្យមានបញ្ហានីទណ្ឌភាពនៅកម្ពុជា ជាកាទទួលខុសត្រូវយ៉ាងចំបងរបស់រដ្ឋាភិបាល ចំពោះមុខ​ប្រជា​រាស្រ្តខ្មែរ។»

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បន្ថែមថា អ្នកសារព័តមាន​មាន​ទួនាទីយ៉ាង សំខាន់ក្នុងប្រទេសប្រកាន់នូវលិទ្ធិប្រជាធិមតេយ្យ ព្រោះវាជាអំណាចទីបួន បន្ទាប៉ពីអំណាចនីតិបញ្ញតិ នីតិប្រតិបត្តិ និងតុលាការ។ អំណាចសារព័ត៌មាន មាននាទីឆ្លុះបញ្ចាំងគ្រប់តថភាពទាំងអស់ ក្នុងសង្គមជាតិ ពិសេសចំពោះ​បុគ្គល ស្ថាប័ន ក្នុងគោលបំណងជំរុញឲ្យមានការអភិវឌ្ឍន៍។ លោកបានបន្តរថា សម្រាប់អ្នកសារព័ត៌មាន ដែលបាន​ស្លាប់​ដោយគ្នានការផ្តល់នូវភាពយុត្តិធម៌នោះ ជាបញ្ហានីទណ្ឌភាពមួយ ដែលនឹងអាចក្លាយជាស្រមោលសម្រាប់​អ្នកសារព័ត៌មាន​ដទៃទៀតេះ ព្រោះតែសហការីនៃអ្នកសារព័តមានមួយចំនួនទៀត មិនទទួលបាននូវភាពយុត្តិធម៌ ដោយសាតតែការមិន​ស្វែងរកចាប់ជនល្មើស មកផ្តល់ទាទោសតាមផ្លូវច្បាប់ ដែលជាមូលហេតុមួយបញ្ជាក់បានថា គេទុកឲ្យអ្នកសារព័ត៌មាន​ស្ថិតក្នុងស្ថានភាពមួយ មានការភ័យខ្លាចក្នុងអារម្មណ៍ ដោយសារតែការគម្រាមកំហែងដោយប្រយោល រួមទាំងការ​គាប​សង្កត់ផ្នែកតុលាការ ដែលនាំឲ្យសេរីភាពនៃអ្នកសារព័ត៌មានរួញ។

លោក អំ សំអាត បានសង្កត់ធ្ងន់ថា «នីទណ្ឌភាពនៅកម្ពុជា ពិសេសសម្រាប់អ្នកសារព័ត៌មាន ដែលបានសម្លាប់និងមិនទាន់​ទទួលបាននូវយុត្តិធម៌នោះ ជាមួលហេតុមួយធ្វើឲ្យអ្នកសារព័ត៌មានដទៃទៀត មិនហ៊ានធ្វើការរិះគន់ទៅដល់មន្រ្តីរដ្ឋាភិបាល អ្នកមានអំណាចធំៗ ព្រោះតែខ្លាចរងនូវគ្រោះថ្នាក់។ (...) ការមិនរកយុត្តិធម៌ ការបណ្តែតបណ្តោយឲ្យមានបញ្ហានីទណ្ឌភាព ជាឆន្ទៈ និងគោលបំណងមួយ ទុកជាការគម្រាមកំហែងដល់អ្នកសារព័តមានទាំងអស់។»

ជាមួយគ្នានេះ ព្រះភិក្ខុសង្ឃ ម៉ៅ សាម៉ី ដែលមានវត្តមានក្នុងទិវានេះ បានមានសង្ឃដីកាថ្លែងពីការសោកស្តាយ​ដែល​អាជ្ញាធរ ឬរដ្ឋាភិបាលខ្មែរដែលមិនអាចរកឃើញ បុគ្គលដែលបានប្រព្រឹត្តនូវអំពើព្រៃផ្សៃបែបនេះ ហើយបែរជាបន្តឲ្យមាន​បញ្ហានីទណ្ឌភាព នៅក្នុងប្រទេសដែលខ្លួនតែងតែប្រកាសផ្តែងៗថា ជាប្រទេសប្រជាធិបតេយ្យ និងនីតិរដ្ឋនោះ។ ភាព​ដឹក​នាំរបស់រដ្ឋាភិបាល ភាពកាត់សេចក្តីរបស់តុលាការសម្រាប់ព្រះអង្គ គិតថាមិនទាន់មានភាពយុត្តិធម៌នោះទេ។ តែទោះ​យ៉ាងនេះក្តី ព្រះអង្គក៏ជឿជាក់ថា អ្នកប្រព្រឹត្តកម្ម នឹងទទួលតបស្នងមកវិញនូវកម្មទាំងនោះ ទោះមិនស្ថិតក្នុងជាតិនេះ តែ​នឹងមានជាតិណាមួយ ដែលនឹងត្រូវទទួលយ៉ាងប្រាកដ។

ព្រះភិក្ខុ បានថ្លែងក្នុងសង្ឃដីការបស់ព្រះអង្គទៀតថា «កម្មរមែងឲ្យផលដល់បុគ្គលនោះ បើទោះជាច្បាប់រដ្ឋ​មិនអាចផ្តល់នូវ​ភាពយុត្តិធម៌ សម្រាប់អ្នកដែលបានសម្លាប់ក៏ដោយ តែច្បាប់កម្មជាច្បាប់មួយដែលមានយុត្តិធម៌ មិនមានស៊ីសំណូក ក្នុង​ការបែងចែកមនុស្សដែលប្រព្រឹត្តិអាក្រក់ ទៅតាមលំដាប់នៃការប្រព្រឹត្តរបស់ខ្លួនឯង។ (...) បុគ្គលប្រព្រឹត្តិបាននូវកម្មណា តែងសោយបាននូវកម្មនោះ។ (...) រដ្ឋាភិបាលដែលមិនបានផ្តល់ នូវយុត្តិធម៌ជូនជនរងគ្រោះ មិនមែនជារដ្ឋាភិបាលរបស់​ប្រជាពលរដ្ឋនោះទេ»។ ព្រះអង្គសំណូមពរ និងសង្ឃឹមថា រដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងលប់បំបាត់ចោលនូវបញ្ហា​នីទណ្ឌភាពនៅកម្ពុជា រួមជាមួយនឹងការផ្តល់នូវភាពស្អាតស្អំពិតជូនជនរងគ្រោះ ដែលរកនូវភាពអយុត្តិធម៌ ពីសំណាក់​មន្ត្រីមានអំណាច និងបុណ្យស័ក្ត។

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments