ខៀវ កាញារិទ្ធ៖ ការ​ផ្សាយ​ពាណិជ្ជកម្ម​នៃ​គ្រឿង​ស្រវឹង នឹង​ត្រូវ​កាត់​បន្ថយ

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ឲ្យដឹងថា រដ្ឋាភិបាលបាននឹងកំពុងធ្វើការពិភាក្សា ទៅលើការ​«កាត់»បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្ម«ស្រា» តាមបណ្តាញស្ថានីវិទ្យុ និងទូរទស្សន៍ ក្រោយពីមានការបង្កើតច្បាប់ ស្តីពី​ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នាពេលឆាប់ៗខាងមុខ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ឲ្យដឹងថា រដ្ឋាភិបាលបាននឹងកំពុងធ្វើការពិភាក្សា ទៅលើការ​«កាត់»បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្ម«ស្រា» តាមបណ្តាញស្ថានីវិទ្យុ និងទូរទស្សន៍ ក្រោយពីមានការបង្កើតច្បាប់ ស្តីពី​ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នាពេលឆាប់ៗខាងមុខ។


លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ផ្សព្វផ្សាយពាណិជ្ជកម្ម - ការផ្សាយពាណិជ្ជកម្ម«គ្រឿងស្រវឹង» ជាផ្នែកមួយនៃសិទ្ធិទទួលបានសារព័ត៌មាន។ ជាមួយគ្នា​នេះដែរ បើសិនជាចង់បញ្ឈប់នូវការផ្សាយពាណិជ្ជកម្មនេះ ទាំងស្រុង ត្រូវតែមាន«ច្បាប់»។ ឥឡូវនេះច្បាប់កំណត់ ពីការ​ផ្សាយពាណិជ្ជកម្មនៃគ្រឿងស្រវឹងនេះ មិនទាន់មាននៅឡើយទេ តែកន្លងមកក្រសួង ក៏បានហាមឃាត់នូវការផ្សាយ​ពាណិជ្ជកម្មមួយចំនូន ដូចជាករណីផ្សាយថា «ពិសារស្រាអារម្មណ៍ភ្លឺថ្លា ឬ ពិសារស្រាហើយស្រួលខ្លួន»ជាដើម ត្រូវបាន​ក្រសួងលប់ចោល។ នេះជាការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពី “កត្តាហានិភ័យលើការមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពល​នៃគ្រឿង​ស្រវឹង” កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ រដ្ឋមន្រ្តីរូបនេះបានបន្តថា ក្រសួងនឹង«បន្ថយ»ការផ្សាយនូវពាណិជ្ជកម្ម ដែល​លើកពីគុណភាព របស់គ្រឿងស្រវឹងខ្ពស់ហួសហេតុ។ លោកបន្តថា ទោះជាយ៉ាងណាក៏ដោយ ការផ្សាយនេះ មិនអាច​បញ្ឈប់ទាំងស្រុងតែម្តងបាននោះដែរ តែត្រូវកាត់បន្ថយនូវការផ្សាយ ដូចជាការផ្សាយប្រលងប្រជែងគ្នា ការនិយាយាយ​ច្រើន ការយកតួតារាធំៗ មកលើកគុណភាពស្រាជាដើម។ «មុនពីរសប្តាហ៍ នៃពិធីបុណ្យជាតិធំៗដូចជាចូលឆ្នាំ បុណ្សអំទូក អាចធ្វើការផ្សាយពាណិជ្ជកម្មបាន ត្រឹមតែជាការប្រកាសពីការចែករង្វាន់ប៉ុណ្ណោះ ឯពាក្យពេចន៍ណាដែលមិនសមស្រប មិនអនុញ្ញាតិឲ្យផ្សព្វផ្សាយឡើយ ក្នុងនោះត្រូវមានសរសេរជាអក្សរ និងអមដោយសម្លេងផងដែរ ដូចជា “ពិសារស្រា សូមកុំបើកបរ”។»

នៅទីស្តីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បន្តថា កន្លងមកក្រសួងបានធ្វើរួចមកហើយ នូវករណីមួយចំនួន ដូចជា​ការសរសេរនៅក្រោមប៉ាណូពាជិជ្ជកម្មស្រាថា«បើពិសារស្រាសូម កុំបើកបរ»ជាដើម។ ជាមួយគ្នានេះ ក្រសួងក៏បានចាត់​វិធានការ ចំពោះករណីនៃការផ្សាយពាណិជ្ជកម្មណាដែលអួតអាងគ្នា។

«យើងធ្លាប់បានកាត់ហើយនូវការអួតគុណភាពខ្ពស់ពេកនៃ គ្រឿងស្រវឹង។ យើងនិងគិតពិចារណាជាបន្តរទៀត ថាតើ​យើងអាចធ្វើអ្វីជាបន្តរទៀត។ (...) ចំពោះក្រុមហ៊ុនណាដែលនៅតែក្រាញននៀល(ផ្សាយ) ទីមួយយើងនឹងបិទស្ថានីយ៍វិទ្យុ ឬទូរទស្សន៍ណាដែលនៅបន្តរការផ្សាយ ដោយដកនូអាជ្ញាប័ណ្ណ។ ដោយឡែកវិទ្យុ និងទូរទស្សន៍ជាតិមិនដែលផ្សាយ និង​ក៏មិនអនុញ្ញាតិឲ្យផ្សាយដែរ។»

តំណាងគណកម្មាធិការសុវត្ថិភាពចរាចណ៍ផ្លូវគោក លោក ឈួន វ៉ន បានបង្ហាញថា ការបើកបរ ដោយសារតែសេពនូវ​គ្រឿងស្រវឹង ជាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍។ លោកបានបន្តរថា ការផ្សព្វផ្សាយពីការទប់ស្គាត់នូវគ្រឿងស្រវឹង មិន​ទាន់អាចធ្វើបានទាំងស្រុងនោះទេ។ ជាមួយគ្នានេះ ត្រូវធ្វើយ៉ាងណាឲ្យអ្នកពិសារស្រាទាំងនោះ មានការទទួលខុសត្រូវ​ដោយខ្លួនឯងជាមុន ដូចជាការចងចាំនូវសារមួយច្បាស់លាស់ថា «បើពិសារស្រា សូមកុំបើកបរ» ឬ «បើស្រវឹងសូម កុំ​បើកបរ» ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាស្ថានីវិទ្យុ និងទួរទស្សន៍មួយចំនួន។

«ឥទ្ធិពលនៃគ្រឿងស្រវឹង» សម្រាប់អ្នកបើកបរ ជាកត្តាសំខាន់ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីទប់ស្គាត់នូវ​បញ្ហាទាំងនេះ តោងប្រជាពលរដ្ឋទាំងអស់ស្វែងយល់ពីការគ្រប់គ្រងនូវការប្រើប្រាស់នូវគ្រឿងស្រវឹង។ នេះជាការលើក​ឡើងរបស់លោក ឃឹម វុទ្ធី តំណាងយុវជនដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។

អាជីវករលក់ដូរនៅភូមិត្រពាំងឈូកអ្នកស្រី ជា ដាលីន បានបង្ហាញនូវទស្សនៈថា អ្នកស្រី គាំ ទ្រចំពោះការហាមឃាត់ ឬ​ការកាត់បន្ថយនូវការផ្សាយពាណិជ្ជកម្មស្រានេះ។ ទោះទទួលបានលទ្ធផលតិចតួចក៏ដោយ តែវាក៏ជាការចូលរូមចំណែក​មួយដ៏មានសារៈសំខាន់ ក្នុងការកាត់បន្ថយការបំពុលបរិយាកាសនៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ អ្នកស្រីថា ម្យ៉ាងទៀតក៏​ដើម្បីមុខមាត់ប្រទេសជាតិដែរ ព្រោះវិទ្យុឬទូរទស្សន៍បរទេសវិញ គេកម្រនឹងផ្សាយពាណិជ្ជកម្ម ពីគ្រឿងស្រវឹងនេះណាស់។ អ្នកស្រីបន្តរថា «មិនមានអ្វីប៉ះពាល់ដល់ការលក់ដូរនោះទេ ដោយសារតែបច្ចុប្បន្ននេះ វាជាទម្លាប់សម្រាប់អ្នក​ចេះពិសារ​ស្រាទៅហើយ ដែលយើងអាចហៅបានថា “ញៀន” ។ ជានិច្ចកាលពួកគាត់តែងតែជួបជុំគ្នា នៅចុងសប្តាហ៍ដើម្បីតែ​ពិសា​ស្រានេះ យ៉ាងហោចណាស់ក៏មួយខែម្តងដែរមិនដែលខានឡើយ មិនថាតែអ្នកធ្វើការ មន្រ្តីរាជការ មន្រ្តីអង្គការ ឬកម្មករ​នោះឡើយ៕»

-----------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments