អ៊ឺរ៉ូ២០១២៖ ឆែកទៅមុនក្រិច ២-១ តែប៉ូឡូញ សុំអោយរ៉ូស្ស៊ី នៅរងចាំសិន

ឆែកដែលបានចាញ់រ៉ូស្ស៊ីយ៉ាងធ្ងន់ នៅក្នុងការប្រកួតលើកមុន បានស្ដារមុខមាត់ឡើងវិញ នៅក្នុងការជួបប្រកួតលើកទីពីរ ជាមួយនឹងក្រិចក្នុងពិន្ទុ ២-១។ រ៉ូស្ស៊ី ដែលមានសន្ទុះខ្លាំងជាមួយនឹងឆែក បែរជាត្រូវប៉ូឡូញ សុំអោយនៅរងចាំសិន ក្នុងពិន្ទុ ១-១។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 13, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឆែកដែលបានចាញ់រ៉ូស្ស៊ីយ៉ាងធ្ងន់ នៅក្នុងការប្រកួតលើកមុន បានស្ដារមុខមាត់ឡើងវិញ នៅក្នុងការជួបប្រកួត លើកទីពីរ ជាមួយនឹងក្រិចក្នុងពិន្ទុ ២-១។ រ៉ូស្ស៊ី ដែលមានសន្ទុះខ្លាំងជាមួយនឹងឆែក បែរជាត្រូវប៉ូឡូញ សុំអោយ នៅរងចាំសិន ក្នុងពិន្ទុ ១-១។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ឆែកនិងក្រិច / Crédit Photo: uefa.com

ក្រោយការប្រកួត រវាង ឆែកនិងក្រិច រួចមក ដែលក្រុមរបស់ ប្រទេសឆែកបាននាំមុខ ប្រទេសក្រិច ២ទល់នឹង១ នោះ មនោរម្យព័ងអាំ់ងហ្វូ សូមអញ្ចើញលោកអ្នកស្ដាប់ ពាក្យសំដីរបស់ គ្រូបង្វឹកមកពីក្រុមបាល់ទាត់ ទាំងសងខាង និយាយនៅ ក្នុងសន្និសិទ្ធសារពត៌មាន ពីរដាច់ដោយឡែកពីគ្នា​ ដែលដកស្រង់ដោយទីភ្នាក់ងារបារាំង AFP ដូចតទៅ៖

លោក មីឆាល ប៊ីឡេក (Michal Bilek) គ្រូបង្វឹករបស់ ក្រុមបាល់ទាត់ប្រទេសឆែក បាននិយាយថា «ការផ្លាស់ប្ដូរយុទ្ធសាស្រ នៅក្នុងការប្រកួតលើកទីពីរនេះ បានហុចលទ្ធផលជាផ្លែផ្កា ល្អណាស់។ យើងលេងបានយ៉ាងល្អ ជាពិសេសនៅពាក់ កណ្ដាលម៉ោង ដំបូង។ យើងបានគ្រប់គ្រង់បាល់បានភ្លាមៗ ហើយស៊ុតបញ្ចូលគ្រាប់បានដល់ទៅពីរគ្រាប់ បន្ដបន្ទាប់គ្នា (ដោយកីឡាករឆែក Jiráček នៅនាទីទី៣ និង Pilař នៅនាទីទី៦)។ នៅពេលក្រោយមក កីឡាកររបស់យើង តូម៉ាស រ៉ូស៊ីកគី (Tomas Rosicky) បានរងរបួស ជាហេតុធ្វើអោយយើងបានបាត់បង់ ឱកាសក្នុងការវាយលុកថ្មីៗទៀត។ នៅពាក់កណ្ដាល ម៉ោងលើកទីពីរ យើងត្រូវខាងក្រិច ស៊ុតបញ្ចូលមួយគ្រាប់វិញ (ដោយកីឡាករក្រិច Gekas នៅនាទីទី៥៣) ហើយយើងរងនូវ គំនាបយ៉ាងខ្លាំង ពីការវាយសម្រុករបស់ក្រិច។ តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមរបស់ប្រទេសក្រិច នៅមិនអាចធ្វើអ្វី យើងបាននោះទេ ដោយសារតែយើង គ្រប់គ្រងបានខាង បាល់នៅលើអាកាស។ យើងសប្បាយចិត្តនឹងជ័យជំនះនេះ ដែលវា ខុសទាំងស្រុង ទៅនឹងការប្រកួតលើកទីមួយ ដែលយើងជួបជាមួយនឹងរ៉ូស្ស៊ី។»

រីឯលោក ហ្វែណង់ដែស សន់តូស (Fernando Santos) គ្រូបង្វឹករបស់ក្រុមជំរើសជាតិរបស់ប្រទេសក្រិច បានសម្ដែងការខក ចិត្តថា «យើងបានចាប់ផ្ដើមការប្រកួត ក្នុងស្ថានភាពមួយដ៏អាក្រក់ ហើយរឿងនេះ មិនមែនថាយើងមិនបានដឹងមុននោះទេ។ យើងដឹងថា ក្រុមកីឡាករឆែក មានសន្ទុះកំលាំងខ្លាំងណាស់ នៅលើទីលានប្រកួត ហើយយើងបានប្រយ័ត្ន ក្នុងរឿងនេះ តែទីបំផុតយើង នៅតែទប់មិនបាន។ មុននឹងឡើងមកដល់ អ៊ឺរ៉ូ២០១២ យើងត្រូវគេស៊ុតបញ្ចូលទីរបស់យើងតែ ៤គ្រាប់ ប៉ុណ្ណោះ ក្នុងចំណោមការប្រកួត ទាំង១០ប្រកួត។ តែនៅអ៊ឺរ៉ូ២០១២នេះ គ្រាន់តែបានលេងត្រឹមតែ ២ប្រកួតប៉ុណ្ណោះ យើង ទទួលបាន ៣គ្រាប់ពីគូរប្រជែងទៅហើយ។ តែមិនជាថ្វីទេ យើងត្រូវផ្ចង់អារម្មណ៍ ទៅរកការប្រកួតលើកទី៣បន្ដទៀត ព្រោះ យើងនៅតែមានក្ដីសង្ឃឹម។»

«ក្ដីសង្ឃឹម» ដែលមានកាន់តែស្ដួចស្ដើងទៅៗ។ គួរបញ្ជាក់ថា ក្រុមកីឡាករមកពីប្រទេសក្រិច ធ្លាប់ជាម្ចាស់ពានរង្វាន់អ៊ឺរ៉ុប កាលពីឆ្នាំ២០០៤ ហើយក៏ជាក្រុមដែលមានការរៀបចំក្រឡាបាល់យ៉ាងល្អមួយដែរ។ ប៉ុន្តែនៅឆ្នាំនេះ ខាងខ្សែរការពាររបស់ ក្រិច មានប្រឡោះប្រហោងយ៉ាងច្រើន រួមនឹងអ្នកចាប់បាល់ដែល មានរបួសក្នុងខ្លួនផងនោះ។ នៅការប្រកួតជាបន្ដ ប្រទេស ក្រិច នឹងត្រូវទៅជួបជាមួយរ៉ូស្ស៊ីដែល មានពិន្ទុខ្ពស់ជាងគេនៅក្នុងក្រុម A។ រ៉ូស្ស៊ីដែល ក្នុងពេលនេះ បានប្រកួតស្មើជាមួយ នឹងប៉ូឡូញ ក្នុងពិន្ទុ១ទល់នឹង១។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ប៉ូឡូញនិងរ៉ូស្ស៊ី / Crédit Photo: uefa.com

គេបានដឹងថា ចំណង់ទាក់ទងរវាងប្រទេសប៉ូឡូញ និងរ៉ូស្ស៊ី មានសភាពស្មុគ្រស្មាញណាស់ ហើយនេះគេមិនបានរំលឹកពី ប្រវត្តិសាស្រ ដែលបានកើតមាន យ៉ាងចំរ៉ូងចំរ៉ាស់ រវាងប្រទេសទាំងពីរនោះទេ។ តែនៅក្នុងការជួបប្រកួតនេះ ក្រុមជំរើស ជាតិប៉ូឡូញ បានទប់តតាំងនឹង ក្រុមជំរើសជាតិមកពីប្រទេសរ៉ូស្ស៊ី រហូតដល់ទីបញ្ចប់ ដោយមិនទុកអោយរ៉ូស្ស៊ីបំបាក់ខ្លួន ដោយងាយៗបាននោះទេ។ តែគួរអោយស្ដាយណាស់ ដែលក្នុងការយកស្មើជាមួយនឹងរ៉ូស្សី ក្រុមបាល់ទាត់របស់ប៉ូឡូញ ទទួលពិន្ទុបានត្រឹមតែ ២ប៉ុណ្ណោះ នៅក្នុងជុំជំរុះ នៃក្រុមA។ ជំរើសមានតែមួយទេ សំរាប់ប៉ូឡូញ  បើសិនជាចង់ឡើងទៅ ១ភាគ៤នៃវគ្គផ្ដាច់ព្រ័ត្រ គឺត្រូវតែបំបាក់ក្រុមឆែកអោយបាន​ ហើយក៏មិនខុសប៉ុន្មានពីក្រិចដែរ ដែលត្រូវតែបំបាក់រ៉ូស្សី នៅក្នុងការ ប្រកួតវគ្គទី៣លើកក្រោយ៕

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...