ហេតុអ្វី​កម្ពុជា​មិន​ទាមទារ ​សម្បត្តិ​កេរ​របស់​ខ្លួន ​ពី​បារាំង​ទៅ​វិញ?

ទន្ទឹមនឹងការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវរូបចម្លាក់បូរាណខ្មែរសម័យអង្គរ ពីសារមន្ទីមួយនៃទីក្រុងញ៉ូយក កាល​​ពី​​ប៉ុន្មាន​​ខែ​​មុន​ ដោយសារ​តែគេបានរកឃើញថា ពួកវាត្រូវបាននាំចេញ​ពីកន្លែងដើម ដោយខុស​ច្បាប់​នោះ រូប​ចម្លាក់​​បូរាណ​​ខ្មែរ ជា​​ច្រើន​ផ្សេងទៀត កំពុង​តែស្ថិតរាយដេរដាស នៅទូទាំងពិភពលោក នៅឡើយ ក្នុងនោះ​ក៏​មាន​ យ៉ាង​​សន្ធឹក​​សន្ធាប់​ផង​ដែរ នៅ​ក្នុង​សារមន្ទីរ​ សិល្បៈ​អាស៊ីមួយ នៅរដ្ឋធានីប៉ារីស ប្រទេស​បារាំង។ អ្នក​ដែល​ចូល​ទៅ​ទស្សនា វត្ថុ​បូរាណ​ដែល​​តាំង នៅ​ក្នុង​​សារមន្ទីរ​នេះ ជា​ពិសេស​​បណ្ដា​ជន ដែលមានដើម​កំណើត​ខ្មែរ តែង​បាន​ចោទ​​ជា​សំនួរ​​ឡើង​ថា ហេតុអ្វីក៏ប្រទេសកម្ពុជា ដែលជា​ម្ចាស់​ទ្រព្យ មិន​ទាម​ទារពី​បារាំង​ទៅ​វិញ នូវអ្វី​ដែល​ជា​របស់​ខ្លួន​នោះ?

វប្បធម៌ - អនុសញ្ញាមួយរបស់អង្គការ អ៊ុយនីស្កូ (Unesco) ដែលចុះហត្ថលេខានៅឆ្នាំ១៩៧០ បានហាម​ឃាត់​រាល់​ការ​នាំ​ចូលនាំចេញ និងចរាចរណ៍វត្ថុបូរាណវប្បធម៌ ដែលមានលក្ខណៈសម្បត្តិចំនួនជាង១០០ ជា​​ពិសេស​«វត្ថុបូរាណ​ណា ដែល​ជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រ ជាលទ្ធផលនៃកំណាយក្នុងតំបន់​បូរាណ​វត្ថុ (...) ជាផ្នែក​មួយ​នៃប្រាសាទ​សិល្បៈឬប្រវត្តិ​សាស្ត្រ ជាវត្ថុបូរាណដែលមានអាយុច្រើនជាង១០០ឆ្នាំ»នោះ​ជា​ដើម។ អនុ​សញ្ញា​នេះ មានសុពលភាព​ទៅលើរាល់ការ​​ដោះ​ដូរ បញ្ជូនចេញចូល នូវបូរាណវត្ថុណា ដែល​បាន​ធ្វើ​ក្រោយ​ថ្ងៃ​ចុះហត្ថលេខានោះ។

ដោយសារសន្ធិសញ្ញានេះហើយ ដែលធ្វើឲ្យសារមន្ទីរសិល្បៈ នៃទីក្រុងញ៉ូយកបានសង មកឲ្យប្រទេស​អេហ្សីប​​វិញ នៅ​ឆ្នាំ​២០១១ នូវវត្ថុបូរាណចំនួន ១៩ មានប្រភពពីផ្នូរ (Toutankhamon) ដ៏បូរាណមួយ។ ផ្នូរ​នោះ តំណាង​ឲ្យ​អត្ត​សញ្ញាណ​​នៃ​អរិយធម៌ដ៏អស្ចារ្យ នៅក្នុងសម័យកាលហ្វារ៉ាអុង (១៣០០ឆ្នាំ មុនគ្រឹសករាជ្យ) របស់​​ប្រទេស​អេហ្សីប។ ប៉ុន្តែក៏មាន​ប្រទេស​មួយចំនួនបានអនុវត្តផ្ទុយ ពីអនុសញ្ញាហាមឃាត់ខាង​លើ​ដែរ ក្នុង​នោះ​ដូចជា​រាជធានីឡុងដ៍ ប្រទេស​អង់គ្លេស បានបដិសេធ​តាំងពីច្រើនទស្សវត្តន៍មកហើយ មិនព្រម​ប្រគល់​សង​មក​រដ្ឋធានី​អាតែន ប្រទេស​ក្រិច​វិញ នូវថ្មម៉ាម មានប្រភពពី​ប្រាសាទ​ប៉ង់តេណុង (Parthénon) នោះ​ទេ។ នៅ​ឆ្នាំ​២០០៩ ប្រទេសចិន ក៏បានរំលោភ​អនុសញ្ញា​ហាមឃាត់​ការដោះដូរនេះដែរ ដោយ​បានដាក់​លក់​ដេញថ្លៃ នូវ​រូប​ចម្លាក់​​ស្ពាន់​ចំនួនពីរ ដែលមាន​កំណើត​តាំងពីឆ្នាំ១៨៦០ ពីរាជវាំងលំហែសម្រាប់​រដូវ​ក្ដៅ​មួយ ក្នុង​រដ្ឋធានី​ប៉េកាំង។

ឧទាហរណ៍ខាងលើ សុទ្ធសឹងជាហេតុផលមួយចំនួន ដែលនិយាយសំដៅដល់អត្តសញ្ញាណ នៃអរិយធម៌ដើម​របស់​ជាតិ​មួយ ដែលប្រជាជាតិជាម្ចាស់ទ្រព្យចាំបាច់ ត្រូវរក្សា ឬធ្វើការទាមទារត្រឡប់ទៅវិញ។ នោះវាមិន​ខុស​អ្វី​ពី​ប្រជាជនកម្ពុជា ដែល​បានចាត់ទុកប្រាង្គប្រាសាទទាំងឡាយ ជាព្រលឹងជាតិរបស់ខ្លួននោះទេ ដូចនៅក្នុង​ទង់​ជាតិនៃ​គ្រប់សម័យកាល​គ្រប់​របប ដែលតែងតែមានរូបតំណាង ប្រាសាទអង្គរវត្ត ដាក់នៅខាងក្នុងនោះ​ជាដើម។ ដូច្នេះ វា​មានហេតុផលត្រឹមត្រូវហើយ ដែល​គេត្រូវសួរថា តើបូរាណវត្ថុដែលដាក់តាំង ក្នុងសារមន្ទីរ​សិល្បៈ​អាស៊ី «ហ្គីម៉េ (Guimet)» កណ្ដាលរដ្ឋធានីប៉ារីស គួរតែ​ប្រទេសកម្ពុជាទាមទារទៅវិញនោះ។

អ្នកទទួលខុសត្រូវខាងអភិរក្សបូរាណវត្ថុ នៃសារមន្ទីរសិល្បៈនេះ លោក ពីជ្យែ បាទីស (Pierre Baptiste) បាន​ផ្ដល់​ការ​បក​ស្រាយ ជាលក្ខណៈប្រវត្តិសាស្ត្រមួយចំនួន តាមរយៈទូរទស្សន៍ជាតិបារាំង ដោយបានលើក​ឡើង​ថា «គេមិន​ត្រូវច្រឡូក​ច្រឡំ ចូលគ្នានោះទេ។ ព្រោះអនុសញ្ញាអ៊ុយនីស្កូ សម្រាប់តែហេតុការណ៍ដែលកើត​ក្រោយ​​ឆ្នាំ១៩៧០​ប៉ុណ្ណោះ។ ចំណែក​ឯ​របស់របរបូរាណវត្ថុ នៅក្នុងការថែរក្សារបស់យើង វាបានកើតឡើង​មុនឆ្នាំនេះ តាំងពីយូរមក​ហើយ។» ជាការ​រំលឹកមកវិញ នូវប្រវត្តិសាស្ត្រ​នៃប្រទេសកម្ពុជា បានឲ្យដឹងថា នៅ​ឆ្នាំ១៨៦៣ ប្រទេសកម្ពុជាត្រូវ​បាន​ដាក់បញ្ចូល ទៅក្នុង​ចក្រភពអាណា​និគមបារាំង បើទោះជាក្នុងរូបភាព​ដំបូង គេបានប្រើ​ពាក្យថា បារាំងគឺជា​«អាណាព្យាបាល»​របស់​កម្ពុជា​​នោះក៏ដោយ។

លោក ពីជ្យែ បាទីស បានពន្យល់ថា «ស្ថិតក្នុងចន្លោះនៃតង្កៀបធំពីរ វៀតណាម និងសៀម ព្រះរាជាខ្មែរ​នៅ​ពេលនោះ មាន​បំណងចងសម្ព័ន្ធ​មេត្រីភាពជាមួយបារាំង ដើម្បីទប់ទល់​នឹងមហាអំណាចទាំងសងខាង»។ ជា​និច្ចជាកាល​ទីក្រុង​ប៉ារីស តែងតែគាំទ្រកម្ពុជា ក្នុងការប្រឆាំងនឹងប្រទេសសៀម ដែលនៅពេលនោះ​បាន​គ្រប់​គ្រងប្រាសាទអង្គរ និងតំបន់​ផ្នែកខាង​ជើងនៃប្រទេសដ៏តូចនេះ។ ហើយដោយសារតែហេតុផលនេះហើយ ដែល​អនុញ្ញាតឲ្យព្រះរាជា នរោត្ដម ទីមួយ (បុត្រច្បង​របស់ព្រះបាទអង្គឌួង) ទ្រង់យល់ព្រមឲ្យយកចេញ មក​កាន់​ប្រទេសបារាំង នូវបូរាណវត្ថុមួយចំនួន តាមរយៈបេសកជន​បារាំង លោក ល្វី ឌឺឡាប៉ូត។

លោក ពីជ្រែ បាទីស បញ្ជាក់ថា «ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្ដម ទំនងជាចង់ឲ្យរូបភាពនៃរាជាណាចក្រ​របស់​ទ្រង់ ត្រូវបានគេស្គាល់កាន់តែច្រើន តាមរយៈសិល្បៈខ្មែរនៅតាមប្រាសាទនានា។ ទ្រង់ប្រហែលចង់​បង្ហាញថា ប្រទេសកម្ពុជា ជាប្រភពដើមនៃអរិយធម៌ដ៏អស្ចារ្យមួយ។» ព្រះបាទ នរោត្ដម សីហនុ ក៏ទ្រង់​ទម្លាប់​មានបន្ទូលដែរថា រាជទូតដែល​ថ្លៃថ្លា​បំផុតរបស់ទ្រង់ គឺ«រូបចម្លាក់»អង្គរ។

នៅពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាក៏ទំនងជារក្សានូវចិត្តគំនិតនេះដដែលដែរ។  «គេ (ប្រជាជនកម្ពុជា) មិន​បាន​សុំ​អ្វី​ពី​យើងទេ» លោក ពីជ្យែ បាទីស បាននិយាយដូច្នេះ ដោយលោកបានរំលឹកមកវិញថា មិនត្រឹមតែ​ប៉ុណ្ណោះ សារមន្ទីរ​ជាតិ​នៅ​រាជធានី​ភ្នំពេញ «ថែមទាំងបានឲ្យយើងខ្ចី សម្រាប់ការតាំងពិពរណ៌ នូវបូរាណ​វត្ថុ​មួយចំនួន»នោះទៀត​។ វត្ថុ​បូរាណ ដែល​មិនដែលឃ្លាត​ឆ្ងាយ​ ពីមាតុប្រទេសម្ដងណាឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក៏ចម្លើយពិតប្រាកដ នៃសំនួរខាងលើ វាអាស្រ័យទៅនឹងម្ចាស់ទ្រព្យជាអ្នកអះអាង និងជា​អ្នក​កំណត់ថា ប្រសិនជាគេត្រូវយោង​ ទៅលើ​បទដ្ឋានច្បាប់ និងបទដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនោះ តើ​គេគួរសុំ​ឲ្យ​បារាំង ​បញ្ជូន​បូរាណវត្ថុទាំងនោះ មកប្រភពដើមវិញ ឬយ៉ាងដូម្ដេច? ប៉ុន្តែសម្រាប់បារាំងវិញ បើ​ទោះជាខ្លួន ធ្លាប់​ជា​អាណាព្យាបាល​​លើ​កម្ពុជា ក៏រហូតមកទល់នឹងពេលនេះ បារាំងមិនដែលអះអាងថា ខ្លួន​«ត្រូវតែជាអ្នកគ្រប់គ្រង​»​លើ​បូរាណវត្ថុទាំងនោះឡើយ។ ផ្ទុយទៅវិញ បារាំងតែងគោរពយ៉ាងខ្ជាប់ខ្ជួន នូវ​ប្រភព​​ដើម ហើយបានរំលឹកមកប្រាប់​អ្នក​ទស្សនាយ៉ាងត្រឹមត្រូវ ទៅតាម​ប្រវត្តិសាស្ត្រនៃបូរាណវត្ថុទាំងនោះ ដែល​បានស្រាវជ្រាវដឹងមក យ៉ាងពិតប្រាកដ ដែល​ខុសពីប្រទេសមួយចំនួន ដែលបាន​យកវត្ថុបូរាណ​របស់​ខ្មែរ ទៅតាំង​បង្ហាញទាំងខុសច្បាប់ តែថែមទាំងបន្លំទាំងប្រភព ប្ដូរទាំងប្រវត្តិសាស្ត្រនោះឡើយ៕



Loading...

អត្ថបទទាក់ទង


មតិ-យោបល់