មតិ៖ ដំណោះ​ស្រាយ​ដី​ធ្លី​ជូន​ពលរដ្ឋ​របស់​សាលា​រាជធានី គឺ​«ដំបង»​និង​«ខែល»

ជាថ្មីម្តងទៀត ក្រុមអ្នកបឹងកក់ និងអ្នកបូរីកីឡា ប្រមាណជាងពីរយនាក់ បានដង្ហែរជាក្បួនពីលំនៅដ្ឋានរៀងៗខ្លួន មកជួប​ជុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំដល់ដល់អភិបាល រាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ដែលទើបនឹង​ឡើងកាន់តំណែងថ្មី ជួយបន្តរដោះស្រាយបញ្ហា ដែលនៅសេសសល់ ពីលោកអភិបាលចាស់ លោក កែបជុតិមា តាំងពី​ប្រាំឆ្នាំមុន ជូន​ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព ពិសេសត្រូវគោរពតាមការសន្យា ឬតាមអ្វីដែលជាការទទួលខុសត្រូវរបស់​ខ្លួន។ សូមអានបទយកការណ៍ខាងក្រោម ដែលនឹងស្រង់នូវមតិនិងការយល់ឃើញ របស់ពលរដ្ឋមួយចំនួនមកបញ្ជាក់។

ជាថ្មីម្តងទៀត ក្រុមអ្នកបឹងកក់ និងអ្នកបូរីកីឡា ប្រមាណជាងពីរយនាក់ បានដង្ហែរជាក្បួនពីលំនៅដ្ឋានរៀងៗខ្លួន មកជួប​ជុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំដល់ដល់អភិបាល រាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ដែលទើបនឹង​ឡើងកាន់តំណែងថ្មី ជួយបន្តរដោះស្រាយបញ្ហា ដែលនៅសេសសល់ ពីលោកអភិបាលចាស់ លោក កែបជុតិមា តាំងពី​ប្រាំឆ្នាំមុន ជូន​ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព ពិសេសត្រូវគោរពតាមការសន្យា ឬតាមអ្វីដែលជាការទទួលខុសត្រូវរបស់​ខ្លួន។ សូមអានបទយកការណ៍ខាងក្រោម ដែលនឹងស្រង់នូវមតិនិងការយល់ឃើញ របស់ពលរដ្ឋមួយចំនួនមកបញ្ជាក់។


កងកម្លាំងដែលត្រូវបានបញ្ជូនមកកាន់មុខសាលារាជធានីភ្នំពេញថ្ងៃទី៣០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ពលរដ្ឋរងគ្រោះដោយការបណ្តេញចេញដោយបង្ខំ រួមមានសហគមបូរីកីឡា សហគមនបឹងកក់ និង​សហគមដទៃផ្សេងទៀត តែងតែទាមទាម្តងហើយម្តងទៀត ដើម្បីឲ្យមានការអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី ពីសំណាក់​អាជ្ញាធរពាក់ព័ន្ធ ពិសេសពីសាលារាជធានីភ្នំពេញ។ ផ្ទុយមកវិញពួកគាត់តែងតែត្អូញ ពីលទ្ធផលដែលពួកគាត់ទទួលបាន ថាជាការសន្យា«ខ្យល់» ព្រោះទាំងសាលារាជថានីភ្នំពេញ ទាំងអាជ្ញាធរពាក់ព័ន្ធ ដែលតែងតែបានមកទទួល យកញត្តិ​របស់ពួកគាត់ជាច្រើនលើក ច្រើនសារ តែគ្មានការឆ្លើយតបណាមួយជាវិជ្ជមាននោះឡើយ។

ប្រជាពលរដ្ឋម្នាក់ដែលជាអ្នកធ្វើចរាចរតាមដងផ្លូវលោក ជា រដ្ឋា ក្រោយពីបានឃើញនូវព្រឹត្តការណ៍ នៃការតស៊ូ​របស់​ជន​រងគ្រោះ ដោយការបាត់បង់លំនៅដ្ឋាន ជាមួយនិងកម្លាំងប៉ូលីសប្រដាប់ដោយដំបង និងខែលមក លោកបាន​បញ្ចេញនូវ​ទស្សនៈផ្ទាល់ខ្លួនថា ប្រជាពលរដ្ឋភាគច្រើនសុទ្ធតែជាស្រី និងកុមារ ព្រោះតែប្រើនូវសេរីភាពរបស់ខ្លួនក្នុងការការពារ ឬ​ទាមទាសិទ្ធិលំនៅដ្ឋាន ដែលបានបាត់បង់ទៅ ក្រោមរូមភាពនៃការបណ្តេញដោយបង្ខំ ពីសំណាក់ក្រុមហ៊ុន ឬមន្រ្តីមាន​អំណាច។ លោកបន្តរថា «ច្រើនសារមកហើយដែលខ្ញុំបានឃើញពួក ជួបជុំគ្នាធ្វើបាតុកម្ម ទាមទាឲ្យមានការដោះ​ស្រាយ​នូវបញ្ហាផ្ទះសម្បែងនេះ។ (...) មើលទៅរដ្ឋភិបាល ឬសាលាក្រុង ហាក់បីដូចជាមិនបានយកចិត្តទុកដាក់ ឬមានចេតនា​ដោះស្រាយសម្រាប់ពួកគាត់នោះឡើយ បានជាពួកគាត់នៅតែធ្វើការទាមទាយ៉ាងនេះ ម្តងហើយ ម្តងទៀតនោះ។ (...) គ្មានអ្នកណាម្នាក់ចង់ធ្វើបាតុកម្មនោះទេ បើសិនជាមានដំណោះស្រាយសមស្របនោះ។»

យុវជនម្នាក់មកពីសកលវិទ្យាល័យនិតិសាស្ត្រ ឈ្មោះ ដារ៉ា ដែលកំពុងតែតាមថតសម្មភាពប៉ះទង្គិចគ្នា នៅមុខ​វិមាន​សន្តិភាពបានបង្ហាញថា ការទទួលស្វាគមរបស់អាជ្ញាធរទាំងនោះ ចំពោះការទាមទាស្វែងរកដំណោះស្រាយ តាម​រយៈ​ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ ពេលនោះតែងតែមានកម្លាំងសមត្ថកិច្ច ដាក់ពង្រាយនៅជិត ឬក៏ក្បែរនឹងកន្លែងជួបជុំ ឬ​បិទបិនឲ្យធ្វើជាដើម។ ជាមួយគ្នានេះប្អូនបានលើកជាចម្ងល់ថា «តើការដាក់កម្លាំងសមត្ថកិច្ចដើម្បីតែបង្ក្រាបពួកគាត់នោះ អាចបញ្ឈប់ពួកគាត់បានឬទេ? ម្យ៉ាងទៀតតាមរយៈការបង្គ្រាបទាំងនោះ តើពួកគាត់នឹងទទួលបាននូវអ្វី ដែលគាត់បាន​បាត់បងទេ ដូចជាផ្ទះសម្បែង ដីធ្លីជាដើម? អ្វីជាប្រសិទ្ធិភាពក្នុងការប្រើកម្លាំងបង្ក្រាប? គ្មានអ្វីក្រៅពីធ្វើឲ្យរាស្រ្ត កាន់តែ​ខឹងសម្បារនោះទេ។»

អ្នកមីង ផាន់ ឈុនរ៉េត ជាអ្នករងគ្រោះដោយការបណ្តេញចេញពីលំនៅដ្ឋាន បឹងកក់ បាននិយាយថា «ហេតុអ្វីបានជា​ក្រុមសមត្ថកិច្ចទាំងនោះ វាយប្រជាពលរដ្ឋ នៅមុខវិមានសន្តិភាព? អ្នកមីងបន្តរថា បើធ្វើបែបនេះ គួតែដាក់ឈ្មោះ​វិមាន​នោះថា វិមានហិង្សាទើបត្រឹមត្រូវ។ (...) គ្មានការដោះស្រាយទេ មានតែការប្រើអំពើហិង្សា មកលើប្រជាជនតែប៉ុណ្ណោះ។ (...) សាលាក្រុងមានតែការសន្យា តែគ្មានដំណោះស្រាយ។ ខ្ញុំមានការឈឺចាប់ ខ្ញុំនឹងធ្វើការតវ៉ាបន្តរទៅទៀត មិនរួញរា​នោះទេ លុះត្រាណាជីវិតខ្ញុំសូន្យ ទើបឈប់តវ៉ា។»

អតីតអ្នករងគ្រោះ ដោយការបណ្តេញចេញពីលំនៅដ្ឋាន (បឹងកក់) រូបនេះ បានចោទសួរថា តើរដ្ឋភិបាលគិតថា ការប្រើ​«ហិង្សា»តាមរយៈសមត្ថកិច្ចចម្រុះនេះ មានលក្ខណៈប្រសើរជាង ការស្វែងរកដំណោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ​ឬ​យ៉ាងណា? រដ្ឋាភិបាល គួរតែដោះស្រាយបញ្ហា ប្រសើជាងការប្រើហិង្សាបំបែកពួកគាត់ ដែលគេមើលឃើញគ្រប់គ្នាថា ជាដំណោះស្រាយមួយដែលគ្មានប្រសិទ្ធិភាពនោះ។

ស្ដាប់បេះដូងរបស់អ្នក និយាយប្រាប់អ្នក ...

សមត្ថកិច្ចម្នាក់ក្នុងឯកសណ្ឋានប្រដាប់ដោយ ខែល និងដំបងក្នុងលក្ខ័ខណ្ឌមិន បញ្ចេញឈ្មោះបាននិយាយថា រូបលោក​ពិតជាមានការឈឺចាប់ និងនឿយហត់ខ្លាំងណាស់ នៅពេលដែលមេបញ្ជាឲ្យមកបង្ក្រាបក្រុមអ្នកបឹងកក់ បុរីកីឡា ពិសេស​ប្រជាពលរដ្ឋដទៃផ្សេងទៀត។ លោកបន្តរថា លោកស្ថិតក្រោមបញ្ជាថ្នាក់លើ ដូច្នេះលោកក៏ត្រូវតែមាន​វត្តមានក្នុងបញ្ហា​នេះ។ តែអ្វីដែលសំខាន់លោកបានបញ្ជាក់ថា មិនដែលបានវាយប្រជាពលរដ្ឋណាម្នាក់នោះទេ ទោះមានហេតុការណ៍​យ៉ាងណាក៏ដោយ លោកគ្រាន់តែមកឈរឲ្យមានវត្តមានប៉ុណ្ណោះ ព្រោះរូបលោកផ្ទាល់ និងគ្រួសារក៏ជាអតីតអ្នករស់នៅ ក្នុងសហគមន៍បឹងកក់នេះដែរ តែលោកបានទទួលការដោះស្រាយរួចរាល់ហើយ។

ជាមួយគ្នានេះមតិមហាជន ដែលមានវត្តមាននៅមុខសាលារាជធានីភ្នំពេញនោះ បានធ្វើការវែកញែកថា ទង្វើដែល​រដ្ឋាភិបាលធ្វើមកនេះ មិនមែនជាដំណោះស្រាយល្អសម្រាប់រាស្រ្តនោះទេ រដ្ឋាភិបាលគួររកវិធីសាស្រ្តវិជ្ជមានណាមួយ ដែលមើលទៅទទួលបានជោគជ័យទាំងអស់គ្នា។ ក្រុមមហាជនទាំងនោះបានធ្វើការសន្និដ្ឋានថា សកម្មភាពទាំង​នេះ​នឹងអាចក្លាយជា«ទម្លាប់» អាក្រក់សម្រាប់សមត្ថកិច្ច ក៏ដូចជារដ្ឋាផិបាលដែរ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍ប៉ះទង្គិចគា្ន កាលពីព្រឹកថ្ងៃទី៣០ខែតុលានេះ បានបណ្តាលឲ្យស្រ្តីដែលជាអ្នកភូមិបឹងកក់ និងបុរីកីឡាមិនតិចជាងប្រាំនាក់ មានរបួសស្រាល និងកុមារីម្នាក់អាយុ១៤ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចម្នាក់លបឆ្មក់ ពី​ក្រោយនៃកម្លាំងសមត្ថកិច្ចផ្សេងទៀត ធ្វើការឆក់ដោយដំបងឆក់ទៅលើកុមារីម្នាក់ឈ្មោះ ញ៉េន ស្រីម៉ី ធ្វើឲ្យស្ពិកមួយ​ចំហៀងខ្លួន ក្នុងពេលភ្លាមៗនោះស្ទើរតែថប់ដង្ហើម៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣០ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments