វត្ថុ​អនុស្សាវរីយ៍​«ក្លែងក្លាយ» កំពុង​បំផ្លាញ​វិស័យ​ទេសចរណ៍​កម្ពុជា

បន្ទាប់ពីពេលថ្មីៗនេះ មានប្រទេសធំៗយ៉ាងហោចណាស់២ គឺជប៉ុន និងចិន បានធ្វើការហាមប្រាមពលរដ្ឋរបស់ខ្លួន កុំឲ្យ​ទិញវត្ថុអនុស្សាវរីយ៍ ក្នុងពេលទស្សនា លើទឹកដីខេត្តសៀមរាប ជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពរបស់​កម្ពុជា​មកនោះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍ បានធ្វើការកោះហៅតំណាង មគ្គុទេស្ទក៍ទេសចរណ៍ និងអ្នកធ្វើ​អាជីវកម្មវត្ថុអនុស្សាវរីយ៍ នៅខេត្តសៀមរាប ដោយព្រមានពីការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ និងការលក់ក្នុងតម្លៃខ្ពស់​កប់ពពក ដែលធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដល់វិស័យទេសចរណ៍កម្ពុជា។

បន្ទាប់ពីពេលថ្មីៗនេះ មានប្រទេសធំៗយ៉ាងហោចណាស់២ គឺជប៉ុន និងចិន បានធ្វើការហាមប្រាមពលរដ្ឋរបស់ខ្លួន កុំឲ្យ​ទិញវត្ថុអនុស្សាវរីយ៍ ក្នុងពេលទស្សនា លើទឹកដីខេត្តសៀមរាប ជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពរបស់​កម្ពុជា​មកនោះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍ បានធ្វើការកោះហៅតំណាង មគ្គុទេស្ទក៍ទេសចរណ៍ និងអ្នកធ្វើ​អាជីវកម្មវត្ថុអនុស្សាវរីយ៍ នៅខេត្តសៀមរាប ដោយព្រមានពីការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ និងការលក់ក្នុងតម្លៃខ្ពស់​កប់ពពក ដែលធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដល់វិស័យទេសចរណ៍កម្ពុជា។


ផ្សាររាត្រីនៅក្រុងសៀមរាប ដែលសម្បូរទៅដោយវត្ថុអនុស្សាវរីយ សម្រាប់ទេសចរណ៍ដែលមកទស្សនាអ។ (រូបថតឯកសារ MONOROOM.info)

រាជធានីភ្នំពេញ - ក្នុងពិធីជួបប្រជុំថ្ងៃទី២៤ ខែតុលានេះ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប លោក ង៉ូវ សេងកាក់ បាន​អះអាងថា បច្ចុប្បន្ន មានហាងលក់វត្ថុអនុស្សាវរីយ៍ តូច ធំ ក្នុងខេត្ដសៀមរាប ប្រហែល ១៣០០កន្លែង ហើយបញ្ហា​ប្រឈម​ធ្ងន់ធ្ងរបំផុត របស់ហាងទាំងនោះ គឺមានករណីលក់វត្ថុអនុស្សាវរីយ៍ ក្នុងតំលៃខ្ពស់ ទៅឲ្យភ្ញៀវ​ទេសចរណ៍ ហើយ​ក្នុង​ចំណោមវត្ថុអនុស្សាវរីយ៍ទាំងនោះ ក៏មានផលិតផលក្លែងក្លាយផងដែរ។

ប្រធានមន្ទីរទេសចរណ៍ដដែលនេះ បានលើកឡើងថា កន្លងមក មានភ្ញៀវទេសចរណ៍បរទេស ដែលរងគ្រោះពី​ការ​បោក​ប្រាស់ បានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងទេសចរណ៍ ប្ដឹងហាងលក់វត្ថុអនុស្សាវរីយ៍​នៅខេត្ដ​សៀមរាប ទាក់ទងនឹងករណីលក់ របស់ក្លែងក្លាយ ជាពិសេសត្បូង ត្បូងពេជ្រ និងមាសជាដើម។ ហើយពាក្យបណ្តឹង​ទាំង​នោះ ត្រូវបានសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ សហការជាមួយក្រសួងទេសចរណ៍ ធ្វើការដោះស្រាយ និងបង្វិលលុយ​សង ទៅភ្ញៀវទេសចរបរទេសវិញ ជាបន្តបន្ទាប់។

ទាក់ទងករណីនេះលោក គោ ស៊ុំសារឿត រដ្ឋលេខធិការក្រសួងទេសចរណ៍បានពន្យល់ថា សមត្ថកិច្ចមានច្បាប់ជា​គោល​ក្នុងការអនុវត្ត ដូច្នេះករណីមានហាងណាមួយ បានលក់វត្ថុអនុស្សាវរីយ៍ក្លែងបន្លំ ហើយត្រូវបានស៊ើបអង្កេតឃើញថា មាន​បញ្ហាគុណភាពពិតប្រាកដមែន នោះច្បាប់នឹងត្រូវដាក់ទោសតាមក្រមព្រហ្មទណ្ឌ ទៅលើម្ចាស់ហាងតាម​បទ​ល្មើស​ជាក់​ស្ដែង ដូចជាបទក្បត់សេចក្ដីទុកចិត្ដ និងបទក្លែងបន្លំជាដើម។

ចំពោះករណីនេះដែរ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានលើកឡើងជា​ចម្ងល់ថា គ្រប់ប្រភេទវត្ថុអនុស្សាវរីយ៍ទាំងអស់ ដែលបានដាក់លក់នៅលើទីផ្សារ មិនថាធ្វើនៅក្នុងស្រុក ឬនាំចូលនោះទេ ភាគច្រើនសុទ្ធតែត្រូវបានបង់ពន្ធ និងមានការត្រួតពិនិត្យពីមន្រ្តីពាក់ព័ន្ធ ហេតុអ្វីវត្ថុទាំងនោះជារបស់ក្លែងក្លាយ? តើវាជា​ការអសមត្ថភាព ឬជាការជាប់ពាក់ព័ន្ធរបស់មន្រ្តីទាំងនោះ? ដូច្នេះចំណុចសំខាន់ គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ។

ប្រធានសមាគដដែលនេះបញ្ជាក់ថា ការអប់រំប្រជាពលរដ្ឋ ពិសេសម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ និងការពង្រឹង​ការ​អនុវត្តច្បាប់ទាក់ទាក់នឹងវិស័យទេសចរណ៍ គឺដំណោះស្រាយល្អប្រសើរចំពោះបញ្ហានេះ ហើយក៏ជាការធានា​ដល់​ការ​អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តរភាព៕

-------------------------------------------------
ដោយ៖ អ៊ុំ បូរី- ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments