ឡៅ ម៉ុងហៃ បញ្ជាក់​ជា​ថ្មី​ពី​សុពលភាព​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅតែមានសុពលភាព និងមានតម្លៃណាស់សម្រាប់ធានា សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពពេញលេញ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា នេះជាការលើកឡើងរបស់ លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយឯករាជ្យ បន្ទាប់ពីមានការលើកឡើងខុសគ្នា រវាងលោកហ៊ុន សែន នាយករដ្ឋមន្រ្តីចេញ​ពីសភា​ឯកបក្ស និង​លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ស្ដីពីតម្លៃ និងសុពលភាព របស់កិច្ចព្រមព្រៀងសន្តិភាព​ក្រុង​ប៉ារីស ក្នុង​ពេលដែលប្រទេសកម្ពុជា កំពុងបន្តភាជាប់គាំងផ្នែកនយោបាយនោះ។

សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅតែមានសុពលភាព និងមានតម្លៃណាស់សម្រាប់ធានា សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពពេញលេញ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយឯករាជ្យ  បន្ទាប់ពីមានការលើកឡើងខុសគ្នា រវាងលោកហ៊ុន សែន នាយករដ្ឋមន្រ្តីចេញ​ពីសភា​ឯកបក្ស និង​លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ស្ដីពីតម្លៃ និងសុពលភាព របស់កិច្ចព្រមព្រៀងសន្តិភាព​ក្រុង​ប៉ារីស ក្នុង​ពេលដែលប្រទេសកម្ពុជា កំពុងបន្តភាជាប់គាំងផ្នែកនយោបាយនោះ។


ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្ដេច នរោត្ដម សីហនុ (ឆ្វេង) និងលោក ហ៊ុន សែន ជួបចាប់ដៃគ្នានៅ​ខេត្ត​សៀមរាប នាឆ្នាំ១៩៩៧។ (រូបថត Reurter)

រាជធានីភ្នំពេញ - ក្នុងសន្និសីទសន្តិភាពថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ស្តីពី ដើមកំណើតនៃសន្តិភាព និងប្រជាធិបតេយ្យ​កម្ពុជា នៅសណ្ឋាគារ អ៊ីនធរខនធីននថល  លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាបានពន្យល់ថា អង្គការ​សហប្រជាជាតិបានដើរតួនាទីសំខាន់ណាស់ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ហៅភាគីជំលោះទាំងអស់របស់កម្ពុជា ចូលមក​កាន់តុចរចានិងឯកភាពគ្នា ឈានទៅបង្កើតកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្រ្គាម​ស៊ីវិល ដ៏ហែកហួរជាង២ទសវត្សរ៍ នៅកម្ពុជា។ អ្នកវិភាគរូបនេះ បន្តថាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បាន​ជម្រុញ​ឲ្យមានការកសាងសន្តិភាព និងការផ្តល់ជំនួយលើគ្រប់វិស័យដល់កម្ពុជាជាបន្តបន្ទាប់ ដោយសហគមអន្តរជាតិ ក្នុង​រយៈ​ពេល២២ឆ្នាំកន្លងមកនេះ។

គួរម្លឹកថា ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាបានបង្កើតរដ្ឋសភា និងរដ្ឋាភិបាលដោយឯកបក្សក្នុងភាព​ចម្រូងចម្រាស ក្រោយការបោះឆ្នោតនោះ លោក ហ៊ុន សែន បានលើកឡើងថាកិច្ចព្រមព្រៀង​សន្តិភាពក្រុង​ប៉ារីសបាន​អស់​សុពលភាព​ហើយ តាមរយៈការដាក់បញ្ចូលខ្លឹមសារមួយចំនួន ដែលសេសសល់ចូលទៅក្នុង រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ តែ​ការលើកឡើង​នេះត្រូវបានច្រានចោល ដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានអះអាងថា​កិច្ចព្រមព្រៀងសន្តិភាក្រុងប៉ារីស នៅតែមានសុពលភាពរហូតដល់បច្ចុប្បន្ននេះ ហើយបានចោទ​ប្រកាន់​រដ្ឋសភា និង​រដ្ឋាភិបាលដែលទើបបង្កើតថ្មីនេះ ថាបានបង្កើតឡើង ដោយរំលោភលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ។

ទាក់ទងនឹងការលើកឡើងផ្ទុយគ្នា របស់ឥស្សរជនយោបាយទាំងពីរនេះ លោក ឡៅ ម៉ុងហៃ បានលើកឡើងថា កិច្ចព្រម​ព្រៀងសន្តិភាពក្រុងប៉ារីស នៅតែមានសុពលភាពសម្រាប់គ្រប់ភាគី ដែលពាក់ព័ន្ធ។ អ្នកវិភាគរូបនេះ បានលើកហេតុ​ផល​ថា កិច្ចព្រមព្រៀងនេះមិនបានធ្វើឡើងតែមួយពេលនោះទេ ហើយក៏មិនមែនបញ្ចប់ត្រឹមការបង្កើតរដ្ឋធម្មនុញ្ញនោះដែរ ព្រោះក្នុងកិច្ចព្រមព្រៀងមិនមានមាត្រាណា បានកំណត់ពីពេលវេលាអស់សុពលភាព។ ហើយថ្មីៗនេះអ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិ ក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀងក្រុងប៉ារីសនៅតែមានសុពលភាព។

លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា៖«កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសធានាអាយុជីវិតខ្មែររហូតទៅ»។ អ្នកវិភាគដដែលនេះ អះអាងថាអង្គការសហប្រជាជាតិ និងរដ្ឋជាហត្ថាលេខី បានជាប់កតព្វកិច្ចធានា ការអនុវត្តប្រជាធិបតេយ្យ ការគោរព​សិទ្ធិ​មនុស្ស ការធានាភាពជាអមតៈរបស់កម្ពុជា និងការពារ ក្នុងករណីមានការរំលោភបំពាន។ លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា៖ «ខ្ញុំអត់បានឃើញរដ្ឋធម្មនុញ ចែងពីការលុបចោលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងការដាក់បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ ពីការធានា ឯករាជ្យភាព អធិបតេយ្យភាព របស់ប្រទេសកម្ពុជា ពីសំណាក់ប្រទេសហត្ថលេខី ក្នុងរដ្ឋធម្មនុញ្ញផង អត់មានទេ ហើយដាក់ក៏មិនកើតទៀត ព្រោះពាក់ព័ន្ធនឹងប្រទេសក្រៅ យើងទៅបង្ខំគេមិចកើត។»

ជាមួយគ្នានេះ លោក ឡុង ខែត្រ ស្ថាបនិករបស់ អង្គការវិទ្យាស្ថានសន្តិភាពកម្ពុជា បានលើកឡើងថា បើទោះជាបច្ចុប្បន្ន​កម្ពុជាមានរដ្ឋធម្មនុញ្ញពិតមែន តែមានចំណុចសំខាន់ៗមួយចំនួន ដែលមានកំណត់នៅក្នុង​កិច្ចព្រមព្រៀងសន្តិភាព​ក្រុង​ប៉ារីស មិនបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញទេ ដូចនេះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមានសារៈសំខាន់ណាស់ សម្រាប់​ប្រជាពលរដ្ឋកម្ពុជា និងការការពារបូរណភាពដែនដីកម្ពុជា។

-------------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments