​បាតុកម្ម​​ប្រឆាំង​បាតុកម្ម​៖ អ្នក​វិភាគ​ថា​មាន​អ្នក​និពន្ធ​តែ​មួយ តែ​តួ​សម្ដែង​ច្រើន

បន្ទាប់ពីប្រធានគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ថ្លែងព្រមានគណបក្សសង្គ្រោះជាតិថា នឹងធ្វើបាតុម្មប្រឆាំងគណបក្ស​នោះ​មក លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានសម្តែងការស្វាគមន៍ ចំពោះគំនិតនេះ តែសម្រាប់អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានចាត់ទុកគំនិតនេះ ថាមានអ្នកនិពន្ធតែមួយ គ្រាន់តែតួអង្គ​សម្ដែង​ប្លែកៗច្រើន។

បន្ទាប់ពីប្រធានគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ថ្លែងព្រមានគណបក្សសង្គ្រោះជាតិថា នឹងធ្វើបាតុម្មប្រឆាំងគណបក្ស​នោះ​មក លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានសម្តែងការស្វាគមន៍ ចំពោះគំនិតនេះ តែសម្រាប់អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានចាត់ទុកគំនិតនេះ ថាមានអ្នកនិពន្ធតែមួយ គ្រាន់តែតួអង្គ​សម្ដែង​ប្លែកៗច្រើន។


មហាបាតុកម្មទី២ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ភ្លាមៗបន្ទាប់ពី លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បានប្រកាសថានឹងគៀងគរ​ប្រជាពលរដ្ឋធ្វើបាតុកម្ម ប្រឆាំងនឹងមហាបាតុកម្មគណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញរួចមក លោក កឹម សុខា ដែល​ជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងតបថា គណបក្សសង្គ្រោះជាតិមិនខ្លាចនឹងការធ្វើបាតុកម្ម ពីភាគីគណបក្ស​ណាមួយ ក្នុងការប្រឆាំងទៅនឹងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិនោះទេ។ ថ្លែងតាមវិទ្យុអាស៊ីសេរី​កាលពីថ្ងៃ​ទី២១ ខែតុលា លោក កឹម សុខា បានប្រកាសស្វាគមន៍ នូវបាតុកម្មប្រឆាំងមហាបាតុកម្មរបស់គណបក្សលោកលើកនេះ បើទោះជាបាតុកម្មនោះ ត្រូវបានរៀបចំដោយជាគណបក្សតូចក៏ដោយ។

យ៉ាងណាក៏ដោយលោក កឹម សុខា ក៏បានសន្និដ្ឋានដែលថា បាតុកម្មដែលរៀបចំឡើងដោយគណបក្សតូច គ្មានអាសនៈ​នៅក្នុងរដ្ឋសភានេះ មិនអាចគៀងគប្រជាពលរដ្ឋឲ្យចូលរួមបានច្រើននោះទេ។ លោក កឹម សុខា បន្តថា គំនិតចង់ធ្វើ​បាតុកម្មប្រឆាំងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ ពីសំណាក់គណបក្សខ្មែរអភិវឌ្ឈសេដ្ឋសេដ្ឋកិច្ចនៅពេលនេះ គឺធ្វើឡើងដោយអាចមានគណបក្សកាន់អំណាចនៅពីក្រោយ។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទទី១ខែតុលា គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បានធ្វើសន្និសិទការសែតធំមួយ ដោយមានការ​ចូលរួមពីមន្រ្តីរដ្ឋាភិបាលមួយចំនួនផងដែរ ជាពិសេសអ្វីដែលអស្ចារ្យនោះ មានអ្នកយកព័ត៌មានបណ្តាស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុកស្ទើទាំងអស់ បានចុះមកយកព័ត៌មានស្តីពីសន្និសិទការសែតរបស់គណបក្សនេះ និងបានផ្សព្វផ្សាយ​យ៉ាង​«ព្រោងព្រាត»។ ថ្លែងនៅក្នុងសន្និសិទការសែតនោះ លោក ហួន រាជចំរើន បានវាយប្រហារចំៗចំពោះគណបក្ស​សង្រ្គោះ​ជាតិថា មិនបានគោរពតាមឆន្ទៈប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋខំបោះឆ្នោតឲ្យហើយ បែរជាមិនចូលរួមប្រជុំនៅ​ក្នុង​រដ្ឋសភា ជាមួយតំណាងរាស្រ្តគណបក្សប្រជាជនទៅវិញ។ លោក ហួន រាជចំរើន ក៏បានព្រមានថា នឹងប្រមូលប្រជាពលរដ្ឋ​ធ្វើបាតុម្មប្រឆាំង នឹងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃស្អែកនេះផងដែរ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ  នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០១៣នេះថា ចលនាប្រមូលគ្នាដើម្បីប្រឆាំងទៅនឹងមហាបាតុកម្ម របស់គណបក្សសង្គោះជាតិពីសំណាក់​គណបក្ស​ខ្មែរអភិវឌ្ឍសេដ្ឋកិច្ចនេះ ទំនងជាមិនអាចមានអ្នកចូលរួមច្រើននោះទេ ដោយសារថា កាលពីការបោះឆ្នោតកន្លងទៅ គណបក្សនេះមិនសូវមានអ្នកគាំទ្រឡើយ។ លោក ឡៅ ម៉ុងហៃ បន្តថា ប្រសិនបើខ្មែរអភិវឌ្ឍសេដ្ឋកិច្ច មានគណបក្ស​កាន់អំណាចជាអ្នកជ្រុមជ្រែងទំនងជាអាចគៀងគមនុស្សបានច្រើន ។ លោកបន្តថា ការប្រកាសធ្វើបែបនេះ អាចជាថ្នូរ​ក្នុងការទទួលបានដំណែងនានា ពីរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ន ដូចជាតំណែងជាទីប្រឹក្សាជាដើម។

« មានអ្នកនិពន្ធតែមួយទេ តែមានតួអង្គសម្តែងប្លែកៗគ្នាច្រើន»

លោកបណ្ឌិត កែម ឡី អ្នកតាមដានស្ថានការណ៍សង្គមនៅកម្ពុជា បានលើកឡើងជាន័យធៀបថា «នៅក្នុងបញ្ហានេះ មាន​អ្នកនិពន្ធតែមួយទេ តែមានតួអង្គសម្តែងប្លែកៗគ្នាច្រើន»។ អ្នកនិពន្ធតែមួយគឺទំនងជាលោក កែម ឡី ចង់សំដៅទៅលោក ហ៊ុន សែន ឬគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកផ្តួចផ្តើមគំនិត ឬនៅពីក្រោយខ្នង ឲ្យគណបក្សខ្មែរអភិវឌ្ឍ​សេដ្ឋកិច្ច​ចេញសម្តែងនូវរឿងបែបនេះ ដែលវាស្រដៀងនឹងសកម្មភាពរបស់លោក ជុំ ម៉ី កន្លងមកដែរ។ អ្នកវិភាគរូបនេះបន្តថា លោក​ចង់ឃើញសកម្មភាពបែបនេះ តើវាល្អមើលប៉ុណ្ណា? តើខាងណាមានអ្នកគាំទ្រច្រើនជាង? ហើយមិនតែប៉ុណ្ណោះ វាឆ្លុះអំពី​សង្គមប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋខ្មែរមានសិទ្ធិគាំទ្រនិងមិនគាំទ្រ។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានព្យាយាមទាក់ទង លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច តែ​មិនមានការឆ្លើយតបទេនៅថ្ងៃនេះ។ តែគេនៅរងចាំមើលថា តើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃស្អែក​នេះ នឹងមានបាតុកម្មពីគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ប្រឆាំងដែរឬយ៉ាងណា?

គួររម្លឹកថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីកាលទី ៥ កាលពីពេលកន្លងទៅបានបង្ហាញថា គណបក្សខ្មែរអភវិឌ្ឍសេដ្ឋកិច្ចរបស់លោក ហួន រាជចំរើន បានទទួលសំឡេងគាំទ្រពីប្រជាពលរដ្ឋចំនួន ១៩,១៥២ សំឡេង ក្នុងចំណោមសន្លឹកឆ្នោតបានការសរុបទាំងអស់ចំនួប ៦,៦២៧,១៥៩ សំឡេង។ នៅក្នុងនោះ គណបក្សធំៗពីរដែល​ជាប់​ឆ្នោតនៅក្នុងរដ្ឋសភា គឺណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៣,២៣៥,៦៦៩ សំឡេង និងគណបក្ស​សង្គ្រោះជាតិទទួលបាន ២,៨៤៨,១៧៦ សំឡេង៕

-------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments