សុខ ទូច៖ ប្រទេស​មួយ​ចំនួន​អបអរសាទរ​រដ្ឋាភិបាល ជា​លក្ខណៈ​ការ​ទូត​ប៉ុណ្ណោះ

បើគិតចាប់តាំងពីការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី នៅក្រោយការបោះឆ្នោតមក មានបណ្តាប្រទេសជាច្រើន មកពីជុំវិញ​ពិភពលោក បានសម្តែងការអបអសាទរ និងបានទទួលស្គាល់ពីភាពស្របច្បាប់របស់រដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះជា​បន្ត​បន្ទាប់ ក្នុងនោះមានប្រទេសបារាំងមួយដែរ។ សម្រាប់អ្នកវិភាគឯករាជ្យ លោក សុខ ទូច យល់ថា ករណីអបអរសាទរ​ឬការ​ទទួលស្គាល់ណាមួយ ពីសំណាក់អន្តរជាតិនោះ អាចគ្រាន់ជាកាយវិការការទូតមួយប៉ុណ្ណោះ ដែលប្រទេសទាំងនោះ​ធ្វើជា​មួយកម្ពុជា។

បើគិតចាប់តាំងពីការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី នៅក្រោយការបោះឆ្នោតមក មានបណ្តាប្រទេសជាច្រើន មកពីជុំវិញ​ពិភពលោក បានសម្តែងការអបអសាទរ និងបានទទួលស្គាល់ពីភាពស្របច្បាប់របស់រដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះជា​បន្ត​បន្ទាប់ ក្នុងនោះមានប្រទេសបារាំងមួយដែរ។ សម្រាប់អ្នកវិភាគឯករាជ្យ លោក សុខ ទូច យល់ថា ករណីអបអរសាទរ​ឬការ​ទទួលស្គាល់ណាមួយ ពីសំណាក់អន្តរជាតិនោះ អាចគ្រាន់ជាកាយវិការការទូតមួយប៉ុណ្ណោះ ដែលប្រទេសទាំងនោះ​ធ្វើជា​មួយកម្ពុជា។


រដ្ឋសភានៃអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ជាមួយព្រះមហាក្សត្រ ថ្ងៃទី២៣ខែកញ្ញា នៅពីមុខអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - រហូតមកដល់ថ្ងៃនេះ សហរដ្ឋអាមេរិក និង សហគមអ៊ឺរ៉ុបដែលតំណាងឲ្យប្រទេសទាំង២៧ លើកលែង​តែប្រទេសបារាំងមួយ នៅតែប្រកាន់គោលជំហរមិនគាំទ្ររដ្ឋាភិបាលថ្មីនេះនៅឡើយ។ ក្នុងស្ថានភាពនេះ គណបក្ស​សង្រ្គោះ​ជាតិ ដែលជាគណបក្សជំទាស់ក្នុងប្រទេសកម្ពុជា ចាត់ទុកថា នោះការបង្ហាញ​ឥរិយាបថមួយដ៏សំខាន់ សម្រាប់​ជា​ការលើកទឹកចិត្តដល់ អ្នកតស៊ូដើម្បីស្វែងរកលិទ្ធិប្រជាធិបតេយ្យ ពិតប្រាកដនៅកម្ពុជា។ ឥរិយាបថ ដែលអ្នកតាមដាន​ស្ថានការណ៍នយោបាយនៅកម្ពុជា បានកត់សម្គាល់ថា ក្រុមប្រទេសទាំងនោះនៅតែមានមន្ទិលនៅឡើយ ជុំវិញការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ដែលពោរពេញដោយភាពមិនប្រក្រតី និងការបង្ខំ​ឲ្យ​មានការបើកនិតិកាលថ្មីដោយសភាឯកបក្ស រហូតមានការចោទប្រកាន់ថា រដ្ឋាភិបាលសព្វថ្ងៃ បានកើតឡើងពី​ការធ្វើ​រដ្ឋ​ប្រហាររដ្ឋធម្មនុញ្ញនោះផង។

ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងការពាររដ្ឋាភិបាល ដែលចេញពីសភា​ឯក​បក្សរបស់លោក ប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិកថា រដ្ឋាភិបាលកម្ពុជាដែលទើបបង្កើតឡើងថ្មីនេះ កើតចេញពីឆន្ទៈ ប្រជាជន ហើយការសម្រេចចិត្តគាំទ្ររបស់បរទេស ទាំងនយោបាយ និងសេដ្ឋកិច្ច គឺជាសិទ្ធិរបស់បណ្តាប្រទេសទាំងនោះ តែរដ្ឋាភិបាលមិនមែនកើតចេញពីរដ្ឋប្រហារទេ។ លោក ផៃ ស៊ីផាន បញ្ជាក់ថា «នេះមិនមែនជាកំហុសរបស់​គណបក្ស​ប្រជាជន ដែលគេបានទៅអង្គុយហើយនោះទេ ហើយក៏មិនមែនជាកំហុសរបស់ព្រះមហាក្សត្រដែរ ហើយក៏មិនមែនជា​កំហុសរបស់រដ្ឋធម្មនុញ្ញដែរ គឺជាកំហុសរបស់អ្នកដែលមិនបានចូលទៅ។ រឿងហ្នឹងហើយ ដែលគណបក្សប្រជាជន គេ​កំពុងតែត្រៀមលក្ខណៈក្នុងការអត់ធ្មត់បំផុត»។

ទាក់ទងបញ្ហានេះ អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោកបណ្ឌិត សុខ ទូច តាមរយៈកិច្ចសម្ភាសតាមទូរស័ព្ទ​ជាមួយ​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានពន្យល់ថា បើទោះជាមានបណ្តាប្រទេសជាច្រើន បានសម្តែងការអបអរសាទរ ចំពោះ​រដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ការទទួលស្គាល់នោះ ក្នុងករណីខ្លះវាមានលក្ខណៈការទូតតែប៉ុណ្ណោះ ព្រោះប្រទេសខ្លះ ទន្ទឹម​នឹងការអបអសាទរ គេក៏បានស្មើឲ្យគណប្សនយោបាយទាំងពីរមាន ការឯកភាពគ្នា ដើម្បីដោះស្រាយភាពទាល់​ច្រក​នយោបាយក្រោយការបោះឆ្នោត។ ដូច្នេះក្នុងករណីគណបក្សទាំងពីរ បន្តមិនមានការឯកភាពគ្នា នោះវាជាការ​ពិបាក​ក្នុង​ការទទួលបានតម្លៃ ដែលទទួលស្គាល់ពិតប្រាកដ។ អ្នកវិភាគរូបនេះបញ្ជាក់ថា៖ «គេឲ្យយើងរួមគ្នាឲ្យរលូនទៅ ហើយបើ​អត់រលូន វានៅតែដដែលហ្នឹង»។

លោកបណ្ឌិត សុខ ទូច បន្ថែមថាកាលណាកម្ពុជាមិនធ្វើតាមសំណូមពរ និងការព្រួយបារម្ភរបស់បណ្តាប្រទេសទាំងនោះ វាអាចនាំឲ្យមានផលលំបាក ដល់កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសទាំងនោះ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ប្រាក់កម្ចី ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដែលនាំឲ្យកម្ពុជាមានវិបត្តិ។

គួបញ្ជាក់ដែរថា លោក សម រង្ស៊ី ប្រធានគណបក្សង្រ្គោះជាតិ កំពុងតែស្ថិតនៅលើទឹកដីនៃ សហរដ្ឋ​អាមេរិក និងសហគមន៍​អ៊ឺរ៉ុប ដើម្បីធ្វើយុទ្ធនាការការទូត បញ្ចុះបញ្ចូលឲ្យសហគមអន្តរជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ ដែលមេដឹកនាំ​គណបក្ស​ជំទាស់រូបនេះហៅថា ជាការបង្កើតឡើងដោយខុសច្បាប់ តាមរយៈការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។

សូមអានឡើងវិញ នូវបទសម្ភាសមួយដែលប្រធានគណបក្សប្រឆាំងរូបនេះ ស្ដីពីគោលជំហរចុងក្រោយរបស់លោក ដោយ​ចុចលើទីនេះ

--------------------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments