គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

ជាចម្លើយរបស់អ្នកតំណាងមួយរូប ពីគេហទំព័រ មង្គលរិទ្ធិ ដែលជនសង្ស័យបានពាក់ផ្លាក ថាខ្លួនជាបុគ្គលិកឲ្យ​គេហទំព័រ​នេះ។ ជនសង្ស័យដែលត្រូវបានគេឃើញថា បានយកអាវុធ (កាំភ្លើងខ្លី) ចូលក្នុងវេទិកាសាធារណៈកាលពីព្រឹក​ថ្ងៃទី១៣​ខែតុលា ឆ្នាំ២០១៣ និងរងការចោទប្រកាន់ថា មានចេតនាចង់ធ្វើឃាត លោក ស្រី មួរ សុខហួរ និងលោក រ៉ុង ឈុន។

ជាចម្លើយរបស់អ្នកតំណាងមួយរូប ពីគេហទំព័រ មង្គលរិទ្ធិ ដែលជនសង្ស័យបានពាក់ផ្លាក ថាខ្លួនជាបុគ្គលិកឲ្យ​គេហទំព័រ​នេះ។ ជនសង្ស័យដែលត្រូវបានគេឃើញថា បានយកអាវុធ (កាំភ្លើងខ្លី) ចូលក្នុងវេទិកាសាធារណៈកាលពីព្រឹក​ថ្ងៃទី១៣​ខែតុលា ឆ្នាំ២០១៣ និងរងការចោទប្រកាន់ថា មានចេតនាចង់ធ្វើឃាត លោក ស្រី មួរ សុខហួរ និងលោក រ៉ុង ឈុន។


បុរសជាជនសង្ស័យ បាក់លោមត្រូវបានគេគ្រា បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូបានស្វែងរកប្រតិកម្ម ពីគេហទំព័រដែលមានឈ្មោះថា មង្គលរិទ្ធិ អ៊ីម្សផត និងអិច្សផត ខូអិល​ធីឌី ដើម្បីចង់ដឹងថា តើបុរសឈ្មោះ ដឹង ជឿន ពិតជាអ្នកសារព័ត៌មានរបស់ស្ថាប័នខ្លួន ឬយ៉ាងណា។ ប៉ុន្តែអ្នកតំណាងម្នាក់​ពីគេហទំព័រនេះ បានលើកទូរស័ព្ទនិយាយ ហើយបានបដិសេធយ៉ាងខ្លីថា «ក្រុមហ៊ុនខ្ញុំ មិនមាន​បុគ្គលិកឈ្មោះនេះទេ។ បើ​ទោះជាមាន ក៏ក្រុមហ៊ុនខ្ញុំបញ្ជូនទៅឲ្យរដ្ឋាភិបាលដោះស្រាយ ទៅតាមក្របខណ្ឌច្បាប់ នូវបទ​ល្មើសផ្សេងៗ»។

បន្លំជាអ្នកសារព័ត៌មាន ? គេហទំព័រ មង្គលរិទ្ធិ ជាអ្វី?

ជាសំនួរដែលរកចម្លើយមិនទាន់បាន។ ទស្សនាវដ្ដីចង់សុំការបញ្ជាក់បន្ថែមទៀត ជុំវិញអត្តសញ្ញាណ​ពិត​ប្រាកដ​នៃស្ថាប័ន​សារព័ត៌មាននេះ តាមរយៈកិច្ចសម្ភាសខាងលើ តែត្រូវបានអ្នកទទួលទូរស័ព្ទរូបនោះ ផ្ដាច់ទូរស័ព្ទចុះទៅវិញ។

រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា «មង្គលរិទ្ធិ» តើវាគ្រាន់តែជាឈ្មោះក្រុមហ៊ុន ឬ​ក៏ជាឈ្មោះសារព័ត៌មាន​នោះ​នៅឡើយ។ ម្យ៉ាងទៀតគេក៏មិនដែលឃើញ វត្តមានគេហទ័ព័រសារព័ត៌មាន ដែលមានឈ្មោះថា «មង្គលរិទ្ធិ»នេះ ត្រូវបាន​បង្ហោះនៅក្នុងបណ្ដាញអាំងធើណែតនោះដែរ។ អវត្តមាននៃការបញ្ជាក់អះអាងនេះ បានបង្កជាមន្ទិលកាន់តែច្រើនឡើងៗ  ដែលចង់ដឹងថា តើបុរសខ្មាន់កាំភ្លើងខ្លី ជានរណាឲ្យប្រាកដ។

បក្ខពួកក្រោមបញ្ជារបស់អធិការខ័ណ្ឌដូនពេញ?

អ្នកស្រី គង់ ចាន់ថា អតីតអ្នករងគ្រោះនឹងបញ្ហាសិទ្ធិលំនៅដ្ឋានដ៏រាំរៃ ក្នុងតំបន់បឹងកក់ បានចង្អុលអះអាងថា ជន​សង្ស័យ​នេះ ជាមុខសញ្ញាដដែលៗ ដែលមានតួនាទីជាមន្រ្តីម្នាក់ ស្ថិតក្រោមការបង្គាប់បញ្ជារបស់អធិការខ័ណ្ឌដូនពេញ។ អ្នកស្រី​បានបន្តរថា ពួកគេមានគ្នាចាប់ពីពីរនាក់ឡើង ហើយតែងតែតាមដានគ្រប់សកម្មភាព នៃការជួបជុំរបស់ពួកគាត់ ដែលជា​អ្នករងគ្រោះដោយដីធ្លី «ពួកខ្ញុំនៅទីណា តែងតែមានវត្តមានក្រុមនេះជានិច្ច តែមិនដែលបង្កឲ្យមានបញ្ហាអ្វីនោះទេ លើក​លែងតែថ្ងៃទី២២ ខែកញ្ញា ដែលមានអំពើហិង្សា នៅរមណីដ្ឋានវត្តភ្នំក៏ប្រហែលជាមានវត្តមាន បុរសដែលជា​ជន​សង្ស័យ​នេះដែរ»។

ក្នុងហេតុការណ៍ដែលកើតមាន នៅព្រឹកថ្ងៃទី១៣ខែតុលា នេះវិញ អ្នកស្រី គង់ ចាន់ថា បានបញ្ជាក់ថា «ក្រុមនេះមាន​គ្នា​ពីរនាក់ ម្នាក់ទៀតក៏នៅក្បែរគ្នានេះ ដែលស្រែកថា កុំវាយគាត់ៗ! (អ្នកស្រែកនេះ) ជាបក្សពួកតែមួយទេ»។ អ្នកស្រីបន្តរថា បុរសដែលស្រែកនោះ មានកាន់«កាបូប»ដៃមួយ ដែលប្រហែលជាអាចមានដាក់អាវុធ។

លោក សុខ សម្បត្តិ អភិបាល ខណ្ឌដូនពេញ ដែលមានវត្តមាននៅទីលានប្រជាធិបតេយ្យដែរនោះ មិនបានផ្តល់​កិច្ច​សម្ភាស​ដល់អ្នកសារព័ត៌មានទេ ទាក់ទងនឹងបញ្ហាខាងលើនេះ។

ប៉ុន្តែលោក អំ សំអាត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានសម្ដែងការសោកស្ដាយ ពីចំណាត់ការលើជនសង្ស័យថា «ខ្ញុំមានការ​សោកស្តាយ ដែលបង្ករឲ្យមានអំពើហិង្សានេះ។ (…) ក្នុងការជួបជុំសម្តែងមតិ គេមិនអនុញ្ញាតឲ្យយកអាវុធចូលនោះទេ លើកលៃងតែសមត្ថកិច្ចដែលមានតួនាទី រក្សាការពារសណ្ដាប់ធ្នាប់»។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋដែល​ជាអ្នក​ចូល​រួម​ក្នុងទិវានេះ បានធ្វើការថ្កោលទោសចំពោះជនសង្ស័យនោះថា បើមកក្នុងនាមជាអ្នកសារព័ត៌មាន មិនចាំបាច់អ្វី ត្រូវ​យក​កាំភ្លើងមកជាមួយនោះទេ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ថ្ងៃទី១៣ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments