ភ្នំពេញ​​ជាប់​ឈ្មោះ ថា​មាន​តម្លៃ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ថោក​ជាង​គេ

«ទឹកដីអាស៊ី» នៅតែជាតំបន់ដែលផ្ដល់ជូននូវសេវាកម្មសណ្ឋាគារ ដែលមានតម្លៃគួរឲ្យទាក់ទាញ ជាងតំបន់ផ្សេងទៀតក្នុង​ពិភពលោក។ ចំណែកឯទីក្រុងដែលមានតម្លៃស្នាក់នៅ ក្នុងសណ្ឋាគារថោកជាងគេនោះ បានជាប់លេខមករាជធានីភ្នំពេញ​ប្រទេសកម្ពុជាតែម្ដង។ នេះបើតាមការផ្សាយឲ្យដឹងរបស់គេហទំព័រមួយ ដែលមានជំនាញតែខាងសណ្ឋាគារ មានឈ្មោះថា Hotels.com។

«ទឹកដីអាស៊ី» នៅតែជាតំបន់ដែលផ្ដល់ជូននូវសេវាកម្មសណ្ឋាគារ ដែលមានតម្លៃគួរឲ្យទាក់ទាញ ជាងតំបន់ផ្សេងទៀតក្នុង​ពិភពលោក។ ចំណែកឯទីក្រុងដែលមានតម្លៃស្នាក់នៅ ក្នុងសណ្ឋាគារថោកជាងគេនោះ បានជាប់លេខមករាជធានីភ្នំពេញ​ប្រទេសកម្ពុជាតែម្ដង។ នេះបើតាមការផ្សាយឲ្យដឹងរបស់គេហទំព័រមួយ ដែលមានជំនាញតែខាងសណ្ឋាគារ មានឈ្មោះថា Hotels.com។


សណ្ឋាគារកាំបូឌីយ៉ាណា នៅទីក្រុងភ្នំពេញ។ (រូបថត Tep Kosal)

ទីក្រុងម៉ុងរ៉េអាល់ - ការបង្ហាញទិន្នន័យនៃការប្រៀបធៀបប្រចាំឆ្នាំ បានឈរនៅលើតារាងតម្លៃ (Hotel Price Index) ដែល​គេហទំព័រ​ដ៏ធំមួយនេះ បានដកស្រង់មកវិភាគ សម្រាប់ទិសដៅធ្វើដំណើរកំសាន្ដ ចំនួន១១៤ផ្សេងគ្នានៃពិភពលោក ក្នុង​ឆរមាសទីមួយឆ្នាំ២០១៣។ ការសិក្សានេះ គេហទំព័រក៏បានយកទៅ ប្រៀបធៀបទៅនឹងរយៈពេលដូចក្នាក្នុងឆ្នាំកន្លងទៅដែរ ហើយបានបញ្ចេញ​សេចក្ដី​សន្និដ្ឋានថា អ្នកទេសចរណ៍ពីតំបន់ចាយលុយអ៊ឺរ៉ូ បានចំណាយប្រាក់«យ៉ាងថោក» ក្នុងការធ្វើ​ដំណើរទៅកាន់ទីក្រុង​មួយ​ចំនួនធំនៃទ្វីបអាស៊ី។

ការចំណាយទៅលើការស្នាក់នៅ គិតជាមធ្យមដែលថោកជាងគេ បានធ្លាក់ទៅលើទីក្រុងចំនួន៧ ក្នុងនោះទីក្រុងបាងកក (ប្រទេសថៃ) ៦៦អ៊ឺរ៉ូ - ទីក្រុងហាណូយ (ប្រទេសវៀតណាម) ៤៣អ៊ឺរ៉ូ។ ដោយឡែករាជធានីភ្នំពេញ ប្រទេសកម្ពុជាវិញ គេ​បានសង្កេតឃើញថា តារាងតម្លៃបានធ្លាក់ចុះ១២%បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដែលបានធ្វើឲ្យរាជធានីមួយនេះ ក្លាយជាទិសដៅគួរឲ្យចង់ទៅលេងសម្រាប់ឆ្នាំនេះ ដោយអ្នកទេសចរណ៍បានចំណាយប្រាក់ សម្រាប់ការស្នាក់នៅគិតជា​មធ្យមតែ ៤២អ៊ឺរ៉ូប៉ុណ្ណោះក្នុងមួយយប់។

និយាយជារួម បើទោះជាទីក្រុងមួយចំនួន ដែលធ្លាប់តែមានតម្លៃនៃការស្នាក់នៅខ្ពស់ៗ ដូចយ៉ាងទីក្រុងសេអ៊ូល ប្រទេស​កូរ៉េខាត្បូង និងទីក្រុងតូក្យូ ប្រទេសជប៉ុននោះក៏ដោយ ក៏អ្នកទេសចរណ៍បានចំនាយប្រាក់ថោកជាងមុន គួរឲ្យកត់សម្គាល់​ដែរ។ ទីក្រុងសេអ៊ូល បានធ្លាក់ចុះ១៧% តម្លៃស្នាក់នៅគិតជាមធ្យម ១០០អ៊ឺរ៉ូ រីឯ ក្រុងតូក្យូ ធ្លាក់ចុះ១១% គិតជាមធ្យម​តែ​៩៤អ៊ឺរ៉ុប​ប៉ុណ្ណោះ ក្នុងមួយយប់។

ប៉ុន្តែដោយសារតម្រូវការកាន់តែកើនឡើង ព្រោះតែអ្នកទេសចរណ៍ជនជាតិចិន មានលទ្ធភាពកាន់តែច្រើនឡើងៗ ក្នុង​ដំណើរកំសាន្តទៅក្រៅប្រទេស នាបណ្ដាឆ្នាំចុងក្រោយនេះ បានធ្វើឲ្យទិសដៅទេសចរណ៍មួយចំនួន ក៏បានតម្លើង​ថ្លៃ​«បន្តិចបន្តួច»ទៅតាមណ្នឹងដែរ ក្នុងនោះនៅទីក្រុងភូកេត (ថៃ) ៧៩អ៊ឺរ៉ូ (កើនឡើង៨%) ទីក្រុងសៀងហៃ (ចិន) ៧៩អ៊ឺរ៉ូ (កើនឡើង ៥%) ឬនៅទីក្រុងប៉េកាំង (ចិន) ៧៥អ៊ឺរ៉ូ (កើនឡើង ៤%)។

ទីក្រុងនៅទ្វីបអ៊ឺរ៉ុបដែលការចំណាយទៅលើស្នាក់នៅ មានតម្លៃថ្លៃជាងគេគិតជាមធ្យម គឺទីក្រុងរ៉ៃខ្ចាវិក (Reykjavik) នៅ​ប្រទេសអាយឡេន (Islande) ដែលថ្លៃ១២៨អ៊ឺរ៉ូ មួយយប់ (កើនឡើង ២៦%)។​ រីឯទីក្រុងនៅក្នុងពិភពលោក ដែលមាន​តម្លៃ​ការស្នាក់​នៅថ្លៃជាងគេ គឺទីក្រុងមូស្កាត៍ (Muscat) នៃប្រទេសអូម៉ាន់ (Oman) ក្នុងមួយយប់គិតជាមធ្យម ២៣៦អ៊ឺរ៉ូ។

គេហទំព័រ Hotels.com មានទីតាំងនៅក្នុងប្រទេសអេស្ប៉ាញ និងជំនាញខាងទទួលការកក់ទុក ប្រៀបធៀបតម្លៃ នូវការ​ស្នាក់​នៅទាំងឡាយ សម្រាប់អតិថិជនពីទូទាំងពិភពលោក។ គេហទំព័រនេះធ្វើចេញជាច្រើនភាសា ហើយមានសណ្ឋាគារ​មកចុះ​ឈ្មោះ នៅ​ក្នុងតារាងទិន្នន័យរបស់ខ្លួន ច្រើនជាង ២២០ពាន់ សណ្ឋាគារ ពីបណ្ដាប្រទេសមានចំនួនច្រើនជាង ៦០៕

---------------------------------------------------------
ដោយៈ សុបិន្ត - ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments