ចម្លាក់​ចម្លង​របស់​អង្គរ តាំង​នៅ​សារមន្ទីរ​សិល្បៈ​អាស៊ី ក្រុង​ប៉ារីស (Pic)

«ចម្លាក់ចម្លងរបស់អង្គរ»មហាប្រាសាទដ៏ល្បី ដែលតំណាងឲ្យព្រលឹងជាតិរបស់ប្រទេសកម្ពុជា មានកិត្តិយសត្រូវបានសារមន្ទីរសិល្បៈអាស៊ីមួយ នៅកណ្ដាលទីក្រុងប៉ារីស ជ្រើសរើសយកមកតាំងបង្ហាញ ចាប់ពីថ្ងៃ១៦ខែតុលាខាងមុខ។ ផ្ទាំងចម្លាក់ចម្លងជាច្រើន នៅផ្នែកខាងមុខៗនៃប្រាសាទដ៏ស្កឹមស្កៃ នឹងត្រូវដាក់តាំងបង្ហាញជូនសាធារណជនចូលទស្សនា ដោយមានពន្យល់បង្ហាញពីប្រវត្តិរបស់វាផង រហូតដល់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៤។

«ចម្លាក់ចម្លងរបស់អង្គរ»មហាប្រាសាទដ៏ល្បី ដែលតំណាងឲ្យព្រលឹងជាតិរបស់ប្រទេសកម្ពុជា មានកិត្តិយសត្រូវបាន​សារមន្ទីរសិល្បៈអាស៊ីមួយ នៅកណ្ដាលទីក្រុងប៉ារីស ជ្រើសរើសយកមកតាំងបង្ហាញ ចាប់ពីថ្ងៃ១៦ខែតុលាខាងមុខ។ ផ្ទាំង​ចម្លាក់ចម្លងជាច្រើន នៅផ្នែកខាងមុខៗនៃប្រាសាទដ៏ស្កឹមស្កៃ នឹងត្រូវដាក់តាំងបង្ហាញជូនសាធារណជនចូលទស្សនា ដោយមានពន្យល់បង្ហាញពីប្រវត្តិរបស់វាផង រហូតដល់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៤។


សកម្មភាពលើកផ្ទាំងចម្លាក់ចម្លង «ហោជាង»មួយនៃក្លោងទ្វានៅប្រាសាទអង្គរ។ (រូបថត សារមន្ទីរហ្គីម៉េ)

ទីក្រុងប៉ារីស - ប្រវត្តិនៃផ្ទាំងចម្លាក់ទាំងនេះ បាននាំមកជាមួយនូវភាពអស្ចារ្យរបស់វា គួរឲ្យកោតស្ងប់ស្ងែង។ វាបានចាប់​ផ្ដើមពី​បេសកជន​បារាំងម្នាក់ឈ្មោះ ល្វី ឌឺឡាប៉ូត៍ (Louis Delaporte) ដែលបានបំពេញបេសកម្មរបស់ខ្លួន នៅតាម​បណ្ដោយ​ទន្លេងមេគង្គ រវាងពីឆ្នាំ១៨៦៦មកឆ្នាំ១៨៦៨ ហើយបានត្រឡប់មករុករកបន្តទៀត នូវមហារមនីយដ្ឋានអង្គរ​កប់បាត់​កណ្ដាលព្រៃជ្រៅដ៏​ក្រាស់ឃ្មឹក ហើយដែលនៅថ្ងៃនេះ រមនីយដ្ឋានដ៏វិសេសវិសាល បានក្លាយជាសម្បត្តិបេតិកភ័ណ្ឌ​វប្បធម៌ របស់​ពិភពលោក។

នៅឆ្នាំ១៨៧៣ បេសកជនបារាំងបានត្រឡប់ទៅទីនោះម្ដងទៀត ដើម្បីដើរផ្ដិតចម្លងយកនូវក្បាច់ចម្លាក់ដ៏ល្អៗទាំងឡាយ នៅផ្នែកខាងមុខ ឬតាមជញ្ជាំងនានានៃមហាប្រាសាទខ្មែរ។ ប៉ុន្តែអ្នកធ្វើដំណើរផ្សងព្រេង នៃប្រវត្តិសាស្ត្រកម្ពុជារូបនេះ មិន​អាចរកបានសារមន្ទីរណាមួយឡើងក្នុងប្រទេសបារាំង ដើម្បីទទួលយកទៅតាំងបង្ហាញ នូវស្នាដៃគូសចម្លងរបស់គាត់នោះ​ឡើយ។ លោក ល្វី ឌឺឡាប៉ូត៍ នៅតែជំនះ រហូតគាត់បើកបានសារមន្ទីរតូចមួយ ស្ដីពិសិល្បះខ្មែរ នៅក្នុងមហាគ្រឹះកុំពីជែង (Compiègne) ស្ថិតនៅប៉ែកខាងជើងនៃប្រទេសបារាំង។

ស្នាដៃរបស់គាត់ ត្រូវបានទទួលយកទៅរក្សាទុក នៅក្នុងវិមានត្រូកាដេរ៉ូ (Trocadéro) កណ្ដាលទីក្រុងប៉ារីស ក្រោយពី​ស្នាដៃ​ទាំងនេះ ត្រូវបានយកទៅដាក់តាំងជាពិពណ៌ដ៏ធំមួយ ក្នុងព្រឹត្តិការណ៍ពិពណ៌សកលលោក នាឆ្នាំ១៨៧៨។ តែបន្ទាប់មក ស្នាដៃចម្លងមុនគេនៃអង្គរ ត្រូវបានបំភ្លេចមិននឹកនារក ចាប់ពីឆ្នាំ១៩៣៦មក ខណៈដែលប្រទេសនានានៅអ៊ឺរ៉ុប បានធ្លាក់ខ្លួន​យ៉ាងជ្រៅទៅក្នុងសង្គ្រាមលោកដ៏ស្រួចស្រាវ។

ច្រើនទស្សវត្តន៍ក្រោយមក បូរាណវត្ថុដែលគេបំភ្លេចចោល នៅតែគ្មាននរណានឹកនារក រហូតដល់អ្នកអភិរក្សមួយរូប​នៃ​សារមន្ទីរហ្គីម៉េ (Guimet) ឯកទេសខាងសិល្បៈអាស៊ី លោក ពីជ្យែរ បាទីស (Pierre Baptiste) បានចាប់អារម្មណ៍​ឡើងវិញ​នៅឆ្នាំ១៩៩៦។ រកឃើញនៅក្នុងឃ្លាំងក្រោមដី វត្ថុបូរាណទាំងនេះ មានសភាពរាយប៉ាយគ្មានសណ្ដាប់ធ្នាប់ ហើយខ្លះទៀត​បានបែកបាក់ពីគ្នា ដែលគេបានរាប់ឃើញមានចំនួន រហូតដល់ទៅ១២០០បំណែក។ ពួកវាបានរួចផុតពីការយក​ទៅកម្ទេច​ចោល នៅឆ្នាំ២០១១ ដោយសារមន្ទីរសិល្បៈអាស៊ី ហ្គីម៉េ បានបញ្ជូនចេញយកទៅរក្សាទុកក្នុងសហគ្រាសមួយទៀត រហូត​មកដល់ថ្ងៃនេះ។

មុននឹងយកវាមកដាក់តាំងបង្ហាញឡើងវិញ គេត្រូវការរយៈពេលរហូតមួយឆ្នាំ ដើម្បីធ្វើការជួសជុល និងរៀបចំបិតបញ្ចូល​គ្នា។ ស្នាដៃចម្លងទាំងនេះ នៅតែមានលក្ខណៈពិសេស សម្រាប់អ្នកដែលស្គាល់និងស្រឡាញ់ប្រាសាទអង្គរវត្ត ឬសម្រាប់​អ្នកស្រាវជ្រាវបូរាណវត្ថុទាំងឡាយ។ តែបើទោះជាវាមានសភាពបែកបាក់ច្រើនក៏ដោយ តែវាក៏នៅមានសភាពល្អច្រើន បើ​ប្រៀបធៀបនឹងក្បាច់ចម្លាក់ដើមនៅជាប់នឹងប្រាសាទ ដែលមានអាយុច្រើនរយឆ្នាំនិងនៅហាលខ្យល់ហាលភ្លៀងនោះ៕

សូមទស្សនារូបភាពមួយចំនួន ដូចតទៅ៖

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments