ហ៊ុន សែន ថា​អ្វី​ដែល​ការសែត​ខេម​បូឌា​ដេលី​សរសេរ ជា​រឿង​«ធម្មតា»

បន្ទាប់ពីការសែតខេមបូឌាដេលី ចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ការថ្លែងសុន្ទរកថា៦ម៉ោងរបស់លោក ហ៊ុន សែន ត្រូវអ្នកទស្សនាសម្តែងការធុញទ្រាន់» បានជម្រុញឲ្យលោក ហ៊ុន សែន ធ្វើការប្រតិកម្មភ្លាមៗ ចំពោះខ្លឹមសារនៅក្នុងអត្ថបទមួយនោះ។

បន្ទាប់ពីការសែតខេមបូឌាដេលី ចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ការថ្លែងសុន្ទរកថា៦ម៉ោងរបស់លោក ហ៊ុន សែន ត្រូវអ្នកទស្សនាសម្តែងការធុញទ្រាន់» បានជម្រុញឲ្យលោក ហ៊ុន សែន ធ្វើការប្រតិកម្មភ្លាមៗ ចំពោះខ្លឹមសារ​នៅក្នុងអត្ថបទមួយនោះ។


លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)

រាជធានីភ្នំពេញ - អត្ថបទចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នេះរបស់ការសែតខេមបូឌាដេលី ដែលគេដឹងជាទូទៅ​ថា មានខ្លឹមសារលើកឡើងពីការធុញទ្រាន់ និងការរិះគន់របស់ប្រជាពលរដ្ឋ អំពីគោលនយោបាយ និងការប្ដេជ្ញារបស់លោក ហ៊ុន សែន ក្នុងការដឹងនាំប្រទេស សម្រាប់អាណត្តិថ្មី។

ជាការឆ្លើយតបចំពោះខ្លឹមសារអត្ថបទការសែតនេះ ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៣ នេះលោក ហ៊ុន សែន បានថ្លែងថា វាជារឿងធម្មតាទេ ដែលមានមនុស្សស្រឡាញ់ និងស្អប់រូបលោកនោះ ព្រោះ​នៅក្នុងសង្គមមួយ មិនអាចមាន មនុស្សស្រឡាញ់លោកគ្រប់ៗគ្នាទាំងអស់បានទេ។ ការថែ្លងរបស់លោក ហ៊ុន សែន នៅ​ពេលនេះត្រូវបានអ្នកតាមដាន ស្ថានការណ៍នយោបាយ នៅកម្ពុជាមើលឃើញថាហាក់ដូចជាខុសនឹងសព្វដង ព្រោះកន្លង​មកលោក ហ៊ុន សែន តែងតែធ្វើប្រតិកម្មខ្លាំងៗចំពោះបុគ្គលណាមួយ និងអង្គភាពណាមួយដែលមានឥទ្ធិពល ហើយហ៊ាន​រិះគន់របបដឹកនាំរបស់លោក។

ក្រោយពេលដែលគណបក្សប្រជាជនកម្ពុជា ធ្លាក់ចុះអាសនៈពី៩០កៅអីនៅអាណត្តិទី៤ មកត្រឹមតែ៦៨កៅអី​ក្នុងអាណត្តិ​ទី៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ បាន​ធ្វើការ​ព្រមានខ្លាំងៗ ចំពោះសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក ឲ្យធ្វើកំណែទម្រង់បន្ទាន់ និងស៊ីជម្រៅទាក់ទងនឹងបញ្ហា​ប្រព័ន្ធ​យុត្តិធម៌ អភិបាលកិច្ចល្អ អំពើពុករលួយ និងបក្សពួកនិយមជាដើម។ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា៖ «ខ្ញុំមិនរង់ចាំស្លាប់ ជាមួយអស់លោកនោះទេ»។

លោក ឈី គង់ ជាអាជីវករវ័យ៤១ឆ្នាំ បានថ្លែងប្រាប់កាសែតខេមបូឌាដេលីថា៖ «ប្រសិនបើលោក ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រីស្របច្បាប់ មួយរូបមែននោះ គាត់ចាំបាច់ត្រូវបង្ហាញថា ខ្លួនអាចរក្សាពាក្យសន្យាស្តីពីការធ្វើកំណែទម្រង់បាន។ អ្វី​ដែលគាត់បានសន្យាពីមុនមក គឺគាត់មិនទាន់ទាំងធ្វើបានផង ហើយវាជាមូលហេតុដែលធ្វើឲ្យប្រជាជនមួយចំនួន លែងជឿ​ទុកចិត្តគាត់។ អ្វីៗគឺស្ថិតនៅត្រង់ថា តើគាត់បានបម្រើប្រទេសជាតិ ឬក៏បម្រើខ្លួនឯង និងគណបក្សរបស់ខ្លួនឯង?»

រីឯប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ សារុំ បានថ្លែងបានលើកឡើងដែរថា៖ «វាដូចតែសព្វដងអ៊ីចឹង គឺឆ្កួតសុទ្ធតែម្តង។ គាត់​និយាយពីការធ្វើកំណែទម្រង់ និងពីវិធីដោះស្រាយបញ្ហាក្នុងពេលអនាគត ប៉ុន្តែវាគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ។» ពលរដ្ន​ម្នាក់នេះបានបន្ថែមថា នោះជាធ្នាក់នយោបាយដែលលោក ហ៊ុន សែន ធ្លាប់ធ្វើកាលពីការបោះឆ្នោតអាណត្តិមុនៗនោះ។ តែឥឡូវនេះ កម្ពុជាបានឈានចូលសម័យកាលថ្មី ដែលការធ្វើសន្ទរកថាដូចលោក ហ៊ុន សែន នៅពេលនេះ លែងមានន័យ​ទៅហើយ។ លោក សារុំ និយាយថា៖ «ខ្ញុំមិនដឹងថា ប្រជាជនកម្ពុជាភាគច្រើនគិតយ៉ាងម៉េចទេ ប៉ុន្តែក្នុងក្រុមគ្រួសាររបស់ខ្ញុំ​គ្មាននរណាម្នាក់ជឿគាត់ទៀតទេ »។

អ្នកវិភាគឯករាជ្យអំពីស្ថានការណ៍នយោបាយ និងសង្គមកម្ពុជាលោកបណ្ឌិត កែម ឡី បានពន្យល់ថាវាជាការពិបាក ក្នុង​ការអនុវត្តការប្ដេជ្ញាចិត្តរបស់លោក ហ៊ុន សែន ឲ្យមានប្រសិទ្ធិភាព ព្រោះការផ្តេចជ្ញាចិត្តល្អយ៉ាងណា​ក៏ដោយ ក៏មិនអាច​ទៅរួចដែរ ដរាបណាមិនមានយន្តការច្បាស់លាស់ក្នុងការអនុវត្ត និងត្រួតពិនិត្យ។ អ្នកវិភាគរូបនេះបន្ថែមថា អសមត្ថភាព​មុខដំណែង បក្សពួកនិយម ខ្វះតម្លាភាព ខ្វះគណនេយ្យភាព អភិបាលកិច្ចមិនល្អ និងបញ្ហាផ្សេងៗទៀត ដែលកំពុងមាន​ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺជាឧបស័គ្គដើម្បីសម្រេចការប្ដេជ្ញារបស់លោក ហ៊ុន សែន៕

----------------------------------------------------
ដោយៈ អ៊ុំ បូរី - ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments