កម្ពុជា៖ ច្បាប់​ប្រឆាំង​ការ​រត់​ពន្ធ​មនុស្ស នឹង​គ្មាន​«ន័យ» បើ​មន្ត្រី​អនុវត្ត​ច្បាប់​«ពុក​រលួយ»

ច្បាប់ស្តីពីការបង្ក្រាបអំពើរត់ពន្ធមនុស្ស ជាតម្រូវការមួយត្រូវតែមាន ព្រោះ(វា)ជាផ្នែកមួយ ជួយបំពេញន្ថែម​ទៅ​នឹងភាពខ្វះចន្លោះ ឬការខ្វះខាតនៃច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ក្នុងសង្គម​មាន​អំពើពុករលួយ «កាលណាមានច្បាប់កាន់តែច្រើន អ្នកពុករលួយកាន់តែស្រួលរកលុយ»។ នេះជាការលើកឡើង​របស់​លោក សុខ សំអឿន នាយកប្រតិបត្តិ នៃអង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា។

ភ្នំពេញ៖ ច្បាប់ស្តីពីការបង្ក្រាបអំពើរត់ពន្ធមនុស្ស ជាតម្រូវការមួយត្រូវតែមាន ព្រោះ(វា)ជាផ្នែកមួយ ជួយបំពេញន្ថែម​ទៅ​នឹងភាពខ្វះចន្លោះ ឬការខ្វះខាតនៃច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ក្នុងសង្គម​មាន​អំពើពុករលួយ «កាលណាមានច្បាប់កាន់តែច្រើន អ្នកពុករលួយកាន់តែស្រួលរកលុយ»។ នេះជាការលើកឡើង​របស់​លោក សុខ សំអឿន នាយកប្រតិបត្តិ នៃអង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា។


រូបភាពជំនួស ដើម្បីបង្ហាញពីការចាប់បង្ខាំង និងបង្ខំមនុស្សនៅក្នុងទ្រុងមួយ។ (រូបថត MONOROOM.info)

សេចក្តីព្រាងច្បាប់ដោយក្រសួងយុត្តិធម៌ ស្តីពីការបង្ក្រាបរត់ពន្ធមនុស្សដែលបានព្រាងឡើង ជាងប្រាំពីរឆ្នាំហើយនោះ នា​ព្រឹកថ្ងៃទី១៣ ខែកញ្ញានេះនីសណ្ឋាគារសាន់វេ។ ក្រសូងយុត្តិធម៌រួមជាមួយអង្គការសង្គមស៊ីវិលជាតិ និងងន្តរជាតិ មន្រ្តីនៃ​ក្រសួងនានា ចៅក្រម មេធាវី និងព្រះរាជអាជ្ញាមកពីតាមបណ្តាខេត្តក្រុងនានា ចូលរូមដើម្បីធ្វើការពីគ្រោះយោបល់គ្នា លើសេចក្តីព្រាងច្បាប់ខាងលើនេះ។

ការពិគ្រោះលើមាត្រាច្បាប់នីមួយៗ នៃសេចក្តីព្រាងច្បាប់នេះ លោក អ៊ីត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បាន​បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានការបង្កើតច្បាប់នេះឡើង ដើម្បីការពារដល់ពួកគាត់ងាយក្នុងការការពារខ្លួនតាមច្បាប់ ស្វែងរកការងារធ្វើ ទៅតាមច្រកមួយដែលគេហៅថាច្រក«ផ្លូវការ» និង«ស្របច្បាប់»។ កម្ពុជាបានចូលជាសមាជិក​នៃ​អនុសញ្ញាអង្គការសហប្រជាជាតិ ដូច្នេះនេះជាការព្វកិច្ចរបស់យើងដែលត្រូវបំពេញ និងទបស់ស្កាត់នូវរាល់បទល្មើស​ដែលមានចែងក្នុងអនុសញ្ញានោះ។

អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ បានលើកឡើងថា កន្លងមកដោយសារតែមិនទាន់មានច្បាប់ ស្តីពីការបង្ក្រាបរត់​ពន្ធមនុស្ស ហើយបទល្មើសដែលបានកើតមាន ក៏មិនអាចផ្តន្ទាទោសអ្នកប្រព្រឹត្តិនោះបាន ក្រៅពីការហៅមកណែនាំ​ប៉ុណ្ណោះ។ លោកបានបន្តរថា សម្រាប់ជនបរទេស បើកម្ពុជាមានបត្យាប័នជាមួយប្រទេសនៃជនប្រព្រឹត្តិបទល្មើសនោះ កម្ពុជានិងបញ្ជូនជនល្មើសទៅប្រទេសគេវិញ តែបើប្រទេសគេមានច្បាប់ជននោះ អាចនឹងទទួលទោសតាមច្បាប់​របស់​ប្រទេសគេ ប្រសិនបើគ្មានទេ កម្ពុជាក៏មិនមានសិទ្ធិអ្វីក្នុងការទាមទាឲ្យដាក់ទោសនោះដែរ។

លោកបានបន្តរថា តាមបទល្មើសជាក់ស្តែងដែលបានកើតមានកន្លងមក មានទ្រង់ទ្រាយតូចៗតែប៉ុណ្ណោះ។ លោកបានឲ្យ​ជាឧទាហរណ៍ថា «ករណីមេខ្យល់ ដែលនាំប្រជាពលរដ្ឋខ្មែរ ឬពលករខ្មែរទៅធ្វើការនៅស្រុកថៃ។ ពលរដ្ឋខ្លួនឯងព្រោះ​តែចង់ទៅធ្វើការនៅស្រុកគេ បែរជាជួលគេឲ្យនាំខ្លួនទៅធ្វើការដោយខុសច្បាប់ នេះបង្ហាញថាជាការរត់ពន្ធនោះឯង។ ស្របពេលដែលប្រទេសយើងគ្មានច្បាប់នេះ ហើយដែលបណ្តាលនាំឲ្យ មេខ្យល់ ឬអ្នកនាំទាំងនោះមានឱកាស ធ្វើបាប ឬកេងប្រវ័ញ្ចសផ្សេងៗដូចជាលុយកាក់ កម្លាំងពលកម្មជាដើម។ (...) ធ្វើការទើបបានកន្លះខែត្រូវគេប្តឹងថាធ្វើការខុសច្បាប់ ហើយចាប់ដាក់គុក ឯកម្រៃពលកម្មដែលធ្វើក៏មិនបាន ខ្លួនក៏ជាប់គុក។ (...) នេះជាគ្រោះថ្នាក់សម្រាប់ប្រជាជន ដែលត្រូវ​គេ​រឹបអូស ឬជួលគេឲ្យ។»

ចំពោះលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថាការដែលតម្រូវឲ្យមានច្បាប់ស្តីពី ការរត់ពន្ធ​មនុស្សនេះ ជាការបំពេញបន្ថែម ចំពោះច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីអាច​មានលទ្ធភាបដាក់ទោសទណ្ឌ ទៅលើអ្នកដែលបានប្រព្រឹត្តិនូវបទល្មើសទាំងនោះ។ លោកស្រីបានបន្តរថា ដោយសារតែ​ច្បាប់ជួញដូមនុស្ស គ្មានពាក្យថា «រត់ពន្ធ» ដែលជាមូលហេតុមួយមានការទាក់ទាមគ្នា និងពិការក្នុងការកំណត់​សម្រាប់​ដាក់ទោសទណ្ឌលើមនុស្ស។ លោកស្រីបានបញ្ជាក់ថា ការធ្វើច្បាប់នេះដើម្បីកំណត់អត្តសញ្ញាណ នៃបទល្មើស «តើជន​រងគ្រោះណាជាជនរងគ្រោះដោយអំពើរត់ពន្ធ តើជនណារងគ្រោះ ដោយការជួញដូរមនុស្ស ឬជូញដូរភេទ»។ បើមិនបាន​កំណត់អត្តសញ្ញាណជននោះដោយអំពើរត់ពន្ធមនុស្សទេ យើងមិនអាចរាប់បញ្ចូលបានទេ។ បន្ទាប់ពីច្បាប់នេះ​ត្រូវបាន​អនុម័យទើប យើងដឹងថាអំពើរត់ពន្ធមនុស្សបាន«ញែក»ចេញពីអំពើនៃការ«ជួញដូរ»មនុស្ស។

ទាក់ទិនភាពខុសគ្នានៃអំពើរ«ជួញដូរ និងរត់ពន្ធ»មនុស្ស លោក អ៊ីត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់​ថា​មានលក្ខណៈខុសគ្នា ដោយលោកបានឲ្យន័យទៅលើពាក្យ«ជួញដូរ»ថា នាំមនុស្សយកទៅដើម្បីធ្វើអាជីវកម្ម កេងប្រវ័ញ្ច។ ថ្វីផ្បិតតែមានការឆ្លងដែនដូចគ្នាក៏ពិតមែន តែជាការកេងយកនូវផលប្រយោជន៍នានា ពីជនរងគ្រោះនោះជា​បន្តរបន្ទាប់​មិន​ចេះចប់។ ឯរឿង«រត់ពន្ធ»វិញ លោកបានបញ្ជាក់ថា អ្នកដែលត្រូវបានគេរត់ពន្ធ(ជនរងគ្រោះ)នោះ នៅពេលដែលគេនាំ​គាត់ទៅដល់កន្លែងណាមួយជាក់លាក់ហើយនោះ អ្នកដែលរត់ពន្ធគេ(ជនល្មើស) ត្រូវចប់ភារកិច្ច ហើយក៏ទទួលកម្រៃជាថ្នូរ នឹងការងាររបស់ខ្លួន ប្រៀបបានទៅនឹងអ្នកដែលស៊ីឈ្នួលក្នុងការដឹកជញ្ជូនគេឆ្លងដែន។ ហើយកិច្ចការបន្តរជាលទ្ធភាព​ផ្ទាល់របស់ជនដែលត្រូវបានគេរត់ពន្ធ(ជនរងគ្រោះ)នោះ។

លោក សុខ សំអឿន នាយកប្រតិបត្តិនៃ អង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា លោកបានបង្ហាញថា«ខាងអន្តរជាតិ ចង់​ឲ្យប្រទេសក្នុងតំបន់មានច្បាប់នេះ ដើម្បីការពារកុំឲ្យមានការរត់ពន្ធមនុស្សចុះឡើង។ លោកបានបន្ថែមថា ការធ្វើនេះ​ដើម្បី​ជួយទប់គ្នាទៅវិញទៅមក កុំឲ្យមានការរត់ពន្ធឆ្លងប្រទេសនីមួយៗ។ ទោះជាយ៉ាងនេះក្តី ក្នុងនាមលោកជាមន្រ្តី​អង្គការ​សង្គមស៊ីវិល នូវតែមានការព្រួយបារម្មណ៍ ចំពោះពោះច្បាប់នេះ ថាអាចជា«ជំនួញថ្មី»មួយ​សម្រាប់មន្រ្តី​ដែល​ធ្វើការផ្នែក​នេះ ព្រោះតែ«អំពើរពុករលួយ»។ លោកក៏បានស្នើរ ឲ្យមានការតាក់តែងនូវច្បាប់នេះឲ្យបានច្បាស់ ដើម្បីឲ្យការអនុវត្ត​របស់មន្រ្តីទាំងឡាយមានភាពច្បាស់លាស់។

ដើម្បីជាសវាងនូវបញ្ហាយកច្បាប់ ធ្វើជាធ្យោបាយក្នុងការបំរើផលប្រយោជន៍ឬសម្រាប់ទទួលនូវលាភសក្ការៈផ្ទាល់ខ្លួន ឬ​បក្សពួកនោះ នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជារូបនេះ បញ្ជាក់ថា «យើងមានច្បាប់ប្រឆាំង​អំពើ​ពុករលួយ យើងត្រូវពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពោះពុករលួយ។ ទន្ទឹមនឹងនេះត្រូវធ្វើការអប់រំ ហ្វឹកហ្វឺន បំពាក់បំប៉ន មន្រ្តីអនុវត្តច្បាប់។ (...) សំខាន់បំផុតមន្រ្តីអនុវត្តច្បាប់ខ្លួនឯង ដូចជាកងកំលាំងនគបាល ដែលអនុវត្តនេះក៏ត្រូវ​មាន​វិធានការ ធ្វើម៉េចដើម្បីការពារកុំឲ្យមានបុគ្គលិក ឬសមាជិកនៃកងកម្លាំងរបស់ខ្លួនធ្វើអ្វីផ្តេសផ្តាស។ ដូច្នេះត្រូវពង្រឹងទាំង​អស់គ្នាមិនចាំបាច់ មានស្ថាប័តក្រៅផ្សេងមកជួយពង្រឹងនោះទេ។»

សេចក្តីព្រាងច្បាប់ ស្តីពីការបង្ក្រាបរត់ពន្ធមនុស្ស នេះមានចំនួនប្រាំជំពូក ចែកចេញជា១៨មាត្រា។ ជំពូក១ និយាយពីបទ​បញ្ញត្តិទូទៅ ដែលមានចំនួនប្រាំមួយមាត្រា។ ជំបូក២ និយាយពីបទល្មើស មានចំនួនប្រាំមួយមាត្រា។ ជំពូក៣ និយាយពី​ការបង្កក ការឃាត់ទុក និងការរឹបអូសទ្រព្យកខ្វក់ ដែលមានតែមួយមាត្រា។ ជំពូកទី៤ និយាយពីបត្យាប័ន និងជំនួយ​ទៅ​វិញទៅមក ទាក់ទងនឹងបទល្មើសរត់ពន្ធមនុស្ស ដែលមានបីមាត្រា និងជំពូកទីប្រាំនិយាយពី អវសានប្បញ្ញត្តិ ដែលមានពីរ​មាត្រា៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ កញ្ញា ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments