បាល់ទាត់​កម្ពុជា៖ គួច សុកុម្ភៈ បន្ត​កិច្ច​សន្យា​២​ឆ្នាំ​ទៀត ជា​មួយ​ភ្នំពេញ​ក្រោន

ខ្សែប្រយុទ្ធដែលមានប្រជាប្រិយភាពបំផុត គួច សុកុម្ភៈ បានបន្តកិច្ចសន្យា២ឆ្នាំទៀត ជាមួយនឹងក្រុមម្ចាស់ជើងឯក ខេមបូឌានលីក (Cambodian League) ៤សម័យកាល ភ្នំពេញក្រោន កាលពីថ្ងៃពុធ។ នេះបើតាមគេហរទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសឲ្យដឹង។

ខ្សែប្រយុទ្ធដែលមានប្រជាប្រិយភាពបំផុត គួច សុកុម្ភៈ បានបន្តកិច្ចសន្យា២ឆ្នាំទៀត ជាមួយនឹងក្រុមម្ចាស់ជើងឯក ខេមបូឌានលីក (Cambodian League) ៤សម័យកាល ភ្នំពេញក្រោន កាលពីថ្ងៃពុធ។ នេះបើតាមគេហរទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសឲ្យដឹង។


កីឡាករ គួច សុកុម្ភៈ (ខាងឆ្វេង) និងអ្នកគ្រប់គ្រង។ (រូបថត ហ្វេសប៊ុក ភ្នំពេញក្រោន)

សុកុម្ភៈ វ័យ២៦ឆ្នាំ បានផ្ទេរពីក្រុមខេមរាកីឡា មកកាន់ក្រុមភ្នំពេញក្រោន កាលពីឆ្នាំ២០១០។ រហូតមកដល់បច្ចុប្បន្ន គាត់​បានបង្ហាញខ្លួនឲ្យក្រុមភ្នំពេញក្រោនចំនួន ៥០ប្រកួតហើយ ក្នុងនោះគាត់ទាត់បញ្ចូលទីបាន ៣១គ្រាប់។

កីឡាករជម្រើសជាតិកម្ពុជា ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ សុកុម្ភៈ ធ្លាប់បានសាងស្នារដៃជាច្រើន ក្នុងនោះ​មាន​ដូចជា៖

• ក្លិបខេមរ៉ាកីឡា៖ ឈ្នះពាន ហ៊ុនសែនខាប់ (Hun Sen Cup) ឆ្នាំ២០០៧ និងបានលេង ក្នុងពាន អេអេហ្វស៊ី ប្រេស៊ីដិនខាប់ (AFC President's Cup) ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០០៦។

• ក្លិបភ្នំពេញក្រោន៖ ឈ្នះពានខេមបូឌានលីក ឆ្នាំ២០១១ និងជួយឲ្យភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពាន អេអេហ្វស៊ី ប្រេស៊ីដិនខាប់ ឆ្នាំ២០១១។

• ពានរង្វាន់ផ្ទាល់ខ្លួន៖ ទទួលបានស្បែកជើងមាស ក្នុងការប្រកួតពានរង្វាន់ ហ៊ុនសែនខាប់ចំនួន៣សម័យកាល ពោលគឺបាននៅឆ្នាំ ២០០៧, ២០០៩ និង២០១០។

គ្រូបង្វឹកបង្គោលក្លិបភ្នំពេញក្រោន លោក សេម ស្វេនហ្គ្រុបឺ (Sam Schweingruber) សញ្ជាតិស្វីស បាននិយាយថា៖ «ខ្ញុំ​ពិតជារីករាយខ្លាំងណាស់ ដែលបានព្រមព្រៀងគ្នាជាមួយកុម្ភៈ និងបានបញ្ចប់ភាពមន្ទិលសង្ស័យ ចំពោះអនាគត​របស់​គាត់។ គាត់ជាកីឡាករ ដែលលេងបានល្អបំផុតកន្លងមក រហូតដល់បច្ចុប្បន្ន។»

គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «ខ្ញុំជឿថា យើងនឹងឃើញភាពឥតខ្ចោះរបស់គាត់បន្តទៀត។ ដូច្នេះយើងរីករាយ ហើយ​យើងនឹងត្រៀមខ្លួនឲ្យបានល្អ និងឲ្យបានរួចរាល់ចប់សព្វគ្រប់មុនរដូវកាលថ្មីមកដល់ក្នុងពេលខាងមុខ។»

គួរបញ្ជាក់ថា គួច សុកុម្ភៈ ជាខ្សែប្រយុទ្ធដ៏មុតស្រួច នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ដែលពាក់អាវលេខ១០។ ហើយគាត់​ត្រូវបានក្រុមអ្នកគាំទ្របាល់ទាត់កម្ពុជា ស្រលាញ់ និងចូលចិត្តយ៉ាងខ្លាំង ដោយសារតែមានសមត្ថភាពលេងបានល្អអស្ចារ្យ ហើយថែមទាំងមានឥរិយាបទសុភាពរាបសារ ពោលគឺគាត់ជាកីឡាករ ដែលមានសុជីវធម៌ល្អបំផុតនៅលើទីលានប្រកួត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments