មេ​បក្ស​ប្រឆាំង ប្តូរ​ទៅ​ទទួល​ព្រះមហាក្សត្រ​នៅ​ព្រលាន​យន្តហោះ​វិញ ដោយ​សារ​ខុស​បច្ចេកទេស

មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានសម្រេចប្តូរកម្មវិធីរបស់ខ្លួនចំពោះដំណើរ យាងនិវត្ត​ន៍របស់​ព្រះមហាក្សត្រមកកាន់ប្រទេសកម្ពុជា។ ដំបូងឡើយលោកប្រមុខដឹកនាំបក្សប្រឆាំងទំាងពីរនេះ គ្រោងនឹងចូលក្រាបបង្គំ​គាល់ព្រះមហាក្សត្រ។ តែកម្មវិធីនេះ ត្រូវប្តូរទៅជាការទៅ ទទួលព្រះរាជដំណើរផ្ទាល់របស់ព្រះមហាក្សត្រ នៅព្រលាន​យន្តហោះពោធិ៍ចិនតុងវិញ។ បើតាមលោក យឹម សុវណ្ណ អះអាងថា នេះមិនមែនជាការផ្លាស់ប្តូរកម្មវិធីអ្វីនោះទេ គ្រាន់តែខុស​ផ្នែកបច្ចេកទេសប៉ុណ្ណោះ។

មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានសម្រេចប្តូរកម្មវិធីរបស់ខ្លួនចំពោះដំណើរ យាងនិវត្ត​ន៍របស់​ព្រះមហាក្សត្រមកកាន់ប្រទេសកម្ពុជា។ ដំបូងឡើយលោកប្រមុខដឹកនាំបក្សប្រឆាំងទំាងពីរនេះ គ្រោងនឹងចូលក្រាបបង្គំ​គាល់ព្រះមហាក្សត្រ។ តែកម្មវិធីនេះ ត្រូវប្តូរទៅជាការទៅ ទទួលព្រះរាជដំណើរផ្ទាល់របស់ព្រះមហាក្សត្រ នៅព្រលាន​យន្តហោះពោធិ៍ចិនតុងវិញ។ បើតាមលោក យឹម សុវណ្ណ អះអាងថា នេះមិនមែនជាការផ្លាស់ប្តូរកម្មវិធីអ្វីនោះទេ គ្រាន់តែខុស​ផ្នែកបច្ចេកទេសប៉ុណ្ណោះ។


ព្រះមហាក្សត្រ នរោត្តម សី ហមុនី យាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋ ចូលព្រះបរមរាជវាំង។ (រូបថត MONOROOM.info Photo/ O.Vary)

នៅថ្ងៃស្អែកនេះព្រះមហាក្សត្រនៃប្រទេសកម្ពុជា ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី នឹងយាង និវត្តន៍មកកាន់​កម្ពុជា បន្ទាប់ពីបានបំពេញព្រះរាជកិច្ច រយៈពេលជិតមួយខែនៅក្នុងប្រទេសចិន។ ព្រះរាជដំណើរយាងនិវត្តន៍​របស់​ព្រះមហាក្សត្រនៅពេលនេះ ចំពេលដែលស្ថានការណ៍នយោបាយនៅក្នុងប្រទេស កម្ពុជាកំពុងតែមានភាពតានតឹង រវាង​គណបក្សដែលឈ្នះឆ្នោតនិងគណបក្សដែលចាញ់ឆ្នោត។

ជាមួយនឹងព្រះរាជដំណើរយាងនិវត្តន៍នេះ ឥស្សជនខ្មែរនៅក្នុងជួរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាសម្រេច ហើយដើម្បី​ទៅ​ទទួលស្វាគមន៍ ព្រះរាជដំណើរនិវត្តន៍របស់ព្រះអង្គ នៅព្រលានយន្តហោះពោចិនតុង។ ឥស្សរជន ក្នុងជួររដ្ឋាភិបាល​គឺជា​រឿងធម្មតាទៅហើយ ក្នុងការទៅទទួលស្វាគមន៍ព្រះមហាក្សត្រ ក៏ប៉ុន្តែអ្វីដែលថ្មីនោះ វត្តមានទទួលព្រះមហាក្សត្រ​នៅ​ព្រលានយន្តហោះ ក៏នឹងមានវត្តមានមេដឹកនាំកំពូលៗបក្សប្រឆាំង គឺមានលោក សម រង្ស៊ី និង លោក កឹម សុខា ជាដើម ចូលរួមផងដែរ។ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលដំបូងឡើយគ្រោងនឹងចូលគាល់ព្រះមហាក្សត្រ នៅ​ព្រះបរម​រាជវាំង តែបែជាផ្លាស់ប្តូរកម្មវិធីនេះ ទៅទទួលព្រះមហាក្សត្រនៅព្រលានយន្តហោះពោធិ៍ចិនតុងវិញ។

បើតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងបា្រប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ការទៅ​ទទួលព្រះមហាក្សត្រនៅព្រលានយន្តហោះនេះ មិនមែនជាការផ្លាស់ប្តូរកម្មវិធីអ្វី នោះទេ។ ក៏ប៉ុន្តែគ្រាន់តែជាការកែប្រែ​នូវ​អត្ថន័យបន្តិចប៉ុណ្ណោះ ដោយសារថា ជំនួយការលោកវាយច្រឡំ តែប៉ុណ្ណោះ ពោលគឺប្តូរពីចូលគាល់ទៅជា​ទៅទទួល​ព្រះមហាក្សត្រនៅព្រលានយន្តហោះវិញ។ លោក យឹម សុវណ្ណ បានញ្ជាក់យ៉ាងខ្លីថា ការទៅទទួលព្រះមហាក្សត្រនេះ ដើម្បី​បង្ហាញពីការគោរពចំពោះព្រះ មហាក្សត្រប៉ុណ្ណោះ ដោយលោកមិនបាននិយាយអ្វីក្រៅពីនេះឡើយ។

សម្រាប់លោក បណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បាននិយាយថា ការណ៍ដែល លោក សម រង្ស៊ី និង​លោក កឹម សុខា សម្រេចទៅទទួលព្រះមហាក្សត្រ នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញនេះ មានចំណុចសំខាន់ៗ ៣ យ៉ាង៖

ទី១ ទៅទួលព្រះមហាក្សត្រ ក្នុងទិដ្ឋភាពខ្លួនជាអ្នកដឹកនាំ និង ក្នុងនាមខ្លួនជាសមាជិកនយោបាយ។
ទី២ ទៅទួលព្រះមហាក្សត្រ ក្នុងស្ថានការណ៍នយោបាយ របស់ប្រទេសកំពុងតែមានភាពជាប់គាំង ដើម្បីទូលព្រះអង្គ​នូវអ្វី​ដែលថ្មី និងអ្វីដែលកំពុងកើតមានឡើង ទាក់ទងនឹងស្ថានការណ៍នយោបាយ ដើម្បីឲ្យព្រះអង្គទ្រង់បានជ្រាបនិង​បាន​ព្រះរាជតម្រិះ មុននឹងធ្វើការ សម្រេចព្រះទ័យយ៉ាងណា។
ទី ៣ អ្នកវិភាគរូបនេះ បានបញ្ជាក់ថា ការទៅទទួលព្រះមហាក្សត្រ របស់បក្សប្រឆាំងនេះ គឺដើម្បីបង្ហាញពីសីលធម៌ គុណធម៌ និងភាពស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រ ដែលជាទីសក្ការៈ។

សូមរម្លឹកឡើងវិញថា ព្រះមហាក្សត្រកម្ពុជានឹងយាងត្រលប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃស្អែកនេះ ។ កាលពីម្សិលមិញ​ព្រះអង្គបានចេញព្រះរាជសារកោះប្រជុំរដ្ឋភាពដំបូង នៅថ្ងៃទី ២៣ ខែកញ្ញា ខាងមុខ។ តែកាលពីយប់ថ្ងៃទី ០៩ ខែកញ្ញា លោក សម រង្ស៊ី និង លោក កឹម សុខា បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា តំណារាស្រ្តដែលជាប់ឆ្នោត​របស់គណបក្សសង្គ្រោះជាតិទាំងអស់ នឹងមិនចូលរួមប្រជុំសភាដំបូង តាមការកោះហៅរបស់ព្រះមហាក្សត្រនោះទេ ដែលជា​ជំហានធ្វើឲ្យសភាថ្មីមិនមានសុពលភាព និងមានអធម្មនុញ្ញភាព ដែលនាំទៅរកការបង្កើតរដ្ឋាភិបាលមិនបាន។ ប៉ុន្តែ​ចំណែក​ខាងគណបក្សកាន់អំណាច និងអ្នកគាំទ្រឲ្យគណបក្សនេះវិញអះអាងថា បើទោះបីជាគណបក្ស​ប្រឆាំង​មិនចូលរួមប្រជុំ​សភា​ដំបូងក៏ដោយក្តី ក៏សភានៅតែជាសភាស្របច្បាប់ នឹងអាចបង្កើតរដ្ឋាភិបាល៕

---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments