កំពូល​ស្ថាបត្យកម្ម​ទាំង​១០ នៅ​ចិន

កំពូលស្ថាបត្យកម្ម មិនមានន័យថាសុទ្ធតែសម្បើម ធំខ្ពស់ជាងគេ ឬទំនើបជាងគេនោះទេ។ ប៉ុន្តែយើងត្រូវលើកយកមក​និយាយផងដែរ នូវស្ថាបត្យកម្មដទៃទៀត ដែលមើលពីក្រៅ ដូចជា«គ្មានន័យ»អ្វីទាំងអស់ ប៉ុន្តែគេនឹងកោតស្ងប់ស្ងែងវា នៅពេលគេយល់ពីមុខងាររបស់ អាគារនោះ ឬអត្ថន័យដែលស្ថាបត្យករម្ចាស់គម្រោង ចង់សម្រេច។

កំពូលស្ថាបត្យកម្ម មិនមានន័យថាសុទ្ធតែសម្បើម ធំខ្ពស់ជាងគេ ឬទំនើបជាងគេនោះទេ។ ប៉ុន្តែយើងត្រូវលើក​យក​មក​និយាយផងដែរ នូវស្ថាបត្យកម្មដទៃទៀត ដែលមើលពីក្រៅ ដូចជា«គ្មានន័យ»អ្វីទាំងអស់ ប៉ុន្តែគេនឹងកោតស្ងប់​ស្ងែងវា នៅពេលគេយល់ពីមុខងាររបស់ អាគារនោះ ឬអត្ថន័យដែលស្ថាបត្យករម្ចាស់គម្រោង ចង់សម្រេច។


អាគារថ្មីនៃនាយកដ្ឋានទូរទស្សន៍រដ្ឋនៃប្រទេសចិន (CCTV) សម្ភោធនៅឆ្នាំ២០០៧។ (រូបថត cctv.com)

ស្ថាបត្យកម្មដំបូងគេ ដែលមិត្តអ្នកអាចច្បាស់ជាជញ្ជក់មាត់មិនសរសើរមិនបាននោះ គឺមហាគ្រឹះខ្ពស់ជាងគេ​ក្នុង​ពិភពលោក ដែលមានកំពស់៨៣៨ម៉ែត្រ សង់ក្នុងរយៈពេល១០ខែ នៅទីក្រុងសាងស្សា ។ សំណង់ដ៏ស្កឹមស្កៃ បាន​បន្ថែមទៅឲ្យ​ប្រទេស​ចិន នូវមុខមាត់ថ្មីមួយទៀត ក្នុងវិស័យសេដ្ឋកិច្ច ក្នុងសម័យកាលនេះ បើទោះជាសន្ទុះ​កើនឡើង​នៃសេដ្ឋកិច្ចជាតិចិន មាន​ភាពយឺតយ៉ាវជាងឆ្នាំមុនៗនោះក៏ដោយ។

គម្រោងសាងសង់ក្នុងវិស័យឯកជនជាច្រើន បានកើតឡើងនៅចំពេល ដែលការពង្រីកទីក្រុងនានាក្នុងប្រទេសចិន កំពុង​មានសន្ទុះខ្លាំងទៅមុខ។ តែផ្ទុយទៅវិញ រដ្ឋាភិបាលចិនបានប្រកាសផ្អាក នូវរាល់ការសាងសង់មហាគ្រឹះ​របស់​រដ្ឋនានា ដោយសារតែប្រទេសមហាយក្សនៅអាស៊ីមួយនេះ បាននឹងកំពុងជួបបញ្ហានៃកំណើនសេដ្ឋកិច្ច។

យើងសូមលើកយកស្ថាបត្យកម្មចម្លែកនិងអស្ចារ្យចំនួន១០ មកបង្ហាញជូនដូចខាងក្រោម៖

១- អគារខ្ពស់ជាងគេ ក្នុងពិភពលោក ក្នុងក្រុង សាងស្សា

ជាមួយនឹងកំពស់៨៣៨ម៉ែត្រ វាជាអាគារដែលខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងពិភពលោក លើសកំពស់អាគារ ប៊ៀ ខាលីហ្វា (Burj Khalifa) នៅទីក្រុងឌុយបៃ (Dubaï) ប្រទេសអារ៉ាប់រួម។ ក្រុមហ៊ុនឯកជនមួយ ក្នុងប្រទេសចិន ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការសាងសង់ ហើយបានកំណត់ថាខ្លួននឹងសង់អាគារដែលខ្ពស់ជាងគេនេះ តែក្នុងរយៈពេល​១០​ខែបើប្រៀបធៀបទៅនឹង​អាគារកប់អាកាសនៃទីក្រុងឌុយបៃ ដែលបានសាងសង់ដោយប្រើរយៈពេលជាង៥ឆ្នាំ។ អាគារ​នេះសង់ក្នុងទីក្រុងសាងស្សា ខាងត្បូងប្រទេសចិន​ និងត្រូវដាក់សម្ភោធឲ្យប្រើប្រាស់នៅខែមេសាឆ្នាំខាងមុខ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកនិយាយពីអាគារ ដែលខ្ពស់ជាងគេក្នុងលោកនេះវិញ ក្នុងអត្ថបទលើក​ក្រោយ​របស់ខ្លួន។

២- អាគារសណ្ឌាគារសេរ៉ាតោន នៃបឹង តៃ

រៀបគម្រោង ដោយស្ថាបត្យករចិន លោក ម៉ា យ់ាងសុង ដែលបង្កើតគំនិតជារូបជញ្ជៀនមួយ សម្រាប់ស្នាដៃ​របស់​គាត់ នៅ​បឹងតៃ (Tai) ក្នុងទីក្រុង ហ៊ូស៊ាវ (Huzhou) ខេត្តហ្សេជៀន (Zhejiang) ដែលជាខេត្តដ៏មានមួយនៅចិន។ ជា​គម្រោង​សណ្ឋាគារមួយ នៃក្រុមហ៊ុនសណ្ឋាគារអាមេរិកាំង សេរ៉ាតោន (Sheraton) ដែលបានដាក់ទុន​ប្រមាណ​ជា​១,៥ពាន់​លាន​ដុល្លា សម្រាប់ការសាងសង់អាគារដ៏សម្បើម។

ស្នាដៃស្ថាបត្យកម្ម ដែលមានកំពស់ខ្ពស់ជាង ១០០ម៉ែត្រ មាន៣០០បន្ទប់ដ៏ប្រណិតៗនោះ ទំនងជាមិន​ពិបាករក​អតិថិជន​ប៉ុន្មានទេ បើប្រៀបទៅនឹងតំបន់ទេសចរណ៍ក្នុងខេត្តជាប់សមុទ្រមួយនេះ។

៣ សណ្ឋាគារ ធៀនហ្សី នៃទីក្រុងប៉េកាំង «អាគារដែលអាក្រក់ជាងគេនៅចិន»

សណ្ឋាគារដែលមានទីតាំង នៅខ្សែក្រវ៉ាត់ទីក្រុងប៉េកាំងមួយនេះ បានជាប់ឈ្មោះជា«អាគារដែលអាក្រក់​ជាងគេ​នៅ​ចិន» ក្នុងឆ្នាំ​២០១២។ គម្រោងនៃអាគារនេះ បានដកស្រង់ពីរូបតួអង្គអ្នកតាបីអង្គ នៅក្នុងរឿងព្រេងនិទានចិន ដែល​ល្បីខាង​ផ្ដល់​សុភមង្គល និងភាពជោគជ័យ។

អាគារនេះឆ្លុះបញ្ចាំងឲ្យឃើញ ពីការចង់បានរបស់អ្នករកទទួលទានខាងសាងសង់ ដែលចង់ឲ្យមានគំនិតប្លែកៗ តែក៏​បាន​លេចលឺផងដែរ នូវអំពើពុករលួយរបស់រដ្ឋការប្រចាំតំបន់ ដែលបានទទួលសំណូកពីគម្រោងនេះ ជាមួយនឹង​ទ្រនាប់​ក្រោម​តុ។

៤- អាគារ អិលវី (LV) នៅទីក្រុងសៀងហៃ

អាគារនេះ ជាទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន សៀងហៃ អិលវី (LV)

៥- សណ្ឋាគារ អាត្លង់ទិក នៃកោះហៃណាន

គម្រោងសណ្ឋាគារ ដែលចំណាយប្រាក់ច្រើនសិបពាន់លានដុល្លានេះ ស្ថិតនៅលើកោះហៃណាន ផ្នែកខាងត្បូងនៃ​ប្រទេស​ចិន ដែលមានគោលដៅសម្រាប់អ្នកទេសចរណ៍ពិសេសៗ ដែលចង់ទៅកំសាន្ដនៅតំបន់នោះ។ ក្នុង​ពេល​បច្ចុប្បន្ន កោះនេះ កំពុងទាក់ទាញយ៉ាងសន្ធឹកសន្ធាប់ នូវអ្នកវិនិយោគបរទេស ដែលបានធ្វើឲ្យទីនោះសឹងតែក្លាយ ជាស្ថានសួគ៌លោកីយ៍​មួយទៅហើយ។

៦- មជ្ឈមណ្ឌលនៃមហាសន្និបាត នៃទីក្រុងឆេងឌូ

មហាគ្រឹះដ៏សម្បើមនេះ បានចាប់ផ្ដើមសាងសង់ នៅថ្ងៃទី០១ខែកក្កដាកន្លងទៅ នៅក្នុងទីក្រុងឆេងឌូ នៃខេត្តស៊ីឆ័ន ដែល​មានអ្នករស់នៅច្រើនជាង ១០០លាននាក់ ផ្នែកខាងលិចប្រទេសចិន។

មជ្ឈមណ្ឌលនេះធំជាងរោងល្ខោនទីក្រុងស៊ីនី ២០ដង គ្រាន់តែបណ្ដោយរបស់អាគារមានប្រវែងជាង៥០០ម៉ែត្រ ក្នុង​នោះ​មានសណ្ឋាគារផ្កាយប្រាំចំនួនពីរ និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយផង។ វាជាអាគារ ដែលសង់ក្នុង«លំហរមាន​ដំបូលរួម»​ធំជាងគេក្នុងពិភពលោក ហើយទំនងជាគ្មាននរណាអាចបំបែកឯកត្តកម្មបានផង។

នៅក្នុងនោះមាន បឹងមានដំបូលដែលធំជាងគេក្នុងពិភពលោក កោះសួគ៌លោកីយ៍មួយ ជាមួយនឹងភូមិមួយ មាន​លក្ខណៈ​​តាមបែបតំបន់មេឌីទែរ៉ាណេ (អ៊ឺរ៉ុប អាហ្វ្រិក)។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់បន្ទប់ទាំងជាង១០០០នៃសណ្ឋាគារ សុទ្ធតែអាច​មើលឃើញទេសភាពបែបសមុទ្របានទាំងអស់ បើទោះជាទីនោះ ស្ថិតនៅឆ្ងាយពីឆ្នេរធម្មជាតិ​រាប់ពាន់​គីឡូម៉ែត្រនោះក៏​ដោយ។

៧- សារមន្ទីអណ្ដែត នៃកោះពីងតង់ (Pingtan)

អាគារដែលសង់នៅលើបឹងពីងតង់ ខេត្តហ្វូឈន់ (Fujian) នេះ នឹងក្លាយជាអាគារសារមន្ទីរឯកជន​ដែលធំជាង​គេ​នៅចិន ហើយត្រូវបានដឹកនាំគម្រោងដោយ ការិយាល័យស្ថាបត្យករម៉េដ (MAD) ក្នុងក្រុងប៉េកាំង។ អ្នកសាងសង់​បានសន្យាថា នឹងប្រើប្រាស់តែសម្ភារះមានស្រាប់ នៅក្នុងតំបន់តែប៉ុណ្ណោះ។

ក្នុងពេលបច្ចុប្បន្ននេះ តំបន់នោះដែលនៅទល់មុខនឹងកោះតៃវ៉ាន់នោះ ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ព។ ប៉ុន្តែ​ក្នុង​ពេល​ឆាប់ៗខាងមុខ វានឹងក្លាយជាទីក្រុងរណបមួយ និងជាតំបន់ទេសចរណ៍គួរឲ្យទាក់ទាញបំផុត។

៨- អាគារតូច របស់ វ៉ាងស៊ូ (Wang Shu) នៃទីក្រុងនីងបូ (Ningbo)

វ៉ាង ស៊ូ ជាស្ថាបត្យករល្បីឈ្មោះមួយរូប ដែលធ្លាប់ទទួលបានពានរង្វាន់ណូបែល ខាងស្ថាបត្យកម្ម។ គាត់មានជំនាញ​ខាង​ប្រើប្រាស់ របស់របរសម្ភារះ ដែលគេបោះចោល តែនៅអាចប្រើការបាន។

អាគារនេះ ត្រូវបានគាត់បង្កើតឡើងដំបូង នៅឆ្នាំ១៩៩៧ ជាផ្ទះមួយរស់នៅជាមួយភរិយារបស់គាត់ តែទើបនឹងប្រែ​ក្លាយ​នៅ​ពេលនេះ ជាសារមន្ទីរសិល្បៈ នៃទីក្រុងនីងបូ ផ្នែកខាងត្បូងនៃទីក្រុងសៀងហៃ។ វាត្រូវបានសាងសង់ឡើង​ទាំងស្រុង ពី​សម្ភារះដែលនៅប្រើបាន។

៩- សារមន្ទីរ ស៊ីហ្វាង នៃទីក្រុងណងគិន នៅក្នុងព្រៃ

ស្ថាបត្យកម្មដ៏ទំនើប និងគួរឲ្យចាប់អារម្មណ៍ ដែលសង់នៅកណ្ដាលព្រៃនេះ ត្រូវបានរៀបគម្រោងឡើង​ដោយ​ស្ថាបត្យករ​​អាមេរិកាំងមួយរូប ឈ្មោះ ស្ទែវិន ហូល (Steven Holl) ហើយបានដកស្រង់គំនិត​ចេញពីវិចិត្រកម្ម​គំនូរ​មួយរបស់ចិន។

សារមន្ទីរស៊ីហ្វាននេះ នឹងបើកទ្វាទទួលអតិថិធនដំបូង នៅខែតុលាខាងមុខ។

១០- អាគារសារព័ត៌មានផ្លូវការចិន ដែលមានរាងដូច ... ទំនងជាចង់បញ្ឈឺទីក្រុងប៉េកាំង

ឃើញរូបរាងអាគារចុងក្រោយគេនេះ ធ្វើឲ្យលោកអ្នកចង់ផ្ទុះសំណើចមែនទេ? យើងក៏ទប់សំណើចមិនបានដែរ។

អាគារនេះ ជាទីស្នាក់ការកណ្ដាលនៃសារព័តមានប្រជាជនប្រចាំថ្ងៃ ដែលជាផ្នែកមួយ (ឬជាប្រដាប់ភេទ) នៃប្រព័ន្ធ​ឃោសនាការរបស់បក្សកុំម្មុយនីសចិន។ តាមពិតរូបថតខាងលើ ថតឡើងនៅពេលអាគារនេះ ស្ថិតក្នុងពេល​សាង​សង់​​នៅ​ឡើយ ហើយមានរូបរាងបែបនេះ អាចមើលឃើញ តែនៅពេលគេឈរនៅចំកន្លែងដែលឃើញប៉ុណ្ណោះ។ បណ្ដាជនចិន សប្បាយចិត្តនឹងផ្សព្វផ្សាយរូបភាពនេះ ព្រោះពួកគេចង់បញ្ឈឺទៅដល់បក្សកុំម្មុយនីសចិន ដែលមាន​ការរិះត្បិតខាងវិស័យ​ព័ត៌មាននេះយ៉ាងខ្លាំងក្លា។ អាជ្ញាធរបានប្រកាសហាមលែងឲ្យផ្សាយ រូបភាពនេះតទៅទៀត តែជាបញ្ជាខ្យល់ដែលគ្មាន​ប្រសិទ្ធិភាព ជាពិសេសនៅលើបណ្ដាញសង្គម។

នៅពេលអាគារនេះ សាងសង់រួចជាស្ថាពរ វានឹងមានរូបរាងដូចខាងក្រោម។

----------------------------------------------------
ដោយ៖ ដ. កែវ - ប៉ារីស ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments