សង្គ្រាម​រវាង​បង​ប្អូន​ត្រកូល​«ប៉ីប៉ី» (ភាគទីមួយ - VDO)

លោកអ្នកដែលចូលចិត្តលេងប្រព័ន្ធសង្គមហ្វេសប៊ុក ប្រហែលជាស្គាល់មិនខាន តារាហ្វេសប៊ុកទាំងពីរដួង ដែលបានរះមកក្នុងរយៈពេលដ៏យូរ ហើយយុវជនយុវនារីនរណាៗ ក៏បានស្គាល់ដែរនោះ គឺ កញ្ញា ប៉ីប៉ី លី ឬ ភីភីអិល (PPL) និងលោក ប៉ីប៉ីឌី ឬ ភីភីឌី (PPD)។ ក្នុងពេលចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គម ដ៏មានប្រជាប្រិយភាពនេះច្រើនឡើងៗ មានការរអៀសចិត្តកាន់តែខ្លាំងឡើងៗ នៅពេលដែលតារាទាំងពីរដួងនេះ បានប្រកាសសង្គ្រាមនឹងគ្នា ដោយបានឆ្លើយឆ្លងគ្នា និងហែកហួរគ្នាទៅវិញទៅមក តាមរយៈវីដេអូនោះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: August 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកអ្នកដែលចូលចិត្តលេងប្រព័ន្ធសង្គមហ្វេសប៊ុក ប្រហែលជាស្គាល់មិនខាន តារាហ្វេសប៊ុកទាំងពីរដួង ដែលបានរះ​មក​ក្នុងរយៈពេលដ៏យូរ ហើយយុវជនយុវនារីនរណាៗ ក៏បានស្គាល់ដែរនោះ គឺ កញ្ញា ប៉ីប៉ី លី ឬ ភីភីអិល (PPL) និងលោក ប៉ីប៉ីឌី ឬ ភីភីឌី (PPD)។ ក្នុងពេលចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះច្រើនឡើងៗ មាន​ការរអៀសចិត្តកាន់តែខ្លាំងទៅៗ នៅពេលដែលតារាទាំងពីរដួងនេះ បានប្រកាសសង្គ្រាមនឹងគ្នា ដោយបានឆ្លើយឆ្លងគ្នា និង​​ហែកហួរគ្នាទៅវិញទៅមក តាមរយៈវីដេអូនោះ។


រូបថតរបស់តារាទាំងពីរ ប៉ីប៉ី ឌី និងប៉ីប៉ី លី នៅពេលមានការជួបត្រូវគ្នាលើកមុន។ (រូបថត ហ្វេសប៊ុក)

ការរីកចំរើនខាងបច្ចេកវិទ្យា ដែលយុវជនយុវនារីកម្ពុជា បានយកមកធ្វើជាមធ្យោបាយឆ្លើយឆ្លងគ្នា បាននឹងកំពុងមាន​ការ​ពេញនិយមជាទីបំផុត។ នោះគឺប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលត្រូវបានគេដឹងថា បានធ្វើឲ្យយុវជន​យុវនារីខ្មែរ រីកចិត្តរីកថ្លើម ក្នុងការពង្រីកចំណេះដឹង ក៏ដូចជាចេះថ្លឹងថ្លែង យល់ពីអ្វីល្អឬអាក្រក់ នៅក្នុងសង្គមដែល​ខ្លួន​កំពុងរស់នៅ និងស្ថានការណ៍នានានៅ​ជុំវិញពិភពលោក។

តែទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ជាច្រើន ក៏បានកើតចេញពីបណ្ដាញហ្វេសប៊ុកនេះដែរ។ មនុស្សមួយចំនួន បានយកប្រព័ន្ធ​ហ្វេសប៊ុក ដើម្បីពង្រីកភាពល្បីល្បាញរបស់ខ្លួន ហើយមួយចំនួនទៀត បែរជាប្រើប្រាស់ភាពល្បីល្បាញរបស់ខ្លួន ដើម្បីជា​ការឆ្លើយឆ្លងគ្នា ប្រកបដោយទោសៈ មោឃៈទៅវិញ។ ក្នុងនោះ មានការបង្កើតនូវមតិផ្ចាញ់ផ្ចាល ដោយប្រកាន់គោល​នយោបាយ​គណបក្សខុសគ្នា ឬការយករឿងផ្ទាល់ខ្លួនមកលាតត្រដាង សំញ៉ែងដាក់សាធារណជននោះជាដើម។

កញ្ញា ប៉ីប៉ី លី ឬ ភីភីអិល (PPL) និងលោក ប៉ីប៉ីឌី ឬ ភីភីឌី (PPD) ត្រូវបានគេស្គាល់ថាជាតារារះ​ ក្នុងបណ្ដាញសង្គម​តាំងពី​មួយរយៈធំកន្លងមក។ តារាទាំងពីរ ធ្លាប់បានបូញមាត់បូញករដាក់គ្នា ក្នុងមួយរយៈកាលមុនរួចខ្លះហើយ ប៉ុន្តែបានជួបគ្នា​ត្រូវ​រ៉ូវនឹងគ្នាវិញ រហូតដល់និយាយថានឹងបញ្ចេញវីដេអូឃ្លីបរួមគ្នាមួយ ដើម្បីបម្រើឲ្យអ្នកដែលពេញចិត្តពួកគេទាំងពីរ បាន​សប្បាយនោះ​ទៀតផង។ ប៉ុន្តែដំបៅចាស់បានរើមកវិញ ជាពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលពួកគេកំពុងបាញ់​កាំជ្រួចភ្លើងជា«វីដេអូ» ដាក់គ្នាទៅវិញទៅមក យ៉ាងសម្បើមដៃ។

ហេតុការណ៍ដំបូង

យើងបានដាក់នៅក្រោយចំណងជើងថា ជាភាគទីមួយ ព្រោះថានេះជាអត្ថបទដំបូងដែលសរសេរពីពួកតារាទាំងពីរ ហើយ​យើងនៅមិនទាន់ដឹងថា តើពួកគេនឹងបញ្ចប់រឿងរ៉ាវ ដែលអ្នកតាមដានមួយចំនួន វាយតម្លៃថា«គួរឲ្យធុញទ្រាន់»នេះ នៅ​ពេលណានៅឡើយ។ ប៉ុន្តែយើងសង្ឃឹមថា សង្គ្រាម​ដែលអ្នកទាំងពីរ កំពុងធ្វើដាក់គ្នាទៅវិញទៅមកនៅពេលនេះ នឹងអាច​ចប់ក្នុងពេលឆាប់ៗខាងមុខ ហើយអ្នកសារព័ត៌មាន​របស់​មនោរម្យព័ងអាំងហ្វូ នឹងព្យាយាមស្វែងរកជួបអ្នកទាំងពីរ ដើម្បី​លើកទឹកចិត្ត ឲ្យមានការរំកិលខិតចូលជជែក ក្នុងនាម​ជាយុវជនខ្មែរដូចគ្នាដោយស្ងាត់ៗវិញ ហើយជៀសវាង​នូវការ​បក​អាក្រាតគ្នាជាសាធារណៈបែបនេះ។

ខាងក្រោយនេះ ជាការចងក្រងនៃវីដេអូសាច់រឿងរបស់អ្នកទាំងពីរ ដែលឈានចេញពីការចាប់អារម្មណ៍របស់លោក ប៉ីប៉ី ឌី ទៅលើការសូត្រធម៌របស់កញ្ញាម្នាក់ ដែលជាតារះទើបនឹងរះ ក្នុងបណ្ដាញសង្គមដែរ។ «សូត្រធម៌» ដែលកញ្ញាវ័យក្មេង​រូប​នេះនិយាយ​ថា​ ដើម្បីចែកកុសលផលបុណ្យ ទៅបណ្ដាអ្នកលេងហ្វេសប៊ុកទាំងឡាយ ជាពិសេសទៅដល់បណ្ដាជន ដែល​កញ្ញាថាបាន«វង្វេង»​ជាមួយនឹង គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។ តែការឆ្លើយឆ្លងរបស់ លោក ប៉ីប៉ី ឌី ទៅនឹង​កញ្ញា«សូត្រធម៌»នេះបន្ទាប់មក បាន​ទាក់ទាញចំណាប់អារម្មណ៍របស់កញ្ញា ប៉ីប៉ី លី  ហើយកញ្ញាបានផ្ញើរវីដេអូរបស់ខ្លួន ទៅឲ្យលោកប៉ីប៉ី ឌី ថាគួរកុំ​ទៅខ្វល់រឿង«សូត្រធម៌»របស់បុគ្គលម្នាក់នោះ តែគួរគិតពី«ជាតិ»ខ្លះផងទៅ ប្រសើរជាង។

ការស្នើសុំរបស់កញ្ញាប៉ីប៉ី លី ខាងលើដែលទំនងជាមិនចេះពន្យល់ឲ្យបានត្រឹមត្រូវ បានកម្ដៅលោក ប៉ីប៉ី ឌី តារាល្បី​ដែល​ធ្លាប់​នាំឲ្យ​អ្នក​លេង​ហ្វេសប៊ុកជាច្រើនពាន់នាក់ បានសើចជាមួយខ្លួន ។ តារាប្រុសរូបនេះ បានព្រមានត្រឡប់ទៅវិញ ថាកុំ​ឲ្យចេញទៅជ្រៅពេក ព្រោះវាអាចមានការប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។ ប៉ុន្តែទាំងសងខាងមិនបានបញ្ឈប់នោះទេ ការតសម្ដី​ចុះឡើង រហូតបានផ្ទុះជាសង្គ្រាម​លើហ្វេសប៊ុក និងថែមទាំងបកអាក្រាត ឬប្រៀបប្រដូចគ្នាទៅនឹង​សត្វធាតុយ៉ាង​ខ្លាំងក្លា​នោះទៀតផង។ គេមិនបានដឹងបញ្ហា​ផ្ទៃក្នុង របស់អ្នកទាំងពីរធ្លាប់មានរឿងអ្វីនឹងគ្នាទេ តែលោកប៉ីប៉ី ឌី បាននិយាយ​នៅ​ក្នុង​វីដេអូឃ្លីបនោះថា កញ្ញា ប៉ីប៉ី លី ធ្លាប់​បានសុំស្រឡាញ់លោក ហើយនិយាយថា កញ្ញាប៉ីប៉ី លី បានថតរូបស្រាត ដែលធ្វើ​ឲ្យ​មានការបែកធ្លាយកាល​ពីពេល​កន្លង​មក ផ្អើលពេញទាំងពិភពហ្វេសប៊ុក។

ជម្លោះដែលមិនថ្លៃថ្នូទាំងសងខាង

គេមិនដែលអោយតម្លៃ ទៅមនុស្សឈ្លោះគ្នាឲ្យគេឯងមើល នៅតាមដងផ្លូវទេ។ យើងនិយាយថា «នៅតាមផ្លូវ» ព្រោះបើ​ប្រៀបធៀប នៅក្នុងបណ្ដាញហ្វេសប៊ុក ដែលអ្នកទាំងពីរមានមនុស្សស្រឡាញ់ចូលចិត្ត រាប់សិបពាន់នាក់នោះ វាមាន​លក្ខណៈប្រហាក់ប្រហែលគ្នា។ ស្រែកឡូឡានេះមួយ ការជេបញ្ចោរគ្នានេះមួយទៀត ហើយថែមទាំងបកអាក្រាតពីគ្នា ដោយលើកយករឿង«ផ្ទាល់ខ្លួន» ឬរឿង«បេះដូង»មកនិយាយបញ្ឈឺ ។ល។ នឹងមិនត្រូវបានអ្នកទស្សនាសរសើរនោះទេ តែផ្ទុយទៅវិញ វានឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំង ពីកម្រិតយល់ដឹងនៃដៃគូរជម្លោះនេះទៅវិញ។

នៅក្នុងពាក្យសម្ដីរបស់អ្នកទាំងពីរ គេបានឮពីការលើកឡើង នូវការប្រៀបប្រដូចគ្នាទៅនឹងជាតិសាសន៍មួយ ដើម្បីយកមក​បញ្ឈឺគ្នាទៅវិញ​ទៅ​មក។ ពាក្យសម្ដីបែបនេះ ចាត់ទុកជាការប្រកាន់ពូជសាសន៍​មួយដ៏កម្រោល មិនគួរឲ្យមានមោទនភាព មិន​ត្រូវបានអនុញ្ញាតដោយច្បាប់ ហើយក៏មិនបានជួយដោះស្រាយអ្វីនោះដែរ សម្រាប់បញ្ហា​សង្គម​ដែលប្រទេសកម្ពុជា​កំពុង​តែជួបប្រទះ។ តែផ្ទុយទៅវិញវាបែរជាបានជម្រុញ ឲ្យមានការស្អប់ខ្ពើមកាន់តែខ្លាំង នូវជាតិ​សាសន៍​មួយ ដែលនៅ​ជាប់​ភូមិ​ផងរបងជាមួយកម្ពុជាទៅវិញ។

បណ្ដាជនអ្នកលេងហ្វេសប៊ុក ច្រើនឡើងៗ បានសម្ដែងការ«ធុញទ្រាន់» តែក៏មានមនុស្សមួយចំនួន សុំឲ្យមានការ​បញ្ឈប់​ជម្លោះ ដែល«គ្មានន័យ»នេះតទៅទៀត។ ខ្លះទៀតថែមទាំង លើកទស្សនៈដ៏ចាស់គម្រិលមួយ មកនិយាយថា ពេលប្រុស​ស្រីឈ្លោះគ្នា ស្រីមិនអាចឈ្នះប្រុសទេ។ សួរថាមនុស្សប្រុសដែលលើក តែពីកេរ្ត៍ខ្មាសរបស់មនុស្សស្រីមកនិយាយ ដើម្បី​«តែឈ្នះ»នោះ តើមនុស្សប្រុសនោះមានតម្លៃប៉ុណ្ណា? តាមពិតទៅ ការដែលត្រូវនិយាយថា «ឈ្នះឬចាញ់» វាអាស្រ័យទៅ​លើការឲ្យ​តម្លៃរបស់សង្គម។ ពាក្យនេះដូចគ្នាទៅនឹងពាក្យថា «ជនមានអំណាចតែងតែឈ្នះរហូត» ព្រោះបើសង្គមនៅតែ​ឲ្យតម្លៃ ទៅជន​មាន​អំណាច​នោះគ្រប់ពេលវេលា ហើយមិនឲ្យតម្លៃលើយុត្តិធម៌សោះនោះ វាជារឿងធម្មតាទេ ដែលជន​ដែលមាន​អំណាចត្រូវតែ​ឈ្នះ​រហូតទៅហោង៕

សូមទស្សនាវីដេអូ ពីដើមរឿងរហូតមកដល់ថ្ងៃនេះ របស់តួអង្គទាំងពីរនាក់ដូចតទៅ៖

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...